សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, September 4, 2012

ពលរដ្ឋ​នៅ​ពោធិ៍សាត់​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​រំលោភ​យក​ដី

មណ្ឌល កែវ វិទ្យុអាស៊ីសេរី ថ្ងៃទី០៣​​ កញ្ញា ២០១២
ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​មាន​ដី​ស្រែ​នៅ​ចំណុច​ស្រែ​ធំ និង​ចំណុច​ត្រពាំង​សំរែ ស្ថិត​ក្នុង​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​ក្រុមហ៊ុន​រតនៈ​វិសាល ដែល​បាន​ប្រើ​គ្រឿង​ចក្រ​កាយ​ព្រំ​ដី​ក្រុមហ៊ុន​រំលោភ​លើ​ដី​ស្រែ​របស់​ពួកគាត់។

ស្ត្រី​ឈ្មោះ ឌឹម ទូច អាយុ ៤៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្លាក្រពើ។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ កញ្ញា ថា ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ក្រុមហ៊ុន​រតនៈ​វិសាល បាន​ប្រើ​គ្រឿងចក្រ​កាយ​ធ្វើ​ព្រំ​សំគាល់​ដី​របស់​ក្រុមហ៊ុន។


ស្ត្រី​រូប​នេះ​បន្ត​ថា ការ​កាយ​ព្រំ​នេះ បាន​រំលោភ​ចូល​ដី​ស្រែ​របស់​គាត់​ប្រមាណ​មួយ​ហិកតារ។ នៅ​ពេល​គាត់​ទៅ​ហៅ​អាជ្ញាធរ​ភូមិ​ឃុំ​ឲ្យ​មក​ជួយ​ឃាត់​ក្រុមហ៊ុន អាជ្ញាធរ​មិន​ព្រម​មក​ជួយ​គាត់​ទេ។ គាត់​ថា សកម្មភាព​នេះ​បង្ហាញ​ថា អាជ្ញាធរ​ដែន​ដី​បាន​ត្រូវ​រ៉ូវ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​រំលោភ​យក​ដី​ស្រែ​របស់​អ្នកភូមិ។

ស្ត្រី​ឈ្មោះ ឌឹម ទូច៖ «ក្រុម​យុវជន​គេ​ទៅ​វាស់​ហ្នឹង គេ​វាស់​ឲ្យ​ខ្ញុំ​បាន​តែ ៣០០​ម៉ែត្រ​ទេ ហើយ​ស្រែ​ខ្ញុំ​ដែល​កំពុង​មាន​សន្ទូង​ប្រវែង ៥០​ម៉ែត្រ​ទៀត គេ​អត់​ព្រម​វាស់​ឲ្យ​ទេ គេ​ថា ប៉ះពាល់​ដី​ក្រុមហ៊ុន។តំណាង​ក្រុមហ៊ុន​គេ​បាន​ចង្អុល​យក​ស្រេច​ចិត្ត​គេ។ ខ្ញុំ​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ថា បើ​ដី​របស់​ក្រុមហ៊ុន​កន្លែង​ណា​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ គឺ​ត្រូវ​កាត់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ តែ​គេ​មិន​ធ្វើ​តាម​នោះ​ទេ…»។

បុរស​អ្នក​ភូមិ​ឈ្មោះ ខាន់ មាច អាយុ ២៦​ឆ្នាំ បាន​ឲ្យ​ដឹង​បន្ថែម​ថា ដី​គាត់​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​វាត​ព្រំ​រំលោភ​យក​អស់​ជាង​មួយ​ហិកតារ​ដែរ។ គាត់​ថា នៅ​ពេល​ក្រុម​យុវជន​ចុះ​វាស់វែង​ដី​ដែល​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​នោះ អាជ្ញាធរ​ដែន​ដី​ពុំ​បាន​ផ្ដល់​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ទេ។ អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចង្អុល​ព្រំ​ដី​ស្រេច​តែ​ចិត្ត បណ្ដាល​ឲ្យ​ដី​ស្រែ​របស់​អ្នក​ភូមិ​ជា​ច្រើន​ហិកតារ​បាន​បាត់បង់។

លោក ខាន់ មាច៖ «ដី​ខ្ញុំ​ជាប់​នឹង​របង​ក្រុមហ៊ុន ហើយ​ដី​នេះ​រាង​ឆេវ ដល់​ពេល​ក្រុមហ៊ុន​បោះ​ព្រំ​ប្រទល់​គេ​វាស់​ត្រង់ ដល់​អ៊ីចឹង​ទៅ​ចូល​ដី​ខ្ញុំ​ពាក់​កណ្ដាល គឺ​អស់​ជាង ១​ហិកតារ។ ពេល​ក្រុមហ៊ុន​ដើរ​ធ្វើ​ព្រំ​ប្រទល់​គេ​អត់​ឲ្យ​ប្រជាជន​ដឹង​ទេ ដល់​ពេល​ពួក​និស្សិត​ចុះ​វាស់​គេ​ហៅ​គាត់​ឲ្យ​ចូល​រួម​ចង្អុល​បង្ហាញ​គាត់​អត់​ព្រម​ទៅ​ជាមួយ​ទេ គាត់​គេច​យក​រួច​ខ្លួន​តែ​រហូត…»។

តំណាង​ក្រុមហ៊ុន​រតនៈ​វិសាល គឺ​លោក សោម សុខុន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២ កញ្ញា៖ «ខ្ញុំ​សូម​ទោស ខ្ញុំ​ជាប់​មក​ភ្នំពេញ​ហើយ ចាំ​ពេល​ក្រោយ​ទៅ អរគុណ ជម្រាប​លា!»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មេ​ភូមិ​ខ្លាក្រពើ គឺ​លោក សេង ម៉ុប បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២ កញ្ញា។ ចំណែក​មេ​ឃុំ​អន្លង់ត្នោត អ្នកស្រី ទូច ណូ មាន​ប្រសាសន៍​ថា អ្នកស្រី​ពុំ​បាន​ដឹង​រឿង​នេះ​ទេ។

អ្នកស្រី​បាន​រុញ​បញ្ហា​នេះ​ឲ្យ​សួរ​ទៅ​លោក ពិន ឡៃ ជំទប់​ទី​១ វិញ៖«ខ្ញុំ​អត់​បាន​ចុះ​ជាប់​ទេ ជំទប់​ទី​១​ទើប​គាត់​ចុះ​ជាប់។ ខ្ញុំ​ជាប់​រវល់​តែ​នៅ​សាលា​ឃុំ​បញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត…»។

វិទ្យុ​អាស៊ីសេរី​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ជំទប់​ទី​១ គឺ​លោក ពិន ឡៃ បាន​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​២ កញ្ញា នេះ។

តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ភូមិ​ខ្លាក្រពើ លោក នី ភ័ក្ត្រ មាន​ប្រសាសន៍​ថា ការ​កាយ​ព្រំ​ដី​ជា​ថ្មី​របស់​ក្រុមហ៊ុន​រតនៈ​វិសាល បាន​ប៉ះពាល់​លើ​ដី​ស្រែ​រាប់​សិប​ហិកតារ​របស់​អ្នក​ភូមិ​នៅ​ចំណុច​ស្រែ​ធំ និង​ចំណុច​ត្រពាំង​សំរែ ស្ថិត​ក្នុង​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ លោក​ថា អាជ្ញាធរ​ដែន​ដី​ភូមិ ឃុំ និង​ស្រុក សុទ្ធតែ​បាន​ដឹង​រឿង​នេះ តែ​អាជ្ញាធរ​ពុំ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឡើយ៕

No comments:

Post a Comment

I like Blogger