សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

ការ​ប្រគំ​តូរ្យ​តន្ត្រី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ?

Wednesday, 26 September 2012 Virak Prum, From The Phnom Penh Post





















ប្រជា​ពល​រដ្ឋ​​ដែល​មាន​ជម្លោះ​ដី​ធ្លី ទៅ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​ពី​រដ្ឋ​សភា ដែល​ជាស្ថាប័ននីតិ​ប្បញ្ញតិ្ត កន្លង​មក​។ រូបថត ហុង​ មិនា

តើ សភា​ជា​អង្គការ​តែ​មួយ​គត់ ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ឬ? មុន​ពេល​បង្កើត​ព្រឹទ្ធសភា រដ្ឋ​ធម្មនុញ្ញ មាន​មាត្រា​តឹងរ៉ឹង​មួយ​ ដែល​ចែង​ថា «រដ្ឋ​សភា​ជា​អង្គការ​តែ​មួយ​គត់ ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​។ អំណាច​នេះ រដ្ឋ​សភា​ មិន​អាច ប្រគល់​ឲ្យ​ទៅ​អង្គការ ឬបុគ្គល​ណា​មួយ​បាន​ឡើយ» (មាត្រា ៩០ ចាស់)។

ខ្ញុំ ​ឲ្យ​អត្ថន័យ លើ​ឃ្លា​ចុង​ក្រោយ​នេះ​ថា ជា«បញ្ញត្តិ​បំបិទ​ការ​ធ្វើ​ប្រតិភូកម្ម​នៃ​អំណាច​នីតិប្បញ្ញត្តិ» (Non-delegation Provision)។ ក៏​ប៉ុន្តែ ដើម្បី​បង្កើត​ព្រឹទ្ធសភា​នៅ​ឆ្នាំ ១៩៩៩ ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ដែរ​នោះ ស្ថានការ​ហាក់​ដូច​ជា​តម្រូវ​ឲ្យ​លុប​បញ្ញត្តិ​បំបិទ​ការ​ធ្វើ​ប្រតិភូកម្ម​ នេះ​ចោល។ ខ្ញុំ​គិត​ថា តាម​ពិត គេ​អាច​រក្សា​ទុក​នូវ​ខ្លឹម​សារ​ នៃ​បញ្ញត្តិ​បំបិទ​ការ​ធ្វើ​ប្រតិភូកម្ម​នេះ​ដដែល ដោយ​គ្រាន់​តែ​ធ្វើ​ការ​កែ​ប្រែ​ឃ្លាឃ្លោង​ បន្តិច​តាម​របៀប​នេះ «មាន​តែ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ទេ ដែល​ជា​អង្គការ​មាន​អំណាច​នីតិប្បញ្ញត្តិ។ អំណាច​នេះ រដ្ឋ​សភា និង​ព្រឹទ្ធសភា មិន​អាច​ប្រគល់​ឲ្យ​ទៅ​អង្គការ ឬបុគ្គល​ណា​មួយ​បាន​ឡើយ»។ បន្ទាប់​ពី​បញ្ញត្តិ​បំបិទ​ការ​ធ្វើ​ប្រតិភូកម្ម ត្រូវ​បាន​គេ​លុប​ចោល​នៅ​ឆ្នាំ ១៩៩៩ មក ហាក់​បី​ដូចជា​លែង​ហាម​ប្រាម​ លើ​ការ​ធ្វើ​ប្រតិភូកម្ម​នៃ​អំណាច​នីតិប្បញ្ញត្តិ លើក​លែង​តែ​ក្នុង​ក្រុម​ពីរ​ប្រភេទ ៖ ទី​១ បញ្ជី​រាយ​នាម​ច្បាប់​ក្នុង​មាត្រា ៩០ (ដូច​ជា ការ​បង្កើត កែ​ប្រែ ឬ​លុប​ចោល​ពន្ធដារ ការ​អនុម័ត​យល់​ព្រម ឬ លុប​ចោល​សន្ធិ​សញ្ញា ឬ​អនុសញ្ញា​អន្តរជាតិ​ជាដើម) និង ទី ២ គឺ​បណ្តា​ច្បាប់​ទាំង​ឡាយ​ណា ដែល​មាន​ចែង​ក្នុង​មាត្រា​ផ្សេងៗ​ទៀត ក្នុង​រដ្ឋ​ធម្មនុញ្ញ ដូច​ជា លក្ខន្តិក​នៃ​ចៅ​ក្រម និង​ព្រះរាជ​អាជ្ញា ក្នុង​មាត្រា ១៣៥ (ថ្មី) ជា​ដើម​។ ដូច​នេះ រាល់​ប្រធាន​បទ​ទាំង​ឡាយ​​ណា ដែល​ធ្លាក់​ក្នុង​ក្រុម​ណា​មួយ ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​ខាង​លើ ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​ច្បាប់ (សភា) ទើប​បាន។
ជា ការ​ពិត​ណាស់​ថា រដ្ឋ​ធម្មនុញ្ញ​មិន​អាច​ចែង​ពី​ច្បាប់​គ្រប់​បែប​យ៉ាង​ទាំង​អស់​ជា​មុន​ទេ ហើយ​ក៏​មិន​មែន​អ្វីៗ​ សុទ្ធ​តែ ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​ច្បាប់​ដែរ​។ ចូរ​យើង​ពិចារណា​លើ​ករណី​បារាំង និង​អាមេរិក​បន្តិច​ទៅ​មើល​! ប្រព័ន្ធបា​រាំង អនុញ្ញាត​ឲ្យ​អង្គការ​នីតិ​ប្រតិបត្តិ ទទួល​បាន​នូវ​អ្វី​មួយ ដែល​គេ​ហៅ​ថា «អំណាច​ចេញ​បទ​បញ្ជា​ស្វយ័ត» (pouvoir re glementaire autonome) ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បារាំង ចេញ​បទ​បញ្ជា​ផ្សេងៗ ដើម្បី​គ្រប់​គ្រង​លើ​រាល់​ប្រធាន​បទ ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​ផ្តាច់​មុខ​របស់​សភា (តាម​អត្ថន័យ​នៃ​មាត្រា ៣៤ និង ៣៧ របស់​រដ្ឋ​ធម្មនុញ្ញ​បារាំង)។ ដូច​នេះ យើង​ឃើញ​ថា ប្រព័ន្ធ​បារាំង​ ហាក់​ដូច​ជា​មាន​ខ្សែ​បែង​ចែក​សមត្ថកិច្ច​ច្បាស់​លាស់​ រវាង​អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​នីតិ​ប្រតិ​បត្តិ។ រីឯ​អ្នក​ដែល​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​នីតិ​រដ្ឋ​វិញ គេ​ច្រើន​លំអៀង​ទៅ​រក​អំណាច​នីតិប្បញ្ញត្តិ ពោល​គឺ​គេ​ពុំ​សូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ប្រតិភូកម្ម​ នៃ​ផ្នែក​ណា​មួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ​បាន​ឡើយ លើក​លែង​តែ​ការ​ធ្វើ​ប្រតិភូកម្ម​នោះ ប្រព្រឹត្ត​ទៅ​តាម​គោល​ការណ៍​ត្រឹមត្រូវ ជាក់​ស្តែង​ដូច​ក្នុង​ករណី​នៃ​សហរដ្ឋ​អាមេរិក ដែល​យុត្តិសាស្រ្ត​តុលាការ បាន​ទាម​ទារ​ឲ្យ​រាល់​កិច្ច​ធ្វើ​ប្រតិភូកម្ម ត្រូវ​ធ្វើ​ឡើង​ក្នុង​រង្វង់​ស្តង់ដារ​ជាក់​លាក់​មួយ ដែល​គេ​ហៅ​ថា «Intelligible​ Principle» សម្រាប់​អនុញ្ញាត​ឲ្យ​ចៅ​ក្រម​យក​មក​ប្រើ ក្នុង​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ បទ​បញ្ជា​របស់​រដ្ឋាភិបាល។ ក្នុង​ន័យ​នេះ សភា​របស់​សហ​រដ្ឋ​អាមេរិក មិន​អាច​ធ្វើ​ប្រតិភូកម្ម​អំណាច​របស់​ខ្លួន​ច្រើន​ជ្រុល​ពេក រហូត​ដល់​ថ្នាក់​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ក្នុង​នាម​ជា​អ្នក​ធ្វើ​ច្បាប់​បាន​ឡើយ​។
នៅ​កម្ពុជា​ឯនេះ​វិញ ក្នុង​ខណៈ​ដែល​ការ​ប្រគំ​តូរ្យ​តន្ត្រី​រដ្ឋ​ធម្មនុញ្ញ​បាន​ឈាន​ចូល​ដល់​ ខួប​លើក​ទី ២០ នោះ គេ​គួរ​ស្វែង​រក​អ្នក​ដែល​ដើរ​តួនាទី​ពិត​ប្រាកដ ក្នុង​ការ​ដឹក​នាំ​ការ​ប្រគំ​តូរ្យ​តន្ត្រី​នេះ​ទើប​បាន​។
សួរ​ថា ក្នុង​ចំណោម​គំរូ​ទាំង​ពីរ ខាង​លើ តើ​អ្នក​ដឹក​នាំ​ការ​ប្រគំ​តូរ្យ​តន្ត្រី​មួយ​ណា ដែល​គួរ​មាន​ប្រជាប្រិយភាព​ជាង​សម្រាប់​ខ្មែរ​? សិស្ស​សាលា​ច្បាប់​ភាគ​ច្រើន​មុខ​តែ​ឆ្លើយ​ភ្លាម​ថា ច្បាប់​របស់​យើង​ច្រើន​ផ្តល់​អំណាច​បន្ត​ដល់​រដ្ឋាភិបាល ដើម្បី​ចែង​លម្អិត​លើ​កិច្ចការ​នានា ដែល​សភា មិន​បាន​លម្អិត។ បើ​ដូច្នេះ​មែន គេ​អាច​រំពឹង​បាន​ថា ក្នុង​ថ្ងៃ​អនាគត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ អាច​នឹង​បង្កើត​យុទ្ធសាស្រ្ត​របស់​ខ្លួន ដែល​ប្រហាក់​ប្រហែល​នឹង «Intelligible​ Principle» របស់​អាមេរិក ដើម្បី​ត្រួត​ពិនិត្យ​លើ​ច្បាប់​របស់​សភា​បាន​ ជា​ពិសេស​លើ​ករណី​ធ្វើ​ប្រតិភូ​កម្ម។​ ជា​មួយ​គ្នា​នេះ​ដែរ ចៅ​ក្រមក៏​ត្រូវ​បំពេញ​តួនាទី​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​នីត្យានុកូល​ភាព​ របស់​បទ​បញ្ជា ដែល​ចេញ​ដោយ​រដ្ឋាភិបាល ក្នុង​រង្វង់​នៃ​អំណាច​ដែល​ទទួល​បាន​ពី​ប្រតិភូកម្ម​នោះ​ផង​ដែរ​។ ដោយ​ហេតុ​ថា តុលាការ​ជា​ស្ថាប័ន​ ដែល​ដោះ​ស្រាយ​រឿង​វិវាទ​ជាក់​ស្តែង​ជា​ប្រចាំ គេ​អាច​សង្ឃឹម​ថា គឺ​តុលាការ​នេះ​ហើយ ដែល​នឹង​ដើរ​តួជា​អ្នក​ដឹក​នាំ​ការ​ប្រគំ​តូរ្យ​តន្ត្រី​រដ្ឋ​ធម្មនុញ្ញ​ ញឹកញាប់​ជាង​គេ៕

No comments:

Post a Comment

I like Blogger