សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

ពលករ​បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ថៃ​តាម​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​ទប់​ស្កាត់​ជាង​៧​ពាន់​នាក់

Monday, 28 January 2013 ឃួន​ លក្ខិណា From Phnom Penh Post
130128_10

ពលករ​​ខ្មែរ​បម្រុង​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ ត្រូវ​ឃាត់​ខ្លួន​អប់​រំ​​។ រូបថត ន ​ប.​ជ ក

ភ្នំពេញៈ ពលករ​ខ្មែរ​ច្រើន​ជាង​៧​ពាន់​នាក់ រួម​និង​មេខ្យល់​ខ្លះ​ផង ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន​ខេត្ត​បន្ទាយ​មាន​ជ័យ ឃាត់​ខ្លួន នៅ​ក្នុង​ដើម​ឆ្នាំ​២០១៣ នេះ មិន​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ស្វែង​រក​ការងារ​ធ្វើ​នៅ​ទីនោះ​ខុស​ច្បាប់។

គិតតាំង​ពី​ដើម​ឆ្នាំ​២០១៣ មក​ដល់​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៣ កម្លាំង​ជំនាញ​របស់​នគរបាល​ការពារ​ព្រំដែន​គោក និង​កម្លាំង មូល​ដ្ឋាន​ទាំង​៩ ស្រុក​-​ក្រុង របស់​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សហការ​គ្នា​ទប់​ស្កាត់​ពលករ​ខ្មែរ​បម្រុង​ឆ្លង​ដែន​ខុស​ច្បាប់ សរុប​ទាំង​អស់​បាន​៧.៤៦៤​នាក់ ក្នុង​នោះ ស្រី​២.២៩១ និង​កុមារ ៧៤៩​នាក់​ផង។ នេះបើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត ចេញ​ផ្សាយ​លើ​គេហ​ទំព័រ​របស់​អគ្គស្នង​ការ​នគរបាល​ជាតិ។

ក្នុងនោះ​របាយ​ការណ៍​សមត្ថកិច្ច​ក៏បាន​រក​ឃើញ​និង​ចាប់​ខ្លួន​មេខ្យល់​សកម្ម​ម្នាក់​ឈ្មោះ ហៀង ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​ចំបក់​ ឃុំ​បឹង​បេង​ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ ហើយ​ឈ្មោះ នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ បន្ទាប់​ពី​សួរ​ចប់ លោក លី ច័ន្ទ​ដារ៉ា នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត បន្ទាយ​មាន​ជ័យ​ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ចំនួន​ពលករ​ខាង​លើ​នេះ គឺ​ជា​ចំនួន​ដែល​គិត​ត្រឹម​តែ​រយៈ​ពេល​១​ខែ ដើម​ឆ្នាំ​២០១៣​នេះ​ប៉ុណ្ណោះ។


លោកបន្តថា​៖ «ករណី​ពលករ​ជាង​៧​ពាន់​នេះ កម្លាំង​លោក​បាន​ឃាត់​ខ្លួន​ធ្វើការ​អប់រំ​និង​ឲ្យ​ចុះ​កិច្ច​សន្យា បញ្ឈប់​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​ខុស​ច្បាប់​បន្ត​ទៀត មុន​នឹង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះវិញ»។

លោកបន្តថា៖ ​«យើង​មិន​មាន​វិធាន​ការ​អ្វី​ក្រៅ​ពី​អប់រំ​ពន្យល់ អំពី​បញ្ហា​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ក្នុង​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ក្នុង​ទឹក​ដី​ថៃ​នោះ​ទេ ដែល​នេះ​ជា​វិធានការ​តែ​មួយ​អាច​ជួយ​ពួកគេ​បាន»។

បើតាម​របាយការណ៍ ដដែល​នេះ​ថា ពលករ​បម្រុង​ធ្វើ​ចំណាក​ស្រុក​ទាំង​នោះ​មក​ពី​ខេត្ត​ក្រុង​ទាំង​២៤ ក្នុង​នោះ ភាគ​ច្រើន​ទៅ​ធ្វើ​ជា​កម្មករ​ដក​ដំឡូង​មី និង​កាប់​អំពៅ​ឲ្យ​ថៃ។ ពលករ​ខ្លះ​ធ្លាប់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក មាន​ជាប់​លើស​ពី​១ខែ ចំនួន​៥៦២​នាក់ និង​ជាប់​គុក​ក្រោម​១ខែ​មាន​៧.៣២៧​នាក់ ហើយ​ដែល​ភាគ​ច្រើន​អ្នក​ទាំង​នោះ មាន​មក​ពី​ខេត្ត​សៀមរាប ខេត្ត​ពោធិ៍​សាត់ កំពង់​ធំ និង​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក ហម ម៉ុត មេ​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត បាន​អះអាង​ថា លោក​បាន​ប្រើ​ប្រាស់​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ សម្រាប់​បង្កើត​ជា​ក្រុម​ចល័ត​ដើរ​ល្បាត​នៅ​តាម​តំបន់​គោល​ដៅ នៅ​ក្នុង​ការ​ទប់​ស្កាត់​រាល់​បទ​ល្មើស​លួច​ធ្វើ​ចំណាក​ស្រុក​ខុស ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ នៅ​វេលា​យប់។ លោក​ថា​៖«​ឥឡូវ​នេះ​មេ​ខ្យល់​ច្រើន​នាំ​ពលករ​ធ្វើ​ដំណើរ​នៅ​ពេល​យប់»។

លោក ហម ម៉ុត បាន​បញ្ជាក់​ថា​ លោក​បាន​ចល័ត​កម្លាំង​ផ្លាស់​ប្តូរ​គ្នា​ការពារ​នៅ​ពេល​យប់​ ​ដែល​ក្នុង​១​យប់ មាន​កម្លាំង​ចល័ត​២​ក្រុម ដោយ​ក្រុម​នីមួយៗ មាន​គ្នា​៥​នាក់​ និង​ប្រើ​ប្រាស់​រថយន្ត​ចំនួន​២​គ្រឿង នៅ​ក្នុង​ការ​ទប់​ស្កាត់​ពលករ​ឆ្លង​ដែន​កន្លង​មក​នេះ។

អ្នកស្រី ផាត់ ម៉ារ៉ាឌី អ្នក​តស៊ូ​មតិ​សម្រាប់​ស្រ្តី​នៃ​អង្គការ​លីកាដូ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​រដូវ​ទំនេរ​ក្រោយ​ពី​ធ្វើ​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​តែង​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស ថៃ ហើយ​ថា តាម​គាត់​សង្កេត​ឃើញ​មាន​ពលករ​ខ្មែរ​ច្រើន​ណាស់​ ដែល​សម្រុក​ចេញ​ទៅ​ដោយ​ខុស​ច្បាប់។ អ្នក​ស្រី​អះអាង​ថា ដោយ​សារ​សមត្ថកិច្ច​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​ដោយ​ការ​ចាញ់​បោក​មេខ្យល់ និង​ការ​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក ទើប​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ជា​បន្ត​បន្ទាប់។ «យើង​ត្រូវ​តែ​បន្ត​ការ​ផ្សព្វ​ផ្សាយ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ដែន​ដី​សហការ​គ្នា​ទប់​ស្កាត់​បន្ត​ទៀត ពិសេស​គួរ​តែ​បង្កើត​ការងារ​នៅ​ក្នុង​សហគមន៍​ពួក​គេ​ដើម្បី​ជួយ​ទប់​ស្កាត់​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់»៕


No comments:

Post a Comment

I like Blogger