សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

មន្ត្រី​ជិត​២ម៉ឺន​នាក់​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ

From Phnom Penh Post Monday, 28 January 2013 សែន ដាវីត 
130128_03
លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​ក្រុម​មន្ត្រី​រដ្ឋាភិ​បាល​ ដែល​សុទ្ធ​តែ​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​​​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ មន្រ្តី​រាជ​ការ​ចំនួន ១៩០៩៤ នាក់ បាន​ចូល​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សម្ងាត់​ក្នុង​អំឡុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា លើក​ទី​ពីរ​ ដែល​តម្រូវ​ឲ្យ​មន្រ្តី​រាជ​ការ​ទាំង​អស់​ ត្រូវ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សម្ងាត់ ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ទៅ​តាម​ការ​តម្រូវ​នៃ​ច្បាប់។ នេះ​បើ​តាម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

ការ​ប្រកាស​ទ្រព្យ សម្បត្តិ​ជា​លើក​ទីពីរ​នេះ ​គឺ​បាន​ចាប់​ផ្តើម កាល​ពី​ថ្ងៃ​ទី១​មករា ដល់​ថ្ងៃ​ទី៣​១ មករា ដោយ​តម្រូវ​ឲ្យ​មន្រ្តី​រាជការ​ទាំង​អស់ ត្រូវ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ ថ្ងៃ​សៅរ៍​ បាន​ឲ្យ​ដឹង​ថា ​ចំនួន​មន្រ្តី​ប្រកាស​ទ្រព្យសម្បត្តិ ដែល​ត្រូវ​បាន​រាប់​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥​ មករា​ គឺ​មាន​ចំនួន​១៩០៩៤ នាក់។ សេចក្តី​ប្រកាស​នេះ​បន្ត​ថា គ្រាន់​តែ​រយៈ​ពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ ​មករា មាន​​មន្រ្តី​ចំនួន​៨១៩​ នាក់​បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។ សេចក្តី​ប្រកាស​នេះ ឲ្យ​ដឹង​ទៀត​ថា៖ «ឥឡូវ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​ការ​ពេញ​មួយ​សប្តាហ៍​ និង​ថែម​ទាំង​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ ដើម្បី​ឲ្យ​ការ​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​រាជ​ការ ចប់​ទៅ​តាម​ថ្ងៃ​កំណត់ គឺ​ថ្ងៃ​ទី​៣១ មករា​»។​


លោក គាត ឈន់ ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សរសើរ​កិច្ចការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​។ ការ​​សរសើរ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ របស់​លោក គាត ឈន់​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​បាន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក ​កាល​ពី​ថ្ងៃ​សុក្រ។

លោក គាត ឈន់​បាន​ថ្លែង​ថា​៖ «ខ្ញុំ​កោត​សរសើរ​ចំពោះ​ការ​ងារ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ប្រឆាំង​អំពើ​ពុករលួយ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ពន្ធដារ»។

យ៉ាង ​ណា​ក្តី គណ​បក្ស​ប្រឆាំង ដែល​បាន​ប្រឆាំង​ជំទាស់​ទៅ​នឹង​មាត្រា​ នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សម្ងាត់​ចាប់​តាំង​ពី​​ច្បាប់​ប្រឆាំ​ង​ អំពើ​ពុក​រលួយ​​ ត្រូវ​បាន​អនុម័ត​យ៉ាង​ចម្រូង​ចម្រាស​មក​នោះ មើល​មិន​ឃើញ​ពី​ចំណុច​វិជ្ជ​មាន​ធំ​ដុំ​ដែល​កើត​ចេញ​ពី​ការ​ប្រកាស​ទ្រព្យ​ សម្បត្តិ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ពីរ​ឆ្នាំ​មក​ហើយ ដែល​ក្រុម​មន្ត្រី​បាន​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ ប្រកាស​ទ្រព្យ​សម្បត្តិ​។ ប៉ុន្តែ​រូបភាព​នៃ​ការ​ប្រព្រឹត្ត​ អំពើ​ពុករលួយ​ នៅ​តែ​កើត​មាន​ខ្លាំង​ជាង​មុន​ទៅ​ទៀត គ្រាន់​តែ​អ្នក​ប្រព្រឹត្ត​ មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​មុន​ប៉ុណ្ណោះ​។ លោក ​គូស​បញ្ជាក់​ថា​៖ «​នៅ​តែ​មាន​ការ​សូក​ប៉ាន់​ដដែល នៅ​តាម​ស្ថាប័ន​រដ្ឋ​ជា​ច្រើន។ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​ធំ នៅ​តែ​កើត​មាន​ដដែល​។ ការ​ផ្តល់​ដី​សម្បទាន ការ​លក់​ ឬ​ជួល​ទ្រព្យ​សម្បត្តិ​របស់​​រដ្ឋ​ដោយ​ស្ងៀម​ស្ងាត់ ពុំ​មាន​ការ​ដេញ​ថ្លៃ...គឺ​មាន​អំពើ​ពុករលួយ​ច្រើន​ណាស់​»។ លោក​យឹម សុវណ្ណ បាន​គូស​បញ្ជាក់​ទៀត​ថា ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ នៅ​តែ​រីក​រាល​ដាល​នេះ​ហើយ ទើប​រដ្ឋាភិបាល​ នៅ​តែ​គ្មាន​លទ្ធភាព​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​ឲ្យ​ បាន​សមរម្យ។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេពី​ម្សិល​មិញ​។

កាល ​ពី​ថ្ងៃ​ទី​២២ ខែ​មករា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក រួសរាន់​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ ដោយ​សារ​វា​ជិត​ដល់​ថ្ងៃ​ផុត​កំណត់ បន្ទាប់​ពី​រូប​លោក បាន​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​​រួច​ហើយ​៕ PS

រាយការណ៍​បន្ថែម សូ វិសាល




No comments:

Post a Comment

I like Blogger