សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 14, 2013

អគ្គស្នង​ការ​នគរបាល​ជាតិ​សុំ​ទោស​រដ្ឋ​មន្ត្រី​អប់រំ

Tuesday, 15 January 2013 ប៊ុត​ រស្មីគង្គា​ Phnom Penh Post

130115_05
លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ នៅ​ក្នុង​ពិធី​មួយ​កន្លង​មក​​​។ រូបថត ជីវ័ន

ភ្នំពេញៈ អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​សរសេរ​លិខិត​សុំ​ទោស​ជា​ផ្លូវ​ការ​មួយ​ទៅ​លោក អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ពាក់ព័ន្ធ​នឹង​កំហុស និង​ការ​ភាន់​ច្រឡំ នៅ​ក្នុង​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​គេហដ្ឋាន របស់​លោក​រដ្ឋ​មន្ត្រី​នៅ​ពេល​ដែល​កម្លាំង​នគរបាល បាន​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ជន​ជាតិ​ចិន កាល​ពី​ថ្ងៃ​ទី៥​ខែ​មករា​កន្លង​មក។

លោក នេត សាវឿន បាន​ថ្លែង​ថា ការ​ភាន់​ច្រឡំ ចំពោះ​ការ​ចុះ​ត្រួត​ពិនិត្យ គេហដ្ឋាន​របស់​លោក​រដ្ឋ​មន្រ្តី អ៊ឹម សិទ្ធី បាន​ក្លាយ​ជា​បទពិសោធ​ថ្មី​មួយ សម្រាប់​នគរបាល​កម្ពុជា​នៅ​ថ្ងៃ​ក្រោយ។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន ​កាលពី​ម្សិលមិញ ​លោក នេត សាវឿន បាន​សរសេរ​ថា​៖
«កម្លាំង​អគ្គ​ស្នងការ​នគរបាល​ជាតិ មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដោយ​សារ​ក្រុម​ប្រតិបត្តិការ​របស់​នគរបាល អគ្គ​ស្នងការ​នគរបាល​ជាតិ ​ដែល​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រាប់​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន​ឆ្លង​ដែន កាល​ពី​ថ្ងៃ​ទី​៥ មករា ២០១៣ មាន​ការ​ភាន់​ច្រឡំ និង​បាន​ទៅ​គោះ​ទ្វារ​របង និង​គេហដ្ឋាន​របស់​លោក ដោយ​សារ​ស្ថានភាព​របង និង​គេហដ្ឋាន​របស់​ឯកឧត្តម ស្រដៀង​ជាមួយ​នឹង​ទ្វារ និង​ផ្ទះ​ដែល​ជួល​ដោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​ចង្អុល​បង្ហាញ ដោយ​ក្រុម​ជំនាញ​ស៊ើប​អង្កេត​របស់​យើង»។

លិខិត​នោះ​បាន​ឲ្យ​ដឹង​ ទៀត​ថា​៖ «ការ​ភាន់​ច្រឡំ​នេះ គឺ​បណ្តាល​មក​ពី​ការ​ខ្វះ​ការ​ស៊ើប​អង្កេត​​គ្រប់​ជ្រុង​ជ្រោយ ហើយ​យើង​ក៏​បាន​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​រៀន​សូត្រ​ពី​បទពិសោធ នេះ​ផង​ដែរ​។ ហេតុ​ដូច្នេះ ​ខ្ញុំ​សូម​ឯកឧត្តម យោគយល់​ និង​អភ័យទោស ហើយ​សង្ឃឹម​ថា ឯកឧត្តម នឹង​អភ័យ​ទោស ចំពោះ​​កំហុស​អចេតនា​ខាង​លើ»។

លោក គៀត ច័ន្ធ​ថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាលជាតិ បាន​ថ្លែង​ថា​ លិខិត​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ នេត សាវឿន បាន​បង្ហាញ​អំពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​ដឹក​នាំ​​បេសកកម្ម​បង្ក្រាប​ឧក្រិដ្ឋជន​ឆ្លង​ដែន​ក្នុង ប្រទេស​កម្ពុជា។ លោក​មាន​ប្រសាសន៍​ពី​ម្សិល​មិញ​ថា​៖ «ក្នុង​អំឡុង​ការ​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ជនជាតិ​ចិន​កាល​ពី​ថ្ងៃ​ទី​៥ មករា នៅ​រាជធានី​ភ្នំពេញ នគរបាល​របស់​យើង មិន​បាន​ព័ទ្ធ ឬ​ចូល​គេហដ្ឋាន​របស់​លោក​រដ្ឋ​មន្រ្តី​ទេ ប៉ុន្តែ​ពួក​គេ ទើប​តែ​បាន​គោះ​ទ្វារ​របង​របស់​គាត់​ប៉ុណ្ណោះ ហើយ​លោក​រដ្ឋ​មន្រ្តី មិន​បាន​ចេញ​មក​ក្រៅ​នៅ​ពេល​កំពុង​គោះ​របង​ទេ»។

លោក​ថ្លែង​បន្ត ទៀត​ថា​៖ «ប៉ុន្តែ​តាង​នាម​ឲ្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក​នេត សាវឿន ត្រូវ​តែ​សរសេរ​លិខិត​មួយ សុំ​ទោស​លោក​រដ្ឋ​មន្រ្តី ចំពោះ​ការ​រំខាន​នោះ»។ លោក​បាន​បន្ថែម​ទៀត​ថា​ កំហុស​របស់​នគរបាល​នេះ បាន​ក្លាយ​ជា​បទពិសោធ​ថ្មី​មួយ សម្រាប់​នគរបាល ហើយ​តាម​រយៈ​បទពិសោធ​នេះ នគរបាល ប្តេជ្ញា​នឹង​ធ្វើ​ការ​ងារ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នា​ពេល​អនាគត។

លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី និង លោក អ៊ិន ថេរ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។

ពាក់ព័ន្ធ​នឹង​ក្រុម​ជន​ជាតិ​ចិន​ចំនួន ៩១​ នាក់​​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​សប្តាហ៍​មុន ​លោក​ឧត្តមសេនីយ៍​ទោ ឆៃ ស៊ីណារិទ្ធ​ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​ពួក​គេ​នៅ​ឡើយ​ទេ។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា​៖ «រាជរដ្ឋាភិបាល បាន​ចុះ​ហត្ថលេខា និរទេស​ពួក​គេ​សម្រាប់​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់ នៅ​ប្រទេស​របស់​ពួក​គេ​រួច​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​ឡើយ​ទេ ដោយ​សារ​ខ្វះ​ជើង​ហោះ​ហើរ»។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ «ពួក​គេ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ នៅ​ចុង​សប្តាហ៍​នេះ»។ លោក​បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​អស់​គ្នា ឥឡូវ​នេះ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​នាយកដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ»៕ PS

No comments:

Post a Comment

I like Blogger