សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 24, 2013

ចំនួន​អ្នក​ស្លាប់​ដោយ​ទាហាន​ថៃ​បាញ់​នៅ​ឧត្តរ​មាន​ជ័យ​របស់​អាដ​ហុក​&​អាជ្ញាធរ​ខេត្ត​ខុស​គ្នា

Thursday, 24 January 2013 ផាក់ ស៊ាង​លី Phnom Penh Post
130124_09a
លរដ្ឋ​ខ្មែរ​ដែល​ប៉ង​ឆ្លង​ដែន​ទៅ​​​ថៃ​ខុស​ច្បាប់​ត្រូវឃាត់​ខ្លួន។ រូប​ថត នប.ជក

ភ្នំពេញៈ សមាគម​សិទិ្ធ​មនុស្ស​អាដ​ហុក​អះអាង​ថា​ ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១២​នៅ ឧត្តរ​មាន​ជ័យ មាន​២៩​នាក់ ជា​ចំនួន​ច្រើន​ជាង​របាយ​កាណ៍​របស់​អាជ្ញាធរ និង​នគរបាល​ខេត្ត ហើយ​វា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។

លោក ចាន់ សុវេត ​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក​អះ​អាង​កាល​ពី​ម្សិល​មិញ ថា​ពលរដ្ឋ​ខ្មែរ​ចំនួន​២៩​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ក្នុង​ឆ្នាំ​២០១២ ដោយសារ​តែ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​ តាម​ច្រក​ខេត្ត​ឧត្តរ​មាន​ជ័យ។ ចំនួន​នេះ​​កើន​ឡើង​១២៣​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​ដែល​មាន​អ្នក​ស្លាប់​១៣​នាក់ នៅ​ក្នុង​ខេត្ត​មួយ​នេះ។

លោក ចាន់ សុវេត បញ្ជាក់​ថា៖​«ការ​កើន​ឡើង​នេះ​គួរ​ឲ្យបារម្ភ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​យើង​ឃើញ​ថា​ អាជ្ញាធរ​ថៃ​អត់​មាន​គោរព​គោល​ការណ៍​សិទិ្ធ​មនុស្ស​ទេ។ វា​ជា​ការ​ប្រហារ​ជីវិត​ក្រៅ​តុលាការ។ ការ​ឆ្លង​ដែន​កាប់​ឈើ​ខុស​ច្បាប់​មិន​មាន​ទោស​ដល់​ថ្នាក់​ប្រហារ​ជីវិត​នោះ​ទេ»។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣​របស់​សាលា​ខេត្ដ​ឧត្ដរមាន​ជ័យ​ចុះ ថ្ងៃ​ទី២២ មករា ថា មាន​ពលរដ្ឋ​ខ្មែរ​១៥​នាក់ ប៉ុណ្ណោះ​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១២។ ចំនួន​នេះ​តិច​ជាង​ខាង​នគរបាល​ខេត្ត​ដែល​ថា មាន​ស្លាប់​ដល់​ទៅ​១៩​នាក់។


លោក សាន វណ្ណា អភិបាល​រង​ខេត្ត​ឧត្តរ​មាន​ជ័យ​ប្រាប់​ថា ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ថៃ​២២៤​គីឡូម៉ែត្រ​វែង​ជាង​ខេត្ត​ផ្សេងៗ នាំឲ្យ​ករណី​ឆ្លង​ដែន​ក៏​មាន​ច្រើន​ដែរ។

លោកបញ្ជាក់​ថា៖ «រាល់​ពេល​ជួប​ប្រជុំ​គ្នា​យើង​តែង​សំណូម​ពរ​កុំ​ឲ្យ​ភាគី​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ»។

បើយោងតាម​លោក ចាន់ សុវេត​ អាជ្ញាធរ​កម្ពុ​ជា​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ ព្រោះ​ភាគី​ថៃ​ថា គេ​បាញ់​ការពារ​ខ្លួន​ដោយ​សារ​អ្នក​កាប់​ឈើ​មាន​អាវុធ។ អាជ្ញាធរ​គួរ​តែ​ដឹង តើ​ពលរដ្ឋ​យើង​មាន​អាវុធ​មែន​ឬ​យ៉ាង​ណា? ម្យ៉ាង​តើ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កម្លាំង​តាម​ព្រំដែន​ឬអត់?

លោកស្រី ណារ៉េន អ្នក​សម្រប​សម្រួល​សមាគមអាដ​ហុក​ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​បញ្ជាក់​ថា ករណី​បាញ់​ស្លាប់​ច្រើន​បំផុត​នៅ ក្នុង​ខែ​មីនា​ និង​ខែ​មេសា ហើយ​ករណី​នីមួយៗ លោក​បានស៊ើប​អង្កេត​ច្បាស់​លាស់។

លោក ពេជ្រ វណ្ណា​ ប្រធាន​ការិយា​ល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​សុំ​ឲ្យ​ទាក់​ទង​ទៅ​ការិយាល័យ។

លោក ជិន ពិសិទ្ធ សមត្ថកិច្ច​នគរបាល​ទំនាក់​ទំនង​ព្រំ​ដែន​​កម្ពុជា​-ថៃ​អះ​អាង​ថា ការិយា​ល័យ​លោក​មិន​ទាន់​មាន​របាយ​ការណ៍​សរុប​ទាក់​ទង​នឹង​ករណី​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​ទេ ​ព្រោះ​ច្រក​នីមួយៗ​មិន​ទាន់​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ឡើង​មកនៅ​ឡើយ៕

No comments:

Post a Comment

I like Blogger