សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

ប្រធាន​រដ្ឋ​សភា​ជំរុញ​រឿង​ក្តី​សាច់​ថ្លៃ​ដណ្តើម​ដី​កេរ

Thursday, 10 January 2013 ឆាយ ច័ន្ទនីដា Phnom Penh Post

130110_08
លោក ហេង សំរិន ប្រ​ធាន​រដ្ឋ​សភា នៃព្រះ​រាជាណាចក្រកម្ពុ​ជា ។ រូបថត មិនា
 
ភ្នំពេញៈ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន​ ផ្ញើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ឲ្យ​ជួយ​អន្តរាគមន៍​ពន្លឿន នីតិវិធី​ជំនុំ​ជម្រះ​ក្នុង​សំណុំ រឿង​រដ្ឋ​ប្បវេណី​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១០​របស់​សាលា​ដំបូង​ខេត្ត​តាកែវ ក្នុង​ទំនាស់​ដីធ្លី​ ដែល​បង្កប់​ទុក​ចោល​មិន​បាន​លើក​យក​មក​បើក​សវនាការ​ជំនុំ​ជម្រះ។
ក្នុង លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក​ហេង​ សំរិន​ប្រធាន​រដ្ឋ​សភា ​កាល​ពី​ថ្ងៃ​ទី​២៨​ ធ្នូ​ ២០១២​ និង​បាន​ទទួល​ដោយ​ក្រសួង​យុត្តិធម៌​នា​ថ្ងៃ​ទី​៤​មករា​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅថ្ងៃ​ម្សិលមិញ​លោក ហេង សំរិន បាន​ស្នើ​ឲ្យ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ អង្គ វង្ស​វឌ្ឍានា ​ឲ្យ​ធ្វើ​ការ​«ពិនិត្យ​និង​ជួយ​ដោះ​ស្រាយ​តាម​ការ​គួរ​រួច​សុំ​រាយការណ៍ ពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​» មក​កាន់​រដ្ឋ​សភា​វិញ។

ការ​ស្នើ​សុំ ពន្លឿន​ការ​ជំនុំ​ជម្រះ​ក្នុង​រឿង​ដីធ្លី​នេះ ដោយ​សារ​ម្ចាស់​ពាក្យ​បណ្តឹង​លោក​ គី សេង អាយុ​៥០​ឆ្នាំ​ថា លោក​មិន​បាន​ទទួល​នូវ​យុត្តិធម៌​បន្តិច​សោះ​ ខណៈ​ផ្ទះ​ទំហំ​៧​គុណ៩​ម៉ែត្រ និង​ដី​ទំហំ​៣៥​គុណ​៩៨​ម៉ែត្រ​ ដែល​លោក​ធ្លាប់​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ប្រមាណ​១០​នាក់ ស្ថិត​ក្នុង​ភូមិ-ឃុំ​អង្គ​តាសោម ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ​ត្រូវ​ភាគី​ប្អូន​ថ្លៃ​ស្រី​ឈ្មោះ អ៊ុំ សំណាង ត្រូវ​ជា​ភរិយា​សព​ឈ្មោះ គី ទូច បាន​រំលោភ​យក​តាំង​ពី​ឆ្នាំ​២០០៩​ និង​បាន​បណ្តេញ​រូប​លោក​និង​ក្មួយៗ​ក្នុង​ក្រុម​គ្រួសារ​នេះ​ចេញ​ពី​ផ្ទះ និង​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​រូប​គាត់​ដាក់​គុក​ប្រមាណ​៨​ខែ​ផង។
លោក គី សេង និយាយ​ថា៖ « ខ្ញុំ​ជាប់​គុក​នៅ​ខេត្ត​តាកែវ​អស់​៨​ខែ​ ដោយ​គេ​ចោទ​ថា​ខ្ញុំ​រំលោភ​លើ​អ្នក​កាន់​កាប់​លើ​អចលនវត្ថុ ដោយ​ស្រប​ច្បាប់​ និង​ប្រើ​ហិង្សា»។ ប៉ុន្តែ​តាម​ពិត​ដំណាំ​ចម្ការ​ និង​ផ្ទះ​នៅ​លើ​ដី​នោះ ជា​កម្មសិទ្ធិ​លោក និង​ឪពុក​ម្តាយ តាំង​ពី​ឆ្នាំ​១៩៧៩។
លោក គី សេង បន្ត​ឲ្យ​ដឹង​ថា គាត់​ត្រូវ​គេ​បណ្តេញ​ចេញ​ពីផ្ទះ​រស់នៅ​វេទនា ពុំ​មាន​ទី​ជម្រក​ ថែម​ទាំង​ទ័លក្រ​ទៀត​ ហើយ​ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ក្រៅ​ពី​ដីធ្លី​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ និង​ដំណាំ​គ្រប់​មុខ​ដែល​ឪពុក​ម្តាយ​ បាន​ចែក​ឲ្យ​កាល​នៅ​រស់​ទេ។
លោក​បាន​ដើរ​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន​ ជូន​ សា្ថប័ន​ពាក់​ព័ន្ធ មាន​អាជ្ញាធរ​ខេត្ត ក្រ​សួង​រៀបចំ​ដែន​ដី និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ជា​ដើម ជា​រហូត​មកឲ្យ​ជួយ​រក​យុត្តិធម៌ តែ​ករណី​ដីធ្លី​មួយ​នេះ​ត្រូវ​គេ​រុញ​ចុះ​ឡើង​ៗ ហាក់​ដូច​មិន​បាន​ជ្រាប​ទៅ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ទាល់​តែ​សោះ។ នេះ​បើ​តាម​សម្តី​លោក គី សេង។
លោក​ថ្លែង​ថា ៖ «តុលាការ​ខេត្ត​តាកែវ មាន​ចេតនា​កប់​ទុក​ចោល​ មិន​ព្រម​ជំនុំ​ជម្រះ​ឡើយ​ ទោះ​បី​ជា​មាន​ឯកសារ​ភស្តុតាង​សំអាង​ហេតុ បាន​ប្រគល់​ជូន​គ្រប់គ្រាន់​អស់​តាំង​ពី​ឆ្នាំ​២០១១ មក​ក្តី។ ឯរូប​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​ទៀត។ ពេល​នេះ​មាន​តែ​សុំ​ឲ្យ​ស្ថាប័ន​កំពូល​មាន​រដ្ឋសភា រដ្ឋាភិបាល​ពិសេស​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មេត្តា​ជួយ​យើង​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​អត់​ទីពំ​នឹង​ទេពេ​ល​នេះ រស់​ដោយ​សារ​លុយ​បង​ប្អូន​ឲ្យ​ចាយ​ប៉ុណ្ណោះ»​។
ករណី​នេះ​ហាក់​បី​ដូច​ ជា​ អយុត្តិធម៌​សម្រាប់​លោក គី សេង ព្រោះ​លោក​ជា​ម្ចាស់​ផ្ទះ និង​មាន​ប័ណ្ណ​ផ្ទេរ​សិទ្ធិ​ត្រឹម​ត្រូវ​ពី​ឪពុក​ម្តាយ​ តែ​បែរ​មិន​បាន​រស់​នៅ​និង​ត្រូវ​ប្អូន​ថ្លៃ​នាំ​សាច់​ញាតិ​មក​រស់​នៅ​ទៅ​ វិញ។ នេះ​បើ​តាម​អ្នក​ជិត​ខាង​ លោក​ អ៊ុង​ ហ៊ាន អាយុ​៦០​ឆ្នាំ អះអាង​ដែល​ថា​ មាន​ពលរដ្ឋ​១២៣​នាក់ ជា​អ្នក​ភូមិ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​គាំទ្រ​លោក​ គី សេង​ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៀត​ផង។
លោក បន្ត​ថា ៖ «​ក្រៅពី​អ្នក​ភូមិ ​សូម្បី​តែ​មេ​ឃុំ​អង្គ​តាសោម ក៏​គាំទ្រ​លោក គី សេង​ ដែរ ព្រោះ​រឿង​នេះ ក្នុង​ភូមិ​ឃុំ​នេះ​អ្នក​ណា​ក៏​ដឹង​ថា​ វា​អយុត្តិធម៌​ណាស់។ អ្នក​យក​ផ្ទះ​គាត់​គេ​ប្រើ​អំណាច ដើម្បី​ចាប់​ចង និង​បណ្តេញ​ឲ្យ​គាត់​ចេញ​ពី​ផ្ទះ​នេះ»។
លោក សំ ប្រជា​មានិត​ នាយក​ខុទ្ទកាល័យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ឲ្យ​ដឹង​ម្សិលមិញ​ថា ក្រសួង​យុត្តិធម៌​បាន​ទទួល​លិខិត​ពី​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​សុក្រ ទី៤ មករា​ ប៉ុន្តែ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​នាយកដ្ឋាន​រដ្ឋ​ប្បវេណី ដែល​ជា​នាយក​ដ្ឋាន​ជំនាញ​ ដើម្បី​«​ពិនិត្យ​មើល​លើ​ករណី​នេះ និង​បន្ត​ជំរុញ​តាម​នីតិ​វិធី​ទៅ​តុលាការ​ខេត្ត​»។​
លោក​ស្រី អ៊ុំ សំណាង ភាគី​ចុង​ចោទ​ ដែល​ត្រូវ​លោក ​គី សេង ​ប្តឹង​ថា​ជា​អ្នក​រំលោភ​យក​ផ្ទះ​និង​ដី​កាន់​កាប់​នេះ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។​
ក្នុង​ការ​ទាក់ទង​កាល​ពី​ ម្សិលមិញ ​ដើម្បី​សាក​សួរ​នូវ​ដំណើរ​ដើម​ទង​ ក្នុង​សំណុំ​រឿង​ក្តី​ជម្លោះ​ដី​ធ្លី​នេះ​ លោក​ ប្លង់ ឆ្លាម ប្រធាន​តុលាការ​ខេត្ត​តាកែវ បាន​បដិសេធ​និង​ឆ្លើយ​ថា លោក​កំពុង​ជាប់​រវល់៕

No comments:

Post a Comment

I like Blogger