សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

អង្គការ​អន្តរជាតិ​អំពាវនាវ​ឲ្យ​​​លែង​សកម្មជន​រងគ្រោះ

Thursday, 10 January 2013 ម៉ៃ ទិត្យថារ៉ា Phnom Penh Post

ភ្នំពេញៈ អង្គការ​អន្តរជាតិ ចំនួន​ពីរ ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស បាន​ផ្ញើ​លិខិត​ចំហ​មួយ មក​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​លេច ធ្លោ​ចំនួន ៤ នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​អ្វី​ដែល​អង្គការ​ទាំង​នេះ​ហៅ​ថា ជា​ការ​កាត់​ទោស​មិន​សមហេតុ​ផល​។
លិខិត​ចំហ ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ របស់​អង្គការ​សហព័ន្ធ​អន្តរជាតិ ការពារ​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ពិភពលោក (OMCT) ចុះ​ថ្ងៃ​ទី​៨ មករា ២០១៣ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ខ្ពស់​លើ​ការ​កាត់​ទោស​ខុស ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នៅ​ក្នុង​លិខិត​ចំហ​នោះ បាន​ឲ្យ​ដឹង​ថា​៖«ដោះ​លែង​ជា​បន្ទាន់​ និង​គ្មាន​លក្ខខណ្ឌ​ចំពោះ​អ្នក​ទាំង​បួន​នាក់​ ដើម្បី​បញ្ចប់​ការ​យាយី​ផ្នែក​តុលាការ​ចំពោះ​ពួក​គេ»។​

នៅ​ក្នុង​ លិខិត​ ចំហ​នោះ​អង្គការ​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ លើ​ការ​កាត់​ទោស​មិន​ត្រឹមត្រូវ​ចំពោះ​មនុស្ស​បួន​នាក់​ដែល​ជា​សកម្ម​ជន​ ដីធ្លី​នោះ​មាន​ដូច​ជា​ អ្នក​ស្រី យ៉ោម បុប្ផា លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាប់​រឿង​ក្តី​ករណី​សម្លាប់ លោក ជា វិជ្ជា គឺ លោក ប៊ន សំណាង និង​សុក សំអឿន ហើយ​ក៏​បាន​អំពាវ​​នាវ​ឲ្យ​បញ្ឈប់​ការ​យាយី​ផ្នែក​តុលាការ​លើ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​កំពុង ជាប់​បណ្តឹង​តុលាការ​ផង​ដែរ​។
នៅ​ក្នុង​លិខិត​ដដែល​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ការ​កាត់​ទោស លោក ប៊ន សំណាង និង សុក សំអឿន ស្ថិត​ក្នុង​លក្ខណៈ​នៃ​ការ​បង្ខំ​ឲ្យ​សារភាព ការ​លូក​ដៃ​នយោបាយ​ ការ​បំភិត​បំភ័យ​សាក្សី និង​ការ​រំលោភ​បំពាន​ស្តង់ដារ​អន្តរ​ជាតិ​ផ្សេងៗ»។
សូម ​រំឭក ថា អ្នក​ស្រី យ៉ោម បុប្ផា ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល។ ចំណែក លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ។ រីឯ​លោក ប៊ន សំណាង និង សុក សំអឿន ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ។
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អង្គការ​អន្តរជាតិ​ផ្នែក ​ សិទ្ធិ​មនុស្ស​ទាំង​ពីរ​ខាង​លើ​នោះ​ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ដូច​កាល​ពី​ពេល​មុនៗ ​ដែរ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ ពុំ​មាន​ឥទ្ធិពល លើ​ការ​សម្រេច​របស់​តុលាការ​នោះ​ទេ ពីព្រោះ​ស្ថាប័ន​តុលាការ គឺជា​ស្ថាប័ន​ឯក​រាជ្យ​។ នៅ​ក្នុង​អង្គ​ហេតុ​ទាំង​នោះ​គួរ​តែ​តតាំង​ក្តី​គ្នា​តាម​រយៈ មេធាវី​និង​អង្គ​ច្បាប់​។ លោក​បាន​បន្ត​ថា​៖​«នៅ​ក្នុង​លិខិត​ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ ដោះ​លែង​នោះ​ គឺជា​ទង្វើ​មួយ​ ដែល​ខុស​ច្បាប់​ ហើយ​ក៏​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។ រដ្ឋាភិបាល ​មិន​អាច​លូក​ដៃ​ ក្នុង​រឿង​តុលាការ​បាន​ទេ​ អ្នក​ទាំង​អស់​នោះ​ មិន​ត្រូវ​ប្រើ​តុលាការ ក្នុង​ទិស​ដៅ​នយោបាយ​ឬ​ទិសដៅ​ផ្សេង​នោះ​ទេ»។
លោក​លឹម លាងសែ នាយក​រង​ខុទ្ទកាល័យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពុំ​អាច​ទំនាក់​ទំនង ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ៕

No comments:

Post a Comment

I like Blogger