សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, September 14, 2012

សាក្សី​ភ្ជាប់​ករណី​លោក សូណង់ដូ​ទៅ សួន សេរីរដ្ឋា

Friday, 14 September 2012 ម៉ៃ ទិត្យថារ៉ា, From The Phnom Penh Post
ភ្នំពេញៈ សាក្សី​៩​នាក់ បាន​ឡើង​សវនាការ​ដើម្បី​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប តេយ្យ​កាល​ពី​ម្សិលមិញ។

ថ្លែង​នៅ​ក្នុង​សវនាការ​ លោក លួ រ៉ាបូ អនុ​ប្រធាន​នាយកដ្ឋាន​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ ដែល​សង្ស័យ​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ប្រទេស​បាន​បង្ហាញ​អំពី​កិច្ច​ជំនួប​ផ្សេងៗ​នៅ​សហរដ្ឋ អាមេរិក​និង​ប្រទេស​ថៃ ជា​មួយ​នឹង​លោក សួន សេរីរដ្ឋា ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក និង​ជា​មេ​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កាល​ពី​ថ្មីៗ​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក លួ រ៉ាបូ បាន​ថ្លែងថា​៖ « ខ្ញុំ​បាន​ទទួល​ឯកសារ​ទាំង​នោះ​ពី សួន សេរីរដ្ឋា តាម​រយៈ​អ៊ីនធឺណិត»។ លោក​បន្ត​ថា៖ «លោក សូណង់ដូ បាន​ទទួល​បញ្ជា​ពី​សួន សេរីរដ្ឋា ឲ្យ​បង្កើត​តំបន់​អបគមន៍​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​»។

លោក លួ រ៉ាបូ ចង្អុល​បង្ហាញ​ទៅ​ឯកសារ​ដែល​មាន​៥​ចំណុច​របស់ សួន សេរីរដ្ឋា ដែល​ឯកសារ នេះ ក៏​មាន​នៅ​លើ​អ៊ីនធឺណិត ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ភាព​ស្រប ច្បាប់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ លោក​បន្ត​ថា​៖ «​ទាំង​ប្រាំ​ចំណុច​នេះ​អាច​និយាយ​បាន​ថា ពួក​គេ​មាន​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល»។


លោក ម៉ម សូណង់ដូ ថ្លែង​ដោយ​ញញឹម​ថា លោក​បាន​ជួប​ជាមួយ សួន សេរីរដ្ឋា ក្នុង​នាម​ជា​អ្នក​កាសែត ពីព្រោះ​លោក​ចង់​ដឹង​ឲ្យ​បាន​ច្រើន​ អំពី​គោលនយោបាយ​របស់​ចលនា​អំណាច​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​ចង់​ដឹង​ថា តើ​ពួក​គេ​នឹង​ប្រើ​វិធី​ហិង្សា​ឬ​អត់​?

លោក ម៉ម សូណង់ដូ បានសួរ​តប​វិញ​ថា៖ «បើ​សមាគម​លោក សួន សេរីរដ្ឋា កំពុង​ប្រឆាំង​នឹង​រដ្ឋាភិបាល ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​សរសេរ​លិខិត​ទៅ​សហរដ្ឋ អាមេរិក ឲ្យ​បិទ​សមាគម​គាត់​ទៅ​? លោក​អះអាង​ថា ​ទំនាក់​ទំនង​រវាង​លោក​ជាមួយ សួន សេរីរដ្ឋា គឺ​ក្នុង​នាម​ជា​អ្នក​កាសែត​សុទ្ធសាធ​។ «ខ្ញុំ​បាន​ទៅ​ជួប សួន​ សេរីរដ្ឋា ប៉ុន្តែ យើង​មាន​គំនិត​ខុស​គ្នា»។

លោក សូណង់ដូ បាន​ថ្លែង​បន្ត​ថា លោក​ទៅ​សហរដ្ឋ​អាមេរិក​គោល​បំណង​ចម្បង​ ដើម្បី​ជួប​ជាមួយ​អ្នក​ស្តាប់​វិទ្យុ​លោក ហើយ​លោក​មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ទេ​។​

ប្រធាន ​វិទ្យុ​ឯករាជ្យ​រូប​នេះ និង​មនុស្ស​បី​នាក់​ទៀត ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ប៉ង​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រមា ក្នុង​ខេត្ត​ក្រចេះ កាល​ពីខែ​ឧសភា ​ដែល​ទី​នោះ​មាន​ការ​បណ្តេញ​ប្រជាជន​ចេញ​ទាំង​បង្ខំ​ពាក់ព័ន្ធ​នឹង​ ជម្លោះ​ដី​ធ្លី​មួយ ជា​មួយ​ក្រុមហ៊ុន កាសូទីម​ និង​បាន​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ដោយ​ការ​រង​គ្រាប់​ពី​កង កម្លាំង​រដ្ឋាភិបាល។

រដ្ឋាភិបាល​ហៅ​ការ​បណ្តេញ​ចេញ​នោះ​ថា ៖ «ការ​បង្ក្រាប​ពួក​បង្កើត​តំបន់​អបគមន៍​» បើ​ទោះ​ជា​មាន​ការ​បដិសេធ​ជា​ដដែលៗ​ពី​ប្រជាជន​ជាច្រើន​ក្តី។

ចំណែក ​ឯ ម៉ា ឆាង  ចុង​ចោទ​ម្នាក់​ក្នុង​ចំណោម​ចុង​ចោទ​៥​នាក់​ដែល​ទទួល​យក​ការ​លើក​លែង ទោស​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ជា​ថ្នូរ​នឹង​ការ​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​ក្រុម​បង្កើត​តំបន់​អបគមន៍ ថ្លែង​ថា អ្នក​ភូមិ​ប្រមា​ ៩​នាក់​បាន​មក​ផ្ទះ​លោក ម៉ម សូណង់ដូ ​ដើម្បី​សុំ​ឲ្យ​គាត់​ជួយ​​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គេ​។

លោក បន្ថែម​ថា លោក ម៉ម សូណង់ដូ បាន​ប្រាប់​ឲ្យ​ក្រុម​នោះ​កាប់​ឈើ​និង​ចាប់​ដី​កាប់​ឆ្ការ​រួច ហើយ​ថា គាត់​នឹង​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​អាជ្ញាធរ។

ឆ្លើយ​តប​នឹង​ការ​ចោទ ​ប្រកាន់​នេះ លោក សូណង់ដូ បាន​ថ្លែង​ថា ប្រជាជន​ពិត​ជា​បាន​ស្នើ​ឲ្យ​លោក​ជួយ​ឲ្យ​ទទួល​បាន​ចរន្ត​អគ្គិសនី​ប្រើ ហើយ​ថា ​លោក​បាន​ប្រាប់​ឲ្យ​ស្នើ​ទៅ​ពី​អាជ្ញាធរ។

លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​ជួយ​អ្នក​ភូមិ​ឲ្យ​គោរព​ច្បាប់។ ខ្ញុំ​សូម​ស្នើ​ពួក​គេ​ឲ្យ​និយាយ​ការ​ពិត»។

លោក សុក សំអឿន នាយក​ប្រតិបតិ្ត​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទិ្ធ​កម្ពុជា ​ជា​មេធាវី​លោក ម៉ម សូណង់ដូ បាន​ចោទ​សួរ​លើ​ការ​ព្យាយាម​ភ្ជាប់​កូន​ក្តី​លោក ទៅ​នឹង​លោក សួន សេរីរដ្ឋា។

លោក​បន្ត​ថា៖ «លោក ម៉ម សូណង់ដូ គ្មាន​បញ្ហា​ក្នុង​រឿង​ក្តី​ជាមួយ​នឹង​លោក សួន សេរី​រដ្ឋា ប៉ុន្តែ​ វា​ល្អ​សម្រាប់​គាត់ ព្រោះ​យើង​អាច​បង្ហាញ​រដ្ឋាភិបាល​ថា គាត់​មិន​ពាក់ព័ន្ធ​នឹង​លោក សួន សេរីរដ្ឋា ទេ»។

លោក អំ សំអាត ​អ្នក​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​ថា​ ការ​ស៊ើប​អង្កេត​របស់​នគរបាល​ពី​ពេលវេលា​ដែល​លោក សូណង់ដូ នៅ​ក្រៅ​ប្រទេស គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ៊ីនធឺណិត​ប៉ុណ្ណោះ ហើយ​ថា ​កិច្ច​ប្រជុំ​របស់​គាត់​នៅ​ក្រៅ​ប្រទេស​ពុំ​ដែល​ធ្វើ​ជា​សម្ងាត់​ទេ។

លោក អះអាង​ថា៖ «​ប្រសិន​បើ​គេ​ចង់​ដឹង​ថា​តើ​លោក ម៉ម សូណង់ដូ និយាយ​អ្វី​ជាមួយ​នឹង​លោក សួន សេរីរដ្ឋា ពួក​គេ​គ្រាន់​តែ​ស្តាប់​ទៅ ព្រោះ​គាត់​ផ្សព្វផ្សាយ​ជា​សាធារណៈ»។

លោកអ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល សិទិ្ធ​មនុស្ស​កម្ពុជា ដែល​ចូល​រួម​ការ​ជំនុំ​ជម្រះ​ទាំង​មូល ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា៖ «គ្មាន​ភស្តុតាង​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ភ្ជាប់​លោក ម៉ម សូណង់ដូ ទៅ​នឹង​ការ​ចោទ​ថា​ធ្វើ​អបគមន៍​នៅ​ខេត្ត​ក្រចេះ​ពី​ខែ​ឧសភា​នោះ​ទេ»​។​

លោក បន្ត​ថា៖ «​អ្វី​ដែល​ពិត​ជា​ច្បាស់​ចំពោះ​ខ្ញុំ​ពី​សវនាការ ភស្តុតាង គឺ​របៀប​អ្នក​មើល​លើ​រឿង​ក្តី​នេះ ជា​ជម្លោះ​ដី​ធ្លី​ដែល​យើង​កំពុង​ចាត់​ការ​នៅ​ទីនេះ ហើយ​តុលាការ​គួរ​ចាប់​ផ្តើម​ចាត់​ទុក​វា​ជា​រឿង​ជម្លោះ​ដី​ធ្លី​វិញ»។

សវនាការ​លើ​សំណុំ​រឿង​លោក ម៉ម សូណង់​ដូ នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​សុក្រ​នេះ​ទៀត​៕ PS / TK

No comments:

Post a Comment

I like Blogger