សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

ក្រសួង​សុខាភិបាល​ត្រៀម​ដាក់​ពង្រាយ​បុគ្គលិក​ពេទ្យ​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរមសព

Friday, 25 January 2013 មុំ គន្ធា From Phnom Penh Post
 130125_04a
ស្ត្រី​ម្នាក់​សន្លប់ត្រូវ​បាន​គេ​បី​ចេញ​ពី​ហ្វូង​មនុស្ស ​ក្នុង​ពិធី​កាន់​ទុក្ខ​ព្រះ​បរម​សព​សម្តេច​ឪ កាល​ពីខែ​តុលា​​។ រូបថត មិនា​

ភ្នំពេញៈ ក្រសួង​សុខាភិបាល​នឹង​ដាក់​ពង្រាយ​បុគ្គលិក​ពេទ្យ​ជាង​ ៣០០ ​នាក់ និង​រថយន្ត​សាមុយ ២៥ គ្រឿង ក្នុង​អំឡុង​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព ដែល​អាច​កើត​មាន ខណៈ​ពេល​មនុស្ស​រាប់​លាន​នាក់​ប្រមូល​ផ្តុំ​គ្នា ដើម្បី​សម្តែង​គាវរកិច្ច​ចុង​ក្រោយ​ចំពោះ​ព្រះ​បរមសព​។

យោង​តាម លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មន្ទីរ​របស់​លោក​នឹង​បញ្ចូល​រថយន្ត​សាមុយ ៩ គ្រឿង និង​អ្នក​វិជ្ជាជីវៈ​ពេទ្យ ២៨៥ នាក់​ពី​ថ្ងៃទី ១ ដល់​ ៤ កុម្ភៈ ហើយ​មន្ទីរ​ពេទ្យ ៧ កន្លែង គឺ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក មន្ទីរ​ពេទ្យ​បង្អែក​ក្រុង និង​មន្ទីរ​ពេទ្យ​ព្រះកុសមៈ នឹង​ត្រៀម​ខ្លួន​ ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ជំងឺ​ត្រូវ​ចូល​សម្រាក​ពេទ្យ​។ លោក​បាន​បន្ថែម​ថា៖ «​យើង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ថ្ងៃ​ទី ១ និង ៤ កុម្ភៈ ព្រោះ​មាន​មនុស្ស​ជាច្រើន​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​ នៅ​ព្រះ​បរម​រាជវាំង និង​​ទីវាល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព»។


បុគ្គលិក​សុខាភិបាល នឹង​ដោះ​ស្រាយ​បញ្ហា​ប្រហាក់​ប្រហែល​នឹង​បញ្ហា​ទាំង​ឡាយ ដែល​ប្រឈម​ក្នុង​អំឡុង​សប្តាហ៍​កាន់​មរណទុក្ខ នៅ​ពេល​មនុស្ស ២៣៣ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដោយ​សារ​សន្លប់ ហើយ​មនុស្ស​ជាង ៣៨០០ នាក់ បាន​ទទួល​ការ​ព្យាបាល​ដោយ​គ្រូ​ពេទ្យ​ នៅ​មុខ​ព្រះ​បរម​រាជវាំង ដោយ​សារ​វិល​មុខ ឈឺក្បាល និង​គ្រុន​ផ្តាស​សាយ។

លោក សុគន្ធ បាន​ឲ្យ​ដឹង​ថា បន្ថែម​លើ​ព្រះ​បរម​រាជ​វាំង រថយន្ត​សាមុយ​ នឹង​ដាក់​ពង្រាយ​នៅ​កន្លែង​ ៤ ផ្សេង​ទៀត គឺ​សារ​មន្ទីរ​ជាតិ រដ្ឋ​សភា​ចាស់ ទីស្នាក់ការ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ និង​ច្រាំង​ទន្លេ​ចតុមុខ ទល់​មុខ​ព្រះ​បរមរាជវាំង។

លោក​បាន បន្ថែម​ថា រថយន្ត​សាមុយ​ដទៃ​ទៀត នឹង​ដាក់​នៅ​កន្លែង​មាន​មនុស្ស​ច្រើន និង​នៅ​កន្លែង​ដាក់​បញ្ចាំង​ទូរទស្សន៍​អេក្រង់ ១៤ អ៊ិញ ដើម្បី​ផ្សព្វផ្សាយ​អំពី​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។

លោក សុគន្ធ បាន​លើក​ឡើង​ថា៖ «​មន្រ្តី​សុខាភិបាល​ នឹង​ឈរ​ជើង​នៅ​ពិធី និង​កន្លែង​មាន​​មនុស្ស​ច្រើន ២៤ ម៉ោង ក្នុង​មួយ​ថ្ងៃ ជា​ពិសេស​ថ្ងៃទី ១ និង​ទី ៤ ព្រោះ​អ្នក​ចូល​រួម​ភាគ​ច្រើន ​នឹង​តក់ស្លត់​ចិត្ត ឈឺចាប់ និង​សោក​ស្តាយ​ខ្លាំង ហើយ​ស្រក់​ទឹក​ភ្នែក​ច្រើន ធ្វើ​ឲ្យ​ពួក​គេ​ចុះ​ខ្សោយ ​ឬ​អាច​សន្លប់​»។ លោក​បាន​ឲ្យ​ដឹង​ថា មន្រ្តី​សុខាភិបាល​ក្រុង​ភ្នំពេញ​នឹង​អប់រំ​អ្នក​មក​ពី​ខេត្ត​អំពី​អនាម័យ ចៀស​វាង​ឈឺ​ថ្កាត់។

លោក សុគន្ធ បាន​បញ្ជាក់​ទៀត​ថា៖«​យុទ្ធនាការ​មន្រ្តី​សុខាភិបាល​នឹង​ចាប់​ផ្តើម​នៅ ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ និង​ថ្ងៃ​ចុង​ក្រោយ រហូត​ដល់​ប្រជាជន​ទាំង​អស់​ គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ»៕ TK

No comments:

Post a Comment

I like Blogger