សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

ប្រពន្ធ​អ្នក​ជាប់​ទោស​រឿង​អប​គមន៍​សង្ឃឹម​លើ​ព្រះ​រាជទាន

ម៉ៃ ទិត្យថារ៉ា និង Abby Seiff ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​៣១ មករា ២០១៣
 
130131_04

ភរិយារបស់​ជន​ជាប់​ចោទ​រឿងបង្ក​ចលនា​អប​គមន៍​នៅ ខេត្ត​ក្រ​ចេះ​​។ រូបថត Will Baxter

ក្រចេះ : លោក ចាន់ សុវណ្ណ លោក ទូច រិន លោក ភន ស្រឿន អ្នក​ទាំង​នេះ​សុទ្ធ​ជា​មនុស្ស​គ្មាន​ឈ្មោះ​បោះ​សំឡេង។ ​មនុស្ស​តិច​តួច​បំផុត​ដែល​ស្គាល់​ពួក​គេ មាន​តែ​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ ដែល​នឹក​ឃើញ​ថា ​អ្នក​ទាំង​នេះ​កំពុង​ជាប់​ពន្ធនាគារ ដោយ​សារ​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ហៅថា​ចលនា​អបគមន៍​នៅ​ខេត្ត ក្រចេះ។

កាល​ពី​ខែ​តុលា លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​ឯករាជ្យ ត្រូវ​បាន​ផ្តន្ទាទោស ២០​ឆ្នាំ ចំពោះ​បទល្មើស​ដែល​ពុំ​មាន​បង្ហាញ​អំពី​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ ជាក់​នៅ​ឡើយ​ទេ។ លោក ម៉ម សូណង់ដូ អាយុ​៧១​ឆ្នាំ ជា​បន្លាយ​យូរ​មក​ហើយ​នៅ​ក្នុង​ភ្នែក​រដ្ឋាភិបាល ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីរ​ដង​រួច​មក​ហើយ ​ផ្អែក​លើ​បទ​ចោទ​ប្រកាន់​ ដែល​មនុស្ស​ជា​ទូទៅ​ជឿ​ជាក់​ថា​ ជា បទ​ចោទ​ប្រឌិត​ឡើង ​និង​ត្រូវ​គេ​ហៅ​ភ្លាមៗ ថា​ជា​អ្នក​ទោស​នយោបាយ។


លោក សូណង់ដូ ជា​បុគ្គល​ដែល​មាន​អំណាច​ដ៏​កម្រ​ដែល​អាច​ឈាន​ទៅ​ដល់​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​។ លោក​ជា​មនុស្ស​ដែល​អាច​ប្រែ​ទៅ​ជា​អ្នក​នយោបាយ​យ៉ាង​ងាយ និង​ជា​មនុស្ស​ដែល​ហ៊ាន​ចែក​រំលែក​ការ​រិះគន់​រដ្ឋាភិបាល​ជាមួយ​នឹង​អ្នក​ បោះ​ឆ្នោត​ងាយ​រង​គ្រោះ​នៅ​កម្ពុជា។ មាន​ន័យ​ថា លោក សូណង់ដូ ជា​មនុស្ស គោល​ដៅ​សំខាន់​ត្រូវ​បំបិទ​មាត់​។

លោក សុវណ្ណ លោក រិន និង​លោក​ ស្រឿន មិន​មែន​ជា​បុគ្គល​សំខាន់​ទេ។ ប៉ុន្តែ លោក សុវណ្ណ ត្រូវ​ជាប់​ពន្ធនាគារ ៣ឆ្នាំ លោក រិន ត្រូវ​ជាប់ ៥ ឆ្នាំ និង​លោក ស្រឿន ត្រូវ​ជាប់​១០​ខែ។​ អ្នក​ជិត​ខាង​ ៥ នាក់​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ បន្ទាប់​ពី​ការ​បង្ក្រាប ប៉ុន្តែ ទទួល​ទោស​ព្យួរ​ជា​ថ្នូរ​នឹង​ចម្លើយ​ជា​កសិណ ដែល​ចោទ​ប្រកាន់​លើ​អ្នក​ឯទៀត​។

ភរិយា​លោក រិន និយាយ​ថា គាត់​ទទួល​បាន​ឱកាស​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ ប៉ុន្តែ​គាត់ «សប្បាយ​ចិត្ត​ជាង​ជាប់​ពន្ធនាគារ​មួយ​ជីវិត ជា​ជាង​ចោទ​ប្រកាន់​អ្នក​ណា​ដែល​ខ្ញុំ​មិន​ស្គាល់​»។

ឥទិ្ធពល​ពី​ខាង​ក្រៅ​លើ​ការ​គ្រប់គ្រង​របស់​ខ្លួន នាំ​ឲ្យ​បុរស​ទាំង​បី​ហាក់​ដូច​ជា​ក្លាយ​ជា​អ្នក​ជាប់​ទោស​ដោយ​មិន ដឹង​រឿង​ពិត។ ​មក​ដល់​ថ្ងៃ​នេះ​នៅ​តែ​មិន​ច្បាស់​នៅ​ឡើយ​ ថាតើ​ហេតុ​អ្វី​បាន​ជា​ទៅ​ចំ​លើ​ពួក​គេ?

ខុស​ពី​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​ហៅ​ថា មេ​ខ្លោង ​បុរស​ទាំង​បី​នាក់​ពុំ​បាន​ខិត​ខំ​អប់រំ​អ្នក​ជិត​ខាង​អំពី​ច្បាប់​ដី​ ធ្លី​ទេ។ ពួក​គេ​មិន​មែន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ទេ។ តាម​ប្រជាជន​ដែល​ស្គាល់​ពួក​គេ ថា ពួក​គេ​មិន​ចូល​រួម​សកម្មភាព​អ្វី​ដែរ។

តើ​ពួក​គេ​ជា​អ្នក​ណា?​ បើ​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ដាំ​ដំឡូង​មី លក់​ដំឡូង​មី និង​រក​ប្រាក់​ចំណេញ​មក​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ។ ​ឥឡូវ​នេះ ពួក​គេ​ជាប់​ពន្ធនាគារ​ទៅ​ហើយ។

អ្នក​ស្រី ភូ ប្រពន្ធ​លោក សុវណ្ណ ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ៖ «​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់​»។ ពេល​អ្នក​ស្រី ភូ និយាយ​អំពី​ប្តី​ថា ស្បែក​ជុំ​វិញ​ភ្នែក​អ្នក​ស្រី​ឡើង​ជ្រួញ ហើយ​ប្រែ​សំឡេង​ជា​និយាយ​ខ្លាំង​ៗ​។ ទំនង​មិន​អាច​ទប់​ចិត្ត​បាន អ្នក​ស្រី​ហាក់​និយាយ​មនុស្ស​ដូច​ឡប់​សតិ​។​

ចំពោះ​គ្រួសារ ការ​ចាប់​ខ្លួន​មាន​ផល​ប៉ះពាល់​។ ស្ទើរ​គ្រប់​គ្នា​ដែល​បាន​ធ្វើ​ចម្ការ​លើ​ដី​ដែល​ចាត់​ទុក​ថា ចាប់​យក​ដោយ​ចលនា​អបគមន៍​របស់​លោក ប៊ុន រដ្ឋា បាន​បាត់​បង់​ដី​ចម្ការ​របស់​ខ្លួន ក្នុង​អំឡុង​ពេល​ចុះ​បង្ក្រាប​កាល​ពី​ខែ​ឧសភា ប៉ុន្តែ​ ប្រពន្ធ​អ្នក​ទាំង​នេះ​ក៏​បាត់​បង់​ប្រភព​ប្រាក់​ចំណូល​ជា​ចម្បង​នេះ​ដែរ ដោយ​សារ​តែ​ការ​បាត់​ខ្លួន​ស្វាមី​ពី​ផ្ទះ។

អ្នក​ស្រី ផាត់ ភីន ប្រពន្ធ​លោក ​ស្រឿន បាន​និយាយ​ថា ៖ «​កូន​របស់​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​អ្នក​ជិត​ខាង​ឥឡូវ​នេះ គេ​ទៅ​ដក​ដំឡូង​មី។ ពួក​គេ​រក​បាន១​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់​ដើម្បី​ជីវភាព​គ្រួសារ​ទេ»។

ប្តី​ប្រពន្ធ​ទាំង​ពីរ​ មាន​កូន​ប្រាំ​នាក់​អាយុ​ពី២​ទៅ​១៦​ឆ្នាំ។ អង្គុយ​នៅ​ផ្ទះ​អ្នក​ជិត​ខាង​ អ្នក​ស្រី ភីន ប្រឡែង​ជាមួយ​នឹង​កូន​ស្រី​តូច​ខណៈ​កំពុង​ពន្យល់​ អំពី​ស្ថានការណ៍​ដែល​កូន​ច្បង​របស់​គាត់​កំពុង​តែ​ប្រឈម​សព្វ​ថ្ងៃ។

កូន​ច្បង​អាយុ​១៦ ឆ្នាំ​របស់​គាត់​ធ្វើ​ការ​នៅ​ឯចម្ការ​រាល់​ថ្ងៃ​ បន្ទាប់​ពី​ចេញ​ពី​សាលា ចំណែក​កូន​អាយុ​១២ ឆ្នាំ​វិញ​ក៏​ទៅ​ជួយ​បង​វា​ដែរ។ «ពួក​គេ​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ ព្រោះ​យើង​រស់នៅ​ក្នុង​ស្ថាន​ភាព​ពិបាក​ណាស់​»។

ចំណែក អ្នក​ស្រី សុខ គា ដើម្បី​ចិញ្ចឹម​គ្រួសារ​គាត់​បាន​ផ្លាស់​ទៅ​នៅ​ជាមួយ​ឪពុក​ម្តាយ បន្ទាប់​ពី​លោក រិន ជា​ប្តី​ត្រូវ​ចាប់​ខ្លួន។

អ្នក​ស្រី គា ពន្យល់​ថា ៖ «​ប្តី​មិន​នៅ​ ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​ទេ ព្រោះ​ខ្ញុំ​ខ្លាច ពេល​រស់​នៅ​តែ​ម្នាក់​ឯង»។ កូន​ស្រី​អាយុ​១០​ខែ​អង្គុយ​ពី​លើ​ភ្លៅ​ម្ខាង កូន​អាយុ​៦ឆ្នាំ អង្គុយ​ខាង​មុខ សម្លឹង​ទៅ​មុខ​ដោយ​មិន​ប្រិច​ភ្នែក ដូច​ម្តាយ​នាង​អ៊ីចឹង។

នៅ​ពេល​យើង​សួរ​គាត់ ថា​តើ​អ្នក​ស្រី​មាន​ប្រាក់​គ្រប់គ្រាន់​ដែរ​ទេ?​ គាត់​ឆ្លើយ​ថា៖ «​បើ​ខ្ញុំ​មាន​ប្រាក់ ខ្ញុំ​នឹង​ទៅ​លេង​ប្តី​ខ្ញុំ»។

ស្រ្តី​ម្នាក់ៗ បាន​ទៅ​សួរ​ប្តី​នៅ​ពន្ធនាគារ​បាន​២​ដង ចាប់​តាំង​ពី​ត្រូវ​ចាប់​ខ្លួន។ ភាគ​ច្រើន ពួក​គេ​មិន​អាច​បន្ត​ទាក់​ទង​ជាមួយ​នឹង​ប្តី​ឡើយ ដោយ​សារ​គ្មាន​លុយ​សូកប៉ាន់​ឆ្មាំ​គុក​ ដើម្បី​ខ្ចី​ទូរស័ព្ទ។

អ្នក​ស្រី ភូ បញ្ជាក់​ថា ៖ «​ខ្ញុំ​ប្រុង​ទៅ​ជួប​ សុវណ្ណ ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​ឮ​ថា​គាត់​ឈឺ​។ គាត់​ក្អក​និង​មាន​បញ្ហា​សួត​»។​ មក​ទល់​ពេល​នេះ ​គាត់​អាច​ប្រមូល​បាន​ ៥ម៉ឺន​រៀល​ពី​អ្នក​ភូមិ​ ដើម្បី​ធ្វើ​ដំណើរ​១០ ម៉ោង ពី​ភូមិ​ប្រមា ទៅ​កាន់​គុក​ព្រៃស។

ការ​ធ្វើ​ដំណើរ​នេះ​ អាច​ជា​លើក​ទី១ ក្នុង​៣​ខែ​ចុង​ក្រោយ​។ អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​ចេញ​សោ​ហ៊ុយ​ឲ្យ​ពីរ​ដង​ដែរ ដល់​ភរិយា​ជន​ជាប់​ចោទ​ម្នាក់ៗ ប៉ុន្តែ​ គាត់​ពុំ​បាន​ព័ត៌មាន​អ្វី​ឡើយ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​។​

អ្នក​ស្រី ភីន ប្រាប់​ថា៖ «​ខ្ញុំ​ដឹង​ថា ប្តី​ខ្ញុំ​ធ្វើ​ការ​នៅ​ពន្ធនាគារ ដាំ​ត្រកួន និង​ធ្វើ​គ្រឿង​សង្ហារិម។ នោះ​ជា​អ្វី​ដែល​បាន​ខ្ញុំ​ដឹង»។

លោក សុវណ្ណ និង​លោក រីន រង់ចាំ​សវនាការ​បណ្តឹង​ឧទ្ធរណ៍ រីឯ​លោក ស្រឿន​ វិញ​មិន​ខ្វល់​ទេ​ព្រោះ​នីតិវិធី​បណ្តឹង​ឧទ្ធរណ៍​អាច​ត្រូវ​ការ​ពេល យូរ​ជាង​ទោស​។

ក្តី​សង្ឃឹម​ទទួល​បាន​នូវ​ព្រះ​រាជទាន​លើក​លែង​ទោស នៅ​មាន​បើ​ទោះ​ជា​មេធាវី​បាន​ព្យាយាម​ប្រាប់​ថា «កុំ​រំពឹង​ខ្លាំង​ពេកក៏​ដោយ»។

អ្នក​ស្រី គា និយាយ​ថា៖ «ខ្ញុំ​ចង់​សុំ​ព្រះ​រាជ​អាជ្ញា​លើក​លែង​ទោស​ឲ្យ​គាត់ ព្រោះ​វា​ពិបាក​ក្នុង​ការ​រស់​នៅ​ដោយ​គ្មាន​ប្តី។ ខ្ញុំ​បាន​សួរ​មេធាវី​ខ្ញុំ តែ​គាត់​ថា គាត់​មិន​ដឹង​ទេ [ថា​តើ​ប្តី​ខ្ញុំ​មាន​សិទិ្ធ​ទទួល​ការ​ប្រទាន​ឬ​យ៉ាង​ណា?]។​

លក្ខណ​សម្បតិ្ត​ដើម្បី​ទទួល​បាន​ព្រះ​រាជ​លើក​លែង​ទោសគឺ ត្រូវ​ជាប់​ទោស​២​ភាគ​៣ មាន​សុខភាព​មិន​ល្អ​និង​មាន​កិរិយា​ល្អ។

តើ​បុរស​ទាំង​នេះ​ មាន​លក្ខណ​សម្បតិ្ត​ដែរ​ទេ​? ពួក​គេ​ជួយ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។ ពួក​គេ​ប្រមូល​ប្រជាជន​រាប់​រយ​គ្រួសារ បែង​ចែក​ដី​ក្នុង​ចំណោម​ពួក​គេ ហើយ​បង្កើត​ចលនា​បំបែក​រដ្ឋ​ហិង្សា​។ នៅ​ពេល​នគរបាល​ប្រដាប់​អាវុធ កងរាជ​អាវុធហត្ថ​និង​ទាហាន​២០០​នាក់ ចុះ​បង្ក្រាប​ភូមិ​ប្រមា កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​មុន​អ្នក​ទាំង​បី​បាន​ញុះ​ញង់​អ្នក​ភូមិ​ឲ្យ​កាន់​ពូថៅ ចប ហើយ​សងសឹក​វិញ។ ពេល​ឧទ្ធម្ភាគចក្រ​ហោះ​ពីលើ​ ហើយ​កង​សន្តិសុខ​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤ ឆ្នាំ​ម្នាក់ លោក សុវណ្ណ រិន និង​ស្រឿន បាន​វាយ​បក​ក្នុង​ចំណោម​អ្នក​ដទៃ​ទៀត។

ទោះ​ជា​យ៉ាង​ណា ទាំង​នេះ​គឺជា​ការ​ពន្យល់​របស់​រដ្ឋាភិបាល។ ដោយ​ភ្លេច​គិត​ថា ពួក​គេ​មិន​បាន​ស្គាល់​គ្នា​សោះ ​មុន​កើត​ហេតុ​។ ដោយ​បំភ្លេច​ថា ពួក​គេ​មិន​បាន​ជួប​និង​ឮ ពី​លោក ប៊ុន រដ្ឋា និង​លោក ម៉ម សូណង់ដូ ផង។

គេ​បាន​បំភ្លេច​ថា អ្នក​ទាំង​បី​គ្រាន់​តែ​ចង់​បាន​ដី​មួយ​ដុំ​តូច​ ដែល​ពួក​គេ​បាន​ធ្វើ​ស្រែ​ចម្ការ​៧-៨ ឆ្នាំ​ហើយ​នោះ​។ ៩ខែ​បន្ទាប់​ពី​ឧប្បតិ្តហេតុ ដែល​អ្នក​ភូមិ​ហៅ​ថា ជា​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សា ប្រពន្ធ​ពួក​គេ​បាន​ថ្លែង​ថា រឿង​រ៉ាវ​វា​មិន​ស៊ី​គ្នា​ទេ។

អ្នក​ស្រី ភូ បន្ត​ថា៖ «ប្តី​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​សមាគម។ គាត់​មិន​មែន​ជា​អ្នក​នយោបាយ​។ ពេល​ខ្លះ​ ខ្ញុំ​​ចូល​រួម​កិច្ច​ប្រជុំ​របស់​ ប៊ុន រដ្ឋា ជា​ប្រជាជន​សាមញ្ញ។ ក្នុង​ករណី​នោះ ប៊ុន រដ្ឋា ក៏​គ្មាន​ពិរុទ្ធ​ដែរ។ អ្វី​ដែល​គាត់​ធ្វើ គឺ​ជួយ​អ្នក​ភូមិ​បាន​ដី​ពី​ក្រុម​ហ៊ុន។ គាត់​បាន​ជោគជ័យ តែ​ក្រុមហ៊ុន​បាន​យក​វិញ​ហើយ»។

ក្នុង​ផ្ទះ​តូច​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​កន្លែង​បណ្តេញ​ចេញ​ដ៏​ធំ​នៅ​កម្ពុជា ថ្មីៗ​នេះ អ្នក​ស្រី ភូ ,គា និង​ ភីន បាន​និយាយ​អំពី​ភាព​អយុតិ្តធម៌ រហូត​ទាល់​ពួក​គេ​ស្អកក។

ពេល​ស្រ្តី​ទាំង​នោះ​និយាយ​ចប់ ​ក្មេង​ស្រី រិន ចន្ធី អាយុ ៦ ឆ្នាំ បាន​រត់​តាម​អ្នក​យក​ព័ត៌មាន ដើម្បី​និយាយ​ផ្តាំ​ផ្ញើ​បន្ថែម​ថា៖ «ខ្ញុំ​បាន​ដឹង​ថា​ ឪពុក​ខ្ញុំ​គាត់​ជាប់​ក្នុង​ពន្ធនាគារ​។ ខ្ញុំ​ចង់​ទៅ​ជួប​គាត់​នៅ​ទី​នោះ។ ខ្ញុំ​នឹក​គាត់​ណាស់​ពូ»។ ​សំឡេង​របស់​ក្មេង​ស្រី​ម្នាក់​នេះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​អស់​សង្ឃឹម គឺ​ដូច​គ្នា​នឹង​ម្តាយ​របស់​នាង​ដែរ​៕ TK

No comments:

Post a Comment

I like Blogger