សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 1, 2013

អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​រើ​ផ្ទះ​ចេញ​ដោយ​សារ​បាក់​ច្រាំង​ទន្លេ

Wednesday, 02 January 2013 សែន ដាវីត Phnom Penh Post




















កប៉ាល់​ធំៗ​ជា​ច្រើន​គ្រឿង កំពុង​បូម​ខ្សាច់ នៅ​ទន្លេ​មេគង្គ ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ឫស្សី​កែវ កាល​ពី​ពេល​កន្លង​មក​។ រូបថត ហេង ជីវ័ន

កំពង់ចាមៈ អាជ្ញាធរ​ដែន​ដី​ក្នុង​ឃុំ​អង្គរ​បាន ស្រុក​កង​មាស កាល​ពី​ម្សិលមិញ បាន​ប្រាប់​ឲ្យ​​ប្រជា​ពលរដ្ឋ​ជិត​២០ គ្រួសារ​ រស់​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់​ បន្ទាប់​ពី​មាន​ការ​រលំ​ស្រុត​បាក់​ផ្ទះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​អស់ ៧​ខ្នង កាល​ពី​ថ្ងៃ​ចន្ទ ដែល​អ្នក​ភូមិ​សង្ស័យ​ថា បណ្តាល​មក​ពី​អាជីវកម្ម​បូម​ខ្សាច់​ដែល​កំពុង​បន្ត។

អ្នក​ស្រី សាលី ខ ​អាយុ​៤៣​ ឆ្នាំ​ដែល​ផ្ទះ​របស់​អ្នក​ស្រី​ បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ចំណោម​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ៧​ ខ្នង​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ផ្សេង​ទៀត​ ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ដែរ​នោះ អាជ្ញាធរ​ដែន​ដី ​បាន​ប្រាប់​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់​ ចៀស​វាង​ជួប​ឧបទ្ទវ​ហេតុ​អាក្រក់​ណា​មួយ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ស្រឡាង​ពីរ​បី​គ្រឿង បាន​ធ្វើ​ការ​បូម​ខ្សាច់​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​ឃុំ​អង្គរ​បាន​ ស្រុក​កង​មាស​។ អ្នក​ស្រី​បាន​បន្ថែម​ថា៖«បាក់​ច្រាំង​ទន្លេ មាន​កម្ពស់​រហូត​ទៅ​ដល់​ ៣០ ​ម៉ែត្រ​។ វា​ជ្រៅ​ខ្លាំង​ណាស់។​ យើង​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នោះ​ទេ​ តែ​មាន​ស្រឡាង​ពីរ​បី​គ្រឿង​ បាន​បូម​ខ្សាច់​លក់​រៀង​រាល់​ថ្ងៃ»។


អ្នក​ស្រី​បាន​ថ្លែង​ថា អាជ្ញាធរ​ដែន​ដី​ បាន​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​នៅ​សល់​ប៉ុន្មាន​ទៀត​ឲ្យ​រុះ​រើ​ផ្ទះ​ចេញ​ជា​បន្ទាន់។ អ្នក​ស្រី​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​ទៅ​រស់​នៅ​បណ្ដោះ​អាសន្ន​ជាមួយ​សាច់​ញាតិ​ខ្ញុំ​ ដើម្បី​ការ​ពារ​សុវត្ថិភាព។ សំណាង​ល្អ​កូន​ប្រុស​ខ្ញុំ បាន​ដឹង​ជា​មុន​ ហើយ​រត់​គេច​ចេញ​ពី​ផ្ទះ​ទាន់​ពេល នៅ​ពេល​យើង​ឮ​សូរ​សំឡេង​បាក់​ស្រុត​»។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ​ស្រេន សេន វ័យ​៥៥ ​ឆ្នាំ​បាន​និយាយ​ថា ទូក​និង​ម៉ាស៊ីន​របស់​គាត់​ខ្លះ បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​ នៅ​ក្នុង​ថ្ងៃ​កើត​ឧបទ្ទវហេតុ​នោះ​។ លោក​ថ្លែង​ថា៖«​ឥឡូវ​នេះ ​ប្រជា​ពលរដ្ឋ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​ខ្លាំង​ណាស់​។ កាល​ពី​យប់​មិញ ​មាន​ផ្ទះ​មួយ​ខ្នង​ទៀត​ បាន​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​។ ការ​បាក់​ស្រុត​នេះ​ បាន​បំផ្លាញ​ផ្ទះ​ និង​ទ្រព្យ​សម្បត្តិ​យើង​អស់​ជា​ច្រើន​»។

លោក សេង​ ឃុយ ​មេ​ឃុំ​អង្គរ​បាន​ បាន​បដិសេធ​ថា ការ​បាក់​ស្រុត​នេះ មិន​មែន​ដោយ​សារ​​ការ​បូម​ខ្សាច់​នោះ​ទេ​។ វា​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ​។ ​លោក​មេ​ឃុំ​ បាន​មាន​ប្រសាសន៍​ថា៖«ក្រុម​ប្រជា​ពលរដ្ឋ បាន​បង្ខំ​ចិត្ត​រុះរើ​ផ្ទះ​ពួក​គេ រក​កន្លែង​មាន​សុវត្ថិភាព​ហើយ។ វា​បាន​បាក់​ស្រុត​ប្រវែង ១៨៥​ ម៉ែត្រ​ ពី​ច្រាំង​ទន្លេ និង​កម្ពស់​ ៣០​ម៉ែត្រ​។ វា​បាន​បំផ្លាញ​ផ្ទះ​សម្បែង ​និង​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​អស់​ជា​ច្រើន​ តែ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​នោះ​ទេ»។

កាល​ពី​ខែ​មុន ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​សង្កាត់​ស្វាយប៉ាក និង​សង្កាត់​កោះ​ដាច់​ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​តវ៉ា និង​សម្តែង​ការ​ខឹង​សម្បា​ ចំពោះ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​សាប​ និង​ទន្លេ​មេគង្គ ដែល​ពួក​គេ​ជឿ​ជាក់​ថា គឺ​ជា​ដើម​ហេតុ​ដែល​បណ្តាល​ឲ្យ​បាក់​ស្រុត​ច្រាំង​ទន្លេ​ជា​បន្ត​បន្ទាប់​៕ PN


No comments:

Post a Comment

I like Blogger