សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 16, 2013

ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ​បញ្ឈប់​ការ​ជួល​កុមារ​កាប់​អំពៅ

Wednesday, 16 January 2013 Stuart White និង​ម៉ៃ ទិត​្យថា​រ៉ា Phnom Penh Post

130116_07
កុមារាសុខ ម៉ី អា​យុ១៣ឆ្នាំកំពុង​សក​អំពៅ​​នៅ​ចម្ការ​អំពៅ​ក្រុម​ហ៊ុន​ស្ករ​ស​ភ្នំពេញ​​​​កាល​ពី​ថ្ងៃទី ៣ មករា​។ រូបថត វីរៈ

កំពង់ស្ពឺៈ ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ​របស់​លោក លី យ៉ុងផាត់ ដែល​ជា​ព្រឹទ្ធ​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ជួល​កម្មករ ដោយ​ហាម​មិន​ឲ្យ​អ្នក​ម៉ៅ​ការ ​ជួល​កុមារ​ ធ្វើ​ការងារ​ទេ ខណៈ​ដែល​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក​ស្រី មូរ សុខហួរ មាន​គម្រោង​ចុះ​ទៅ​ក្រុមហ៊ុន​នេះ​ដើម្បី​ស៊ើប​អង្កេត​អំពី​ការ អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន។

បើ​យោង​តាម​លិខិត​របស់​ក្រុមហ៊ុន មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី៩ ខែ​មករា និង​ដែល​ចេញ​ប្រាំ​ថ្ងៃ បន្ទាប់​ពី​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​រៀប​រាប់​អំពី​ការ​ប្រើ​ពលកម្ម​កុមារ នៅ​ក្នុង​ចម្ការ​អំពៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​របស់​ក្រុមហ៊ុន នេះ ក្រុមហ៊ុន​បាន​ព្រមាន​ថា អ្នក​ម៉ៅ​ការ​ត្រូវ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​ជួល​កម្មករ​នៅ​ចម្ការ ជា​ពិសេស​ចំពោះ​ការ​ជួល​កម្មករ​ក្រោម​អាយុ​១៨​ឆ្នាំ ដែល​អាច​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន​៥ម៉ឺន​រៀល​ចំពោះ​ការ​ល្មើស ដំបូង និង​ត្រូវ​ផ្តាច់​កិច្ច​សន្យា​ចំពោះ​ការ​ប្រព្រឹត្ត​ល្មើស​ជា​លើក ទីពីរ។


ដោយ​ហៅ​អត្ថបទ​ចុះ​ផ្សាយ​ព័ត៌មាន​ថ្ងៃ​ទី៤ ខែ​មករា​ថា​«​មាន​ប្រយោជន៍​» ដែល​នាំ​ឲ្យ​លោក​ចាប់​អារម្មណ៍ ចំពោះ​បញ្ហា​នោះ នាយក​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ លោក សេង អែនឌី បាន​ថ្លែង​នៅ​ក្នុង​អ៊ីមែល​មួយ​ថា​ ក្រុមហ៊ុន​មិន​បាន​ដឹង​ថា អ្នក​ម៉ៅ​ការ កំពុង​ប្រើ​ពលកម្ម​កុមារ​ទេ ហើយ​បាន​កត់​សម្គាល់​ថា ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ម៉ៅ​ការ មាន​លើស​ពី​ការ​គ្រាន់​តែ«​ស្វែងរក​កម្មករ​ឲ្យ​បាន​ច្រើន​»។ លោក អែនឌី បាន​ថ្លែង​បន្ត​ថា​៖ «​[អ្នក​ម៉ៅ​ការ​]ត្រូវ​តែ​ឃ្លាំ​មើល​ការងារ ស្តង់ដារ​ច្បាប់ និង​ស្តង់ដារ​សីលធម៌ ដែល​តម្រូវ​ឲ្យ​មាន​»។ ​លោក​បន្ត​ថា​៖ «យើង​មិន​បាន​ដឹង​ថា​ អ្នក​ម៉ៅ​ការ​មួយ​ចំនួន...បាន​នាំ​កម្មករ​ក្រោម​អាយុ​មក​ចម្ការ​ទេ​។ ប៉ុន្តែ ​វា​ពិបាក​ណាស់​ប្រសិន​បើ​យក​ការ​មើល​តែ​មួយ​ភ្លែត ហើយ​កំណត់​ថា កុមារ​ដែល​គ្រាន់​តែ​មក​ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ នៅ​កន្លែង​ការងារ​ថា​ជា​កម្មករ​កុមារ​»។

ដោយ​លើក​ឡើង​ពាក់ព័ន្ធ នឹង​អត្ថ​បទ​ដូច​គ្នា​នោះ លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ក្នុង​គេហ​ទំព័រ​របស់​លោក​ស្រី​ថា លោក​ស្រី និង​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង​ដទៃៗ​ទៀត នឹង​ស្នើ​ចុះ​ទៅ​រោងចក្រ​នោះ ដើម្បី​ពិនិត្យ​បញ្ហា​នោះ​និង​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការងារ ទៅ​មនុស្ស​នៅ​ទីនោះ។

នៅ​ក្នុង​បទសម្ភាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ លោក​ស្រី​បាន​ថ្លែង​ថា លោក​ស្រី​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​លើក​ឡើង អំពី​បញ្ហា​នេះ ទៅ​សមាជិក​សភា​សហភាព​អឺរ៉ុប​ហើយ​លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា៖ « ក្រុមហ៊ុន​មិន​អាច​រួច​ខ្លួន​ងាយៗ​ដោយ​គ្រាន់​តែ​តាម​រយៈ​លិខិត​មួយ ច្បាប់​នេះ​ទេ​»។ លោក​ស្រី​មូរ សុខហួរ បាន​ហៅ​ការ​ប្រើប្រាស់​អ្នក​ម៉ៅ​ការ​ការងារ​នៅ​ចម្ការ​នោះ​ថា ជា​បញ្ហា​ធំ​មួយ។

លោក​ស្រី​បន្ត​ថា​៖ «ខ្ញុំ​មិន​គាំទ្រ​ក្រុមហ៊ុន​នេះ ដែល​ប្រើ​អ្នក​ម៉ៅ​ការ ដោយ​សារ​មនុស្ស​ទាំង​នេះ មិន​មែន​ជា​អ្នក​ម៉ៅ​ការ ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​»។ លោក​ស្រី​គូស​បង្ហាញ​ថា វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ក្លែង​បន្លំ​ឯកសារ និង​ការ​កេង​ប្រវ័ញ្ច។ លោក​ស្រី​បន្ត​ថា​៖ «​ពួក​គេ​ជា​ប្រជាជន​មូលដ្ឋាន។ ពួក​គេ​ខ្លះ​មិន​មាន​ដី ហើយ​កំពុង​ត្រូវ​បាន​ប្រើ​ដោយ​រោងចក្រ»។

ប៉ុន្តែ លោក អែនឌី បាន​ថ្លែង​ថា​ ហេតុផល​ចំពោះ​ការ​ប្រើប្រាស់​អ្នក​ម៉ៅ​ការ​ គឺ​ធម្មតា​ទេ គឺថា «វា​គឺ​ដើម្បី​ប្រសិទ្ធភាព​ប្រតិបត្តិការ​អាជីវកម្ម និង​ប្រសិទ្ធភាព​លើ​ការ​ចំណាយ»។ «​យើង​យល់​ថា វា​ស៊ី​ពេល​ណាស់​ក្នុង​ការ​គ្រប់គ្រង​កម្មករ​ដោយ​ខ្លួន​យើង​ផ្ទាល់​ ដូច្នេះ​យើង​ត្រូវ​តែ​ជួល​គេ​»។ លោក​បន្ត​ថា​៖«ក្រុមហ៊ុន​ស្ករស ភ្នំពេញ​ពេល​ខ្លះ​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រង​ការងារ​បែប​នេះ​ គ្រប់​ជ្រុងជ្រោយ​ទេ។ ​អ្វី​ទាំង​អស់​ ដែល​យើង​អាច​ធ្វើ គឺ​ធ្វើ​ការ​គ្រប់គ្រង​ដើម្បី​​គោល​ដៅ​អាជីវកម្ម និង​សិទ្ធិ​មនុស្ស ឲ្យ​មាន​តុល្យភាព​គ្នា»។

ទោះ​បី​យ៉ាង​ណា​ក្តី លោក​ស្រី មូរ សុខហួរ ​បាន​អះអាង​ថា អ្នក​ម៉ៅ​ការ បាន​ធ្វើ​ប្រតិបត្តិការ​ ការងារ​របស់​ពួក​គេ នៅ​ក្នុង​បរិយាកាស​មួយ ដែល​ជ្រើស​រើស​កម្មករ​ដែល​មាន​លក្ខណៈ​ងាយ​ទទួល​រង​គ្រោះ​បំផុត ហើយ​ការ​ហាម​ប្រាម​ពួក​គេ​ មិន​ឲ្យ​ជួល​កុមារ​ធ្វើ​ការ​ងារ​មិន​មែន​ជា​ការ​ដោះស្រាយ​បញ្ហា​នៅ​ឡើយ​ ទេ។

លោក​ស្រី​បាន​សួរ​ថា​៖ «កុមារ​មិន​ធ្វើ​ការងារ នោះ​វា​ជា​ចំណុច​វិជ្ជមាន។ ប៉ុន្តែ​តើ​ពួក​គេ​ទៅ​សាលា​រៀន​ឬ​អត់? ​តើ​ពួក​គេ​ទទួល​បាន​ការ​ចញ្ចឹម​ត្រឹមត្រូវ​ឬ​អត់​​?​តើ​ឪពុក​ម្តាយ​របស់ ​ពួក​គេ​ ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​ឬ​អត់?»។

លោក​ស្រី​បន្ត​ថា​៖ «​នេះ​គឺ​ដូច​ទៅ​នឹង​ការ​បោះ​មនុស្ស​ចូល​ទៅ​ក្នុង​កណ្តាល​សមុទ្រ​ហើយ​និយា​ យ​​ថា «ខំ​ហែល​ទៅ ប្រសិន​បើ​មិន​ចង់​លង់​ទឹក។ មនុស្ស​ទាំង​នោះ​កំពុង​លង់​ទឹក»។

យោង​តាម អ្នក​ស្រី ស្រួន ផល្លី អាយុ​៤៦​ ឆ្នាំ​ដែល​ជា​អ្នក​ភូមិ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា បញ្ហា​មិន​ប្រាកដ​ថា​ងាយ​ស្រួល​ដោះស្រាយ​ទេ។

បើ​ទោះ​បី​ជា​ប្តី របស់​អ្នក​ស្រី ផល្លី​ និង​កូន​បី​នាក់​របស់​អ្នក​ស្រី​ នៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​អំពៅ​នោះ​នៅ​ឡើយ​ក៏​ដោយ ក៏​កូន​ពៅ​ពីរ​នាក់​របស់​អ្នក​ស្រី​ ដែល​មាន​អាយុ​៩ ឆ្នាំ និង​១២​ឆ្នាំ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ទេ​ ចាប់​តាំង​ពី​​លិខិត​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​នោះ​ចូល​ជា​ធរមាន​។

នៅ​ពេល​ត្រូវ​សម្ភាស​កាលពី​ប្រហែល​២​សប្តាហ៍​មុន ​អ្នក​ស្រី​ ផល្លី ​បាន​ថ្លែង​ថា អ្នក​ស្រី​អាណិត​កូនៗ​របស់​អ្នក​ស្រី ​ហើយ​អ្នក​ស្រី​ចង់​ឲ្យ​ពួក​គេ​ ចាក​ចេញ​ពី​ការងារ ហើយ​បាន​ទៅ​រៀន​សូត្រ​នៅ​សាលា​។ អ្នក​ស្រី​បាន​ថ្លែង​ថា ប៉ុន្តែ​ឥឡូវ​នេះ​ ពួក​គេ​បាន​ចាក​ចេញ​ពី​ការងារ​ហើយ តែ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ កូន​ៗ​របស់​អ្នក​ស្រី​ នៅ​តែ​មិន​អាច​ទៅ​សាលា​ទៀង​ទាត់​បាន​​ដោយ​សារ​គ្រូ​កម្រ​ទៅ​បង្រៀ​ន​។ អ្នក​ស្រី ផល្លី បាន​ថ្លែង​បន្ត​ថា​៖ «ពួក​គេ​បាន​ប្រាប់​កូនៗ ប្រុស​​របស់​ខ្ញុំ​ថា​ កូន​ៗ​របស់​ខ្ញុំ​មិន​អាច​ធ្វើ​ការ​បាន​ទេ​]​ ហើយ​ហេតុ​ផល​គឺ​ដោយ​សារ​​ពួក​គេ​ភ័យ​ខ្លាច​កូនៗ​របស់​ខ្ញុំ អាច​នឹង​មាន​បញ្ហា​សុខ​ភាព​»។ អ្នក​ស្រី​បាន​កត់​សម្គាល់​ថា វា​គឺ​ដោយ​សារ​តែ​បញ្ហា​សុខភាព ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ បាន​បោះ​បង់​ការ​ងារ​របស់​អ្នក​ស្រី នៅ​ចម្ការ​នោះ​ប្រហែល​មួយ​ឆ្នាំ​កន្លង​ទៅ។

អ្នក​ស្រី​បន្ត​ថា ​ដោយ​សារ​កូនៗ​មិន​អាច​ជួយ​រក​ប្រាក់​ចំណូល​បាន អ្នក​ស្រី​ត្រូវ​តែ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ហើយ​លើក​នេះ ទៅ​ធ្វើ​ការ​ជា​អាជីវករ​លក់​នៅ​ផ្សារ​ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​នេះ។

អ្នក​ស្រី​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​លក់​មិន​ដាច់​ទេ​។ ​ខ្ញុំ​មិន​ដឹង​ថា​ តើ​អាច​រក​ប្រាក់​៨ម៉ឺន​រៀល​(២០ដុល្លារ​) យ៉ាង​ដូច​ម្តេច​ទេ​ដើម្បី​បង់​ថ្លៃ​កន្លែង​ប្រចាំ​ខែ»៕ PS

No comments:

Post a Comment

I like Blogger