សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

ក្រុម​អ្នក​ភូមិ​តវ៉ា​រឿង​ដីធ្លី នៅក្រៅ​តុ​ប្រជុំ​រវាង​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ​

(ថ្ងៃទី 26 កញ្ញា 2012, ម៉ោង 11:14:AM) | ដោយ: លីនណា, From CEN
ភ្នំពេញ: ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នក​រស់នៅ​បុរី​កីឡា បាន​ប្រមូលផ្តុំ​តវ៉ា​អំពី​បញ្ហាដីធ្លី នៅ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២​។ នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ព្រឹក​នេះ តំណាង​មន្ត្រី​រដ្ឋាភិបាល បាន​ជួបប្រជុំ​នឹង​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​។ រីឯ​ក្រុម​ពលរដ្ឋ ជា​អតីត​អ្នកភូមិ​សំបុកចាប បាន​ប្រមូលផ្តុំ​តវ៉ានៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​ការបណ្តេញ ឲ្យ​រុះរើ​ផ្ទះ​ពី​សហគមន៍​ភូមិ​អណ្តូង ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​។​

​ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា ដែល​ជា​ស្ត្រី និង​កុមារ បាន​លើក​បដា និង​ស្រែក​មេក្រូ​តូចៗ ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល ដើម្បី​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​បណ្ដេញ​ចេញ​នៅ​បុរី​កីឡា និង​នៅ​បឹងកក់ ពិសេស​ក្រុម​អ្នកភូមិ​ស្រែកយំ ស្នើ​ឲ្យ​ដោះលែង​ស្ត្រី​បឹងកក់ និង​ស្ត្រី​បុរី​កីឡា ដែល​ត្រូវ​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួនឲ្យមាន​សេរីភាព​ឡើងវិញ​។​

នៅក្នុង​លិខិត​ដាក់​ទៅ​ក្រុម​ ម្ចាស់​ជំនួយ​របស់​កម្ពុជា បាន​លើកឡើង​ថា ពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា សុំ​អន្តរាគមន៍​ដើម្បីឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាពយុត្តិធម៌ ដោយ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី និង​ជា​តំណាង​សហគមន៍​បឹងកក់ ពី​ពន្ធនាគារ​ព្រៃ​ស និង​បញ្ចប់​ជម្លោះ​នៅ​តំបន់​បឹង​កក់ ដោយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ ដល់​ពលរដ្ឋ​បឹងកក់ ដែល​នៅ​សេសសល់​ជាង ៦០ គ្រួសារ និង​កំណត់​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ឲ្យបាន​ច្បាស់លាស់ តាម​អនុក្រឹត្យ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


​ក្រុម​ អ្នក​ភូមិ ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទឹម សាក់​មុន្នី តំណាង​អ្នក​ភូមិ​បុរី​កីឡា ដែល​ត្រូវបាន​តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ផងដែរ​។​

​ខ្លឹមសារ​លិខិត​បន្តថា ជាងមួយ​ឆ្នាំ​ហើយ ដែល​អនុក្រឹត្យ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី​បានចេញ ប៉ុន្តែ​ពលរដ្ឋ​សហគមន៍​បឹងកក់ មិនទាន់​បាន​ដឹង​ទីតាំងដី​ទំហំ ១២,៤៤ ហិកតា នៅទីណា​នៅឡើយ​ទេ​។​

​សូម​រម្លឹកថា អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សា​ដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួនកាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាមរយៈ​ការចូលរួម​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​វាយកម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​បុរី​កីឡា កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២​។​

​ក្នុង​រឿង​ចាប់ខ្លួន​ស្ត្រី​ទាំង​ពីរ​រូប​នោះ អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នាជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​

​ដោយឡែក​អតីត​អ្នកភូមិ​សំបុកចាប ១៩ គ្រួសារ ដែល​អាជ្ញាធរ​មូលដ្ឋាន ប្រកាស​បណ្តេញ ជា​លើក​ទី​២ ឲ្យ​រើផ្ទះ​ខ្ទមចេញ​ពី​សហគមន៍​ភូមិ​អណ្តូង នៅ​ជាយ​រាជធានី​ភ្នំពេញ ក៏​បាន​ជួបជុំ​តវ៉ានៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១២ ផងដែរ​។​

​ក្រុម​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ ស្នើសុំ​រស់នៅ​សហគមន៍​ភូមិ​អណ្តូង​នោះ បន្ទាប់ពី​ពួកគេ រួម​នឹង​ពលរដ្ឋ​ក្រីក្រ​ជាង ១.០០០ គ្រួសារ​ផ្សេង​ទៀត ត្រូវបាន​អាជ្ញាធរ​ក្រុង រុះរើ​លំនៅដ្ឋានចេញ​ពី​អតីត​សហគមន៍​ភូមិ​សំបុក​ចាប នៅ​ជិត​រដ្ឋសភា និង​ដឹក​ឲ្យទៅ​រស់នៅ​ក្នុង​សហគមន៍​ភូមិ​អណ្តូង កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០០៦​។​

​តែ​ពេល​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ ១៩ គ្រួសារ រើ​ផ្ទះ​ចេញ ដើម្បី​យក​ដី​នោះសង់​ផ្លូវ​ថ្មី​មួយ ក្នុង​តំបន់​អភិវឌ្ឍន៍ ដែល​មាន​ផ្ទះ​តូច សង់​ជាប់​គ្នា​ជា​ជួរ​តូចៗ​នោះ​។​

​សូម​រម្លឹកថា ការប្រមូលផ្តុំ​តវ៉ា​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់ អ្នក​បុរី​កីឡា និង​អតីត​អ្នកភូមិ​សំបុកចាប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ធ្វើឡើង ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អង្គុយ​ប្រជុំ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ នៅ​ទល់មុខ​នឹង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ដើម្បី​លើក​ឡើង​ពី​បញ្ហា​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC នៅ​ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់ជំនួយ ដែល​មានឈ្មោះ​ថា គណៈកម្មាធិការ​សម្របសម្រួល ដៃគូ​អភិវឌ្ឍន៍​រដ្ឋាភិបាល GDCC លើកទី១៩ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​សម្រាប់​​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ខ្ពស់បំផុត របស់​រដ្ឋាភិបាល​កម្ពុ​ជា​និង​ម្ចាស់ជំនួយ នៅក្នុង​វេទិកា​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា CDCF ដែល​គ្រោង​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០១២​។ ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នោះ គឺ​ប្រទេស​ម្ចាស់ជំនួយ ឬ​ហៅ​ថា ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា នឹង​ត្រូវ​ប្រកាស​ពី​ការសន្យា​ផ្តល់​ជំនួយសម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាតិ​-​អន្តរជាតិ​ជាង ១០០ ស្ថាប័ន បាន​ជួបប្រជុំ និង​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម លើកឡើង​ពី​ក្តីបារម្ភ​ជុំវិញ​បញ្ហាដីធ្លី ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​កំណែទម្រង់​សិទ្ធិមនុស្សនៅក្នុង​ប្រទេស​កម្ពុជា ជាដើម​។ ក្តីបារម្ភ​ទាំងនោះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល លើកឡើងដាក់ជូន​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បរទេស និង​រដ្ឋាភិបាល ដើម្បី​បញ្ចូល​ក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ​កិច្ចប្រជុំ គណៈកម្មាធិការ​សម្របសម្រួលដៃគូ​អភិវឌ្ឍន៍​រដ្ឋាភិបាល GDCC នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២៕​ S

No comments:

Post a Comment

I like Blogger