សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 10, 2013

រដ្ឋាភិបាល​ណែ​នាំ​ការ​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ

Thursday, 10 January 2013 វង្ស សុខេង Phnom Penh Post


















កន្លែង​បូជា​ព្រះ​បរម​សព​សម្តេច​ឪ នៅ​វាល​ព្រះ​មេរុ ខាង​ជើង​ព្រះ​រាជ​វាំង​ដែល​កំពុង​​បន្ត​​​​​សាង​សង់​។ រូបថត ម៉េង​ស្រ៊ុន

ភ្នំពេញៈ អ្នក​កាន់​មរណ​ទុក្ខ​រាប់​លាន​នាក់​ នឹង​ដើរ​ដង្ហែ​ក្បួន​ប្រវែង​ពី​១​គីឡូម៉ែត្រ​កន្លះ ទៅ​២​គីឡូ​ម៉ែត្រ ​សម្រាប់​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​ព្រះ​បាទ នរោត្តម សីហនុ តាម​មហាវិថី​សំខាន់ៗ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ព្រះ​រាជ​ពិធី​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជវាំង ទៅ​ទីលាន​វាល​ព្រះ​មេរុ ដើម្បី​ថ្វាយ​ព្រះ​ភ្លើង ដល់​ព្រះ​បរម​សព​នៅ​ថ្ងៃ​ទី១ និង​ទី៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

សារាចរ​មួយ ​ស្តីពី​ការ​ត្រៀម​រៀបចំ​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ និង​ចេញ​ផ្សាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ម្សិលមិញ បាន​សរសេរ​ថា អ្នក​កាន់​មរណ​ទុក្ខ នឹង​ដើរ​ក្បួន​ដង្ហែ​ចម្ងាយ ៦ គីឡូ​ម៉ែត្រ ពី​ព្រះ​បរម​រាជ​វាំង ទៅ​ទីលាន​ព្រះ​មេរុ។ ឧបករណ៍​ឧគ្ឃោសន​សព្ទ នឹង​បំពាក់​តាម​ដង​វិថី ដើម្បី​ជម្រាប​ប្រាប់​អ្នក​កាន់​មរណទុក្ខ​អំពី​ការ​ដើរ​ក្បួន​។ ​ព្រះ​សង្ឃ​នឹង​សូត្រ​មន្ត បង្សុកូល និង​ទូង​ស្គរ វាយ​គង‑ឃ្មោះ។


សារាចរ បាន​សរសេរ​ទៀត​ថា៖ «ប្រជា​ពលរដ្ឋ ដែល​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ស្តាប់​គោរព​តាម​ការ​ណែ​នាំ​របស់​អ្នក​ចាត់​ចែង​ព្រះ​រាជ​ពិធី​បុណ្យ​ឲ្យ​ បាន​ម៉ឺងម៉ាត់»។ សារាចរ​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាជន​គ្រប់​រូប​ ត្រូវ​ពាក់​បូ​ខ្មៅ លើ​អាវ​របស់​ខ្លួន ជា​សញ្ញា​នៃ​ការ​កាន់​មរណទុក្ខ ហើយ​មន្រ្តី​រាជ​ការ​ទាំង​អស់​នឹង​ត្រូវ​ឈប់​សម្រាក​រយៈ​ពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី១ ​និង​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ថ្វាយ​ព្រះ​ភ្លើង​។

ព្រះ​បាទ​ នរោត្តម សីហនុ បាន​សរសេរ​ចុតហ្មាយ កាល​ពី​ខែ​មករា ឆ្នាំ​២០១២ ថា ព្រះ​អង្គ​ស្នើ​ឲ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ជា​ជាង​បញ្ចុះ​ ហើយ​ដាក់​ធាតុ ក្នុង​ព្រះ​កោដ្ឋ​ធ្វើ​ពី​មាស យក​ទៅ​ដាក់​ក្នុង​ព្រះ​ចេតិយ ក្នុង​ព្រះ​បរម​រាជ​វាំង។

ព្រះ បរម​សព​ព្រះបាទ នរោត្តម សីហនុ ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​រាជ​វាំង ចាប់​តាំង​ពី​ព្រះ​បរម​សព​របស់​ព្រះ​អង្គ ត្រូវ​បាន​យាង​និវត្តន៍​តាម​ជើង​យន្ត​ហោះ​ពិសេស​របស់​ចិន ពី​ទីក្រុង​ប៉េកាំង មក​ដល់​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​បន្ទាប់​ពី​ព្រះ​អង្គ​បាន​សោយ ​ទិវង្គត​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា។

បន្ទាប់​ពី​រយៈពេល​កាន់​ព្រះ​បរមរណ​ទុក្ខ ៧ ថ្ងៃ ព្រះ​បរម​សព​ ត្រូវ​បាន​តម្កល់​សម្រាប់​រយៈ​ពេល ៣ ខែ នៅ​ព្រះ​បរម​រាជ​វាំង។ ទីលាន​ថ្វាយ​ព្រះ​ភ្លើង កំពុង​សាង​សង់​នៅ​ទីលាន​ព្រះមេរុ នៅ​មុខ​សារ​មន្ទីរ​ជាតិ​។

ព្រះ​បាទ នរោត្តម សីហនុ ដែល​ត្រូវ​បាន​គោរព​កោត​ស្ញប់​ស្ញែង យ៉ាង​ខ្លាំង ដោយ​ប្រជាជន​ខ្មែរ និង​ជន​បរទេស​ជា​ច្រើន​នោះ គឺ​ដោយ​សារ​ព្រះ​រាជ​បូជនីយកិច្ច​ដណ្តើម​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ ១៩៥៣ ការ​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ប្តឹង​ទាមទារ​ យក​ប្រាសាទ​ព្រះវិហារ​ ពី​ថៃ​មក​វិញ និង​រយៈ​ពេល​រីក​ចម្រើន​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​បាន​បន្សល់​នូវ​ព្រះ​រាជ​សមិទ្ធផល​ជា​ច្រើន​ជូន​ជាតិ បាន​យាង​សោយ​ទិវង្គត​ដោយ​សារ​ព្រះ​ជរាពាធ ក្នុង​ព្រះ​ជន្ម ៩០ ព្រះ​វស្សា។

សារាចរ​របស់​រដ្ឋាភិបាល បាន​សរសេរ​ទៀត​ថា ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរមសព ពី​ព្រះ​បរមរាជ​វាំង​ទៅ​ទីលាន​ថ្វាយ​ព្រះ​ភ្លើង ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ ២០១៣ នោះ នឹង​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់ តាម​ប៉ុស្តិ៍​វិទ្យុ និង​ទូរទស្សន៍ ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទូរទស្សន៍​ LED ទំហំ ២ គុណ ៣ ម៉ែត្រ នឹង​ត្រូវ​បំពាក់​នៅ​តាម​កន្លែង​សាធារណៈ​មួយ​ចំនួន ដូច​ជា ចំណត​រថយន្ត​ក្រុង​ និង​ទីលាន​សាធារណៈ​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្នុង​អំឡុង​ពិធី​កាន់​ព្រះ​បរម មរណទុក្ខ​ទី ២ នេះ គ្រប់​វិទ្យុ និង​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​ ព្រម​ទាំង​កន្លែង​កម្សាន្ត ត្រូវ​ផ្អាក​ការ​ចាក់​ផ្សាយ​ទស្សនីយភាព ការ​សម្តែង និង​ការ​ប្រគំ​តន្រី្ត​រីករាយ ហើយ​ទង់​ជាតិ​ នឹង​បង្ហូត​ចុះ ២/៣ ពី​កំពូល​ដង​ទង់ ព្រម​ទាំង​មាន​ការ​បាញ់​កាំភ្លើង​ធំ ចំនួន​បី​លើក គឺ​ពេល​ដង្ហែ​ព្រះ​បរមសព ចេញ​ពី​ព្រះ​រាជ​វាំង ពេល​ព្រះបរម​សព​ មក​ដល់​ទីលាន​ព្រះ​មេរុ និង​ពេល​ថ្វាយ​ព្រះ​ភ្លើង។ គ្រប់​គ្រឹះស្ថាន​សាធារណៈ និង​អាជីវកម្ម​ឯកជន តាម​មហាវិថី​ត្រូវ​បិទ​​ទ្វារ​ នៅ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ។

ព្រះ អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ព្រះ​បាទ សម្តេច​ព្រះ នរោត្តម សីហនុ កាល​ពី​ម្សិល​មិញ បាន​សម្តែង​ការ​ថ្លែង​អំណរគុណ ចំពោះ​រាជ​រដ្ឋាភិបាល ដែល​រៀបចំ​ព្រះ​រាជ​ពិធី​ដង្ហែ និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ហើយ​មន្រ្តី​យ៉ាង​តិច ១០០ នាក់ នៅ​ព្រះ​បរម​រាជវាំង និង​សមាជិក​គ្រួសារ​ព្រះ​រាជ​វង្ស នឹង​បួសមុខ​ភ្លើង នៅ​ក្នុង​រយៈពេល​ខ្លី ក្នុង​អំឡុង​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ៕ TK




No comments:

Post a Comment

I like Blogger