សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 18, 2013

កាត់​ទោស​អ្នក​រុករាន​ដី​រដ្ឋ​នៅ​ស្ទោង​២៨​នាក់

Friday, 18 Ja nuary 2013 លៀង សារិទ្ធ Phnom Penh Post

130118_10
ក្រុម​ជន​ជាប់​ចោទ ពាក់​ព័ន្ធនឹងការ​រុក​រាន​ដី​តំបន់​ជល​ផលនៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ​​ពេល​នាំឡើង​​សវនាការ​កាល​ពី​​ថ្ងៃម្សិល​មិញ​។ រូបថត លៀង សារិទ្ធ
ភំ្នពេញៈ ជន​ជាប់​ចោទ​ជា​អតីត​ប្រធាន​មន្ទីរ​ធនធាន​ទឹក ​ខេត្ត អភិបាល​ស្រុក មេឃុំ និង​ជា​មន្ត្រី​ជល​ផល​ខ្លះ​ផង ទាំងអស់​២៨នាក់ កាល​ពី​ព្រឹក​ម្សិល​មិញ ត្រូវ​សាលា​ដំបូង​រាជធានី​ភំ្នពេញ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ដល់​៥ឆ្នាំ និង​ត្រូវ​បង់​ប្រាក់​ពិន័យ​ផង ពាក់ព័ន្ធ​នឹង​ករណី​កាប់​រាន​ដីរដ្ឋ ផ្ទុយ​ពី​ច្បាប់​ជលផល នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ កាល​ពី​ឆ្នាំ​២០១១។
ប្រធានក្រុម​ប្រឹក្សា​ចៅក្រម​ជំនុំ​ជម្រះ ប្រកាស​ពី​ម្សិល​មិញ​ថា ជន​ជាប់​ចោទ​ដែល​មាន​មន្ត្រី​ថ្នាក់​មន្ទីរ​ខេត្ត មន្ត្រី​ជល​ផល អតីត​អភិបាល​ស្រុក មេឃុំ ប្រធាន​សហគមន៍ និង​អ្នក​តំណាង​ពលរដ្ឋ​ទាំង​២៨​នាក់ ម្នាក់ៗ​សុទ្ធ​តែ​មាន​ទោស តែ​ខ្លះ​គឺ​គ្រាន់​តែ​ព្យួរទោស និង​ពិន័យ​ប្រាក់​តិចតួច ពាក់ព័ន្ធ​នឹងការ​រុក​រាន​ដី សង់​អាង​ទឹក និង​ដក​បង្គោល​ព្រំ​ខណ្ឌ​តំបន់​ជល​ផល ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​នោះ។

លោក កែវ មុនី ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​បាន​ប្រកាស​ សេចក្តី​សម្រេច​ផ្តន្ទា​ទោស លោក ជាតិ ស៊ីវុត្ថា អាយុ​៤៨ឆ្នាំ អតីត​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ធំ ដាក់​ពន្ធនាគារ​៣ឆ្នាំ តែ​អនុវត្ត​២​ឆ្នាំ និង​ពិន័យ​ប្រាក់​១០​លាន​រៀល អ្នកស្រី យក់ គឹមឡេង អាយុ​៤១ឆ្នាំ អតីត​ប្រធាន​សហគមន៍​ដាក់​ពន្ធនាគារ​៥ឆ្នាំ តែ​អនុវត្ត​៤ឆ្នាំ និង​ពិន័យ​៥លាន​រៀល លោក ព្រឹម រដ្ឋា អតីត​អភិបាល​ស្រុក​ស្ទោង ដាក់​ពន្ធនាគារ​៣​ឆ្នាំ តែ​ត្រូវ​បាន​ព្យួរ និង​ពិន័យ​៥លាន​រៀល លោក ពាញ ពូល អាយុ​៤១ឆ្នាំ មេឃុំ​សំព្រោជ ដាក់​ពន្ធនាគារ​២ឆ្នាំ អនុវត្ត​១ឆ្នាំ ពិន័យ​៥លាន​រៀល លោក ម៉េង ផល្លី អាយុ​៥០​ឆ្នាំ​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ​១២៣​គ្រួសារ ដាក់​ពន្ធនាគារ​៥ឆ្នាំ អនុវត្ត​៤ឆ្នាំ និង​ពិន័យ​៥លាន​រៀល លោក តន ចាន់សីហា អតីតនាយ​ផ្នែក​ជល​ផល​ស្រុក​ស្ទោង ដាក់​ទោស​៣ឆ្នាំ​តែ​ត្រូវ​ព្យួរ លោក ប៉ែន វណ្ណរិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្រុក​ស្ទោង​ដាក់​ទោស​៣ឆ្នាំ​តែ​ត្រូវ​ព្យួរ​និង​ ពិន័យ​៥លាន​រៀល។
លោក ប្រកាស​ដែរ​ថា អ្នក​ទាំង​នេះ ជាប់​ចោទ​ពី​បទ​ធ្វើ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់​ឬ​ដោយ​ ប្រយោល​ជួយ​ដល់​អាជីវកម្ម​ជលផល និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​នឹង​ច្បាប់​ជលផល មិន​រាង​ចាល​ឬ​មិន​ដាក់​ពាក្យ​បណ្តឹង​ចំពោះ​បទ​ល្មើស​ជល​ផល​ថ្នាក់​ទី ១ ដែល​បាន​កើត​ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​ខ្លួន​និងពី​បទ​ធ្វើ​សកម្មភាព​ បំពាន ក្នុង​តំបន់​ហាម​ឃាត់​ដែល​ជា​តំបន់​គ្រប់​គ្រង​ដោយ​ស្ថាប័ន​ជលផល និង​ស្ថាប័ន​ធនធាន​ទឹក ហើយ​កាប់​គាស់​រាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​កាន់​កាប់ និង​ធ្វើ​ឲ្យ​ខូច​ឬ​បំផ្លាញ​បង្គោល​ព្រំខណ្ឌ​និង​ផ្លាស់​ប្តូរ រំកិល ឬ​ជីក​បង្គោល​ព្រំ​ខណ្ឌ ព្រមទាំង​ជីក​ប្រឡាយ និង​លើក​ទំនប់​សាង​សង់​អាង​ទឹក​ថ្មីៗ នៅ​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​ឆ្នាំ​២០១១​-២០១២។
ក្រៅពីជនជាប់​ចោទ​ខាង​លើ​តុលាការ​ក៏​បាន​ផ្តន្ទាទោស​មនុស្ស ២១​នាក់​ទៀត ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ដាក់់​ពន្ធនាគារ​ពី២​ទៅ​៥ឆ្នាំ និង​ពិន័យ​ប្រាក់​ពី៥​លាន​ដល់​២០​លាន​រៀល​ផង​ដែរ។
លោកចៅក្រម កែវ មុនី ថ្លែង​បញ្ជាក់​ថា៖ «សាលក្រម​នេះ​ប្រកាស​ហើយ បើ​ជន​ជាប់​ចោទ​ណា​មិន​ពេញ​ចិត្ត អាច​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​បាន»។
ជនជាប់ចោទជាតិ ស៊ីវុត្ថា បាន​ប្រាប់​តុលាការ​ថា ការ​កំណត់​តំបន់​មាន​ក្នុង​អនុក្រឹត្យ​ចាប់​ពី​ឆ្នាំ​២០១១ តែ​គេ​បាន​បោះ​បង្គោល​ព្រំដី​ក្នុង​តំបន់១ និង​តំបន់​២ មុន​អនុក្រឹត្យ​ចេញ​តំបន់​មាន​៣ គឺ​តំបន់១,២​និង​តំបន់​៣ ដែល​មាន​ដី​សរុប​១៦២ពាន់​ហិកតា។ តំបន់​១និង២ អនុញ្ញាត​ឲ្យ​ធ្វើ​អាង​ប្រឡាយ​ហាម​តែ​តំបន់​ទី៣។ លោកបន្ត​ថា ប្រជាជន​ស្នើ​សុំ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១២ និង​ចុះ​ឈូស​ឆាយ​នៅដើម​ខែ​ឧសភា។ សំណើ​នោះ​ឆ្លង​កាត់​ឃុំ ស្រុក ទើប​ចូល​មក​មន្ទីរខេត្ត ហើយ​បន្ត​ទៅ​សាលា​ខេត្ត​ទៀត។ លោក​ថា៖​«ខ្ញុំ​អនុញ្ញាត​ឲ្យ​តែ​តំបន់​១និង២​ប៉ុណ្ណោះ ហើយក៏​ហាម​មិន​ឲ្យ​កាប់​រាន​ព្រៃ​ដែរ។ តែ​ខ្ញុំ​មិន​ដែល​ចុះ​ទៅ​មើល​ឬ​ឲ្យ​ថ្នាក់​ក្រោម​ទៅ​មើល​ទេ»។
លោក ពាញ ពូល និយាយថា គាត់​មាន​ដី៥០​ហិកតា នៅ​ក្នុង​តំបន់​នោះ នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០១២ បាន​ជួល​គ្រឿងចក្រ​៣​គ្រឿង​ទៅ​ជីក​អាង ដោយ​មាន​ការ​អនុញ្ញាត​ពី​ឃុំ​-ស្រុក រហូត​ដល់​ថ្នាក់​ខេត្ត។ គាត់​អះ​អាង​ថា៖ «បើ​គ្មាន​ការ​ឯកភាព​ពី​សមត្ថកិច្ច ខ្ញុំ​មិន​ហ៊ាន​ធ្វើ​ទេ។​ខ្ញុំ​ទើប​តែ​ជាប់​ឆ្នោត​ជា​មេឃុំ​នៅ​អាណត្តិ​ទី៣ ខ្ញុំ​មិន​បាន​ចេញ​លិខិត​អីទេ»។
អ្នកស្រី យក់ គឹមឡេង ប្រាប់​ថា ដី​សហគមន៍​មាន​៦​រយ​ហិកតា ដី​ជីក​ធ្វើ​អាង​ជាង​៩០​ហិកតា​កាល​ពី​ឆ្នាំ​២០០៨​និង​បាន​កែ​សម្រួល នៅ​ឆ្នាំ​២០១១ មាន​ប្រជាជន​ជាង​២០០​គ្រួសារ​មក​ធ្វើ​ស្រែ​នៅ​ទី​នោះ ដោយ​បង់​ថ្លៃ​ទឹក​ឲ្យ​គាត់​ក្នុង​មួយ​ហិកតា​ស្រូវ ១តោន។
អ្នកស្រីបន្តថា នៅ​ឆ្នាំ​២០១១ គាត់​បាន​សុំ​ឲ្យ​មន្រី្ត​ទន្លេសាប​កែ​សម្រួល​បង្គោល​លេខ​៤២​ព្រោះ បោះ​ចំ​កណ្តាល​អាង។ អ្នកស្រី​ថា៖ «ការ​ជួស​ជុល​អាង​និង​ការ​រំកិល​បង្គោល គឺ​មាន​ការ​ឯកភាព​ពី​លោក​អភិបាលខេត្ត»។
រីឯ​ម៉េង ផល្លី បានឲ្យ​ដឹង​ដែរ​ថា គាត់​ជា​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ ៣ភូមិ ១២៣​គ្រួសារ មាន​ដី​ស្រែ​១៧០​ហិកតា និង​ដី​អាង ១៥០​ហិកតា។ នៅក្នុង​ឆ្នាំ ២០១២ គាត់​បាន​ជួល​គ្រឿងចក្រ​២​គ្រឿង​ឈួស​ឆាយ​និង​ជីក​អាង។
គាត់បន្ត​ថា៖«គាត់​បាន​នាំ​ពលរដ្ឋ​ទៅ​ដក​បង្គោល​ព្រំតំបន់​ចំនួន ៣បង្គោល ដោយ​សារ​តែ​បង្គោល​នោះ​បោះ​ចូល​ទៅ​ក្នុង​ដី​៧០០​ម៉ែត្រ ហើយ​ការ​ដក​នេះ គឺ​មាន​ការ​អនុញ្ញាត​ពី​ឃុំ​និង​ស្រុក តែ​មិន​មាន​លិខិត​អីទេ គឺ​សុំ​ផ្ទាល់​មាត់។ ខ្ញុំ​មិន​ដឹង​ថា មាន​អនុក្រឹត្យ​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​ណែនាំ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ដែរ»។
លោក​មេធាវី ឡាំង គឹម​សេង ការពារ​ក្តី​ឲ្យជន​ជាប់​ចោទ​ឈ្មោះ ឆាង ធា សុំ​មិន​អធិប្បាយ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ទេ ព្រោះ​ជា ឆន្ទានុ​សិទ្ធិ​របស់​តុលា​ការ ម្យ៉ាង​ជន​ជាប់​ចោទ​ក៏​មាន​សិទ្ធិ​ដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍​ដែរ។ លោក​បញ្ជាក់​ថា ៖ «កូន​ក្តីខ្ញុំ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​ឧទ្ធរណ៍​ជំទាស់​និង​សេចក្តី​សម្រេច​នេះ​ហើយ»។
លោក ញ៉ែម សារ៉ាត អ្នក​សម្រប​សម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់ធំ​បាន​ថ្លែង បញ្ជាក់​ថា ខាង​អាដហុក​ខេត្ត​កំពង់ធំ​មិន​បាន​ទទួល​រឿង​នេះ​មក​សិក្សា​និង​អង្កេត ទេ មួយ​ទៀត​គឺ​រឿង​នេះ​កាត់​ក្តី​នៅ​រាជធានី​ ភ្នំពេញ លោក​មិន​អាច​សន្និដ្ឋាន​យ៉ាង​ណា​បាន​ទេ។ លោក​ថា ៖ «ខ្ញុំ​មិន​ដឹងថា ការ​សម្រេច​របស់​តុលាការ​នេះ​សម​នឹង​អំពើ​ប្រព្រឹត្ត​របស់​ពួកគាត់​ឬ​យ៉ាង​ ណា​ទេ? តែយ៉ាង​ណា ក៏​វា​ល្អ​ដែរ​ក្នុង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ផ្សេង​ៗទៀត»៕

No comments:

Post a Comment

I like Blogger