សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 10, 2013

លោក ហ៊ុន សែន ឲ្យ​ក្រសួង​យុត្តិធម៌​ពិចារណា​លើក​លែង​និង​បន្ថយ​ទោស​ទណ្ឌិត​ថៃ ២ រូប

Friday, 11 January 2013 វង្ស សុខេង Phnom Penh Post

130111_08
ទណ្ឌិតវីរ៉ា ស៊ុម​ខ្វាម​ឃី​ដ ​សកម្ម​ជន​ក្រុម​អាវ​លឿង​ថៃ​ដែល​នឹង​ត្រូវ​បន្ថយទោស​។ រូបថត លីណា
 
ភ្នំពេញៈ លោក ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​លើ​ លទ្ធភាព​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ថៃ​ពីរ​នាក់ ​គឺ​លោក​ វីរ៉ា ស៊ុម​ខ្វាម​ឃីត និង​នាង រ៉ាទ្រី ពីប៉ាតាណា​ប៉ៃប៊ូន ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។
ក្រសួង​ការ​បរទេស បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​លើក​​លែង​ទោស​ទណ្ឌិត ​រ៉ាទ្រី ​ពីប៉ាតាណា​ប៉ៃ​ប៊ូន ​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ វីរ៉ា ​ស៊ុម​ខ្វាម​ឃីត​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ចំពោះ​ព្រះ​បរមសព​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច ព្រះ ​នរោត្ដម ​សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក៏ ​បាន​បញ្ជាក់​ថា៖ «បច្ចុប្បន្ន ក្រសួង​យុត្តិធម៌​កំពុង​ធ្វើ​ការ​សិក្សា​ករណី​នេះ​ ហើយ​នឹង​សម្រេច​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ លោក​ស្រី យីងឡាក់ បាន​ស្នើ​សុំ​(លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន) ឲ្យ​ពិចារណា​ពី​លទ្ធភាព​លើក​លែង​ទោស​ដល់​ទណ្ឌិត​ថៃ ដែល ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំង​ពីរ​នាក់​នេះ។ ​នៅ​ថ្ងៃ​នេះ​ទៀត(ថ្ងៃ​ទី១០ មករា​ ២០១៣) លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏​បាន​លើក​សំណូម​ពរ​ដូច​គ្នា​នេះ​ ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ជាថ្មី​ម្ដង​ទៀត»។
លោក វីរ៉ា ស៊ុមខ្វាមឃីត ជា​មេ​ដឹក​នាំ​សម្ព័ន្ធ​ប្រជា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ឬ​ហៅ​ថា «ក្រុម​អាវ​លឿង» និង​លេខា​របស់​គាត់​ឈ្មោះ រ៉ាទ្រី ពី​ប៉ាតាណា​ប៉ៃប៊ូន ត្រូវ​បាន​ចាប់​ខ្លួន កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០១០ រួម​ជាមួយ​មនុស្ស​៥​នាក់​ទៀត​ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ដែន​កម្ពុជា​ខុស​ច្បាប់ ចូល​មក​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។
អ្នក​ទាំង​ពីរ​នាក់​នេះ កំពុង​មាន​ទោស​ជាប់​ពន្ធនាគារ​ម្នាក់​រយៈ​ពេល​៨​ឆ្នាំ​ និង​ម្នាក់​រយៈពេល​៦​ឆ្នាំ បន្ទាប់​ពី​ត្រូវ​តុលាការ​កាត់​ទោស​ពី​បទ​លួច​ចូល​ដោយ​ខុស​ច្បាប់​ទៅ​ ក្នុង​បន្ទាយ​យោធា ដែល​មាន​ការ​យាមកាម​តឹងតែង​និង​ធ្វើ​ចារកម្ម​។
ខណៈ ​ក្រុម​មន្រ្តី​មាន​ភាព​ស្ងៀមស្ងាត់​ពី​ម្សិលមិញ​អំពី​បញ្ហា​ណា​មួយ ​ដែល​អាច​កើត​មាន​ចំពោះ​ការ​ដោះលែង​លោក វីរ៉ា និងអ្នក​នាង រ៉ាទ្រី ខណៈ​កំពុង​មាន​បញ្ហា​នយោបាយ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ក្រុម​អ្នក​វិភាគ​ថ្លែង​ថា មិន​មាន​អ្វី​សង្ស័យ​ទេ ការ​ធ្វើ​បែប​នេះ អាច​នឹង​ប្តូរ​យក​វិធានការ​ស្ថិរភាព​សម្រាប់​ប្រទេស​ទាំង​ពីរ។
លោក ឡៅ​ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា ​ខណៈ​កំពុង​រង់ចាំ​ការ​បក​ស្រាយ​សាលក្រម​តុលាការ​អន្តរជាតិ ពាក់ព័ន្ធ​បញ្ហា​តំបន់​ប្រាសាទ​ព្រះវិហារ នឹង​អាច​មាន...ការ​ប្រឆាំង​ក្នុង​ប្រទេស​ថៃ​ និង​ប្រតិកម្ម​ពី​ក្រុម​អាវ​លឿង ដែល​អាច​កើត​មាន​ចំពោះ​លោក​ស្រី​យីងឡាក់។
«ប្រហែល​ជា​កាយវិការ ឆន្ទៈ​ល្អ​របស់​កម្ពុជា និង​អាច​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ឬ​យ៉ាង​ហោច​ក៏​ជួយ​រក្សា​ឆន្ទៈ​ល្អ​ពី ពួក​អាវ​លឿង»។
លោក Manasvi Srisodapol អគ្គ​នាយក​ផ្នែក​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ថៃ បាន​ថ្លែង​ថា លោក​មិន​អាច​ព្យាករ​អំពី​ផល​ប៉ះពាល់​បាន​ទេ​ ប៉ុន្តែ​បាន​បញ្ជាក់​ថា សំណើ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​ខ្លាំង​ណាស់។
លោក​បន្ត​ថា៖ «អ្វី​ដែល​ខ្ញុំ​អាច​និយាយ គឺថា វា​ប្រាកដ​ណាស់​ថា វា​ជា​កាយវិការ​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​គួរ​ឲ្យ​ស្វាគមន៍​ណាស់»។ លោក​កត់​សម្គាល់​ថា លោក​ស្រី​ យីងឡាក់ បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​ជា​សាធារណៈ​ស្រដៀង​គ្នា​ដែរ បន្ទាប់​ពី​ពាក្យ​សម្តី​នៃ​សំណើ​នោះ បាន​លេច​ចេញ​កាលពី​ព្រឹក​ម្សិលមិញ។
ទោះ ​យ៉ាង​ណា ក្រសួង​យុត្តិធម៌​កម្ពុជា​នៅ​កំពុង​ពិនិត្យ​សំណើ​នៅ​ឡើយ​កាល​ពី រសៀល​ម្សិលមិញ។ នេះ​បើ​យោង​តាម លោក សំ ប្រជាមានិត​ នាយក​ខុទ្ទកាល័យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​។
លោក​បាន​ថ្លែង​ថា ៖ «វា​លឿន​ពេក​យើង​មិន​ទាន់​អាច​ធ្វើ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​នេះ​បាន​ទេ ​ប៉ុន្តែ ក្រុម​មន្រ្តី​នៅ​ក្រសួង​បាន​និង​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ និង​បញ្ហា​ដែល​អាច​កើត​មាន​ពី​ប្រជាជន ហើយ​នឹង​ធ្វើ​ការ​សម្រេច​មុន​ពេល​ផ្ញើ​លិខិត​នោះ​ទៅ​នាយក​រដ្ឋ មន្រ្តី​វិញ​»។
បើ​យោង​ទៅ​តាម​ច្បាប់​កម្ពុជា និង​ការ​លើក​ឡើង​ដោយ​មន្រ្តី​កម្ពុជា​ដែល​បាន​ច្រាន​ចោល​នូវ​សំណើ​កាល ពី​ពេល​មុនៗ​របស់​អាជ្ញាធរ​ថៃ ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ តម្រូវ​ឲ្យ​មាន​ការ​ជាប់​ពន្ធនាគារ​២​ភាគ​៣​នៃ​ទោស​សិន។
ព្រះ​ អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​លើក​លែង​ទោស ឬ​កាត់​បន្ថយ​ចំនួន​ទោស ត្រូវ​បាន​ដាក់​ទៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​នឹង​«ឡាយ​១០០​ភាគ​រយ​ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​ មន្រ្តី​»។
លោក Carlyle Thayer ​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ថ្លែង​ថា​ ការ​ធ្វើ​បែប​នេះ​វា​ជា​ជំហាន​ដ៏​ល្អ​មួយ។
លោក ​ថា៖ «វា​ជា​សេចក្តី​សម្រេច​មួយ​ដែល​នឹង​លុប​ចោល​បញ្ហា​ដែល​អាច​កើត​មាន​នៅ មុន​ពេល​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​ក៏​បង្ហាញ​ថា វា​អាច​ទៅ​រួច​សម្រាប់​មេ​ដឹក​នាំ​ទាំង​ពីរ លោក ហ៊ុន សែន និង​លោក​ស្រី យីងឡាក់ ដែល​ធ្វើ​ការ​ដោះ​ស្រាយ​លើ​បញ្ហា​នេះ​ជាមួយ​គ្នា​»។
ប៉ុន្តែ​លោក​ក្រើន​រំឭក​ថា ការ​ដោះ​លែង​អ្នក​ទាំង​ពីរ មិន​ទំនង​ជា​បញ្ចប់​ទំនោរ​ជាតិ​និយម​របស់​ថៃ​នោះ​ទេ។
លោក ​បន្ត​ថា​៖ «ទោះ​យ៉ាង​ណា​ក៏​ប្រហែល​ជា មិន​អាច​កើត​មាន​បញ្ហា​ច្រើន ចំពោះ​ការ​ដោះ​លែង​នេះ​ដែរ ​ប៉ុន្តែ​សេចក្តី​សម្រេច ICJ ប្រាកដ​ណាស់​អាច​ដុត​បញ្ហា​អតីតកាល​ឲ្យ​ឆេះ​ឡើង​វិញ​»៕ PS/PN

No comments:

Post a Comment

I like Blogger