សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 1, 2013

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ដាក់​បណ្តា​សា​មន្ត្រី​តុលាការ

Tuesday, 01 January 2013 ឃុត សុ​ភ​ចរិយា Phnom Penh Post
ភ្នំពេញៈ ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជាង​៦០​នាក់ មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា និង​ថ្ម​គោល ដែល​មាន​ជម្លោះ​ដី​ធ្លី ដ៏​រុំារ៉ៃ បាន​ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​ការ​បាច​អំបិល និង​សម្ភារ​ផ្សេង​ទៀត ដាក់​បណ្តាសា ទៅ​លើ​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​អ្នក​សម​គំនិត ឲ្យ​ជួប​តែ​«សេចក្តី​វិនាស​អន្តរាយ​»​ជា​អ្វី​ដែល​ពួក​គេ​ហៅ​ថា កាត់​ក្តី​ដោយ​អយុត្តិធម៌​ធ្វើ​ការ​ផ្តន្ទា​ទោស​សកម្មជន​របស់​ពួក​គេ ដែល​ជា​ជន​គ្មាន​កំហុស​។

នៅ​ក្នុង​ពិធី​បែ​បន់​ដាក់​បណ្ដាសា​នេះ គេ​សង្កេត​ឃើញ​ក្រុម​អ្នក​ភូមិ​ បាន​នាំ​គ្នា​អុជ​ធូប ​បាច​អង្ករ អំបិល​ ម្ទេស និង​លុយ​ដុល្លារ​ខ្មោច​ចូល​ទៅ​ក្នុង​បរិវេណ​តុលាការ រួម​ទាំង​ពាក្យ​បណ្ដាសាជា​ច្រើន ទៅ​លើ​ក្រុម​មន្ត្រី​តុលាការ​ ទាំង​ឡាយ​ណា ដែល​បាន​ឃុបឃិត​ជា​មួយ​ជន​ទុច្ចរិត ប្រព្រឹត្ត​អំពើ​អាក្រក់​ កាត់​ក្ដី​ដោយ​អយុត្តិធម៌ មក​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ ពិសេស​លើ​ក្រុម​ស្ត្រី ដែល​ជា​សកម្មជន​ដីធ្លី​ ក្នុង​សហគមន៍​បឹងកក់ ឲ្យ​ជួប​ប្រទះ​តែ​«​សេចក្ដី​វិនាស​ហិន​ហោច អន្តរាយ និង​ស្លាប់​ទាន់​ហន់»។


ក្រុម​អ្នក​ដំណើរ​ ដែល​ឆ្លង​កាត់​ទី​នោះ បាន​នាំ​គ្នា​ឈប់​មើល បណ្ដាល​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍។ ភ្លាមៗ​នោះ ក្រុម​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​រុញ​ច្រាន​ក្រុម​អ្នក​ភូមិ​ឲ្យ​ទៅ​នៅ​ ម្ខាង​ផ្លូវ​ទល់​មុខ​តុលាការ ដើម្បី​បញ្ចៀស​ភាព​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ។

អ្នក​ស្រី សា បូសុត អាយុ​៥៩ ម្ដាយ​ស្ត្រី​ជន​ជាប់​ចោទ ​យ៉ោម បុប្ផា បាន​និយាយ​បួង​សួង​សុំ​ឲ្យ​វត្ថុ​ស័ក្ដិ​សិទិ្ធ រួម​ទាំង​ព្រះ​ភូបាល​ដ៏​មាន​រិទ្ធី​បារមី ជួយ​ធ្វើ​ឲ្យ​មន្ត្រី​តុលាការ និង​អាជ្ញាធរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ប្រជាពលរដ្ឋ​ និង​ធ្វើ​ការ​អនុវត្ត​ច្បាប់ ប្រកប​ដោយ​ភាព​យុត្តិធម៌។ អ្នក​ស្រី​ក៏​​បាន​អំពាវ​នាវ​ ដល់​ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន​តុលាការ​ ធ្វើ​ការ​សើ​រើ​រឿង​ក្ដី​ចោទ​ប្រកាន់ លើ​កូន​​ស្រី​របស់​អ្នក​ស្រី​សា​ជា​ថ្មី ដោយ​អ្នក​ស្រី​អះអាង​ថា ការ​ជំរះ​ក្ដី​របស់​តុលាការ​រាជ​ធានី​ភ្នំពេញ «គ្មាន​ភាព​យុត្តិធម៌»​សម្រាប់​កូន​ស្រី​របស់​អ្នក​ស្រី​នោះ​ទេ ព្រោះ​កូន​គាត់​ មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទ​នោះ​ទេ។

ជាមួយ​គ្នា​ នោះ ក្រុម​អ្នក​ភូមិ​ភាគ​ច្រើន​បាន​នាំ​គ្នា​ដុត​ក្រដាស​ប្រាក់​ដុល្លារ​ខ្មោច អង្ករ​ អំបិល​ ម្ទេស និង​គ្រឿង​បាយ​សី មាន​ដើម​ចេក ទៀន​ ធូប ធ្វើ​ការ​ប្រទិច​បណ្ដាសា​ ទៅ​លើ​មន្ត្រី​តុលាការ និង​អាជ្ញាធរ​ទាំង​ឡាយ​ណា ដែល​បាន​ឃុប​ឃិត ជា​មួយ​នឹង​ក្រុម​មនុស្ស​ទុច្ចរិត ធ្វើ​ទុក្ខ​ទោស​ដល់​ប្រជាពលរដ្ឋ ពិសេស​ស្ត្រី​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​របស់​ពួក​គេ ​ឲ្យ​ជួប​តែ​ភាព «​ក្ដៅ​ក្រហាយ វិនាស​ព្រាត់​ប្រាស​គ្រួសារ និង​ស្លាប់​ដោយ​វេទនា ព្រោះ​តែ​សេចក្ដី​លោភ​លន់»។

ក្រោយ​មក​ក្រុម​អ្នក ​ភូមិ បាន​នាំ​គ្នា​ច្រៀង​ចម្រៀង​រិះគន់​អាជ្ញាធរ និង​តុលាការ​ដោយ​រៀប​រាប់​ពី​ភាព​ព្រងើយ​កន្តើយ​ របស់​អាជ្ញាធរ ក៏​ដូច​ជា​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​ដ៏​ចម្រូង​ចម្រាស​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។

តំណាង ក្រុម​អ្នក​តវ៉ា​ដីធ្លី​ ក្នុង​សហគមន៍​បឹងកក់ អ្នក​ស្រី​ទេព វន្នី បាន​និយាយ​ថា៖«ចាប់​តាំង​ពី​ជម្លោះ​ដី​ធ្លី​ក្នុង​តំបន់​បឹងកក់​បាន​កើត​ឡើង ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើង​ខ្ញុំ មិន​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​គាំទ្រ​លើក​ទឹក​ចិត្ត​ ពី​អាជ្ញាធរ​ម្ដង​ណា​ទេ គឺ​មាន​តែ​ការ​វាយ​បង្ក្រាប​និង​ចាប់​ដាក់​គុក​តែ​ប៉ុណ្ណោះ រីឯតុលាការ​ ក៏​មិន​មាន​ចំណាត់​ការ​លើ​ពាក្យ​បណ្ដឹង​របស់​យើង​ខ្ញុំ ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ខ្ញុំ​ដែរ»។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖​«ទាំង​អាជ្ញាធរ និង​តុលាការ​មាន​ការ​រើសអើង​យ៉ាង​ខ្លាំង​មក​លើ​ពួក​យើង​ខ្ញុំ ដែល​ជា​អ្នក​តវ៉ា ដើម្បី​ការពារ​ផ្ទះ​និង​ដី​ធ្លី​របស់​ខ្លួន»។

ដោយ បារម្ភ​ពី​អ្នក​ភូមិ​បង្ក​សកម្មភាព​ អនាធិបតេយ្យ​កាន់​តែ​ធំ​ឡើង ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​ផ្សេង​ៗ​របស់ តុលាការ​ក្រុម​សមត្ថកិច្ច​បាន​បង្កើន​កម្លាំង​បន្ថែម ហើយ​បាន​ព្រមាន​ចាត់​វិធាន​ការ​រដ្ឋបាល​ ដើម្បី​បំបែក​ការ​តវ៉ា​របស់​អ្នក​ភូមិ​ដែល​មាន​កំហឹង ដោយ​ក្នុង​នោះ​ គេ​ឃើញ​ក្រុម​សមត្ថកិច្ច​ បាន​ត្រៀម​រថយន្ត​ដឹក​អ្នក​ទោស​ផង​ដែរ។ ទោះ​ជា​បែប​ណា មិន​មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ណា​មួយ​កើត​ឡើង​នោះ​ទេ។ បន្ទាប់​មក ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ការ​បំបែក​គ្នា ​ត្រឡប់​ទៅ​កាន់​សហគមន៍​របស់​ពួក​គេ​វិញ។

លោក ហៀង សុភក្ត្រ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ករណី​អ្នក​ស្រី​ យ៉ោម​ បុប្ផា មិន​មែន​ជា​ករណី​តវ៉ា​រឿង​ដី​ធ្លី​នោះ​ទេ គឺជា​ករណី​ព្រហ្មទណ្ឌ​មួយ​ដាច់​ដោយ​ឡែក ដែល​ជន​រងគ្រោះ​បាន​ប្ដឹង​ចោទ​ប្រកាន់ និង​មាន​សាក្សី​បញ្ជាក់។​ ទោះ​ជា​បែប​ណា​ ការ​តវ៉ា​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ។

លោក​បាន​ថ្លែង​ថា​៖​«​ការ​លើក​គ្នា​មក​តវ៉ា តាម​រូប​ភាព​ប្លែកៗ​របស់​ពួក​គេ ​នៅ​មុខ​តុលាការ​រាជ​ធានី​ភ្នំពេញ ​បាន​ក្លាយ​ជា​ទម្លាប់​របស់​ពួក​គេ​ទៅ​ហើយ។ ​វា​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ជំនុំ​ជម្រះ​លើ​ករណី​ផ្សេងៗ​ទៀត​ របស់​តុលាការ​ទេ​»។

យ៉ាង​ណា​ក្តី ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស ដែល​តាម​ឃ្លាំ​មើល​ដំណើរ​ការ​ក្តី សំណុំ​រឿង​អ្នក​ស្រី​យ៉ោម បុប្ជា ​រង​ការ​រិះគន់​ជា​ហូរ ហែរ ដោយ​មាន​ការ​មន្ទិល​សង្ស័យ​ថា​ សំណុំ​រឿង​នេះ គឺជា​ការ​ប្រឌិត​ឡើង​ ដើម្បី​បំបាក់​ស្មារតី​ទៅ​លើ​សកម្ម​ជន​ដី​ធ្លី​ដែល​តែង​តែ​ធ្វើ​ការ​តវ៉ា​ឥត ​ឈប់​ឈរ​ប្រឆាំង​ទៅ​នឹង​ការ​រំលោភ​បំពាន​ដី​ធ្លី​របស់​ពួក​គេ៕


No comments:

Post a Comment

I like Blogger