សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 18, 2013

ប៉ូលិស​ចរាចរ​គួរ​បោះ​បង់​ឥរិយា​បថ​​​ពលរដ្ឋ​ស្អប់​ខ្ពើម

Friday, 18 January 2013 យស់ កាតង់ Phnom Penh Post
130118_02
ប៉ូលិស​ចរាចរ​ក្នុង​ក្រុង​ភ្នំ​ពេញ​ ធ្វើ​ការ​ផាក​ពិន័យ អ្នក​ល្មើសចរាចរណ៍ នា​ពេល​កន្លង​មក​​​។ រូបថត ហេង ជីវ័ន
គោរព​ជូន​លោក​និពន្ធ​នាយក​ជា​ទីរាប់​អាន!
មនុស្ស​ស្ទើរ​តែ​មួយ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​និយាយ​រិះគន់​ជា​ចំហ ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជា​ប៉ូលិស ចរាចរ ដែល​ជា​មូល​ហេតុ​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ មាន​ការ​ក្តៅ​ក្រហាយ និង​ស្អប់​ខ្ពើម​មន្រ្តី​ប៉ូលិស​ចរាច​រជា​ខ្លាំង រហូត​ដល់​មិន​ចង់​ឃើញ​មុខ ព្រម​ទាំង​នាំ​គ្នា​លួច​ខ្សឹប​ជេរ​ដាក់​បណ្តាសា​ទៀត​ផង​ក៏​មាន។
ការ ប្រព្រឹត្ត​ខុស​ឆ្គង​របស់​មន្រ្តី​ប៉ូលិសល​ទាំង​នោះ​រួម​មាន ការ​ផាក​ពិន័យ​លើស​ពី​ការ​កំណត់​នៃ​ច្បាប់ ដោយ​គ្មាន​វិក្កយ​បត្រ (ពុករលួយ) ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដំណើរ ការ​ជេរ​ប្រមាថ​ដោយ​អសីលធម៌ ការ​សំឡុត ​គំរាម​កំហែង ជា​ដើម​។ រូប​ភាព​ទាំង​អស់​នេះ​បាន​ដិត​ដាម​ជាប់​ក្នុង​អារម្មណ៍​របស់​ពល​រដ្ឋ​ជា​ អ្នក​ធ្វើ​ដំណើរ​គ្រប់ៗ​គ្នា រហូត​ចាត់​ទុក​មន្ត្រី​ប៉ូលិស​ចរាចរ​ថា ជា​ចោរ​ប្លន់ ចោរ​ជំរិត​ទារ​ប្រាក់​តាម​ដង​ផ្លូវ ដែល​មើល​ទៅ​ជារួម​ឃើញ​ថា​ ហួស​ហេតុ និង​មិន​មាន​ការ​កែ​ប្រែ​ទាល់​តែ​សោះ​។ ជួន​ពេល​ខ្លះ ប្រជា​ពលរដ្ឋ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​ដទៃ​ទៀត ដូច​ជា តម្រួត​យោធា​(ប៉េអឹម) កង​អន្តរាគមន៍ (ខ្លា​ហោះ) ក៏​ចាប់​ឃាត់​អ្នក​ដំណើរ​ជំរិត​ផាក​ពិន័យ​ផ្នែក​ចរាចរណ៍​ផង​ដែរ​។

ប្រជា​ពលរដ្ឋ តែង​តែ​យល់​ច្បាស់​ថា មន្រ្តី​គ្រប់​ផ្នែក ទោះ​ជា​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​ណា​ក៏​ដោយ មាន​កាតព្វកិច្ច​សំខាន់ គឺ​បម្រើ និង​ការ​ពារ​ផល ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទូទៅ ប្រយោជន៍​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ បាន​រស់​នៅ​ក្នុង​សេចក្តី​សុខ សុវត្ថិភាព និង​ភាព​រុង​រឿង​។ ស្ថិត​ក្នុង​ឯក​សណ្ឋាន​ជា​ប៉ូលិស​ចរាចរ​ដែល​មាន​ភារ​កិច្ច​សម្រួល​ដល់​ ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ដំណើរ គឺ​ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា មិន​ត្រឹម​តែ​ជា​អ្នក​បម្រើ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​តំណាង​ឲ្យ​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល​មួយ ដែល​មាន​នាទី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​ជា​តំណាង​ឲ្យ​មុខ​មាត់​របស់​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​ អាច​មើល​ឃើញ និង​កោត​សរសើរ​ដល់​ការ​លះ​បង់​ខ្ពស់​របស់​អស់​លោក​ជា​មន្រ្តី​ប៉ូលិស​ចរាចរ​ ដែល​កំពុង​ខិត​ខំ​ធ្វើ​ការងារ​ហូរ​ញើស​សស្រាក់​កណ្តាល​ថ្ងៃ នៅ​តាម​ដង​ផ្លូវ​សាធារណៈ។ យើង​ពិត​ជា​មាន​ការ​កោត​សរសើរ​ដ៏​ក្រៃ​លែង​ នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​ការងារ​របស់​អស់​លោក​មន្រ្តី ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា ហើយ​យើង​ពិត​ជា​មាន​សន្តាន​ចិត្ត​ចង់​ជួយ​ជ្រោមជ្រែង​លើក​ទឹក​ចិត្ត​ ដល់​ពួក​គាត់​ខ្លាំង​ណាស់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ យើង​ពិត​ជា​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​អំពើ​ពុក​រលួយ​នានា ទាក់ទង​នឹង​ចរាចរណ៍ ការ​ប្រើ​ហិង្សា ការ​ជេរ​ប្រមាថ និង​ការ​គំរាម​កំហែង​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ​។ល។
ប្រសិន​បើ​ពួក​គាត់​បញ្ឈប់​បាន​នូវ​សកម្មភាព​អវិជ្ជមាន​ទាំង​នេះ​មែន យើង​ពិត​ជា​មាន​សន្តាន​ចិត្ត​ចង់​ជួយ​ជ្រោមជ្រែង​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ផ្តល់​រង្វាន់​ក្នុង​គ្រប់​រូបភាព​ដល់​ពួក​គាត់​ជាក់​ជា​មិន​ខាន ។ ជាមួយ​នឹង​ការ​ចង់​បាន​នេះ ប្រជា​ពលរដ្ឋ ក៏​គួរ​តែ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​សីលធម៌​ក្នុង​ការ​បើកបរ​ផង​ដែរ ជា​ពិសេស​សិល្បៈ​នៃ​ការ​យោគយល់​អធ្យាស្រ័យ​គ្នា ព្រម​ទាំង​បំពេញ​នាទី​ជា​ពលរដ្ឋ​ល្អ ដែល​មាន​កាតព្វ​កិច្ច​​គោរព​តាម​បទ​ដ្ឋាន​ច្បាប់​ចរាចរណ៍ ដូច​ជា ការ​បត់​ឆ្វេង បត់​ស្តាំ គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ មាន​កញ្ចក់​ត្រឹម​ត្រូវ ពាក់​មួក​សុវត្ថិ​ភាព ពាក់​ខ្សែ​ក្រវាត់​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ មិន​បើក​បរ​ ដោយ​រំលោភ​លើ​អ្នក​ដំណើរ​ដទៃ​(មិន​ត្រូវ​គិត​ថា មាន​តែ​ខ្លួន​ឯង​ម្នាក់​នៅ​លើ​ដង​ផ្លូវ​តែ​មួយ​)។
ចំណែក​ស្ថាប័ន​បង្កើត ​ច្បាប់​ចរាចរណ៍ ក៏​មិន​គួរ​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ ដល់​ពលរដ្ឋ​ដែរ ដូច​ជា​ ការ​បន្ថែម​នូវ​បទ​បញ្ជា ឬ​សារាចរ​ ដែល​តម្រូវ​ឲ្យ​អ្នក​បើក​បរ​ទោចក្រ​យានយន្ត (ម៉ូតូ) ត្រូវ​មាន​ប័ណ្ណ​បើក​បរ ដាក់​តាម​ខ្លួន​ នូវ​ឯក​សារ​ពន្ធគយ​(កាត​គ្រី) ដែល​អ្នក​បើកបរ​ទាំង​នោះ​ជា​ពលរដ្ឋ​ស្លូត​ត្រង់ មិន​មែន​ជា​ចោរ​លួច ចោរ​ប្លន់​។ ការ​ទាមទារ​ច្រើន​ហួស​ហេតុ​ពេក​ ពី​ប្រជា​ពលរដ្ឋ​ជា​អ្នក​ដំណើរ គឺ​មិន​មែន​បង្ហាញ​ពី​ភាព​ឥត​ខ្ចោះ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​បាន​បង្ហាញ​ពី​រូបភាព​នៃ​ការ​បន្ថែម​ឱកាស​ពុក​រលួយ​តែ​ប៉ុណ្ណោះ ដែល​ជា​មូល​ហេតុ​រំខាន​ដល់​ភាព​សុខសាន្ត និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា។
យោង​តាម​មាត្រា ៧២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ បាន​ចែង​ថា មន្រ្តី ឬ​ភ្នាក់ងារ​នគរបាល​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ណា ដែល​ប្រើ​សិទ្ធិ​អំណាច​ដោយ​រំលោភ​ក្នុង​ការ​ដក​ហូត​យក​ប័ណ្ណ​បើកបរ ស្លាក​លេខ ប័ណ្ណ​សម្គាល់​យាន ឬ​ឃាត់​ទុក​យាន​របស់​អ្នក​បើក​បរ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំ​មួយ​(៦)​ថ្ងៃ ទៅ​១ខែ ឬ និង​ពិន័យ​ជា​ប្រាក់​ពី​២៥០០០​រៀល ទៅ​ ២០០ ០០០​ រៀល។ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ឆ្នាំ ទៅ​៣ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ២​ លាន​រៀល ទៅ​៦ លាន​រៀល ចំពោះ​មន្ត្រី ឬ​ភ្នាក់​ងារ​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ណា​ ដែល​បង្ខំ​ទារ​ប្រាក់​ពិន័យ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់ ឬ​ទទួល​ប្រាក់​ដោយ​ការ​ប្រើ​ប្រាស់​ក្បាល​សៀវភៅ​សម្រាប់​ពិន័យ​មិន​ត្រឹម ត្រូវ​។
ដោយ​មិន​គួរ​លើក​ហេតុ​ផល​នៃ​ការ​ងារ​ទទួល​បាន​ប្រាក់​ខែ​តិច​ តួច មន្រ្តី​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​បែរ​ជា​មាន​ទម្លាប់ ឬ​ចេតនា ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច្នេះ​ឡើយ ពីព្រោះ​ពួក​គាត់​បាន​ដឹង​រួច​ជា​ស្រេច​ហើយ​ថា ការ​ងារ​របស់​គាត់​ត្រូវ​ទទួល​ប្រាក់​ខែ​តែ​ប៉ុណ្ណឹង និង​មិន​មាន​អ្វី​លើស​ពី​នេះ​ទេ។ ដូច្នេះ​មាន​តែ​ការ​ស្រឡាញ់​នូវ​តួនាទី​ការ​ងារ​សុចរិត​របស់​ខ្លួន លាយ​ឡំ​នឹង​មន​សិការ​ជាតិ ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល ​គួរ​រឹត​បន្តឹង​មិន​ឲ្យ​មាន​ឱកាស​ពុករលួយ ដោយ​យក​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ប្រព្រឹត្ត​ ទើប​អាច​ធ្វើ​ឲ្យ​អ្វីៗ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និង​ល្អ​ប្រសើរ​។
ម្យ៉ាង ទៀត បើ​តាម​ប្រសាសន៍​របស់ សម្តេច តេជោ ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល មាន​ផែន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍ ដល់​មន្រ្តី​រាជ​ការ​ទូទាំង​ប្រទេស រាប់​ទាំង​មន្រ្តី​ប៉ូលិស​ចរាចរណ៍​ឲ្យ​បាន​២០ % ចាប់​ពី​ឆ្នាំ​២០១៣​ នេះ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាតិ​សរុប​ប្រចាំ​ឆ្នាំ ប្រមាណ ៣០០០ លាន​ដុល្លារ​។
ជា ចុង​ក្រោយ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ដទៃ​ទៀត​ដែល​ឲ្យ​តម្លៃ​ខ្ពស់​ដល់​មន្រ្តី​ចរាចរ​គ្រប់ៗ​ រូប ខ្ញុំ​សូម​ទទូច​ឲ្យ​មន្រ្តី​ប៉ូលិស​ចរាចរ​ទាំង​អស់ មេត្តា​ស្រឡាញ់​នូវ​តួនាទី ​ការ​ងារ​របស់​ខ្លួន​ និង​មាន​សីលធម៌​ល្អ ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ខ្ពស់ ព្រម​ទាំង​សូម​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​មួយ​នេះ​មេត្តា​ជួយ ​បណ្តុះ​បណ្តាល​បន្ថែម​ដល់​គ្រប់​មន្រ្តី​ចរាចរ​ទូទាំង​ប្រទេស​ឲ្យ​បាន​ យល់​ដឹង​ច្បាស់​ពី​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ជា​នគរបាល​ចរាចរណ៍ ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ​ខ្លួន និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រព្រឹត្ត​សកម្មភាព​ប្រាស​ចាក​ពី​សីលធម៌ និង​បទដ្ឋាន​ច្បាប់​របស់​ប្រទេស​ជាតិ​យើង៕
ដោយ យស់ កាតង់

No comments:

Post a Comment

I like Blogger