សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 14, 2013

ពលរដ្ឋ​​ប្រឈម​ការ​បណ្តេញ​ចេញ​រក​អាដហុក​ឲ្យ​ជួយ

ផាក់ ​ស៊ាង​លី ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១៤ មករា ២០១៣
 
130114_05

តំណាង​ប្រជា​ពល​រដ្ឋ​ទៅ​សុំជំនួយ​ពី​អង្គ​​ការ​អាដ​ហុក​កាល​ពី​ថ្ងៃ​សុក្រ​។ រូបថត អង្គ​ការ​អាដ​ហុក​

រតនគិរីៈ ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​ ក្នុង​ខេត្ត​រតនគិរី​ ជាង​២៨០ គ្រួសារ កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ខំ​ឲ្យ​ពួក​គាត់​ ចាក​ចេញ​ពី​លំនៅដ្ឋាន និង​ត្រូវ​បាន​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់។

អ្នក​ស្រី ឯក អង អាយុ​ ៥២​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​២៨៥​ គ្រួសារ​ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​បរកែវ​ចាស់​ ឃុំ​ឡាមិញ ស្រុក​បរកែវ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ អាជ្ញាធរ ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ចេញ​ពី​ដី​ទំហំ​៤​ហិកតា ឲ្យ​ទៅ​រស់​នៅ​ក្នុង​​ព្រៃ​ឆ្ងាយ​ដាច់​ស្រយាល​មួយ។ អ្នក​ស្រី​បញ្ជាក់​ថា៖«ពួក​យើង​សុទ្ធ​តែ​ក្រីក្រ។ ស៊ី​ឈ្នួល​ធ្វើ​កម្មករ​គេ​គ្រាន់​បាន​រស់​ខ្លះ​។ តែ​បើ​អាជ្ញាធរ ឲ្យ​ពួក​យើង​ទៅ​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​នោះ វា​រឹត​តែ​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ខ្លាំង​ឡើង​ថែម​ទៀត។ យើង​ខ្ញុំ​សុំ​នៅ​កន្លែង​ដើម​នេះ»។


ប្រជា​ពលរដ្ឋ​ចំនួន​៩​នាក់​តំណាង​ ឲ្យ​ពលរដ្ឋ​ទាំង ​២៨៥ ​គ្រួសារ​បាន​នាំ​គ្នា​មក​សុំ​អន្តរាគមន៍ ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​។ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​បាន​ចេញ​កំណត់​ហេតុ​មួយ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​សាក​សួរ​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​៩​នាក់​នោះ។ បើ​តាម​កំណត់​ហេតុ ​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​ទាំង​អស់​បាន​ចាប់​ផ្តើម​ទៅ​រស់​នៅ​ក្នុង​តំបន់ ​នោះ​ចាប់​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០​១២។​ កាល​ពី​ឆ្នាំ​២០០៥ អាជ្ញាធរ​និង​កម្លាំង​ចម្រុះ​ បាន​ប្រើ​គ្រឿង​ចក្រ​ចំនួន​២ គ្រឿង​ឈូស​ឆាយ​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ ធ្វើ​ការ​រុះ​រើ​ចេញ​ពី​តំបន់​នោះ។ កំណត់​ហេតុ​នេះ​ ​បញ្ជាក់​ថា៖​«ស្រ្តី​មេ​ម៉ាយ​ម្នាក់ បាន​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​ដើម្បី​តវ៉ា ហើយ​នៅ​ពេល​នោះ​​អាជ្ញាធរ​បាន​ផ្អាក​ការ​បណ្តេញ​ចេញ»។

លើស​ពី​នោះ​ទៀត ​ កា​ល​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១២ គឺ​មួយ​ខែ​មុន​ពេល​លោក​នាយ​រដ្ឋ​មន្រ្តី​ហ៊ុន សែន​អញ្ជើញ​ទៅ​ចែក​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​ ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​រតនគិរី​នោះ កម្លាំង​សមត្ថកិច្ច​ស្រុក​បរកែវ មាន​មេ​ឃុំ​ មេ​ប៉ុស្តិ៍ ​កម្លាំង​ប៉េអឹម បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​រុះរើ​ផ្នែក​ខាង​កើត​ភូមិ​ចេញ​ជា បន្ទាន់។ នៅ​ពេល​ដែល​មិន​មាន​ការ​រុះរើ​នោះ ​កម្លាំង​ប៉េអឹម និង​កម្លាំង​ប៉ូលិស​ បាន​រួម​ដៃ​គ្នា វាយ​កម្ទេច​សម្ភារ​ប្រើប្រាស់​របស់​ពល​រដ្ឋ​ និង​ចាប់​បង្ខំ​ឲ្យ​ពួក​គាត់​ផ្តិត​មេ​ដៃ​យល់​ព្រម​រុះរើ​ផ្ទះ​និង​ឲ្យ​ចាក ចេញ​ភ្លាម។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ចុះ​ទៅ​អង្កេត​ដល់​កន្លែង​កើត​ហេតុ​បន្ថែម​ទៀត​ កាល​ពី​ម្សិលមិញ បន្ទាប់​ពី​បាន​សាក​សួរ​តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​។ លោក​បាន​បញ្ជាក់​ថា៖ «ទី​នោះ មាន​លក្ខណៈ​ដូច​ជា​ភូមិ​ដ៏​ធំ​មួយ ​ដែល​មាន​ផ្ទះ​ឈើ​តូច​ធំ​ និង​គ្រួសារ​ខ្លះ​ប្រក់​តង់​នៅ​។ ខ្ញុំ​បាន​ទទួល​ស្នាម​មេ​ដៃ​ពី​ពលរដ្ឋ​ចំនួន​ ២១៨ ​គ្រួសារ​សូម​ឲ្យ​ជួយ។ ខ្ញុំ​នឹង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ដោយ​សុំ​ឲ្យ​អាជ្ញាធរ​ផ្តល់ ដី​សង្គម​កិច្ច​សម​ស្រប​ ជូន​ដល់​ប្រជា​ពលរដ្ឋ​ទាំង​នោះ»។

លោក​ មិន​ រេន​ នាយ​ប៉ុស្តិ៍​ឃុំ ឡាមិញ បាន​បដិសេធ​ថា​ មិន​ដែល​មាន​កម្លាំង​ចម្រុះ​ណា​ទៅ​ធ្វើការ​បំផ្លាញ​ផល​ដំណាំ​ និង​ទ្រព្យ​សម្បត្តិ​ របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​។ លោក​ មិន​ រេន បាន​គូស​បញ្ជាក់​ថា​៖​«ប្រជាពលរដ្ឋ បាន​មក​រស់នៅ​លើ​ដី​រដ្ឋ​បែប អនាធិបតេយ្យ​រញ៉េ​រញ៉ៃ។ ឲ្យ​តែ​ផឹក​ស៊ី គឺ​មាន​ឈ្លោះ​វាយ​កាប់ចាក់​គ្នា​ហើយ​។ ពេលរដ្ឋ​ត្រូវ​ការ​ដី​ពួក​គេ​មិន​ព្រម​ចេញ​នោះ​ទេ»។

លោក ប៉ែន សុផុន មេ​ឃុំឡា​មិញ​បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​ប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ​នោះ គឺជា​អតីត​ព្រលាន​យន្ត​ហោះ​សម័យ​សង្គម​រាស្រ្តនិយម។ ពេល​នេះ ​រដ្ឋ​ត្រូវ​ការ​ដី​នោះ ដើម្បី​យក​ទៅ​ដាក់​ទីស្នាក់ការ​ស្រុក​ថ្មី​ ដោយ​រួម​មាន​ទាំង​ការ​កសាង​មន្ទីរ​ពេទ្យ ផ្សារ​ទំនើប សួន​ច្បារ​និង​តារាង​បាល់​ជាដើម។

លោក​ប៉ែន សុផុន​ បាន​ថ្លែង​បន្ត​ថា៖« ​មាន​តែ​ប្រជា​ពលរដ្ឋ​ជាង១៣០ គ្រួសារ​ប៉ុណ្ណោះ មិន​មែន​ជាង​២០០ គ្រួសារ​នោះ​ទេ​។ ​យើង​បាន​រៀបចំ​ដី​នៅ​ជិត​នោះ​ឲ្យ​ពួក​គាត់​រស់​នៅ។ មិន​មែន​ឲ្យ​ទៅ​នៅ​ក្នុង​ព្រៃ​ឯណា​នោះ​ទេ​»៕

No comments:

Post a Comment

I like Blogger