សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

អ្នក​ភូមិឡ​ពាង​រំលឹក​ខួប​៥ឆ្នាំ​ នៃការ​បណ្តេញ​ចេញ​ និងដាក់​បណ្តា​សា

ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន VOD ថ្ងៃទី៩ មករា ២០១៣

អ្នក​ភូមិឡ​ពាង ​នៅ​ឃុំតាជេស ​ស្រុកកំ​ពង់ត្រ​លាច ​ខេត្តកំព​ង់ឆ្នាំង នាំ​គ្នារំ​លឹកខួប​៥ឆ្នាំ នៃ​ការ​បណ្តេ​ញចេញពីលំ​នៅឋាន​ ​និង​ដាក់​​បណ្តាសា​​ក្រុម​ហ៊ុន​ ដែល​​យក​ដីពួក​គេ​ ដោយ​អត់​ផ្តល់​សំណង។​

តំណាង​អ្នក​ភូមិឡ​ពាង ​លោក រាជ ស៊ីម៉ា ​មាន​ប្រសាសន៍​ថា ​ការ​រំលឹក​ខួប​​នៃការបណ្តេញ​ចេញនៅ​ថ្ងៃពុធនេះ ​ពួក​​គាត់​បាន​ធ្វើពិធី​សូត្រ​​មន្ត​ ដល់​តំណាង​​អ្នក​​ភូមិ ​ដែល​​តុលាការ​កោះ​ហៅ ​ឲ្យ​ចូល​ខ្លួន​នៅថ្ងៃទី១៦​ ខែមករា​នេះ​។ លោក​ថា ក្រៅ​ពីនោះ​ពួក​គាត់​បាន​រៀប​​ចំពិធី​ដាក់ប​ណ្តាសា​ដល់​​ឈ្មួញ​ និង​ក្រុមហ៊ុន​ដែល​​យក​​ដី​​ស្រែ​ កសិក​រ​ច្រើ​ន​ឆ្នាំ​​មក​​នេះ ៖ ”ក​ម្ម​វិធីហ្នឹង​មាន​ការ​បួង​សួង​ដល់​វត្ថុ​ស័ក្កិ​សិទ្ធិ និង​ការ​ដាក់​បណ្តាសា​ដល់​មន្ត្រី​ដែល​ឃុប​ឃិត​ ជាមួយ​នឹង​ក្រុមហ៊ុនខិលខូច​​ដែល​ធ្វើ​បា​ប​​ប្រជា​ពលរដ្ឋ​ឡពាង​​​ សុំ​ឲ្យ​វិនាស​​អន្ត​រាយ”។

អ្នក​ស្រី ​អ៊ុំ សុភី​ អាយុ​៣៣ឆ្នាំ​ អះអាង​ជា​អតីត​គ្រូ​បង្រៀន ​មាន​ប្រសាសន៍​ដែរ​ថា ​រយៈពេល​៥ឆ្នាំ​ ដែល​ក្រុម​ហ៊ុន​បាន​រុះរើ​ផ្ទះ​ និង​ចាប់​​ម្តាយ​ក្មេក​គាត់​ឃុំឃាំង​នោះ ​គាត់​រស់​នៅយ៉ាង​វេទនា​ ដូច​ជា​សម័យប៉ុ​ល​ពត។​ អ្នក​ស្រីថា ​ដោយ​សារ​តែ​ជម្លោះដី​រាំរ៉ៃនេះ​ ធ្វើ​ឲ្យ​​គាត់​​បាត់​​បង់​​ការ​ងារ​​អស់​​ផ្ទះ​ និង​អស់​ដី​ស្រែ​ចម្ការ​ ហើយ​កូនៗ​របស់​គាត់​ និង​អ្នក​ភូមិ​មួយ​ចំនួន​បាត់​បង់​​ការ​​សិក្សា ​និង​ធ្វើ​ចំណាក​​ស្រុក​ទៅ​ក្រៅ​ប្រទេស។​


នៅ​ថ្ងៃពុធនេះ ​VOD មិន​អាច​សុំការ​ឆ្លើយ​បំភ្លឺ​ ពីភាគី​ក្រុម​ហ៊ុន ​KDC​ ដែល​ត្រូវ​គេស្គាល់​ថា ​ជារបស់​លោកស្រី ​ជា ខេង​ ភរិយា​លោក​ ស៊ុយ សែម ​បាន​នៅ​ឡើយទេ។ តែកាល​ពីថ្ងៃ​ទី១៣​ ខែ​ធ្នូ ឆ្នាំ​២០១២​ រដ្ឋ​មន្រ្តី​ក្រសួងឧ​ស្សា​ហកម្មរ៉ែ ​និង​ថាមពល ​លោក ស៊ុយ សែម​ អះ​អាង​ថា​ដី​ដែល​មាន​ទំនាស់​ជា​មួយ​ពល​រដ្ឋ​នៅភូមិឡ​ពាង​​នោះ ​គឺភរិយា​រ​បស់​លោក​បាន​ទិញ ​ដោយ​មាន​ឯកសារ​បញ្ជាក់​​កម្ម​សិទ្ធិ​ពីអាជ្ញាធរ​ដែន​ដី​។

ករណី​នេះ ​មន្រ្តី​ស៊ើប​អង្កេត​សមាគមអាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ លោក សំ ច័ន្ទគា ​ពណ្យល់​ថា ​ប្រសិន​បើ​ពិត​ដូច​ការ​លើក​ឡើង​​​របស់​ក្រុម​ហ៊ុន​មែន​នោះ សូ​មឲ្យ​ក្រុមហ៊ុន​បង្ហាញ​ភស្តុតាង​នៅ​ចំពោះ​មុខសាធារណជន​។ ​លោកថា ​ការ​​ដាក់​បណ្តា​សា​​របស់​ប្រជាព​លរដ្ឋ​នៅពេល​នេះ ​ដោយ​សារ​ពួក​គាត់​អស់​ជំនឿចំ​ពោះរដ្ឋាភិបាល​ និង​តុលាការ ​៖ “នៅពេល​គេ​លែង​គោរព​ លែងខ្លាច​ហើយ នៅពេល​នោះ​ហើយ​ដែល​ធ្វើ​ ឲ្យ​​​ស្ថាន​ភាព​ស្ថិរ​ភាព​​​​នៅ​ក្នុងប្រទេស​ និង​មាន​ភាព​ច្របូក​​ច្របល់ ដូច្នេះ​រដ្ឋា​ភិបាល​​​ ក៏​ដូច​ជា​ប្រព័ន្ធ​​តុលាការ​ហ្នឹង​ សុំ​ឲ្យ​ពង្រឹង​ខ្លួនឯងឲ្យ​មាន​ការ​គោរព កុំ​ធ្វើ​ឲ្យគេ​ខ្លាច​គឺ​គេ​ធ្វើ​​ឲ្យ​មាន​ការ​គោរព​ ធ្វើ​យ៉ាង​ម៉េច​បង្កើន​ជំនឿ​ថា​ការ​​​បង្កើន​​ជំនឿ​​ហ្នឹង​​​​ មិនមែន​ស្រែក​តែម៉ាត់​ទេ គឺ​តម្រូវ​ឲ្យយើង​ធើ​សកម្ម​ភាពជាក់ស្តែង​ បង្ហាញ​ឲ្យ​គេ​មើល​ឃើញ​​​​”។

តំណាង​អ្នកភូមិ​ឡពាង ​អះអាង​ថា ​ដី​ដែល​មាន​ជម្លោះ​តាំង​ឆ្នាំ២០០៧​​នោះ ​មានទំ​ហំ ១១៤​ហិកតា ​ប៉ះពាល់​ដល់​អ្នកភូមិ​១០៨​គ្រួសារ​។ ​ជម្លោះ​​នោះ ​បណ្តាល​ឲ្យ​អ្នក​ភូមិ​ជាង១០នាក់ ​ត្រូវ​បាន​តុលាការ​​ចាប់​ដាក់​ពន្ធនាគារ​ និង​បន្ត​កោះហៅ​ទៅសាក​សួរ​ជា​​បន្ត​​បន្ទាប់​ ដោយ​សារ​ពួក​គេ​ចេញ​មុខ​ទាម​ទារ​កម្ម​សិទ្ធិ​ដីនោះម​ក​វិញ។ ​

ជម្លោះ​ដីដ៏ចម្រូង​ចម្រាស់​នេះ ​ត្រូវ​បាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ លោក ​សុរិយា ​ស៊ូ​ប៊ែឌី​ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជាសន្យា​ថា ​លើក​យក​មក​ជជែក​ជាមួយនា​យក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ឫ​មន្រ្តី​​ជាន់​ខ្ពស់​​រដ្ឋាភិបាល​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ តែ​លោក​នាយករដ្ឋ​មន្រ្តី​បដិសេធ​ការជួប៕​

No comments:

Post a Comment

I like Blogger