សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

ជន​ជាតិ​ដើម​ភាគ​តិច​ជួប​កង្វល់​លើ​សិទ្ធិ​ដីធ្លី

ឆាយ ច័ន្ទនីដា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៣០ មករា​ ២០១៣
130130_08
ស្ថាន​ភាពលំនៅ​ដ្ឋាន​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែល​រស់​នៅ​ក្នុងខេត្ត​មណ្ឌល​គិរី​​​ បច្ចុ​ប្បន្ន​។ រូបថត ហេង​ ជី​វ័ន​

ក្រចេះ : ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​បាន​បង្ហាញ​ពី​កង្វល់​សិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​ដើម្បី​ឲ្យ​តំណាង​គណបក្ស​នយោបាយ គិត​គូរ​ដោះស្រាយ​ពេល​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​២០១៣-២០១៨។

កង្វល់ ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​តុ​មូល កាលពី​ម្សិលមិញ នៅ​ទីរួម​ខេត្ត​ក្រចេះ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​៣០​នាក់ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ព្រម​ទាំង​មាន​ការ​បកស្រាយ​ពី​តំណាង​រាស្រ្ត​ក្នុង​អាណត្តិ​ទី៤ ពី​គណបក្ស​បី គឺ​គណបក្ស​សិទ្ធិ​មនុស្ស ហ៊្វុនស៊ិនប៉ិច និង ជាតិ​និយម។

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួល​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស កម្ពុជា ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​កម្មវិធី​នៅ​ពេល​ព្រឹក មាន​តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ឡើង​ថ្លែង​ពី​កង្វល់​នៃ​សិទ្ធិ​ដីធ្លី​របស់​ពួក គេ។


លោក​ថ្លែង​ថា៖ «ជនជាតិ​ដើម​ភាគ​តិច​មាន​ការ​ប្រឈម​ច្រើន លើ​សិទ្ធិ​ជា​នីតិបុគ្គល ធ្វើ​ឲ្យ​គាត់​មិន​អាច​ទទួល​បាន​ការ​ចុះ​បញ្ជី​ដី​ធ្លី​ជា​សមូហភាព​តាម ច្បាប់​ភូមិ​បាល ដោយ​នីតិវិធី​វែង​ឆ្ងាយ»។

លោក​ថា គោល​នយោបាយ​ឬ ច្បាប់​ភូមិ​បាល បាន​ការពារ​ជន​ជាតិ​ដើម​ភាគ​តិច និង​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​ដី​ជនជាតិ​ដើម​ភាគ​តិច ដូចជា ដី​ចម្ការ​វិល​ជុំ ផ្នូរ​កប់​សព ជាដើម ប៉ុន្តែ ការ​ផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន បាន​ប៉ះពាល់​ដល់​ដី​ទាំង​នោះ។

លោក​លើក ដែរ​ថា ៖ «​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​ មិន​បាន​ស្វែង​យល់​ពី​ការ​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច ឬ​ប្រពៃណី​វប្បធម៌​គាត់​ឡើយ ធ្វើ​ឲ្យ​មាន​ការ​រំលោភ​ឈូស​ឆាយ​ដី​ទាំង​នោះ»។

លោក ថា វេទិកា​នេះ រក​ឃើញ​ថា មានការ​ញុះញង់​ពី​អ្នក​ចំណូល​ថ្មី​អ្នក​មាន​អំណាច ឬ​អ្នក​មាន​លុយ​ដើម្បី​បំបែក​កម្លាំង​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ធ្វើ​ឲ្យ​គេ បែក​បាក់​គ្នា លែង​ទុក​ចិត្ត​គ្នា​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ដី​ជន​ជាតិ​ដើម​បាន​។

លោក ប្លែក មិល ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ដែល​បាន​មក​ចូលរួម​ថ្លែង​យល់​ស្រប​ពី​អ្វី​ដែល​លើក​ឡើង​នេះ​និង ស្នើ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ៗ​ទៀត ធ្វើ​ការ​ដោះ​ស្រាយ។

លោក​លើក​ឡើង​ថា៖ «តាម​ពិត​ច្បាប់​ភូមិបាល​ល្អ លើ​ចំណុច​ជន​ជាតិ​ដើម តែ​ការ​អនុវត្ត​នៅ​មាន​បញ្ហា​ប្រឈម។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ទី៥​នេះ ដោះស្រាយ​បន្ថែម»។

លោក កូយ សុខារិទ្ធ អគ្គលេខាធិការ​រង​គណបក្ស​ជាតិ​និយម និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ចូល​រួម​ជា​តំណាង​គណបក្ស​ក្នុង​វេទិកា​មួយ​នេះ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាណត្តិ​ថ្មី​គណបក្ស​ជាតិ​និយម​នឹង​បញ្ចូល​គ្នា​ក្លាយ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ និង​មាន​គោល​នយោបាយ​ដោះស្រាយ​ដីធ្លី​ដែល​នៅ​សេស​សល់​ឲ្យ​រួចរាល់ រួម​ទាំង​បញ្ហា​នៅ​តំបន់​បឹងកក់​ផង។

លោក​ថ្លែង ថា៖ «ច្បាប់​មាន​អស់​ហើយ ហើយ​ល្អ​ទៀត​ផង តែ​ការ​អនុវត្ត​មិន​ល្អ​ឡើយ ថ្នាក់​លើ​មិន​គោរព​ច្បាប់​តែ​ចង់​ឲ្យ​រាស្ត្រ​គោរព។ អ្នក​រស់​នៅ​ជនបទ គឺ​ពឹង​ផ្អែក​លើ​ដី​ធ្លី​កសិកម្ម ដូច្នេះ​យើង​មិន​ឲ្យ​ពលរដ្ឋ​អត់​ដី​ឡើយ»៕

No comments:

Post a Comment

I like Blogger