សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 19, 2012

អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា​ដើរ​តវ៉ា​តាម​ផ្លូវ​បន្ត​ទៀត

ឃុត សុ​ភ​ច​រិ​យា​ ភ្នំពេញប៉ុស្តិ៍​ ថ្ងៃទី១៨ កញ្ញា ២០១២
 




















ភ្នំពេញៈ សកម្មភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់ និង​បុរីកីឡា បាន​ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ​ក្តៅ​គគុក​សាជាថ្មី​ទៀត​ហើយ បន្ទាប់​ពី​សមាជិក​សកម្ម​របស់​ពួក​គេ​ ពីរ​នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ​ជា​អ្វី​ដែល​ក្រុម​អ្នក​ភូមិ​ទាំង​នេះហៅ​ថា ជា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដែល​មិន​ឯករាជ្យ ដើម្បី​បំបាក់​ស្មារតី​របស់​ពួក​គេ កុំ​ឲ្យ​បន្ត​ធ្វើ​ការ​តវ៉ា ​ការ​ពារ​ផ្ទះ​សម្បែង​ ដី​ធ្លី ដែល​ត្រូវ​ក្រុម​ហ៊ុន​មាន​អំណាច​រំលោភ​បំពាន​។

កាលពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា សមាជិក នៃ​សហគមន៍​បឹងកក់ អ្នក​ស្រី យ៉ោម​ បុប្ផា ត្រូវ​បាន​សាលា​ដំបូង​រាជធានី សម្រេច​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ខណៈ​ដែល​ប្តី​របស់​ស្ត្រី​រូប​នេះ ត្រូវ​បាន​ដោះ​លែង​មក​វិញ ក្រោយ​ពី​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ។


មួយ​ថ្ងៃ​បន្ទាប់​មក​ តុលាការ​ដដែល​នេះ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក ស្រី ទឹម សាក់​មុន្នី ដែល​ជា​សកម្មជន​ដី​ធ្លី​ម្នាក់​ទៀត នៅ​សហគមន៍​បុរី​កីឡា​ នៅ​ពន្ធនាគារ​ព្រៃស​ផង​ដែរ ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»។

នៅ​ក្នុង​ការ​តវ៉ា​ដើរ ក្បួន​ កាត់​តាម​មហាវិថី​នានា ក្នុង​ខណ្ឌ​ដូន​ពេញ កាលពី​ម្សិលមិញដើម្បី​នាំ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិក អង់គ្លេស និង​បារាំង​ សូម​ឲ្យ​តំណាង​ប្រទេស​ទាំង​នេះ ជួយ​អន្តរាគមន៍​ ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ដោះ​លែង​សមាជិក​សកម្ម​របស់​ពួក​គេ ក្រុម​អ្នក​ភូមិ ប្រមាណ​ជាង ១០០​ នាក់​បាន​ស្រែក​ថា​៖ «ដោះ​លែង​ជីដូន អ្នក​ម្ដាយ ​ប្រពន្ធ…សមាជិក​របស់​យើង​ខ្ញុំ​វិញ​មក​ ពួក​គាត់​គ្មាន​កំហុស​ទេ»។ អ្នក​ភូមិ​មក​ពី​សហគមន៍​ទាំង​ពីរ បាន​នាំ​គ្នា​ទូល​សម្បុក​មាន់ ដែល​មាន​តែ​ពង​ខ្វះ​មេ​ក្រាប ខ្លះ​កាន់​ផ្កា​ឈូក ផ្ទាំង​គំនូ​រព្រះ​ពុទ្ធ​ត្រាស់​ដឹង និង​រូប​ជញ្ជីង​យុត្តិធម៌​ ដែល​មាន​បិទ​រូប​ថត​អ្នក​ស្រី យ៉ោម​ បុប្ផា និង​ពាក្យ​ថា ​ដោះ​លែង​ នៅ​អម​សង​ខាង​នៃ​រូប។ ចំណែក​ម្ខាង​ទៀត​នៃ​កូន​ជញ្ជីង មាន​សរសេរ​ពាក្យ​ថា បោះ​ព្រំ​ដី ១២,៤៤​ ហិកតា និង​ផ្ដល់​កម្មសិទិ្ធ​គ្រប់​គ្រួសារ​។

អ្នក​ស្រី បូវ សុភា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១៣ ​នាក់​ នៃ​សហគមន៍​បឹងកក់​ ដែល​ធ្លាប់​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស បាន​និយាយ​ដោយ​ចំអក​ទៅ​លើ​អាជ្ញាធរ​ ដែល​ព្យាយាម​ឃ្លាំ​មើល​សកម្មភាព​តវ៉ា​របស់​ពួក​គេ ជាជាង​ការ​ស្វែងរក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ តំបន់​នេះ​ថា៖«យើង​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការ​ដើរ​តវ៉ា​បែប​នេះ​ខ្លាំង​ ណាស់…បើ​សិន​ជា​អាជ្ញាធរ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ នោះ​យើង​ខ្ញុំ​នឹង​មិន​មាន​សកម្មភាព​បែប​នេះ​ទេ»។

អ្នក​ស្រី​និយាយ​ថា៖ «យើង​ខ្ញុំ យល់​ថា ការ​ចាប់​ខ្លួន​អ្នក​ស្រី យ៉ោម បុប្ផា គឺជា​ការ​គំរាម​កំហែង​មក​លើ​អ្នក​ភូមិ​ក្នុង​សហគមន៍​យើង​ខ្ញុំ មិន​ឲ្យ​ចេញ​មុខ​តវ៉ា​ទាមទារ​ទំហំ​ដី​ដែល​ជា​ការ​ផ្ដល់​ប្រទាន​កម្ម​ពី ប្រមុខ​រដ្ឋាភិបាល​តទៅ​ទៀត»។​

ខណៈ​នោះ​ដែរ លោក​លួស​ សាខន​ ដែល​ជា​ប្ដី​របស់​អ្នក​ស្រី​យ៉ោម បុប្ជា បាន​បន្ទរ​ថា៖«ខ្ញុំ​មិន​យល់​ទេ​ថា តើ​សង្គម​ដែល​មាន​ការ​លើក​ស្ទួយ​តម្លៃ​ស្ត្រី គឺ​ត្រូវ​តែ​ឃុំ​ខ្លួន​ស្ត្រី​ឬ​យ៉ាង​ណា?»។

ដោយ​ឡែក​កូន​ប្រុស​អ្នក​ស្រី ​ ទឹម សាក់​មុន្នី លោក ​អ៊ួន កង​ពិនិត្យ ដែល​ជា​ជន​ពិការ​មិន​អាច​និយាយ​បាន និង​មាន​ជំងឺ​សរសៃ​ទាញ​បាន​កាន់​បដា​តូច​មួយ​ដែល​សរសេរ​ថា​៖ «តុលាការ​ពុករលួយ គ្មាន​យុត្តិធម៌​សម្រាប់​អ្នក​ក្រ​ទេ»។

ញតិ្ត​របស់​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ​ត្រូវ​បាន​ស្ថានទូត​ប្រទេស​មហា​អំណាច​ទាំង​បី​ទទួល​យក​កាល​ពី​ម្សិលមិញ៕

Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ឃុំខ្លួន, ទំនាស់ដី, បឹងកក់, ភ្នំពេញ, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger