សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, September 4, 2012

ស្ត្រី​​សកម្ម​ជន​ដី​ធ្លី​ម្នាក់​​នៅ​តំបន់​បឹង​កក់​​និង​ស្វាមី​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ញឹម​ សុខន និង អ៊ឹង ប៊ុនថន VOD ថ្ងៃទី០៤​ កញ្ញា ២០១២

ស្ត្រី​​ជា​សក​​ម្ម​ជន​​​ដី​ធ្លី​​​​ម្នាក់​នៅ​​តំបន់​​បឹង​​កក់ ​រួម​​ទាំង​​​ស្វាមី​​ផង​​​​ ត្រូ​​វ​​​បាន​​កម្លាំ​​ង​​​​​ស​​​​ម​​ត្ថ​​​​​កិច្ច​​រា​​ជ​​ធា​​នី​​​​​​ភ្នំពេញ ​​​ចាប់​ខ្លួន​​នៅ​​​​ថ្ងៃ​​​​​​អង្គារ​​​​​នេះ​ ខណៈ​​ពួក​​​​គេ​​ធ្វើ​ដំ​ណើរ​​​​ទៅ​​ពិនិត្យ​​​បញ្ជី​​​​ឈ្មោះ​​​​បោះ​​​​ឆ្នោត។

ក្រុម​អ្នក​ភូមិ​បឹង​​កក់ ដែល​​ប្រមូល​ផ្តុំ​គ្នា​នៅ​​​មុខ​​សាលា​​​​ខណ្ឌ​​ដូន​​ពេ​​ញ ​​​ដើម្បី​​ស្វែង​​​រក​​ការ​​​ពិ​ត​​​នៃ​​ការ​​ចាប់​ខ្លួ​ន​តំណាង​ពួក​គេ​នោះ​​​​ បាន​ឲ្យ​ដឹង​​​ថា ​អ្នក​ស្រី​ យ៉ង់​ បុប្ផា ​ដែល​​​​ធ្លាប់​​​​ចេញ​​មុខ​តវ៉ា​​​យ៉ាង​​​សកម្ម​​រឿង​​ជម្លោះ​​ដី​ធ្លី ​និង​ស្វាមី​​​គាត់ ​ត្រូវ​​​បាន​​​​​កម្លាំង​​​ស​​មត្ថ​កិច្ច​​ចាប់​​ខ្លួន​នៅ​​ថ្ងៃ​​អង្គារ ​​ទី​៤​ ខែ​​កញ្ញា​​នេះ ​ដោយ​​មិន​​​ដឹង​​​​​មូ​​ល​​​​​​​​​ហេតុ។​ ពួក​គេ​ថា ​​ការ​ចាប់​ខ្លួន​នេះ ​ធ្វើ​ឡើង​ខណៈ​​អ្នក​​ទាំង​ពីរ​ កំពុង​​​ធ្វើ​​ដំណើរ​​ដោយ​​​ម៉ូតូ ​​ឆ្ពោះ​ទៅ​កាន់​​​សាលា​​ខណ្ឌ​​ដូន​ពេញ ​ដើម្បី​ពិនិត្យ​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត ​៖ “ពួក​វា​ចុះ​មក​ចាប់​​នៅ​​កន្លែង​ពួក​ខ្ញុំ​មក​មើល​ឈ្មោះ​បោះឆ្នោត​ ហើយ​ដល់​ហើយ​ជិះ​មក​ជិតសង្កាត់​ អាកន្លែង​ព្រះ​​ចេតិយ​ហ្នឹង ពួក​វា​ស្លៀក​ពាក់សុទ្ធ​តែ​ស៊ីវិល​ទាំង​អស់​ ស្ទាក់​ចាប់​ យ៉ង់ បុប្ផា ហ្នឹង​ហើយ​ ចាប់​​ហើយ និង​ប្តី​ប្រ​ពន្ធគាត់​​ពីរ​នាក់​ហ្នឹង​ហើយ​ គេ​ចាប់យក​ទៅ​ញាត់​ចូលឡាន ហើយ​សោរ​ម៉ូតូ​ ម៉ូតូអី​គេ​​យក​​ទៅ​ទាំង​អស់​។ ព្រោះអី​​ចោរ​ចូល​ផ្ទះ​បុប្ផា​ហ្នឹង​បី​ដង​ហើយ មក​ប្តឹង​កន្លែង​ប៉ុស្តិ៍ហ្នឹង​បី​ដង រាល់​ដង​ខ្ញុំ​ជូន​មក​ ដល់​ហើយ​ទៅ​បែរ​ជា​ចាប់​វិញ​ ឥឡូវ​ខ្ញុំ​មិន​ដឹង​អី​ដែរ”។

VOD​​ មិន​អាច​សុំ​អ​ត្ថា​ធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​​ ពី​​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ លោក​ ​ទូច​ ​ណារ៉ុថ​​ បាន​​ទេ ​​ដោយ​លោក​អះ​អាង​ថា​ កំពុង​ជាប់​ប្រជុំ។ ចំណែក​​​ប្រ​​ធា​​ន​​​​​​​​​ក្រុម​​​​​​អធិ​ការ​​កិច្ច​​​​​​រាជ​​​​ធានី​​ភ្នំ​​ពេញ​​ លោ​​ក​ ​​​ហុក​ ​ហួរ​លីម​ ​អះ​​​អា​ង​​ថា​ ​​​មិន​​​​ដឹង​រឿង​នេះ​។

មន្ត្រី​ស៊ើ​​ប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គ​ការ​លីកាដូ​​ លោក​ អំ ​សំអាត ​មាន​ប្រសាសន៍​ថា ​ពិត​​​ជា​​មាន​​​​​​​​ចាប់​​​​ខ្លួន​​ពល​​រដ្ឋ​​​មែន​ ​ប៉ុន្តែ​​លោក​​មិន​​​ទាន់​​ដឹង​​​​​​​មូ​​ល​​ហេតុ​​ដែរ​ ៖ “ចាប់ យ៉ង់ បុប្ផា និង​ប្តី ប៉ុន្តែ​យើង​​អត់ទាន់​​ដឹង​ថា​មូល​ហេតុ​អី ឥឡូវ​មិន​ទាន់​ច្បាស់​ថា​យក​ទៅ​ណា ព្រោះ​​ពេល​ដែល​គាត់​មក​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ប៉ូលីស​គេ​ថា​មាន​ដីកា យើង​មិន​ដឹង​ថា​ដីកា​ចាប់​ពីរ​នាក់​ហ្នឹង​រឿង​អី ប្តី​ប្រ​ពន្ធ​ហ្នឹង​ណា”។

អ្នក​​ស្រី​ យ៉ង់ បុប្ផា ​ធ្លាប់​ត្រូវ​កម្លាំង​សម​​ត្ថ​កិច្ច​ចាប់​​ឃុំ​ខ្លួន​​​នៅ​ស្នង​ការ​ដ្ឋាន​​​នគ​​រ​បាល​​​រាជ​ធានី​​ភ្នំពេញ ​ចំនួន​​បី​ដង​​រួច​​មក​​ហើយ​ ខណៈ​​​​ចេញ​មុខ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​​នៅ​តំបន់​បឹង​កក់​។ ​​​​​បន្ទាប់​​ពី​​ការ​​ចាប់​​ខ្លួន​​គាត់​មួយ​​លើក​​ទៀត​​នេះ​ មាន​អ្នក​ភូមិ​​​បឹង​កក់​ប្រមាណ​មួយ​រយ​នា​​ក់​ បាន​​​​​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​​នៅ​​​​មុខ​​​ស្នង​​​​ការ​​ន​​គរ​បា​​ល​​​​​​រា​​ជ​​​​ធានី​ភ្នំពេញ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​៕

No comments:

Post a Comment

I like Blogger