សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 18, 2013

កម្មករ​រោងចក្រ​បី​ធ្វើ​កូដកម្ម មួយ​មាន​ហិង្សា​ដាក់​គ្នា

Friday, 18 January 2013 មុំ គន្ធា Phnom Penh Post
130118_07
កម្មកររោងចក្រ International Fashion Royal​​ ជាង​២០០​នាក់​ ធ្វើ​កូ​ដកម្ម​កាល​ពី​ម្សិល​មិញ​។ រូបថត ហុង មិនា
 
កំពង់ស្ពឺៈ អ្នក​តវ៉ា​ពីរ​នាក់ និង​បុគ្គលិក​រោងចក្រ​បី​នាក់​នៅ​រោងចក្រ​វីនស៊ីនអ៊ិនតែល នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​រងរបួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ព្រឹក​ម្សិលមិញ។
លោក វណ្ណ ប៊ុន សកម្មជន​សហជីព​សេរី​កម្មករ​ដែល​ត្រូវ​គេ​វាយ​ដំ​ឲ្យ​រងរបួស​ដៃ​ទាំង​ពីរ​ ថ្លែង​ពី​ម្សិលមិញ​ថា ខាង​សហជីព​របស់​ក្រុមហ៊ុន​យក​មីក្រូ​មក​ចាក់​បំពង​សំឡេង​រំខាន​ការ​តវ៉ា ពេល​នោះ​កម្មករ​ចង់​ប្តូរ​ទៅ​តវ៉ា​ក្នុង​បរិវេណ​រោងចក្រ​ឲ្យ​ដូច​សហជីព​ រោងចក្រ​ដែរ តែ​គេ​រារាំង​ក៏​ផ្ទុះ​អំពើ​ហិង្សា​រវាង​ភាគី​ទាំង​ពីរ​តែ​ម្តង។
លោក​ថា៖ «មាន​ការ​រុញ​ច្រាន​គ្នា​ទៅវិញ​ទៅមក នៅ​ពេល​ពួក​យើង​ឃាត់​បុគ្គលិក​រដ្ឋបាល​រោងចក្រ​មិន​ឲ្យ​ថត​វីដេអូ​តាម​ ទូរស័ព្ទ ហើយ​ក៏មាន​កម្មករ​ម្នាក់​និង​សកម្មជន​សហជីព​ម្នាក់ ប្រើ​បំពង់​ទីប​វាយ​មក​លើ​ខ្ញុំ និង​កម្មករ​ឯទៀត»។
លោក ប៊ុន ថា អំពើ​ហិង្សា​នេះ​ធ្វើ​ឲ្យ​កម្មករ​ម្នាក់​និង​លោក​រងរបួស ហើយ​លោក​បាន​ប្ដឹង​មន្ត្រី​ក្រុមហ៊ុន​ដែល​ប្រើ​ហិង្សា​លើ​កម្មករ នោះ​ទារ​សំណង​ជំងឺ​ចិត្ត​ផង។

កម្មករ​ជាង​៧០០​នាក់ មក​ពី​រោងចក្រ​កាត់​ដេរ​វីនស៊ីនអ៊ិនតែល​បាន​ធ្វើ​ការ​តវ៉ា​ជាច្រើន​ថ្ងៃ​ហើយ ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​៧០​ដុល្លារ ឲ្យ​កម្មករ​បីនាក់​ចូល​ធ្វើ​ការ​វិញ និង​អត្ថប្រយោជន៍ ជា​ច្រើន​ចំណុច​ទៀត។
លោក កង វ៉ាន់ណែត ប្រធាន​រដ្ឋបាល​រោងចក្រ​វីនស៊ីនអ៊ិនតែល​ដែល​រងរបួស​ក្បាល រហែក​អាវ និង​ខូច​ទូរស័ព្ទ​ដៃ​ប្រាប់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុម​សហជីព​សេរី​កម្មករ និង​តំណាង​កម្មករ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​និង​បុគ្គលិក​លោក។ លោក​បន្ត​ថា៖«ខ្ញុំ​មិន​ដឹង​អ្វី​ទេ ហេតុ​អ្វី​ពួក​គេ​វាយ​ខ្ញុំ ហែក​អាវ និង​បង្ខូច​ទូរស័ព្ទ​ខ្ញុំ?»។ លោក​កំពុង​ធ្វើ​ការ​ស្រាប់​តែ​ក្រុម​កម្មករ​លើក​គ្នា​ទៅ​វាយ​លោក និង​បុគ្គលិក​ផ្សេង​ទៀត។
លោក​ឲ្យ​ដឹង​បន្ត​ថា ក្រុម​មន្ត្រី​តុលាការ​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​រោងចក្រ និង​ប្រកាស​ដីកា​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈពេល​៤៨​ម៉ោង បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​លែង​ជា​កម្មករ​នៅ​រោងចក្រ​នេះ​ទៀត​ហើយ។លោក​អះអាង​ថា៖ «យើង​នឹង​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​ក្រុមហ៊ុន បើ​សិន​ពួក​គេ​មិន​មក​ធ្វើ​ការ តាម​ដីកា​បង្គាប់​របស់​តុលាការ​ទេ»។
ដូចគ្នា​ដែរ តំណាង​កម្មករ​២០០​នាក់​នៅ​រោងចក្រ International Fashion Royal នៅ​ខណ្ឌដង្កោ ក៏​បាន​ហែ​ក្បួន​តវ៉ា​ទៅ​ក្រសួង​ការងារ​សុំ​អន្តរាគមន៍ ប៉ុន្តែ​ត្រូវ​បក​មក​រង់ចាំ​ដំណោះស្រាយ​វិញ។
កម្មការិនី ហែម ស៊ីថា តំណាង​កម្មករ​ថា៖ «គេ​ប្រាប់​យើង​ឲ្យ​ទៅ​រោងចក្រ​វិញ ទុក​តែ​តំណាង​បួន​នាក់​ឲ្យ​ទៅ​ចរចា​ជាមួយ​ក្រុមហ៊ុន​និង​ក្រសួង»។ ស៊ីថា បន្ត​ថា កម្មករ​នឹង​ធ្វើ​យុទ្ធនាការ​ថ្មី បើ​សិន​ការ​ទាមទារ​មិន​បាន​សម្រេច​ផល។ កម្មករ​រោងចក្រ​នេះ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ដល់​៩៣​ដុល្លារ និង​សុំ​សម្រួល​ស្ថានភាព​ការងារ​ឲ្យ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ។
ជាមួយ​នេះ​ដែរ កម្មករ​រាប់​ពាន់​នាក់​នៅ​រោងចក្រ​កាត់​ដេរ Gladpeer នឹង​នាំ​គ្នា​ដើរ​ក្បួន​តវ៉ា​ចាប់​ពី​រោងចក្រ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ទៅ​ កាន់​រដ្ឋសភា​នៅ​ថ្ងៃ​សុក្រ មក​សុំ​ឲ្យ​តំណាងរាស្ត្រ​ជួយ​ពួក​គេ។
មន្ត្រី​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ​លោក ង៉ែត សុខុម អះអាង​ថា៖«ថ្ងៃ​នេះ​កម្មករ​ជាង​៣​ពាន់​នាក់​មក​ធ្វើ​ការ​តវ៉ា​នៅមុខ​រោងចក្រ យើង​នឹង​ដើរទៅ​កាន់​រដ្ឋ​សភា​នៅ​ថ្ងៃ​ស្អែក ព្រោះ​យើង​ចង់​ឲ្យ​តំណាងរាស្ត្រ​ជួយ​ពួក​យើង»។ ថៅកែ​រោងចក្រ​ខោអាវ​ទ្រនាប់​នេះ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​បិទ​ក្រុមហ៊ុន និង​រត់​គេច​ខ្លួន ខណៈ​មិន​ទាន់​បើក​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ដល់​ក្រុម​កម្មករ​នោះ៕ PN


No comments:

Post a Comment

I like Blogger