សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 24, 2013

សមត្ថកិច្ច​ចាប់​បាន​ក្រុម​ចោរ​៥​នាក់​រឿង​ជំរិត​ប្រាក់​ពី​ធនាគារ​អេស៊ី​លីដា

Thursday, 24 January 2013 គឹម យុទ្ធណា-ឆាយ ច័ន្ទនីដា Phnom Penh Post

130124_01a
ស៊ីម គឹមថាត នាយកស្ដីទី​សាខាធនាគារ​អេស៊ីលីដាស្ទឹងត្រង់​ ត្រូវ​បាន​ចាប់ខ្លួន។ រូបថត ហេង ជីវ័ន
 
កំពង់ចាមៈ មនុស្ស​៥នាក់ បួននាក់​ជា​បុគ្គលិក​អេស៊ី​លីដា រួម​មាន​នាយក​ស្តី​ទី​សាខា​ធនាគារ​ម្នាក់​ផង ត្រូ​វ​សមត្ថកិច្ច​ចម្រុះ​ចាប់​ខ្លួន​ឃុំ​ ក្នុងករណី​សង្ស័យ​រៀប​គម្រោង​ជំរិត​ទារ​ប្រាក់​ពី​សាខា​ធនាគារ នៅ​ស្រុក​ស្ទឹង​ត្រង់ ដែល​ក្នុង​នោះ​២​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​​នៅ​ពេលព្រឹក​ និង​បី​នាក់​​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ម៉ោង​១០:៤៥​នាទី​យប់​មិញ​ នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ​ប្រ​មាណ​ជា​២០​នាទី ក្រោយ​ពី​សមត្ថកិច្ច​ប្រគល់​ម៉ូតូ​ឲ្យ​ពួកគេ​តាម​ការ​ទាម​ទារ​សម្រាប់​គេច​ ខ្លួន។
លោក ឆាយ​ គីម​សុន ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​ បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីយប់​មិញ​ថា បន្ទាប់​ពី​សមត្ថកិច្ច​ពង្រាយ​កម្លាំង​ឡោម​ព័ទ្ធ និង​ចរចា​ជាមួយ​ក្រុម​ល្មើស​ពេញ​មួយ​ថ្ងៃ​មក នៅ​ម៉ោង​ប្រមាណ​ជិត​១១​យប់​មិញ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ទាំង​អស់៥​នាក់ ដែល​មាន​បួន​នាក់​ជា​បុគ្គលិក​ប៉ុស្តិ៍​សាខា​ធនាគារ​អេស៊ី​លីដា។
លោកស្នងការ​បាន​ប្រាប់​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​៥​នាក់ មានពីរ​នាក់​ឃាត់​ខ្លួន​នៅ​ពេល​ព្រឹក និង​បី​នាក់​ទៀត​ឃាត់​ខ្លួននៅ​ម៉ោង​ជិត ១១​យប់​មិញ និង​បាន​នាំ​មក​សាក​សួរ​នៅ​ស្នង​ការ​​ខេត្ត»។
លោកស្នង​ការ​​ អះអាងបន្ត​​ថា ៖​ «​ករ​ណី​នេះ​ជា​ការ​រៀប​ចំ​ផ្ទៃ​ក្នុង​របស់​ក្រុម​បុគ្គលិក​ធនាគារ​ទាំង​នេះ រួម​មាន​នាយក​ស្តីទី​សាខា​ធនាគារ​នេះ​ផង»។

លោក ​ឆាយ​ គឹម​សុន បញ្ជាក់​ដែរថា ពួក​គេ​ទាំង​៥នាក់​ កំពុង​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បណ្តោះ​អាសន្ន ដើម្បី​ស៊ើប​សួរ​បន្ថែម។
មន្ត្រីប៉ូលិសដែល​ចុះ​ប្រតិ​បត្តិការ​នេះ បាន​អះ​អាង​ប្រាប់​ថា៖«​នាយក​ស្តីទី​សាខា​ធនាគារ​នេះ ឈ្មោះ ស៊ីម គឹម​ថាត អាយុ​៣៥​ឆ្នាំ បាន​សារ​ភាពថា ​ខ្លួន​ជា​មេ​ខ្លោង​​ក្នុង​គម្រោង​ជំរិត​មួយ​នេះ ដោយ​សារ​តែ​ខ្លួន​ជំពាក់​លុយ​គេ​ច្រើ​ន​ពេក»។
កា​រឡោម​ព័ទ្ធ​អគារ​ ផ្ទះ​​ល្វែង​ ជាការិយា​ល័យ​បម្រើ​សេវា​ធនាគារ​អេស៊ី​លីដា ស្ថិត​ក្នុង​ភូមិ​បែក​អន្លូង ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម​ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៦​ល្ងាច ​ថ្ងៃទី​២២​ ម​ករា​ ខណៈ​ក្រុម​ចោរ​ប្រ​ដាប់​អាវុធ​ពីរ​នាក់​ បាន​ចាប់​បុគ្គលិក​ធនាគារ​បីនាក់ ជា​ភ្នាក់ងារ​បម្រើ​សេវាកម្ម​អតិ​ថិជន​ របស់​បុស្តិ៍​សេវា​កម្ម​ធនាគារ នៅ​ផ្សារ​បែក​អន្លូង​ មិន​ឲ្យ​ពួកគេ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ ហើយ​សមត្ថកិច្ច​បាន​ត្រឹម​រង់ចាំ​រហូត​ដល់​ម៉ោង​ប្រមាណ​៥កន្លះ​ព្រឹក​ ថ្ងៃពុធ​ម្សិលមិញ ទើប​មាន​បុគ្គលិក​ម្នាក់ បាន​រួច​ខ្លួន​រត់​​ចេញ​មក​ក្រៅ។ ជនរង​២​នាក់​ដែល​អះអាង​ថា​ជា​ចំណាប់​ខ្មាំង ឈ្មោះ​ ស៊ិន គឹម​ថា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​បារាំង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម និង​ឈ្មោះ ទីន​ គុយ​ហេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ព្រះអង្គ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ចំ​ណែក​ម្នាក់​ទៀត​ដែល​រត់​រួច ឈ្មោះ ម៉ា​ត លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ។
កិច្ចប្រតិបត្តិការ​ពីម៉ោង​ប្រមាណ​៦ភ្លឺ មក​ទល់​ម៉ោង​៣​រសៀល​ម្សិលមិញ​មាន ថ្នាក់​ដឹក​នាំ​ខេត្ត ព្រះរា​ជ​អាជ្ញា​ស្នងការ​នគរបាល កង​រាជ​អាវុធ​ហត្ថ និង​ក្រុម​កម្លាំង​យោធា​ខេត្ត​ប្រមាណ​២០០​នាក់ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ល្វែង​ទទឹង​ប្រមាណ​៤ម៉ែត្រ ជម្រៅ​ប្រមាណ​១២​ម៉ែត្រ ដែល​មាន​ទីតាំង​ក្បែរ​ចម្ការ​កៅស៊ូ​មួយ ដើម្បី​ព្យាយាម​ចរចា​ឲ្យ​ជន​ល្មើស​ដោះ​លែង​ជន​រងគ្រោះ​ជា​ចំណាប់​ខ្មាំង ដែល​ត្រូវ​ក្រុម​ចោរ​ឃុំ​ខ្លួន​ក្នុង​បន្ទប់​ដាក់​លុយ​របស់​ធនាគារ តាំង​ពី​ល្ងាច​ថ្ងៃ​អង្គារ​រហូត​មក។ តាម​សមត្ថកិច្ច​ និង​ពលរដ្ឋ នៅ​ទីនោះ​ឲ្យ​ដឹង​ថា​ ក្រុម​ចោរ​ចង់​បាន​ថ្នាំ​ញៀន បើ​ទោះជា​គេ​ប្រគល់​ប្រាក់​រៀល​មួយ​កាបូប​ឲ្យ​ក៏​ដោយ ក៏​ចោរ​មិន​ព្រម​យក គឺ​ទារ​រក​តែ​ថ្នាំញៀន​តែ​ប៉ុណ្ណោះ។
130124_01b
ជន​ល្មើស​ម្នាក់ទៀត​ដែលម​ិនមែន​បុគ្គលិក​អេស៊ីលីដា​ ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​។ រូបថត ជី​វ័ន
លោក ឆាយ គឹមសុន ស្នងការនគរបាល​ខេត្ត​កំពង់​ចាម​ថ្លែង​ថា​«នគរបាល​មិន​អាច​ធ្វើអ្វី បាន ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់​ដល់​ជន​រងគ្រោះ មាន​តែ​រង់ចាំ​អន្តរាគមន៍​ពី​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ក្រសួង​(មហាផ្ទៃ)។ យើង​បាន​ឲ្យ​បាយ​ទឹក​ដល់គេ តែ​គេ​មិន​ព្រម​យក ថា​ចង់​បាន​ថ្នាំ។ យើង​រង់​ចាំក្រ​សួ​ង​យក​ថ្នាំ​មក​ឲ្យ»។
ចំណែក​លោក ​វ៉ា ​សារិទ្ធ​ មេប​ញ្ជា​ការ​កង​រាជ​អាវុ​ធ​ហត្ថ​ខេត្ត​កំពង់​ចាម ​ថ្លែង​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា មាន​កម្លាំង​ប្រដាប់​អាវុធ​បាន​បង្កប់​ចូ​លក្នុ​ង​ផ្ទះទី​តាំង​កើត​ហេតុនៃ​ ធនាគា​រអេ​ស៊ី​លីដា​ ដើម្បី​ព្យាយាម​សម្រប​សម្រួល​ឲ្យ​លែង​ចំណាប់​ខ្មាំង​ តែ​មិន​បាន​ជោគ​ជ័យ​ឡើយ បើ​ទោះ​ជា​សមត្ថកិច្ច​បាន​ផ្តល់​ថ្នាំ​ម៉ាទឹក​កក ឲ្យ​ជន​សង្ស័យ​មួយ​កញ្ចប់​តូច​ក៏​ដោយ​។​
កងក​ម្លាំ​ង​ប្រឆាំង​ភេរវកម្ម ​២៥​នាក់​ បាន​មក​ដល់​ម៉ោង ៤ រសៀល​កង​កម្លាំង​ឈុត​ខ្មៅ​ប្រឆាំង​ភេរវកម្ម ២៥ នាក់​ ត្រូវ​បាន​រាយ​ការណ៍​ថា ដឹក​នាំ​ដោយ​លោក​ ចាន់ ស៊ី​ថា អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួង​មហាផ្ទៃ បាន​នាំគ្នា​ចូល​ក្នុង​អគារ​ធនាគារ​មួយ​នោះ​មួយ​សន្ទុះ​ក៏​ចាក​ចេញ​មក វិញនៅ​វេលា​ម៉ោង​៤កន្លះ ​និង​បាន​ផ្តុំ​គ្នា​នៅ​ក្បែរ​ធនាគារ​ពិភាក្សា​រក​វិធី​រំដោះ​ចំណាប់ ខ្មាំង​ចេញ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ។
លោក ចាន់ ស៊ីថា បដិសេធ​មិន​ផ្តល់​កិច្ច​សម្ភាស​ដល់​អ្នក​កាសែត​នៅ​ពេល​ប្រតិបត្តិការ​មិន​ទាន់​បញ្ចប់​ឡើយ។
ការចរចាតាមទូរស័ព្ទ​បាន​បន្ត​រហូត​រវាង​ជន​ល្មើស​និង​ថ្នាក់​ដឹក​នាំ​ ធនាគារ ព្រមទាំង​នគរ​បាល ថ្នាក់​ដឹក​នាំ​ធនាគារ​អេស៊ី​លីដា​លោក ព្រុំ វិសុទ្ធ ឲ្យ​ដឹង​ថា ក្រុម​ជន​ល្មើស​ចង់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ដកថយ​ឲ្យ​អស់​និង ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​ខ្លួន​អាច​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ពី​អគារ​ការិយា​ល័យ ធនាគារ​មួយ​នេះ។
លោក ព្រុំ​ វិសុទ្ធ ​អនុ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ឲ្យ​ដឹង​ថា តាម​ការ​ស្នើ​សុំ​របស់​លោក​ដល់​កង​នគរបាល គឺ​សុំ​ឲ្យ​មាន​ការ​ដក​ថយ​កម្លាំង​ទាំង​អស់ ព្រោះ​ថា៖​«យើង​ចង់​ឲ្យ​បុគ្គលិក​យើង​មាន​សុវត្ថិភាព។ យើង​ក៏​ចរចា​ថា ឲ្យ​វា​រត់​រួច​ខ្លួន​ចុះ ទៅ​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​សម្រា​ប់ពួក​គេ ហើយ​យើង​ប្រាប់​ទាំង​ផ្លូវ​ទៅ​ទៀត ដើម្បី​ឲ្យ​គេ​រត់រួច​ខ្លួន»។
ដោយគិត​ពី​សុវត្ថិភាព​បុគ្គលិក​ទាំង​ពីរនាក់ លោក​បញ្ជាក់​ថា លោក​នៅ​បាន​ទាក់ទង​តាម​ទូរស័ព្ទ ប្រាប់​ឲ្យ​ជន​ល្មើស​យក​លុយ​ដែល​ដាក់​ក្នុង​កាបូប​ប្រមាណ​៥៧​លាន​រៀល តែ​ជន​ល្មើស​ដែល​ញៀន​ថ្នាំ​ខ្លាំង​នៅ​តែ​មិន​យក និង​«ត្រូ​វការ​តែ​ថ្នាំ​ញៀន»​តែ​ប៉ុណ្ណោះ។
ចំពោះ ពលរដ្ឋជា​អ្នក​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​បែក​អន្លូង​វិញ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ការ​តក់ស្លុត និង​មិន​មាន​អ្នក​ណា​មក​លក់ដូរ​ទេ នៅ​ថ្ងៃពុធ​ម្សិលមិញ ព្រោះ​តែ​កម្លាំង​នគរបាល​បាន​ឡោមព័ទ្ធ និង​បិទ​ផ្លូវ​ប្រមាណ​២០០​ម៉ែត្រ​ជុំវិញ​តំបន់​នេះ​តាំង​ពី​យប់​ថ្ងៃ​ អង្គារ។
អ្នកលក់គ្រឿង​ទេសម្នាក់ ប្រាប់​ថា គាត់​បាន​ឮ​មាន​ស្នូរ​សំឡេង​ផ្ទុះ​គ្រាប់​មួយ​គ្រាប់ ដែល​ហាក់​ដូច​ជា​ការ​បាញ់​គំរាម​ដល់​ជន​រងគ្រោះ​ដែល​គេច​ខ្លួន​បាន។ លោក​ថា៖ «ខ្ញុំ​ឃើញ​ជន​រង​គ្រោះ​រត់​ចេញ​មក ក៏​ឮ​សូរ​ផ្ទុះ​គ្រាប់​កាំភ្លើង»។
ជនរងគ្រោះឈ្មោះ ម៉ាត លី អាយុ​២៤​ឆ្នាំ ហាក់​នៅ​ភ័យ​ខ្លាច​និង​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ​បាន​ត្រឹម​តែ​ឈរ​មើល​ការ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច។ គាត់​និយាយ​ថា ៖ «ខ្ញុំ​មិន​ហ៊ាន​និយាយ​ឡើយ គឺ​មាន​តែ​ថ្នាក់​ដឹក​នាំ​ធនាគារ​ខ្ញុំ​ទេ បើ​ចង់​សួរអី សួរ​គាត់​ទៅ»។
លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​ថ្លែង​ថា លោក​នៅ​មិន​ទាន់​អាច​អធិប្បាយ​អ្វី​ឡើយ​ព្រោះ​ប្រតិបត្តិការ​នៅ​មិន​ទាន់​ បញ្ចប់។
សន្តិសុខ​នៅ​មិន​ទាន់​រឹត​បន្តឹង​សម្រាប់​ប៉ុស្តិ​ធនាគារ​អេស៊ីលីដា​នៅ​ ទី​ជន​បទ​លោក ព្រុំ វិសុទ្ធ ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នេះ​អាច​ជា​មេរៀន​សម្រាប់​ធនាគារ​អេស៊ីលីដា ដោយសារ​ធនាគារ​ដែល​មាន​សាខា នៅ​ទូទាំង​ខេត្ត​-ក្រុង​នៃ​ប្រទេស​កម្ពុជា បាន​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ សម្រាប់​រក្សា​សន្តិសុខ​របស់​ធនាគារ​តែ​កន្លែង​ខ្លះ មិន​ទាន់​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ឬ សន្តិសុខ​ឯកជន សម្រាប់​ការពារ​សុវត្ថិភាព​ធនាគារ​ឡើយ។
លោកបញ្ជាក់​ថា៖«​ជាទូទៅ​កន្លែង​យើង​មាន​កង​ប្រដាប់​អាវុធ​ដែល​យើង​ស្នើពី ​អគ្គស្នង​ការ​សម្រាប់​ការងារ​សន្តិសុខ​ធនាគារ តែ​យើង​នៅ​មិន​ទាន់​ពង្រឹង​សម្រាប់​ប៉ុស្តិ៍​សេវាកម្ម​ប្រភេទ​នៅ​តំបន់​ ឆ្ងាយ ដូច​នៅ​ការិយា​ល័យ​បែក​អន្លូង​នេះ​នៅ​ឡើយ»។
ការមិនមាន​សន្តិសុខ ក៏​ដោយសារ​កន្លែង​បែប​នេះ មិន​មាន​ដាក់​ប្រាក់​តម្កល់​ប្រាក់ ដូច​សាខា​ធនាគារ​តាម​ស្រុក ខេត្ត ក្រុង​ទេ​គឺ​គ្រាន់​តែ​​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន ពី​សេវា​ធនាគារ តែក៏​មាន​ការ​ទទួល​ប្រាក់​ក្នុង​កម្រិត​តិច​តួច ដែល​ពលរដ្ឋ​អាច​ដាក់​ប្រាក់​នៅ​ប៉ុស្តិ៍​មួយ​នេះ​បាន។ នេះ​បើ​តាម​លោក​ព្រំ វិសុទ្ធ ដែល​និយាយ​ថា ៖ «ប៉ុស្តិ៍​ដូច​នេះ ឲ្យ​តែ​ដល់​ល្ងាច​ឡើង យើង​បញ្ជូន​លុយ​ចេញ​ទៅ​កាន់​ធនាគារ​នៅ​សាខា​ថ្នាក់​ស្រុក​ហើយ គឺ​យើង​មិន​ដែល​ទុកលុយ​ទេ តែ​ម្សិលមិញ​(ថ្ងៃអង្គារ) យើង​មិន​ទាន់​បញ្ជូន​លុយ​ចេញ​ផង ក៏​មាន​រឿង​ចាប់​ចំណាប់​ខ្មាំង​កើត​ឡើង»។​ជុំវិញ​ករណី​រៀប​ចំ​គម្រោង ចាប់​ជំរិត​ទារ​ប្រាក់​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ស្នង​ការ​ ដ្ឋាន​នគរបាល​ខេត្ត នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ៕
រាយការណ៍បន្ថែម ដោយ សំ រិទ្ធ

No comments:

Post a Comment

I like Blogger