សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Sunday, September 9, 2012

តុលាការ​កោះ​ហៅ​អ្នក​ភូមិ​ប្រម៉ា​១៩​នាក់​ឲ្យ​​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ប្រម៉ា ១៩​នាក់ ដើម្បី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ពេល​ខាង​មុខ​នេះ ក្នុង​សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ និង​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា ជា​មេខ្លោង​ចង់​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី លោក ម៉ែន គន្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា គាត់​បាន​ទទួល​ដីកា​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន ដើម្បី​ឲ្យ​ចែក​ចាយ​ដីកា​ទាំង​នោះ​ដល់​អ្នក​ភូមិ​ប្រម៉ា​ចំនួន ១៩​នាក់ ដើម្បី​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ខាង​មុខ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម ១៩​នាក់​ដែល​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នោះ មាន ១៤​នាក់​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី និង ៥​នាក់​ទៀត​ជា​ជន​ជាប់​ចោទ តែ​បាន​លើក​លែង​ទោស ក៏​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​អង្គ​សវនាការ​ជំនុំជម្រះ​ក្តី​របស់​លោក ម៉ម សូណង់ដូ នោះ​ដែរ៖ «គាត់​ដូច​អត់​មាន​ត្រូវ​ការ​អី​ពាក់ព័ន្ធ​ភិតភ័យ។ នៅ​ក្នុង​ផ្លូវ​ច្បាប់ ក្នុង​នាម​គាត់​ទៅ​បំភ្លឺ​ជូន​ទៅ​តុលាការ​នៅ​ក្រុង​ភ្នំពេញ​ហ្នឹង»។


ព្រះ​រាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បញ្ជាក់​ថា តុលាការ​ក្រុង​ភ្នំពេញ ពិត​ជា​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ទាំង ១៩​នាក់ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ពិត​មែន។

លោក​បន្ត​ថា អង្គ​សវនាការ​នោះ​នឹង​ជំនុំជម្រះ​លើ​ករណី​មួយ​ដែល​ផ្ទេរ​ពី​តុលាការ​ខេត្ត​ក្រចេះ ហើយ​ករណី​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ក៏​នឹង​ត្រូវ​បើក​រួម​គ្នា​ក្នុង​ពេល​តែមួយ៖ «ខាង​តុលាការ​គេ​កោះ​ហៅ គេ​កោះ​ហៅ​គាត់​ឲ្យ​ចូល​នៅ​ក្នុង​សវនាការ​ក្នុង​នាម​គាត់​ជា​សាក្សី​ផង ខ្លះ​ជា​ជន​ជាប់​ចោទ​ផង»។

តុលាការ​ខេត្ត​ក្រចេះ បាន​ផ្ទេរ​សំណុំ​រឿង​មួយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​មុន ដែល​សំណុំ​រឿង​នេះ​តុលាការ​ខេត្ត​បាន​ឃុំ​ខ្លួន​អ្នក​ភូមិ​ប្រម៉ា ចំនួន ៣​នាក់ រួម​មាន​ឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ឌ ស្រឿន និង​ឈ្មោះ ទូច រិន ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ និង​កាន់​អាវុធ​ខុស​ច្បាប់។ រី​ឯ​អ្នក​ភូមិ ៥​នាក់​ទៀត​ដែល​ជាប់​ចោទ​ដូច​គ្នា​នេះ ត្រូវ​បាន​រួច​ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​សារភាព​ទោស​កំហុស​របស់​ខ្លួន​ទៅ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល។

តាម​ដីកា​របស់​តុលាការ ៥​នាក់ ដែល​ជា​ជន​ជាប់​ចោទ​នោះ​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ហើយ​ពួក​គេ​ទំនង​ជា​ជន​ដែល​ឆ្លើយ​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ​ឯ​ទៀត រួម​មាន​អ្នក​ភូមិ ៣​នាក់​ដែល​កំពុង​ជាប់​ឃុំ លោក ប៊ុន រដ្ឋា និង​លោក ម៉ម សូណង់ដូ ជាដើម។

អ្នកស្រី ញឹក សុភី អ្នក​ភូមិ​ប្រម៉ា ដែល​ទទួល​ដីកា​កោះ​ហៅ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​សំដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា គាត់​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​នូវ​អ្វី​ដែល​អ្នកស្រី​ចាត់​ទុក​ថា ជា​ការ​ពិត ក្នុង​សំណុំ​រឿង​នៅ​ភូមិ​ប្រម៉ា​នោះ។

អ្នកស្រី​ថា ការ​ឆ្លើយ​របស់​គាត់​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ ឬ​អ្នក​ភូមិ​រស់​នៅ​ជាមួយ​គ្នា​ដែល​មាន​ទំនោរ​ទៅ​ឈ្មោះ ប៊ុន រដ្ឋា ខឹងសម្បា ហើយ​អាច​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គ្រួសារ​របស់​គាត់៖ «យើង​ទៅ​ឆ្លើយ​បំភ្លឺ​ច្បាស់លាស់ ពិត​ប្រាកដ ដែល​យើង​មើល​ឃើញ យើង​ថា​ប៉ុណ្ណឹង។ គេ​មិន​ចិត្ត​ដូច​យើង គេ​ចង់​និយាយ​ចង់​ពន្លើស​ពាក្យ​អី​អ៊ីចឹង​ទៅ ដល់​យើង​និយាយ​ត្រង់​អ៊ីចឹង​ទៅ យើង​នៅ​ស្រុក​ក្នុង​ភូមិ​នៅ​ឯ​ណេះ ខ្លាច​គេ​ធ្វើ​បាប​យើង​នៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ទៀត»។

ទោះ​ជា​យ៉ាង​ណា លោក ម៉ែន គន្ធា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​មាន​កិច្ចការពារ​យ៉ាង​ល្អ​ពី​សមត្ថកិច្ច ហើយ​ពួកគេ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ លោក​បន្ត​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ក្រចេះ ទៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា គឺ​មុន​ពេល​បើក​សវនាការ​មួយ​ថ្ងៃ។ ចំពោះ​ដោយ​ថ្លៃ​សោហ៊ុយ និង​ថ្លៃ​ស្នាក់នៅ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា តែ​កន្លង​មក​លោក​ធ្លាប់​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ថា រឿង​ក្ដី​នេះ​នឹង​ឈ្នះ​មួយ​រយ​ភាគ​រយ ប្រសិន​បើ​រឿង​រ៉ាវ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្នែក​នយោបាយ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ច្រើន​លើក​រិះគន់​រដ្ឋាភិបាល​ថា បាន​ទម្លាក់​កំហុស​លើ​លោក ម៉ម សូណង់ដូ ដើម្បី​រក​អ្នក​ទទួល​ទោស​ជំនួស​ឲ្យ​សកម្មភាព​ចុះ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ពលរដ្ឋ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់​ស្លាប់។

តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់៕

No comments:

Post a Comment

I like Blogger