សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 31, 2013

CCHR បើកការ​ពិភាក្សា ​រវាង​តំណាង​រាស្រ្ត ​និង​ប្រជាជន​ លើ​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ ​

ស៊ុន ណារិន VOD ថ្ងៃទី២៩ មករា ២០១៣
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)  រៀបចំ​កិច្ច​ពិភាក្សា ​តុមូល​ស្តីពី ​“ដីធ្លី និង​សិទ្ធិ​របស់​ជនជាតិ​ភាគ​តិច” នៅថ្ងៃ​អង្គារ​នេះក្នុង​ខេត្ត​ក្រចេះ ដោយមាន​ការ​ចូលរួម​ពីក្រុម​ជនជាតិ​ដើម​ភាគ​តិច​ តំណាង​ស្ថាប័ន​ពាក់ព័ន្ធ ​និង​តំណាង​រាស្ត្រ​ពី​គណបក្ស​នានា​។

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​មជ្ឈមណ្ឌល ឲ្យដឹង​ថា​ កិច្ច​ពិភាក្សា​នេះ ធ្វើឡើង​ដើម្បីផ្តល់​ឱកាស​ដល់​ក្រុ​មអ្ន​កដែល​រង​ផលប៉ះ​ពាល់​​ដោ​យ​សារ​​វិវាទ​ដីធ្លី​នៅ​កម្ពុជា ​រួម​​ទាំង​​អ្នក​ជាប់​ពាក់​ព័ន្ធ​ អាច​ពិភាក្សា​​ស្វែង​​យល់​​អំពី​​ស្ថាន​ភាព​​ជាក់​ស្តែង​ នៃ​វិវាទ​ដីធ្លី ដែល​បាន​​កើត​​មាន​​ឡើង ​តាម​​រូបភាព​​ស្រប​​ច្បាប់ និង​មិន​ស្រប​ច្បាប់​ក្នុង​កម្ពុជា។

កិច្ច​ពិភាក្សា នឹងលាត​ត្រដាង​បញ្ហា​ស្មុគស្មាញ ពិបាក​ដោះស្រាយ និងពុំ​ធានា​បាន​នូវ​សុវត្ថិ​ភាព​ពិត​ប្រាកដ ​ចំពោះ​សិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ រួមទាំង​សិទ្ធិ​មាន​ដីធ្លី របស់ជ​នជាតិ​ដើម​ភាគ​តិច​ អនុលោម​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ជា​ធរមាន។


សេចក្តី​ប្រកាស​ព័ត៌មាន បន្តថា រាល់បញ្ហា ការ​ព្រួយ​បារម្ភ​ និង​អនុសាសន៍​នានា ដែល​បាន​លើក​ឡើងក្នុង​ការ​ពិភាក្សា ​នឹង​ឮ​ទៅ​ដល់​​អ្នក​​តំណាង​រាស្រ្ត ដោយ​​នឹង​​អាច​​យក​​មក​​ពិចារណា ​ក្នុង​កា​រដាក់​បញ្ចូល​ជា​អនុសាសន៍​ក្នុង​គោល​នយោបាយ​ដីធ្លី សម្រាប់​ការ​​ប្រកួត​​ប្រជែង​​ការ​​បោះ​ឆ្នោត​​សភាអា​ណត្តិ​ទី៥ ក្នុង​ឆ្នាំ​​២០១៣។

កាលពី​ថ្ងៃទី២៣ ខែមករា សង្គ​មស៊ីវិល​ចំនួនបួន រួមមាន វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា គណៈកម្មការ​ប្រព្រឹត្ត​កម្ម​​នៃ​អង្គ​ការ​​សមាគម​​ការពារ​​សិទ្ធិមនុស្ស កម្ពុជា (CHRAC) សមាគម​អាដហុក និងក្រុមការងា​រពិសេស​សិទ្ធិ​លំនៅដ្ឋាន បានជួប​ជុំគ្នា​ពិភាក្សា ដោយ​ដាក់​​អនុសាសន៍​មួយ​ចំនួន​​ទៅ​រាជ​រដ្ឋាភិបាល​​កម្ពុជា ដើម្បីធានា​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ​បញ្ឈប់​ការ​បណ្តេញ​ចេញ​ប្រជាជន និង​ការចាប់​ដាក់ពន្ធនាគារ។

របាយ​ការណ៍​របស់អង្គការ​ទាំងបួន ឲ្យដឹងថា តាំងពីឆ្នាំ២០០០ យ៉ាងហោច​ណាស់ ប្រជាជ​នចំនួន ៧០ម៉ឺននាក់ ទូទាំ​ងប្រទេស​រង​ផលប៉ះពាល់​ពីការចាប់​យកដី និងការរើ​លំនៅដ្ឋាន​ដោយ​បង្ខំ​ រួម​មាន​ប្រជាជន​ចំនួន ៥ម៉ឺន១ពាន់នាក់ ក្នុងឆ្នាំ២០១១។ នៅរាជ​ធានីភ្នំពេញ យ៉ាងហោចណាស់ ប្រជាជន​ចំនួន ១៤ម៉ឺន ៥ពាន់នាក់ ឬប្រហែល ១០ភាគរយ នៃចំនួន​ប្រជាជន​រាជ​ធានីភ្នំពេញ ​ត្រូវ​​បាន​បណ្តេញចេ​ញ​តាំង​ពីឆ្នាំ២០០០។ របាយការណ៍​បន្តថា ចុងឆ្នាំ២០១១ ប្រជាជនជិត ៤ម៉ឺននាក់ ស្ថិតក្រោម​ការ​គំរាម​កំហែង​​ភ្លាមៗ នៃការ​បណ្តេញ​ចេញ៕

No comments:

Post a Comment

I like Blogger