សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

កម្មករ​រោងចក្រ​កាត់​ដេរ​ចំនួន​២​នៅ​ផ្លូវ​ជាតិ​លេខ​៤ ដួល​សន្លប់​ជិត​៨០​នាក់

Thursday, 31 January 2013 ឆាយ ច័ន្ទនីដា From The Phnom Penh Post
130131_08
កម្ម​ការិ​នី​រោង​ចក្រ​កាត់​ដេរ ​ដែល​រង​ការ​ដួល​សន្លប់​ពី​មុន​មក​​។ រូបថត សហ​ការី

កំពង់ស្ពឺៈ កម្មករ​ចំនួន​៣៥​នាក់ នៅ​រោង​ចក្រ សាប្រ៊ីណា ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ដួល សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មករា​ម្សិលមិញ។ ជាមួយ​គ្នា​ដែរ​កម្មករ​ជាង​៤០​នាក់​នៅ​រោងចក្រ QMI ក្នុង​ស្រុក​អង្គ​ស្នួល ក៏​បាន​ដួល​សន្លប់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដូច​គ្នា។

កម្មការិនី​រងគ្រោះ​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ធ្វើ ការ ស្រាប់​តែ​ឃើញ​អ្នក​ផ្សេង​ដួល​សន្លប់ ​ខ្លួន​ក៏​ចាប់​ទន់​ដៃ​ជើង​ដែរ ត្រូវ​មិត្ត​ភក្តិ​ជួយ​គ្រាហ៍​និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​រដ្ឋ។

កញ្ញា ទឹម លីន អាយុ​២៨​ឆ្នាំ មក​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​២​ឆ្នាំ​មក​ហើយ ឲ្យ​ដឹង​ថា ពេល​រថយន្ត​ពេទ្យ​ដឹក​នាង​តាម​ផ្លូវ នាង​នៅ​ដឹង​ខ្លួន​តែ​មាន​អាការ​ទន់​ដៃ​ជើង ហើយ​ក្រោយ​មក​បាន​សន្លប់​នៅ​មន្ទីរពេទ្យ។

ក្រោយ​ពី​បាន​ព្យួរ​សេរ៉ូម និង​ផ្តល់​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ខេត្ត កញ្ញា​ប្រាប់​ថា៖ «ព្រឹក​ឡើង​មក​ធ្វើ​ការ ខ្ញុំ​អត់​សន្លប់​ទេ តែ​ពេល​ឃើញ​គេ​សន្លប់​ក៏​ទន់​ដៃ​ជើង ហើយ​ពេល​ដល់​ពេទ្យ​ក៏​សន្លប់​តែ​ម្តង។ ឥឡូវ​នេះ​រាង​ធូរ​បន្តិច ព្រោះ​ពេទ្យ​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​ឲ្យ​មាន​កម្លាំង»។


លោក ឈា វិនុត ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​សាប្រ៊ីណា ឲ្យ​ដឹង​ថា លោក​បាន​មាន​វត្តមាន​នៅ​រោង​ចក្រ​និង​សង្កេត​ឃើញ​ថា មិន​មាន​បញ្ហា​បរិស្ថាន​ក្នុង​រោងចក្រ​បណ្តាល​ឲ្យ​កម្មករ​សន្លប់​ឡើយ តែ​រឿង​សន្លប់​នេះ​កើត​មក​ពី​កម្មការិនី​ម្នាក់​ទើប​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ឈប់​សម្រាក​ឈឺ​នៅ​ផ្ទះ។ កម្មការិនី​រូប​នោះ មិន​ទាន់​មាន​កម្លាំង​គ្រប់គ្រាន់​ធ្វើ​ការ​ក៏​សន្លប់​មុន​គេ រួច​ពីរ​នាក់​ទៀត​ជិត​នាង​ក៏​សន្លប់​។

លោក​និយាយ​ថា៖ «គ្រាន់​តែ​បី​នាក់​គាត់​សន្លប់ ក៏​ផ្តើម​ឆោ​ឡោ​សន្លប់​រហូត​ដល់​៨​នាក់ ហើយ​អ្នក​ផ្សេងៗ​ទៀត ចាប់​ផ្តើម​ទន់​ដៃ​ជើង មាន​អ្នក​ខ្លះ​ឃើញ​គេ ក៏​យំ​រួច​សន្លប់​ជា​បន្ត​បន្ទាប់​រហូត​ដល់​៣៥​នាក់»។

លោក​បន្ត​ថា ករណី​សន្លប់​របស់​កម្មការិនី​ទាំង​៣៥​នាក់ លោក​សង្កេត​ឃើញ​ផ្ទាល់​គឺ​ករណី​នេះ​ដូច​ជា​មិន​មាន​ពាក់ព័ន្ធ​លក្ខខណ្ឌ​ការងារ ឬ​បរិស្ថាន​ក្នុង​រោងចក្រ​ឡើយ ប៉ុន្តែ​ជា​ករណី​ដែល​កម្មករ​ខ្លួន​ឯង​មិន​បាន​សម្រាក​គ្រប់គ្រាន់។

លោក​និយាយ​ថា ៖ «រោងចក្រ​នេះ​ស្អាត​ច្រើន​ជាង​ពី​មុន ហើយ​ករណី​នេះ គឺ​មក​ពី​កម្មករ​គាត់​ខ្វះ​អាហារូបត្ថម្ភ សម្រាក​មិន​គ្រប់​និង​ខ្វះ​ជាតិ​ស្ករ»។

លោក ប៉ុក វណ្ណថា អនុប្រធាន​នាយក ដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ទទួល​បន្ទុក​ប្រធាន​គណៈ​កម្មការ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​ករណី​ដួល​សន្លប់​កម្មករ កម្មការិនី​តាម​រោងចក្រ សហគ្រាស​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បាន​រក​ឃើញ​នូវ​មូលហេតុ​ពីរ គឺ​ខ្វះ​ជាតិ​ស្ករ និង​បរិយាកាស​ការងារ​មាន​បញ្ហា​ទៅ​វិញ ដែល​ផ្ទុយ​ពី​ក្រុម​សហជីព ទោះ​បី​លោក​ថា​មាន​ការ​កែប្រែ​បរិស្ថាន​បាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «ក្រុម​អ្នក​សន្លប់​ខ្វះ​ជាតិ​ស្ករ​ហើយ​បរិយាកាស​ការងារ​មាន​បញ្ហា​ព្រោះ​គេ​ប្រើ​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់ តែ​អ្នក​សន្លប់​សុទ្ធ​តែ​នៅ​កណ្តាល​អគារ ដែល​ពុំ​មាន​លំហូរ​ខ្យល់​ត្រជាក់​គ្រប់​គ្រាន់​ដល់​ពួក​គាត់»។«ខ្ញុំ​ស្ថិត​ក្នុង​អគារ​នេះ​នៅ​ម៉ោង​៩-១០​ព្រឹក ក្រោយ​ពេល​កម្មករ​សន្លប់ និង​ឲ្យ​កម្មករ​ដទៃ​ទៀត​ទៅ​ផ្ទះ ហើយ​ឲ្យ​គេ​បើក​ខ្យល់​ត្រជាក់​ឲ្យ​អស់ សីតុណ្ហភាព​នៅ​តែ​២៧​អង្សាសេ។

អ៊ីចឹង​ខ្ញុំ​យល់​ថា បើ​កម្មករ​១​ពាន់​នាក់ ក្នុង​អគារ​នេះ​ធ្វើ​ការ​គ្រប់​គ្នា កម្តៅ​នឹង​ឡើង​ដល់​ជាង​៣០​អង្សា​សេ។ យើង​ត្រូវ​ឲ្យ​រោងចក្រ​នេះ​កែប្រែ​ទៀត»។

លោក​បន្ត​ថា អ្នក​ដួល​សន្លប់​មុន​គេ​បី​នាក់ សុទ្ធ​តែ​មាន​សម្ពាធ​ឈាម​ខ្សោយ​បំផុត ហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​«ក្រុម​គ្រូ​ពេទ្យ​កំពុង​តាម​ដាន ពិនិត្យ​សុខភាព​ដល់​អ្នក​ទាំង​បី​នេះ»។

ក្រុម​កម្មករ​ទាំង​១ពាន់​នាក់​ក្នុង​អគារ​ទី៤ ដែល​មាន​បញ្ហា ត្រូវ​បាន​សម្រាក​មួយ​ថ្ងៃ​ម្សិលមិញ​នេះ ចំណែក​ឯ​អគារ​ផ្សេង​ទៀត​ដែល​មាន​បុគ្គលិក​សរុប​រហូត​ដល់​៤​ពាន់​នាក់​នឹង​នៅ​ធ្វើ​ការ​ដដែល លើក​លែង​តែ​អ្នក​សន្លប់​៣៥​នាក់ ត្រូវ​ឲ្យ​ឈប់​សម្រាក រហូត​ដល់​ថ្ងៃទី​៥ ខែ​មករា​ទើប​ចូល​ធ្វើ​ការ​វិញ។ លោក ប៉ុក វណ្ណថាត ឲ្យ​ដឹង​បន្ត​ថា រោងចក្រ​សាប្រ៊ីណា មាន​ករណី​សន្លប់​ចំនួន​៣ដង គិត​ចាប់​ពី​ឆ្នាំ​២០១១​មក។

លោក វណ្ណថាត បញ្ជាក់​បន្ថែម​ថា នៅ​ថ្ងៃ​ពុធ​នោះ នៅ​រោងចក្រ QMI ​នៅ​ក្នុង​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ក៏​មាន​កម្មករ ប្រមាណ​ជាង​៤០​នាក់​ដួល​សន្លប់​ផង​ដែរ។ លោក​ថា ករណី​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ទេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទើប​ក្រុម​លោក​ចុះ​ទៅ​ពិនិត្យ៕


No comments:

Post a Comment

I like Blogger