សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, September 20, 2012

អ្នក​បឹងកក់-បុរី​កីឡា​បន្ត​ស្វែងរក​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ

Thursday, 20 September 2012 ឃុត សុ​ភ​ចរិយា, From The Phnom Penh Post





















អ្នក​ភូមិ​បឹង​កក់-បុរី​កីឡា នៅ​មុខ​ការិយាល័យ​សហ​គមន៍​អឺរ៉ុបកាល​ពី​ម្សិល​មិញ​។ រូប គីម​ឡុង​
 
ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ និង​បុរីកីឡា ប្រមាណ​ជាង​ ១០០ នាក់ កាលពី​ម្សិល​មិញ បាន​នាំ​គ្នា​ទៅ​ដាក់​ញត្ដិ នៅ​សហគមន៍​អឺរ៉ុប​ និង​ធនាគារ​ពិភពលោក ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​នេះ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ជួយ​ដោះ​លែង​សមាជិក​ក្នុង​សហគមន៍​របស់​ពួកគេ​ចំនួន​ពីរ​នាក់​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

អ្នក​ស្រី​ ទេព វន្នី តំណាង​អ្នក​បឹង​កក់​និង​ក្រុម​អ្នក​តវ៉ា បាន​ដាក់​ការ​ចោទ​ប្រកាន់​ អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ជា​ស្ត្រី ក្នុង​សហគមន៍​បឹងកក់ និង​បុរី​កីឡា​ថា «ជា​ល្បិចកល​របស់​មន្ត្រី​សាធារណៈ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​គំរាម​ កំហែង បំបាក់​ស្មារតី​យើង​ខ្ញុំ កុំ​ឲ្យ​ចេញ​មុខ​តស៊ូ​មតិ​ប្រឆាំង​នឹង​មហិច្ឆតា​របស់​ពួក​គេ​ដែល​ប៉ុន​ប៉ង​លេប​ ត្របាក់​យក​ចំណែក​ដី​១២,៤៤​ហិកតា និង​ផ្ទះ​សម្បែង​របស់​យើង​ខ្ញុំ​តទៅ​ទៀត»។

នៅ ក្នុង​ញត្ដិ​ ដែល​ពួក​គេ​បាន​ដាក់​ស្នើ​ទៅ​ប្រធាន​ធនាគារ​ពិភពលោក និង​ឯក​អគ្គ​រដ្ឋ​ទូត​សហគមន៍​អឺរ៉ុប​ដើម្បី​បញ្ជាក់​ថា​៖​«អាជ្ញាធរ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ចោទ​ប្រកាន់ និង​ចាប់​អ្នក​តំណាង​សហគមន៍​នេះ​ដាក់​គុក​ជា​បន្ត​បន្ទាប់...ករណី​របស់​ អ្នក​ស្រី យ៉ោម​ បុប្ផា និង​ទឹម សាក់មុន្នី គឺជា​ភស្ដុតាង​ជាក់​ស្ដែង​ នៃ​ការ​គំរាម​កំហែង​ ចំពោះ​តំណាង និង​ពលរដ្ឋ​សហគមន៍​ពួក​យើង​ខ្ញុំ​»។

នៅ ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ប្រដាប់​ដោយ​អាវុធ និង​ដំបង​ រាប់​សិប​នាក់ នៅ​ឯកន្លែង​ដែល​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​ជាប់​ដង​ផ្លូវ​ព្រះ​នរោត្តម​ ប្រមាណ​ជា ៥០​ ម៉ែត្រ​ ពី​ទីស្នាក់ការ​ធនាគារ​ពិភពលោក និង​សហភាព​អឺរ៉ុប ក្រុម​អ្នក​ភូមិ​ទាំង​នេះ និយាយ​ថា ពួក​គេ​មិន«​ចុះ​ញ៉ម​» ចំពោះ​ការ​គំរាម​កំហែង​នេះ​ឡើយ​។

អ្នក​ស្រី ង៉ែត ឃុន អាយុ​ ៦៥ ឆ្នាំ ដែល​ធ្លាប់​ជាប់​គុក​ព្រៃ​ស ជាង​មួយ​ខែ​ ព្រោះ​តែ​ចូល​រួម​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​នេះ ​បាន​និយាយ​ថា៖ «​ផ្ទះ​ខ្ញុំ! ​ដីខ្ញុំ!​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ការ​ពារ​វា​ឲ្យ​បាន បើ​ទោះ​បី​ជា​ត្រូវ​ស្លាប់​ក៏​ដោយ​»។ ស្ត្រី​ចំណាស់​ដែល​មាន​ស្បែក​ជ្រីវ​ជ្រួញ ហើយ​មើល​ទៅ​មាន​ការ​ហេវហត់​យ៉ាង​ខ្លាំង​រូប​នេះ បាន​និយាយ​ក្តី​ឈឺចាប់​ថា ប្រការ​ដែល​អ្នក​ភូមិ ​បាន​នាំ​គ្នា​ប្រឹង​ប្រែង​ស្វែងរក​កិច្ច​អន្តរាគមន៍​ ពី​សហគមន៍​អន្តរជាតិ ម្ដង​ហើយ​ម្ដង​ទៀត​នេះ គឺ​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់ ​ដោះ​លែង​អ្នក​ស្រី​ យ៉ោម​ បុប្ផា និង​ទឹម​សាក់​មុនី​ ឲ្យមាន​សេរីភាព​វិញ និង​សុំ​ឲ្យ​បោះ​ព្រំ​ប្រទល់​ដី ១២,៤៤​ ហិក​តា​ ជា​អ្វី​ដែល​ពួក​គាត់​អះអាង​ថា​ វា​ជា​វិធានការ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ នៅ​ក្នុង​តំបន់​បឹងកក់។

ចំណែក​ឯ​អ្នក​ស្រី អ៊ូ ប៊ុនឡា តំណាង​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា បាន​បដិសេធ ចំពោះ​ការ​អះអាង​នានា របស់​ក្រុមហ៊ុន​ នឹង​អាជ្ញាធរ ដែល​ថា​ ពួក​គាត់ គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ក្នុង​ការ​ទទួល​បាន​ផ្ទះល្វែង​ពី​រដ្ឋ និង​បណ្ដឹង​ចោទ​ប្រកាន់​ពីបទ «ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»​ របស់​អ្នកស្រី​ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ទៅ​លើ​អ្នក​ស្រី​ទឹម សាក់​មុន្នី។ អ្នក​ស្រី​និយាយ​ថា៖ «​អាជ្ញាធរ​ និង​ក្រុម​ហ៊ុន ​បាន​ប្រើ​លេស​នេះ លេស​នោះ ដើម្បី​បដិសេធ​ មិន​ដោះ​ ស្រាយ​លំនៅដ្ឋាន​ឲ្យ​យើង​ខ្ញុំ ខណៈ​ពួក​គេ​ឃុបឃិត​គ្នា​ ដោយ​បាន​រំលោភ​ទៅ​លើ​កិច្ច​សន្យា​ឆ្នាំ ២០០៣ ដែល​ត្រូវ​សង់​អគារ​ចំនួន ​១០ សម្រាប់​ពលរដ្ឋ​បុរី​កីឡា​សរុប​ ១៧៧៦ គ្រួសារ​»​។ អ្នក​ស្រី​បន្ថែម​ទៀត​ថា ការ​ចោទ​ប្រកាន់​ និង​ការ​ឃុំ​ខ្លួន អ្នក​ស្រី ទឹម​ សាក់​មុន្នី​ គឺជា​រឿង​«អយុត្តិធម៌» បំផុ​តព្រោះ​គាត់​ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អ្នក​ស្រី​យ៉ោម បុប្ជា ត្រូវ​បាន​សាលា​ដំបូង​រាជធានី សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី ៤ កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស» ហើយ​អ្នក​ស្រី​ ទឹម សាក់​មុន្នី ត្រូវ​បាន​ចោទ​ប្រកាន់​ និង​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃទី ​៥ ខែ​កញ្ញា ពី​បទ «ប្រកាស​បំភ្លៃ​ការ​ពិត» បន្ទាប់​ពី​គាត់​បាន​ចូល​ទៅ​បំភ្លឺ ជុំវិញ​បណ្ដឹង​​ចោទ​ប្រកាន់​របស់​អ្នក​ស្រី​ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ»៕

 

No comments:

Post a Comment

I like Blogger