សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

អង្គការ​អន្តរ​ជាតិពីរ ជំរុញ​កម្ពុជា​ដោះលែង​​អ្នក​​ជាប់​​ពន្ធ​នាគារ​​ ដោយ​​ការកាត់​​ទោស ​​មិន​​ត្រឹម​​ត្រូវ​​​​

ស៊ុន ណារិន VOD ថ្ងៃទី០៩​ មករា​ ២០១៣
people-with-wrongful-sentences 
អ្នកទោស ៤នាក់ ដែល​ត្រូវ​ស្នើ​ឲ្យ​ដោះលែង​ គឺអ្នកស្រី យ៉ោម បុប្ឋា, លោក ប៊ន សំណាង, លោក សុខ សំអឿន និងលោក ម៉ម សូណង់ដូ 
 
អង្គការ​អន្ត​រជាតិពីរ​ ដែលធ្វើការ​លើ​សិទ្ធិ​​មនុស្ស ​បាន​ផ្ញើ​​លិខិត​​ចំហរ​មួយ​​ទៅ​លោក​​នាយករដ្ឋ​​មន្រ្តី ហ៊ុន សែន នៅថ្ងៃ​​អង្គារ ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​មនុស្ស​​បួន​នាក់​ ដែល​​កំពុង​​ជាប់​​ឃុំ​ឃាំង ដោយការ​កាត់​ទោស​​មិន​​សម​​ហេតុ​​សម​ផល​។

លិខិត​​អំពាវ​​នាវ​​ឲ្យ​ដោះ​លែង​​នេះ ចុះថ្ងៃទី៨ ខែមករា​នេះ ធ្វើ​ឡើង​ដោយ​​សហព័ន្ធ​​អន្តរ​​ជាតិ ​ការពារ​សិទ្ធិ​មនុស្ស (FIDH)​ និង​អង្គការ​ប្រឆាំង​​ការ​ធ្វើ​ទារុណ​​កម្ម​​ពិភព​​លោក (OMCT)​ ដែល​​បង្ហាញ​ពីការ​ព្រួយ​​បារម្ភ​​ខ្ពស់​​លើ​ការ​​កាត់​​ទោស​​ខុស ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក​ម្ពុជា។
អង្គការ​ទាំងពីរ​បារម្ភយ៉ាង​ខ្លាំង​លើការ​កាត់​ទោស​មិន​ត្រឹមត្រូវ​​ មនុស្ស​​បួន​​នាក់ គឺ​សកម្មជន​​ដីធ្លី អ្នកស្រី យ៉ោម បុប្ឋា ប្រធាន​សមាគម​​អ្នក​​ប្រជា​ធិប​តេយ្យ លោក ម៉ម សូណង់ដូ និងអ្នក​ជាប់រឿង​ក្តីករណី​សម្លាប់ លោក ជា វិជ្ជា គឺ លោក ប៊ន សំណាង និង​សុខ សំអឿន។

អ្នកស្រី យ៉ោម បុប្ផា ត្រូវ​កម្លាំង​រដ្ឋាភិបាល​ចាប់ខ្លួន ​នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដោយ​ចោទ​​ពី​បទ​​ប្រើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​​ទម្ងន់​​ទោស ​និង​ត្រូវ​បាន​កាត់​​ទោស​​ឲ្យ​ជាប់​​ពន្ធនាគារ​​រយៈ​​ពេល ៣ឆ្នាំ ដោយ​ពិន័យ​ជាប្រាក់​​ចំនួន ១០លានរៀល។ ចំណែក លោក ម៉ម សូណង់ដូ ត្រូវបាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ ២០ឆ្នាំ។​
អង្គការ​ទាំងពីរ​ លើក​ឡើងថា ការកាត់​ទោស លោក ប៊ន សំណាង និង សុខ សំអឿន ស្ថិតក្នុង​លក្ខណៈ​នៃការ​បង្ខំឲ្យ​សារភាព ការ​លូក​ដៃ​ន​យោបាយ​ ការ​​បំភិត​​បំភ័យ​​​​សាក្សី និង​​ការ​រំលោភ​​​បំពាន​​​​ស្តង់​ដារ​​អន្តរ​ជាតិ​​ផ្សេងៗ។
កាល​ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​​២០១២ សាលាឧទ្ធរណ៍​បាន​សម្រេច​​​ផ្តន្ទាទោស ​លោក ប៊ន សំណាង និង សុខ សំអឿន ដាក់ពន្ធ​នាគារ ២០ឆ្នាំ ករណី​សម្លាប់​លោក ជា វិជ្ជា។
អង្គការ​ទាំងពីរ​ អំពាវ​នាវ​ឲ្យដោះលែង​ជា​បន្ទាន់​ និងគ្មាន​លក្ខខណ្ឌ​​អ្នកទាំងបួន​ ដើម្បី​បញ្ចប់​ការ​យាយី​ផ្នែក​តុលាការ​លើពួកគេ។
អង្គការ​ទាំងពីរ ក៏បាន​អំពាវ​នាវ​ឲ្យបញ្ឈប់​ការ​យាយី​ផ្នែក​តុលាការ​លើ លោក ចាន់ សុវ៉េត មន្ត្រីស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​​​មនុស្ស​អាដ​ហុក ​ដែល​កំពុង​ជាប់​បណ្តឹង​តុលាការ។​
VOD មិនទា​ន់អាចទាក់ទ​ងមន្រ្តី​រាជ​រដ្ឋា​ភិបាល ឆ្លើយតប​នឹងការ​អំពាវ​នាវ​របស់​អង្គការ​អន្តរជាតិ​ទាំងពីរ​ ឲ្យ​ដោះលែង​អ្នក​កំពុង​ជាប់​​ទោស​ទាំង​បួន​នាក់​នោះ​​បាន​នៅ​ឡើយ​ទេ តែ​កន្លង​ទៅ មន្រ្តី​រាជ​រដ្ឋា​ភិបាល​ លើក​ឡើងថា ​នេះជា​សិទ្ធិ​របស់​អង្គការ​អន្ត​រជាតិ​ទាំង​នោះ៕​

No comments:

Post a Comment

I like Blogger