សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 14, 2013

អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​ចោទ​​​អាជ្ញាធរ​ថា​​រំលោភ​យក​ដី​ជាង​១​ពាន់​ហិកតារ

សួន សុផលមុន្នី វិទ្យុអាស៊ីសេរី ថ្ងៃទី១៤ មករា ២០១៣

ប្រជាពលរដ្ឋ ២៤៦​គ្រួសារ នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត ទាមទារ​រក​យុត្តិធម៌​បញ្ហា​ដី​ស្រែ​ចម្ការ​​ទំហំ​ជាង ១​ពាន់​ហិកតារ។
ក្រុម​ពលរដ្ឋ​អះអាង​ថា មន្ត្រី​ថ្នាក់​ក្រោម​ឃុបឃិត​គ្នា​រៀបចំ​ឯកសារ​ដាក់​ជូន​អភិបាល​ខេត្ត​ចុះ​ ហត្ថលេខា​​កាត់​ដី​របស់​ពួកគាត់​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ និង​អង្គរក្ស​របស់​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជា​ច្រើន​នាក់។
ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ បាន​កម្រើក​ឡើង​ជា​ថ្មី ដោយសារ​តែ​ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ ក្នុង​នោះ​មាន​ទាំង​ក្រុម​និស្សិត​ផង បាន​ចុះ​វាស់វែង​ដី​នៅ​ភូមិ​ចំនួន​៣ កាត់​ដាក់​ចូល​ទៅ​​ក្នុង​ដែន​រដ្ឋបាល​គ្រប់គ្រង​របស់​អាជ្ញាធរ​ស្រុក​ ស្វាយចេក ឲ្យ​ស្រប​តាម​ការ​ចុះ​ហត្ថលេខា​ប្រគល់​ដី​ទាំង​អស់​របស់​អភិបាល​ខេត្ត។

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១២ ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ ក្នុង​នោះ​មាន​ក្រុម​និស្សិត​ផង បាន​ចុះ​វាស់​ដី​នៅ​ចំណុច​ភូមិ​ថ្នល់បត់ ដើម្បី​កាត់​ចូល​ទៅ​ដែន​រដ្ឋបាល​ស្រុក​ស្វាយចេក។ ការ​កាត់​ដី​នោះ ​គឺ​ដើម្បី​ឲ្យ​ការ​ចុះ​ហត្ថលេខា​ប្រគល់​ដី​ទៅ​ឲ្យ​មនុស្ស​ពាក់ព័ន្ធ​ទាំង​ អស់​របស់​អភិបាល​ខេត្ត​មាន​សុពលភាព។ លុះ​ដល់​ថ្ងៃ​ទី​១៨ និង ១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ពួក​គាត់​ធ្វើ​បាតុកម្ម​ នៅ​មុខ​សាលា​ឃុំ​អូរបីជាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​អាជ្ញាធរ​កាត់​ដី​ក្នុង​តំបន់​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ចូល​ទៅ​​ស្រុក​ស្វាយចេក។
ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ដី​នៅ​ក្នុង​ភូមិ​ចំនួន​បី​នោះ មាន​ភូមិ​ថ្នល់​បត់ ភូមិ​បន្ទាយថ្មី ភូមិ​អូរបីជាន់ ​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ បាន​កើត​មាន​ទំនាស់​ឡើង​តាំង​ពី​ឆ្នាំ​២០០៥។ នៅ​គ្រា​នោះ មាន​ឈ្មោះ សំ ផាន់ណារិទ្ធិ បាន​ចូល​ទៅ​កាន់កាប់​នៅ​ភូមិ​បឹងស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។
លោក សំ ផាន់ណារិទ្ធិ មាន​ឪពុក​ក្មេក​ឈ្មោះ វ៉ន សំបូរ។ លោក វ៉ន សំបូរ ជា​មេ​ភូមិ​បឹងស្នោ។ តាម​រយៈ​ឪពុក​ក្មេក​ជា​មេ​ភូមិ​នេះ​ហើយ ទើប​ខ្លួន​បាន​ចូល​ទៅ​បំពាន​យក​ដី​​របស់​ប្រជាពលរដ្ឋ។
ការ​បំពាន​នោះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ២៤៦​គ្រួសារ និង​ដី​ទំហំ​ជាង ១​ពាន់​ហិកតារ (១៣៥០.៥)។ ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​មាន​ពាក្យ​សុំ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី​ត្រឹមត្រូវ​ ហើយ​បាន​​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គ្រប់​ស្ថាប័ន ប៉ុន្តែ​ពុំ​មាន​ការ​ដំណោះ​ស្រាយ។
នៅ​ឆ្នាំ​២០១០ និង ២០១១ លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​កាត់​ដី​នោះ​ឲ្យ​​ទៅ​ឈ្មោះ​មនុស្ស​ជា​ច្រើន​នាក់។ ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ក្នុង​នោះ​មាន​ឈ្មោះ មុយ លីវ។ លោកស្រី មុយ លីវ ត្រូវ​អ្នក​ភូមិ​អះអាង​ថា ​ជា​ម្ដាយ​ក្មេក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។
ឈ្មោះ វ៉ាន៉ សារឿន ត្រូវ​គេ​អះអាង​ថា ជា​ក្មួយ​លោក ហេង សំរិន និង​អង្គរក្ស​ឈ្មោះ ដឹង វណ្ណា ជា​អង្គរក្ស​លោក ហេង សំរិន។ ក្រៅ​ពី​ឈ្មោះ​នេះ នៅ​មាន​ឈ្មោះ​មនុស្ស​ជា​ច្រើន​នាក់​ដែល​អ្នក​ភូមិ​អះអាង​ថា ពួកគេ​មាន​ឯកសារ​ជា​ភស្តុតាង។ ក្នុង​នោះ​មាន​ក្រុមហ៊ុន សេង ហុងហេង ហៅ ថុង (ប៊ុន សុង)។ ឈ្មោះ អ៊ួន ទិត ជា​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឈ្មោះ ​នៅ ព្រឿន ​ជា​ទាហាន​ប្រតិបត្តិការ​សឹក​ប្រចាំ​ទិស​ពាយ័ព្យ។ ឈ្មោះ ហាក់ ឈ្មោះ យី ភារម្យ ជា​មេភូមិ​បឹងស្នោ ទើប​ឡើង​ថ្មី។ ឈ្មោះ សំ ផាន់ណារិទ្ធិ និង​ឈ្មោះ ឃួន វណ្ណា។ ក្រុម​មនុស្ស​ទាំង​នេះ​សុទ្ធ​តែ​មាន​ចំណែក​ដី​នៅ​តំបន់​ដី​ជម្លោះ​នោះ​ជា​ ច្រើន​រយ​ហិកតារ។
លោក​ថា ទន មេ​ភូមិ​ថ្នល់​បត់ បាន​ឲ្យ​ដឹង​ថា ដី​ដែល​ខេត្ត​ប្រគល់​ជូន​អ្នក​មាន​ឈ្មោះ​ទាំង​នេះ ​មិន​ស្ថិត​នៅ​ភូមិ​ថ្នល់បត់ ទេ គឺ​នៅ​ក្នុង​ភូមិ​បឹងស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ប៉ុន្តែ​​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ចំណារ​កាត់​ដី​របស់​អភិបាល​ខេត្ត ​ទើប​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១២ ក្រុម​ការងារ​ គ្រប់គ្រង​ដី​រដ្ឋ ​ក្នុង​នោះ​មាន​ក្រុម​និស្សិត​ផង​ បាន​ចុះ​វាស់​ដី​នៅ​ចំណុច​ភូមិ​ថ្នល់​បត់ កាត់​ចូល​ក្នុង​ការ​គ្រប់គ្រង​ស្រុក​ស្វាយចេក វិញ ដើម្បី​ឲ្យ​ការ​ចុះ​ហត្ថលេខា​ទាំង​អស់​របស់​អភិបាល​ខេត្ត​មាន​សុពលភាព។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ធគា ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​ទំនាស់​ដីធ្លី​នេះ បាន​ថ្លែង​ថា ដី​ទំហំ​ជាង ១​ពាន់​ហិកតារ​មាន​ប្រជាពលរដ្ឋ​ចំនួន ២៤៦​គ្រួសារ។ ក្នុង​ចំណោម ២៤៦​គ្រួសារ មាន​ប្រជាពលរដ្ឋ ៣​ភូមិ។ ក្នុង​នោះ​មាន​ភូមិ​​ថ្នល់បត់ ភូមិ​អូរបីជាន់ និង​ភូមិ​បន្ទាយថ្មី ស្ថិត​នៅ​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
បញ្ហា​នេះ​បាន​ធ្វើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់បត់ បាត់​បង់​ដីស្រែ​ចម្ការ។ ដូច្នេះ​ហើយ​ទើប​នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ពួក​គាត់​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​ឃុំ​អូរបីជាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​អាជ្ញាធរ​កាត់​ដី​ក្នុង​តំបន់​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ចូល​ទៅ​​ស្រុក​ស្វាយចេក។
ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា អ្នក​ចូល​រួម​ប្រគល់​ដី​ឲ្យ​ទៅ​ឈ្មោះ​ខាង​លើ​ដែល​បាន​ចេញ​មុខ​ជាង​គេ មាន​លោក សោម សូខេន ជា​មន្ត្រី​អន្តរ​វិស័យ​សាលា​ខេត្ត​ និង​លោក​ អ៊ុក កែវរតនៈ ​ជា​លេខា​របស់​លោក​អភិបាល​ខេត្ត ព្រម​ទាំង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត។ ពួក​គាត់​​ថា មន្ត្រី​ទាំង​ពីរ​នាក់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​ដោះស្រាយ​មិន​ បាន។ មន្ត្រី​ទាំង​ពីរ​ជា​អ្នក​ផ្សំ​គ្រឿង​ជូន​ឲ្យ​អភិបាល​ខេត្ត​ជា​អ្នក​ចុះ​ ហត្ថលេខា​ប្រគល់​ដី​ឲ្យ​សាច់​ញាតិ​សំខាន់​របស់​មន្ត្រី​ក្នុង​ជួរ​ រដ្ឋាភិបាល។
ក្រុម​អ្នក​ភូមិ​បាន​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បាន​ដី​មក​វិញ ពួក​គាត់​បាន​រៃ​អង្គាស​លុយ​គ្នា​អស់​រាប់​ពាន់​ដុល្លារ​យក​ទៅ​ឲ្យ​មន្ត្រី​ នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ តែ​ពួក​គេ​មិន​ព្រម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​ហើយ​ទើប​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ តំណាង​ប្រជាពលរដ្ឋ​បាន​ប្ដឹង​មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​អង្គភាព​នេះ​ចាត់​វិធានការ​​ទៅ​តាម​ច្បាប់៕

No comments:

Post a Comment

I like Blogger