សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

មនុស្ស​រាប់​ពាន់​នាក់​ដើរ​ក្បួន​សម​ត្រៀម​ហែ​ព្រះ​បរម​សព

Monday, 28 January 2013 សែន​ ដាវិត​ និង​ Justine Drennan From Phnom Penh Post
130128_04a
អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី​ដង្ហែ​សាក​ល្បង​ កាល​ពី​ថ្ងៃ​សៅ​រ៍។ រូបថត ស្រេង ម៉េង​ស្រ៊ុន​
 
ភ្នំពេញៈ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​បាន​ដើរ​ដង្ហែ​ក្បួន​យឺតៗ​តាម​បណ្តោយ​វិថី​​ព្រះ​ស៊ីសុវតិ្ថ ជា​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ដង្ហែ​ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រ​ នរោត្តម​ សីហនុ​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ខាង​មុខ។
លោក ញឹក ប៊ុនឆៃ ​អនុ​ប្រធាន​គណៈកម្មាធិការ ​រដ្ឋាភិបាល​សម្រាប់​ពិធី​បុណ្យ​ព្រះបរម​សព​បាន​ថ្លែង​ថា មន្រ្តី​រដ្ឋាភិបាល នគរបាល គ្រូបង្រៀន សិស្ស និង​ព្រះ​សង្ឃ​ អ្នក​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម និង​អ្នក​ដទៃ​ទៀត​ ជាង​៣០០០​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ការ​ហ្វឹកហាត់ កាល​ពី​ថ្ងៃ​សៅរ៍។ ​លោក​ញឹក ប៊ុនឆៃ បាន​ថ្លែង​បញ្ជាក់​ថា៖ «ពួក​គេ បាន​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ល្អ ព្រោះ​នេះ​ ជា​ការ​ហាត់​ត្រៀម​ចុង​ក្រោយ​»។
រដ្ឋាភិបាល​រំពឹង​ថា ព្រះ​រាជ​ពិធី​ដង្ហែ​ពិត​ប្រាកដ​នៅ​ថ្ងៃ​សុក្រ​នឹង​ទាក់ទាញ​អ្នក ចូលរួម​ច្រើន​នាក់​ថែម​ទៀត ហើយ​មាន​ចម្ងាយ​ប្រហែល​២០០០ ម៉ែត្រ ដែល​នឹង​ត្រូវ​ដង្ហែ​នៅ​តាម​បណ្តោយ​ផ្លូវ​ប្រមាណ​ជា​ជាង​៦ គីឡូ​ម៉ែត្រ។

ព្រះ​រាជ​ពិធី​ដង្ហែ នឹង​ចាប់​ផ្តើម​ពី​វាល​ព្រះមេរុជា​ទីថ្វាយ​ព្រះ​ភ្លើង​ដែល​ទើប​សាង​សង់​ថ្មី នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង ជា​កន្លែង​ដែល​លោក ប៊ុនឆៃ បាន​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​៦០០០០០ នាក់​នឹង​មក​សម្តែង​គារវកិច្ច ហើយ​បន្ទាប់​មក ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ តាម​វិថី​ស៊ីសុវតិ្ថ​ទៅ​វត្ត​ភ្នំ បត់​ទៅ​ទិស​ខាង​ត្បូង ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ និង​វិល​ជុំវិញ​ត្រឡប់​ទៅ​វាល​ថ្វាយ​ព្រះ​ភ្លើង​វិញ​។ សាលារៀន និង​ហាង​លក់​ដូរ​នៅ​តាម​បណ្តោយ​ផ្លូវ​ទាំង​នោះ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​បិទ​ទ្វារ នៅ​ថ្ងៃ​សុក្រ។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា៖ «​នគរបាល​ចរាចរ​បាន​ត្រៀម​ខ្លួន បញ្ឈប់​ចរាចរណ៍​លើ​ផ្លូវ​សំខាន់ៗ»។
ការ​ហាត់​ត្រៀម​ កាល​ពី​ថ្ងៃ​សៅរ៍ គឺ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ហាត់​ត្រៀម​មួយ​កាល​ពី​សប្តាហ៍​មុន ធ្វើ​ឡើង​តែ​លើ​ផ្នែក​មួយ​នៃ​ផ្លូវ​ពី​ព្រះ​បរម​រាជវាំង​ទៅ​វត្ត ភ្នំ ប៉ុណ្តោះ ហើយ​អ្នក​ចូល​រួម​ស្លៀក​ពាក់​ក្នុង​ឯក​សណ្ឋាន​យោធា សម្លៀក​បំពាក់​ស​ខ្មៅ​កាន់​ទុក្ខ និង​សម្លៀក​បំពាក់​ពិធី​ដទៃ​ទៀត ដោយ​មាន​ក្រុម​កាន់​ទង់ និង​វាយ​ស្គរ ឃ្មោះ និង​ផ្លុំ​ត្រែ។
លោក វង្ស ធី អាយុ ៥៥ ឆ្នាំ ពាណិជ្ជករ​ម្នាក់​នៅ​ភ្នំពេញ​ បាន​ហៅ​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ថាជា​ពិធី​ធំ និង​ល្អ​ស្អាត ស័ក្តិ​សម​សម្រាប់​សម្តេច​ឪ។
លោក អា នួនទីម អាយុ ៨០ ឆ្នាំ ដែល​មក​ពី​ខេត្ត​រតនគិរី ដើម្បី​មើល​ពិធី​ដង្ហែ​នៅ​ថ្ងៃ​សុក្រ បាន​ថ្លែង​ថា៖ «​នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ក្បួន​ដង្ហែ ពី​ថ្ងៃ​សៅរ៍ ខ្ញុំ​ភ្ញាក់​ផ្អើល ព្រោះ​វា​ជិត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង នៅ​ពេល​ដែល​សម្តេច​ឪ លា​ប្រជារាស្រ្ត​ទាំង​អស់រ​បស់​ព្រះ​អង្គ»។​
ខណៈ​ដែល​ពាណិជ្ជកម្ម​បាន​ដំណើរ​ការ​ជា​ធម្មតា នៅ​ហាង​មាត់​ទន្លេ​ ដែល​មាន​ភ្ញៀវ​ជន​បរទេស ភ្ញៀវ​ទេសចរ​ជាច្រើន​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​មើល​ការ​ហាត់​ត្រៀម​ នេះ​ផង​ដែរ។​​ លោក Bev Wood​មក​ពី New South Wales ដែល​ត្រូវ​រាំង​ស្ទះ​ដោយ​សារ​ការ​ហាត់​ត្រៀម បាន​ថ្លែង​ថា៖ «ខ្ញុំ​សំណាង​ណាស់ ដែល​បាន​មក​ទី​នេះ ក្នុង​អំឡុង​ពេល​នេះ»៕ TK

No comments:

Post a Comment

I like Blogger