សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 24, 2013

ស្នងការ​រាជធានី​ព្រមាន​នគរបាល​ស្លៀក​ស៊ីវិល

Thursday, 24 January 2013 ប៊ុត រស្មីគង្គា Phnom Penh Post
130124_08  លោក ជួន សុវណ្ណ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី បាន​ព្រមាន​ថា នឹង​ចាត់​វិធានការ​ប្រឆាំង​នគរបាល​ទាំង​ឡាយ​ណា​ដែល​មិន​ពាក់​ឯក សណ្ឋាន​នៅ​ពេល​ចុះ​បំពេញ​ការងារ ខណៈ​កម្លាំង​នគរបាល​មួយ​ចំនួន បាន​ស្លៀក​ពាក់​ស៊ីវិល ​នៅ​ពេល​ចុះ​ចាប់​ខ្លួន​ជន​សង្ស័យ ឬ​បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ដល់​ស្ថាប័ន​នេះ។

លោក​ឧត្តម​សេនីយ៍​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី បាន​ព្រមាន​ថា ដើម្បី​ធានា​ការ​គោរព​តាម​វិធាន និង​វិន័យ​នគរបាល ស្នងការ​រាជធានី​នឹង​ចាត់​វិធានការ ប្រឆាំង​នឹង​នគរបាល​ទាំង​ឡាយ​ណា ដែល​មិន​ពាក់​ឯកសណ្ឋាន ក្នុង​អំឡុង​ពេល​បំពេញ​ភារកិច្ច។

នគរបាល​រូប ណា​ដែល​ពាក់​ឯក​សណ្ឋាន​ស៊ីវិល​ហើយ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ ឬ​បើក​បរ​ដេញ​តាម​អ្នក​បើក​ម៉ូតូ ឬ​រថយន្ត ដើម្បី​ជំរិត​ទារ​ប្រាក់​ នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​។ លោក​ថ្លែង​បែប​នេះ ទៅ​កាន់​មន្ត្រី​នគរបាល​ចំនួន ២៤០ នាក់ ដែល​ជា​មេ​ប៉ុស្ត៍ ​មេ​ប៉ុស្តិ៍​រង​ និង​នគរបាល​ខណ្ឌ ក្នុង​អំឡុង​កិច្ច​ប្រជុំ នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ដើម្បី​គោរព​វិធាន និង​វិន័យ​នគរបាល ក៏​ដូច​ជា​ចៀស​វាង​ការ​បំភ័យ​មនុស្ស​សាមញ្ញ ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​កង​កម្លាំង​នគរ​បាល​ទាំង​អស់ ដែល​កំពុង​បំពេញ​ភារកិច្ច​ ត្រូវ​ពាក់​ឯក​សណ្ឋាន​នគរបាល​»។
ប្រសិន​បើ​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ពាក់​ឯក​សណ្ឋាន ហើយ​បាន​ឃើញ​ជន​សង្ស័យ ឬ​ជន​ប្រព្រឹត្ត​ល្មើស​ នៅ​ទី​កន្លែង​ណា​ក៏​ដោយ​ ពួក​គេ គួរ​ទាក់​ទង​ទៅ​នគរបាល​មូលដ្ឋាន ដែល​កំពុង​បំពេញ​ភារ​កិច្ច​ក្បែរ​នោះ ដើម្បី​ធ្វើ​អន្តរាគមន៍ ឬ​សហការ។ លោក​ប្រកាស​ថា៖ «​ខ្ញុំ​សូម​ព្រមាន​ថា មន្រ្តី​នគរបាល​ទាំង​ឡាយ​ដែល​ពាក់​ឯក​សណ្ឋាន​ស៊ីវិល ហើយ​លាក់​ខ្លួន​តាម​ផ្លូវ ឬ​កន្លែង​ផ្សេង​ទៀត ដើម្បី​បញ្ឈប់ ត្រួត​ពិនិត្យ ឬ​ចាប់​ខ្លួន​មនុស្ស ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​វា​បំភ័យ​ប្រជាជន»។

លើស​ពី​នេះ​ទៀត​លោក​ស្នងការ បាន​បញ្ជា​ឲ្យ​នគរបាល​ទាំងអស់ គោរព​សិទិ្ធ​មនុស្ស​ឲ្យ​បាន​តឹងរ៉ឹង ក្នុង​អំឡុង​ពេល​បំពេញ​ភារកិច្ច បើ​ទោះ​បី​ជា​ត្រូវ​ចាប់​ខ្លួន​ជន​សង្ស័យ​ ឬ​ត្រូវ​សាក​សួរ​ពួក​គេ​ក៏​ដោយ។ លោក​ក៏​បាន​បញ្ជា​ឲ្យ​នគរបាល​សង្កាត់ និង​ខណ្ឌ​ទាំង​អស់​ ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អាវុធ ឬ​ជាតិ​ផ្ទុះ​ ក្នុង​អំឡុង​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះ​មហាវីរ​​ក្សត្រ នរោត្តម សីហនុ ដែល​នឹង​រៀបចំ​ពី​ថ្ងៃ​ទី ១ ដល់ ៤ ខែ​កុម្ភៈ ​ខាង​មុខ។

លោក សួន ប៊ុនធឿន អ្នក​សម្រប​សម្រួល​គម្រោង​ការពារ​សិទិ្ធ​មនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ស្វាគមន៍ បទ​បញ្ជា​របស់​លោក ជួន សុវណ្ណ​ ប៉ុន្តែ លោក​ចោទ​សួរ​ថា តើ​កម្លាំង​នគរបាល​នឹង​គោរព​តាម​បទ​បញ្ជា​នេះ​ឬ​អត់​? ​លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖«​ខ្ញុំ​បាន​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ មាន​នគរបាល​ពាក់​ឯក​សណ្ឋាន​ស៊ីវិល ​បើក​ម៉ូតូ​ដេញ​តាម​រថយន្ត​ឈ្នួល ឬ​អ្នក​បើក​ម៉ូតូ ក្នុង​គោល​បំណង​ជំរិត​ទារ​ប្រាក់​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​អនាធិបតេយ្យ»។ លោក​បន្ត​ថា​៖ «​ក្នុង​នាម​ឲ្យ​សង្គម​ស៊ីវិល ខ្ញុំ​កោត​សរសើរ​បទ​បញ្ជា​របស់​គាត់។ ប៉ុន្តែ ដើម្បី​ធានា​ថា នគរបាល​នឹង​គោរព​បទ​បញ្ជា​នេះ​ ខ្ញុំ​ស្នើ​ថា គួរ​តាម​ដាន​ការ​អនុវត្ត​បញ្ជា​នេះ​ជាក់​ស្តែង»៕ TK

No comments:

Post a Comment

I like Blogger