សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 2, 2013

ការ​បោះឆ្នោត សិទ្ធិ​មនុស្ស និង​គោល​នយោបាយ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ទូលាយ​ក្នុង​ឆ្នាំ​២០១៣

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ
ខ្ញុំគិត ​ថា គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​សំឡេង​ឆ្នោត​ភាគ​ច្រើន ​នឹង​បន្ត​កាន់​អំណាច​ទៀត​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​មួយ​  ចំនួនតែ​មិនមែន​ជា​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ទេ​។ ខ្ញុំ​គិត​ថា រដ្ឋ​មន្រ្តី​មួយ​ចំនួន​នឹង​ត្រូវ​ជំនួស​ ដោយ​រដ្ឋ​មន្រ្តី​ថ្មី និង​វ័យ​ក្មេង។ ចំពោះ​គោល​នយោបាយ​វិញ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​តែ​ផ្លាស់​ប្តូរ​ជា​ចាំបាច់   គឺ​ត្រូវ​បំពេញ​បំណង​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ​ជា​ពិសេស បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ជន​រង​គ្រោះ ដោយ​សារ​អ្នក​ចាប់​យក​ដី​ធ្លី។ ជាមួយ​នោះ ​ត្រូវ​ផ្លាស់​ប្តូរ ឬ​កែ​ប្រែ​គោល​នយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច និង​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពាក់ព័ន្ធ។ រដ្ឋាភិបាល មិន​អាច​ពឹង​ផ្អែក​តែ​លើ​ក្រុម​ហ៊ុន​ធំៗ​ឡើយ​ ប្រហែល​រដ្ឋាភិ​បាល​ចាំបាច់​ត្រូវ​ជំរុញ​ម្ចាស់​កម្មសិទិ្ធ​ដី​ខ្នាត​ មធ្យម ឬ​វណ្ណៈ​មធ្យម។ ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​បច្ចុប្បន្ន​របស់​ខ្លួន នឹង​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ថែម​ទៀត​ នឹង​ទទួល​រង​ផល​ប៉ះពាល់​ ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ខ្ញុំ​គិត​ថា នឹង​មាន​ផល​បក​ទៅ​លើ​អ្នក​វិនិយោគ​បរទេស​វិញ ជា​ពិសេស​អ្នក​វិនិយោគ​ចិន។ អ្នក​ខ្លះ​យល់​ថា ក្រុម​ហ៊ុន​ចិន​មួយ​ចំនួន និង​ក្រុម​ហ៊ុន​បរទេស​ជា​ទូទៅ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ចាប់​យក​ដី ធ្លី​។
ស្ថានការណ៍​បែប​នេះ មិន​អាច​អនុញ្ញាត​ឲ្យ​បន្ត​មាន​ទៀត​ឡើយ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ឯក​ភាព និង​ស្ថិរភាព​ប្រទេស​ជាតិ​របស់​យើង។ រឿង​សំខាន់​មួយ​ទៀត យើង​មិន​អាច​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​យុតិ្តធម៌​សព្វ​ថ្ងៃ​នេះ​បាន ទៀត​ទេ។ សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ​តុលាការ​កំពុង​បំបែក​បំបាក់​ជាតិ​។ បញ្ហា​មួយ​ទៀត​ គឺ​អំពើ​ពុករលួយ និង​ប្រាក់​ខែ​ទាប ដែល​ជំរុញ​ឲ្យ​មាន​អំពើ​ពុករលួយ។ នេះ​ជា​បញ្ហា​ពេលវេលា វា​មិន​អាច​បន្ត​ឲ្យ​មាន​ដូច​បែប​នេះ​ទេ​។ នេះ​ក៏​ប៉ះ​ពាល់​ដល់​ស្ថិរភាព​និង​ឯកភាព​ជាតិ​ផង​ដែរ​។ នៅ​ពេល​ស្ថាប័ន​សាធារណៈ​មិន​ត្រូវ​បាន​ជឿ​ទុក​ចិត្ត​ដោយ​ប្រជាជន ហើយ​នៅ​ពេល​ប្រព័ន្ធ​តុលាការ​ មិន​ត្រូវ​បាន​ជឿ​ទុក​ចិត្ត​ដោយ​ប្រជាជន​ អ្នក​មិន​អាច​បន្ត​ដូច​បែប​នោះ​ឡើយ។


លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​
លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី

ចំពោះ ការ​រំពឹង​ទុក​ឆ្នាំ​២០១៣ រដ្ឋាភិបាល បាន​កំណត់​គោល​ដៅ​កំណើន​ផលិតផល​ក្នុង​ស្រុក​  សរុប​៧,១ ភាគរយ ​ហើយ​រក្សា​អត្រា​អតិផរណា​ឲ្យ​បាន​ទាប តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទាំង​នោះ ​គឺជា​គោល​ដៅ​របស់​យើង សម្រាប់​វិស័យ​សេដ្ឋកិច្ច​។​ គម្រោង​ចម្បង​ទី២ របស់​យើង​គឺ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​។​ មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ រាប់​ទាំង​ការ​កសាង​សមត្ថ​ភាព ​និង​ការ​ធ្វើ​ឲ្យ​រដ្ឋបាល កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ រាល់​លិខិត​ស្នាម​នៅ​​ការិយាល័យ​តុលាការ​នឹង​តភ្ជាប់​ដោយ​ម៉ាស៊ីន​ ទំនើប ជា​ផ្នែក​នៃ​កំណែ​ទម្រង់​រដ្ឋបាល។

ជា​ការ​ពិត យើង​នឹង​យក​ចិត្ត​ទុក​ដាក់ រក្សា​ការ​បោះឆ្នោត​ជា​ទូទៅ ដើម្បី​ធានា​ថា វា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​តាម​កម្មវិធី​។ ក្នុង​ឆ្នាំ​នេះ​ដែរ យើង​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​សិទិ្ធ​មនុស្ស​ ទៅ​ក្រុម​ប្រឹក្សា​អន្តរ​ក្រសួ​ង​ក្នុង​ពេល​ឆាប់​ៗ។
យើង​ចង់​ធ្វើ កំណែទម្រង់ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​សិទិ្ធ​មនុស្ស តាង​នាម​ឲ្យ​ប្រជា​ជន​។ យើង​ត្រូវ​ការ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ដើម្បី​ឲ្យ​មន្រ្តី​រាជការ​ផ្តល់​សេវា​កាន់​តែ​ល្អ​ប្រសើរ​ដល់​ប្រជាជន ។ ​ឥឡូវ​នេះ វា​ស្ថិត​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ហើយ​យើង​កំពុង​ត្រួត​ពិនិត្យ​ សេចក្តី​ព្រាង​ច្បាប់​នោះ។ ​បន្ទាប់​ពីត្រួត​ពិនិត្យ​ចប់ វា​នឹង​ត្រូវ​យក​មក​ពិនិត្យ ​ក្នុង​កិច្ច​ប្រជុំ ​ក្រោម​អធិបតី​ភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តី។ ​យើង​កំពុង​សម្លឹង​មើល​កំណែ​ទម្រង់​ទូទៅ ក៏​ដូចជា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ គឺ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​នៃ​ឥរិយាបថ​រដ្ឋាភិបាល​។
ជា​ពិសេស​ ទាក់ទង​នឹង​អំពើ​ពុករលួយ ​នោះ​ជា​បញ្ហា​ធំ ដែល​រដ្ឋាភិបាល កំពុង​ធ្វើ​ការ​ដោះស្រាយ​។ អ្នក​រាល់​គ្នា​ចង់​ឃើញ​នេះ​ជា​ច្បាប់។ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ រវាង​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល។ មាន​ការ​សិក្សា​បន្ថែម​ទៀត រវាង​ប្រជាជន​និង​រដ្ឋាភិបាល​ឲ្យ ចេះ​ឈាន​ដល់​ដំណោះ​ស្រាយ​សម្រប​សម្រួល។ យើង​មាន​បទពិសោធ​ជា​ច្រើន​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ មេ​ដឹក​នាំ​ពិភពលោក បាន​មក​កម្ពុជា ​រៀបចំ​កិច្ច​ពិភាក្សា​ទ្វេ​ភាគី ហើយ​យើង​រៀន​សូត្រ​បាន​យ៉ាង​ច្រើន។

លោក សៀ ភារម្យ អគ្គនាយក​នៃ​ក្រុម​ការងារ​ពិសេស​សិទិ្ធ​លំនៅដ្ឋាន
លោក សៀ ភារម្យ អគ្គនាយក​នៃ​ក្រុម​ការងារ​ពិសេស​សិទិ្ធ​លំនៅដ្ឋាន

ការ បោះឆ្នោត​ជាតិ​ខែ​កក្កដា គឺ​មាន​សារៈ​សំខាន់​ណាស់​ ចំពោះ​រដ្ឋាភិបាល។ ខ្ញុំ​មិន​គិត​ថា ពួក​គេ​នឹង​បណ្តេញ​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ដី​ធ្លី ក្នុង​ចំនួន​ច្រើន​ ដូច​ពី​មុន​ទៀត​ឡើយ គឺ​ចំនួន​នោះ​មិន​កើន ឬ​ថយ​ចុះ​ ដូច​អ្វី​ដែល​យើង​បាន​មើល​ឃើញ កាល​ពី​ឆ្នាំ​មុន​ឡើយ​។ ប៉ុន្តែ យើង​ព្យាករថា ក្រោយ​ការ​បោះឆ្នោត ករណី​នៃ​ការ​បណ្តេញ​ចេញ​នឹង​កើន​ឡើង។ យើង​ព្រួយ​បារម្ភ​ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​ប្រហែល​សកម្មជន​ដី​ធ្លី​ជា ច្រើន​ថែម​ទៀត ​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ ដោយ​សារ​ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ។ រដ្ឋាភិបាល​នឹង​បន្ត​បំភិត​បំភ័យ​សកម្មជន ព្រោះ​រដ្ឋាភិបាល​ភ័យ​ខ្លាច​ថា ការ​តវ៉ា​របស់​ពួក​គេ នឹង​ប៉ះពាល់​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ នៅ​មុន​ការ​បោះឆ្នោត។ ប៉ុន្តែ​ ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ មិន​ចង់​ឃើញ​ការ​តវ៉ា​ថែម​ទៀត ក្នុង​ឆ្នាំ ២០១៣ ទេ​នោះ​រដ្ឋាភិបាល​ត្រូវ​ដោះលែង​សកម្មជន​ដី​ធ្លី ដូច​ជា​ អ្នក​ស្រី យ៉ោម បុប្ផា ​បើ​មិន​ដូច្នោះ​ទេ ប្រជាជន​នឹង​បន្ត​ធ្វើ​បាតុកម្ម​ដូច​ដែល​ពួក​គេ​បាន​ឃើញ​ស្ទើរ​ពេញ មួយ​ឆ្នាំ​កន្លង​មក​នេះ​។ ជម្លោះ​ដី​ធ្លី​ភាគ​ច្រើន​ មិន​ទាន់​បាន​ដោះស្រាយ​ទេ ដូច​ជា បឹងកក់ និង​បុរីកីឡា។ ទាំង​នេះ​នៅ​តែ​ជា​បញ្ហា។


លោក សឺន ស៊ូប៊ែរ្តិ៍ ទីប្រឹក្សា​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី និង​ជា​ប្រវតិ្ត​វិទូ
លោក សឺន ស៊ូប៊ែរ្តិ៍ ទីប្រឹក្សា​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី និង​ជា​ប្រវតិ្ត​វិទូ

ខ្ញុំ​គិត​ថា ទំព័រ​ប្រវតិ្ត​សាស្រ្ត​កម្ពុជា​ បាន​បិទ​ហើយ ជាមួយ​នឹង​ការ​សោយទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ដូច​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ នឹង​បន្ត​មាន​អត្ថិភាព។ ខ្ញុំ​គិត​ថា ​ប្រជាជន បាន​សម្ដែង​សេចក្តី​ស្រឡាញ់​ ចំពោះ​​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បច្ចុប្បន្ន ​ជា​ពិសេស​ក្នុង​អំឡុង​រយៈ​ពេល​កាន់​មរណ​ទុក្ខ។ ​ព្រះ​មហាក្សត្រ សីហមុនី ក៏​តែង​តែ​ធ្លាប់​បាន​ចុះ​ទៅ​ជួប​ប្រជា​ជន​ក្រីក្រ​បំផុត ដូច​សម្តេច​ឪ បាន​ធ្វើ​ពី​មុន។ ​ខ្ញុំ​គិត​ថា រាជានិយម​នឹង​បន្ត​មាន។ វា​គឺជា​ស្ថាប័ន​រដ្ឋ​តែ​មួយ​គត់ ដែល​អាច​ប្រមូល​ផ្តុំ​ប្រជា​ជន។ វា​ជា​ស្ថាប័ន​ដែល​ផ្តល់​ស្ថិរភាព​ពិត​ប្រាកដ​។ ប៉ុន្តែ វា​នឹង​មាន​អារម្មណ៍​ស្រៀវ​ឆ្អឹង​ខ្នង​បន្តិច នៅ​ពេល​គ្មាន​សម្តេច​ឪ។​ ដូច​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ព្រះ​មហា​ក្សត្រ​ជា​ព្រះ ប្រធាន​ក្រុម​ប្រឹក្សា​នោះ គួរ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ហើយ​ព្រះ​មហាក្សត្រ គួរ​ធ្វើ​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​នោះ។ មាន​ប្រការ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ព្រះ​មហាក្សត្រ​ ជា​អ្នក​ធានា​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី ប៉ុន្តែ​ព្រះ​មហាក្សត្រ ​គ្មាន​មធ្យោបាយ​និយាយ​អ្វី​មួយ​ឡើយ​អំពី​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី អ្នក​មិន​អាច​និយាយ​បែប​នោះ​ទេ។ ប្រសិន​បើ​គេ​ព្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋ​សភា ​ព្រះ​មហាក្សត្រ​ នឹង​​សម្តែង​ការ​គាំទ្រ ប៉ុន្តែ​ច្បាប់​នោះ​មិន​ត្រូវ​បាន​ព្រាង​ឡើយ។


លោក​ស្រី Anne Heindel​ ទីប្រឹក្សា​ច្បាប់​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ច្បាស់ ​ណាស់ បញ្ហា​សុខ​ភាព​របស់​លោក អៀង សារី នឹង​បន្ត​ជា​ក្តី​បារម្ភ​ចម្បង​ក្នុង​ឆ្នាំ​២០១៣ នេះ។ ​អង្គ​ជំនុំ​ជម្រះ​ បាន​និង​កំពុង​បើកសវនា​ការ ដោយ​គ្មាន​វត្តមាន​របស់​លោក អៀង សារី ហើយ​មេធាវី​របស់​គាត់ នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ទាមទារ​សិទិ្ធចូល​រួម ​ក្នុង​សាល​តុលាការ ហើយ​ក៏​ត្រូវ​ឲ្យមាន​ការ​ចូល​រួម​ប្រកប​ដោយ​គុណភាព​ ពី​បន្ទប់​សោតទស្សន៍ ដែល​តាម​ដាន​ជា​ប្រចាំ​ថ្ងៃ។ ពួក​គេ​នឹង​ដាក់​បណ្តឹង​សារទុក្ខ​បញ្ហា​នេះ​ ដល់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ក្នុង​ពេល​ឆាប់​ៗ។ សេចក្តី​សម្រេច​របស់​លោក Mark Harmon ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ ​ជូន​ដំណឹង​សាធារណជន ឲ្យ​បាន​ដឹង​ អំពី​កន្លែង​ឧក្រិដ្ឋកម្ម​បន្ថែម​ទៀត​ ដែល​កំពុង​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៤ ​គឺ​មាន​សារៈ​សំខាន់ ព្រោះ​វា​ប្រាប់​យើង​ថា​តើ​ គាត់​ទទួល​យក​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​បន្ថែម​ពី​ព្រះ​រាជ​អាជ្ញា​ អន្តរជាតិ ក្នុង​ឆ្នាំ ២០១១ និង​ថា គាត់​កំពុង​គោរ​ព​តាម​សេចក្តី​សម្រេច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​ដែល​ សម្រេច​ថា ​ជន​រងគ្រោះ​ មាន​សិទិ្ធ​ទទួល​បាន​ព័ត៌​មាន​បន្ថែម ដើម្បី​គេ​អាច​ប្រើប្រាស់​សិទិ្ធ​ចូល​រួម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ ក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា ឥឡូវ​នេះ ​រយៈ​ពេល​៤ ឆ្នាំ​ បន្ទាប់​ពី​រឿង​ក្តី​ទាំង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត ​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់​មួយ ​នឹង​ធ្វើ​ឡើង​ដើម្បី​នីតិវិធី​អាច​ដំណើរ​ការ​ទៅ​មុខ ដោយ​យុតិ្តធម៌ និង​ប្រសិទ្ធ​ភាព។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍
លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍

កម្ពុជា និង​ម៉ាឡេស៊ី គ្រោង​ចុះ​ហត្ថលេខា​ លើ​អនុស្សរណៈ​យោគ​យល់​គ្នា​ ស្តីពី​ការងារ​បម្រើ​តាម​ផ្ទះ​ ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ទាក់​ទង​នឹង​កាល​បរិច្ឆេទ។ ​រដ្ឋាភិបាល​ទាំង​ពីរ​មិន​ទាន់​បាន​ព្រម​ព្រៀង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​និយាយ​បាន​ គឺ​អនុស្សរណៈ​ ចាំបាច់​ត្រូវ​ដាក់​បញ្ចូល​អនុសាសន៍​ពី​សង្គម​ស៊ីវិល។ យើង​ត្រូវ​សម្លឹង​មើល​រឿង​ និង​បញ្ហា​ពី​ឆ្នាំ ២០១០- ២០១១ និង ២០១២ បទ​ពិសោធ​ទទួល​បាន ដើម្បី​រៀបចំ​ឧបករណ៍​សម្រាប់​ឆ្នាំ ២០១៣​។ ​​មាន​មេរៀន​ពី​ប្រទេស​ថៃ។ ពល​ករ​ជា​ច្រើន​នាក់​ ខក​ខាន​មិន​បាន​ចុះ​បញ្ជី​ក្រោម​គោលនយោបាយ​ផ្ទៀងផ្ទាត់​ជាតិ​របស់​ថៃ ជា​កិច្ច​ដំណើរ​ការ​ នៃ​ការ​អនុវត្ត​ដែល​មិន​មាន​តម្លាភាព ហើយ​វា​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ ប្រកប​ដោយ​ប្រសិទ្ធភាព។ ប្រសិន​បើ​កម្ពុជា និង​ម៉ាឡេស៊ី​ មាន​ឆន្ទៈនយោបាយ​ច្បាស់​លាស់ ​ពួក​គេ​គួរ​ផ្តល់​ក្រប​ខ័ណ្ឌ​ច្បាប់​ច្បាស់​លាស់​ ក្នុង​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំង​អស់​ដែល​កើត​មាន​រហូត​មក​ដល់ ​សព្វ​ថ្ងៃ​នេះ។​ ខ្ញុំ​គិត​ថា ចំនួន​ពលករ​ចំណាក​ស្រុក​នឹង​កើន​ឡើង។ ខ្ញុំ​មិន​មើល​ឃើញ​វឌ្ឍនភាព​ក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ប្រាក់​ ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង​ឡើយ។ នៅ​ពេល​កម្មករ​ធ្វើ​កូដកម្ម​ពួក​គេ​ត្រូវ​គេ​បាញ់ ពួក​គេ​ជាប់​បទ​ល្មើស​។ ​ជាមួយ​នឹង​បញ្ហា​ទាំង​នេះ ​វា​ពិបាក​ សម្រាប់​សហជីព​ក្នុង​ការ​ជួយ​កម្ម​ករ​ ទាមទារ​អត្ថ​ប្រយោជន៍ ​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ ដូច្នេះ​​ប្រាក់​ឈ្នួល​ទាប​បំផុត​នេះ កម្មករ​មិន​អាច​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ​បាន​ឡើយ។ ​ដូច្នេះ ខ្ញុំ​គិត​ថា ប្រជាជន​ច្រើន​ថែម​ទៀត នឹង​ធ្វើ​ចំណាក​ស្រុក ជា​ពិសេស​បន្ទាប់​ពី​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​ជាមួយ​នឹង​ ម៉ាឡេស៊ី។


លោក Marcus Hardtke អ្នក​សម្រប​សម្រួល​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៅ ARA

នៅ ពេល​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ព្រៃ​ឈើ សត្វ​ដំរី​ធំ កំពុង​រត់​គេច នៅ​ពេល​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​សម្បទាន។ វា​បាន​បន្ត​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដោយ​ប្រើប្រាស់​ចន្លោះ​ប្រហោង​ ក្នុង​ច្បាប់​ព្រៃ​ឈើ និង​ភូមិបាល។ ផ្ទៃ​ដី​ទំហំ​ធំ​នៅ​ខេត្ត​ក្រចេះ និង​កំពង់ធំ កំពុង​តែ​ឈូស​ឆាយ​ពេល​យើង​កំពុង​ធ្វើ​សម្ភាស​នេះ ដោយ​ផ្ទៃ​ដី​ជាច្រើន​ថែម​ទៀត​នឹង​ត្រូវ​ឈូស​ឆាយ។ ដូច្នេះ ឆ្នាំ​នេះ​ អាច​ជា​ឆ្នាំ​ដែល​ទីបំផុត​ វា​នឹង​ត្រូវ​បាន​លាត​ត្រដាង។ ​ខ្ញុំ​គិត​ថា ក្នុង​ឆ្នាំ​២០១៣ ​វា​ពិត​ជា​ដល់​ចំណុច​មួយ ដែល​វា​នៅ​ក្រៅ​ការ​គ្រប់​គ្រង​ទាំង​ស្រុង ហើយ​វា​ចាំបាច់​ត្រូវ​ដោះស្រាយ​។ ការ​បោះឆ្នោត​ឆ្នាំ​នេះ ​ដូច្នេះ មាន​ឱកាស​ដែល​យើង​នឹង​ទទួល​បាន​ការ​សន្យា​តិច​តួច។ ​បញ្ហា​ទី២​គឺ​ការ​បន្ត​បំផ្លិច​បំផ្លាញ​តំបន់​អភិរក្ស​នៅ​ក្នុង​ប្រទេស នេះ​។​ វាហាក់​បី​ដូច​ជា កម្ពុជា បាន​លះ​បង់​គំនិត​នៃ​តំបន់​អភិ​រក្ស​នោះ​ហើយ។ ក្នុង​តំបន់​ខ្លះ ព្រៃ​ជាង ៨០ ភាគ​រយ​បាន​បំផ្លាញ​អស់​ហើយ​។ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល កំពុង​តែ​សម្លឹង​មើល​វិធី​ផ្សេង​ទៀត ហើយ​នោះ​ជា​បញ្ហា​មួយ​ទៀត​ដែល​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ឆ្នាំ ២០១៣។ ​ពួក​គេ​បង្ហាញ​ខ្លួន​បន្តិច​ នៅ​ពេល​បញ្ហា​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ ពួក​គេ​បន្ទោស​រដ្ឋាភិបាល។ ​ជាមួយ​នឹង​ទង្វើ​នោះ ពួក​គេ​អាច​បន្ត​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត រហូត​ទាល់​តែ​គ្មាន​មូលនិធិ​។​ ក្នុង​ឆ្នាំ​២០១៣ ពួក​គេ​នឹង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ផង​ដែរ។ ​គ្មាន​អ្នក​ណា​ម្នាក់​គួរ​ប្រើ​ពាក្យ«អភិវឌ្ឍន៍» តទៀត​ឡើយ។ នេះ​មិន​មែន​ជា​ការ​អភិវឌ្ឍ​ទេ។ ជីវិត​ប្រជា​ជន​មិន​ល្អ​ប្រសើរ​ឡើង​ឡើយ ដោយ​សារ​ការ​អភិវឌ្ឍ​នេះ។ ជីវិត​ប្រជាជន​រង​ការ​ឈឺ​ចាប់។ ​អ្នក​ខ្លះ​រក​បាន​ប្រាក់ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​អភិវឌ្ឍ​ល្អ​សម្រាប់​ប្រទេស​ឡើយ។ វា​ថោក ហើយ​ចាប់​យក​ធន​ធាន​បាន​ឆាប់​រហ័ស។​
វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កើត​ ឡើង ដោយ​សារ​គ្មាន​អ្នក​ណា​ម្នាក់​ឃ្លាំ​មើល​ទៀត​ទេ។ គ្មាន​មេ​ដឹក​នាំ​ណា​ម្នាក់​ពិនិត្យ​មើល​ទិដ្ឋ​ភាព​ទូលំទូលាយ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ ក្នុង​ឆ្នាំ​២០១៣ ​ខ្ញុំ​គិត​ថា ​វា​នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ថែម​ទៀត​។ វា​យឺត​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ។

លោក យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម កម្ពុជា (CEDAC)
លោក យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម កម្ពុជា (CEDAC)

ប្រសិន បើ​យើង​សម្លឹង​មើល​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា មាន​ម៉ាស៊ីន​ច្រើន​ថែម​ទៀត គឺ​ត្រាក់​ទ័រ​តូច​ និង​ធំ​និង​ម៉ាស៊ីន​បោក​ស្រូវ។ នេះគឺ​ដោយ​សារ​វត្ត​មាន​នៃ​បច្ចេក​វិទ្យា​ទាំង​នេះ លទ្ធភាព​ទទួល​បាន​កម្ចី​ងាយស្រួល ​និង​បញ្ហា​ចំណាយ​ពល​កម្ម​ច្រើន​ក្នុង​កសិកម្ម ដោយ​សារ​មនុស្ស​ច្រើន​នាក់​ ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង ឬ​នៅ​ថៃ​។ ឆ្នាំ​មុន ​ចំណាយ​ពលកម្ម​ជា​មធ្យម​គឺ​១០០០០ រៀល​ក្នុង​មួយ​ថ្ងៃ។ ឆ្នាំ​នេះ គឺ​ប្រហែល​១២០០០ រៀល​ ហើយ​ឆ្នាំ​ក្រោយ​ នឹង​មាន​ចំនួន ១៥០០០ រៀល។ ចំណាយ​ផលិត​កាន់​តែ​កើន​ឡើង។ ដូច្នេះ កសិករ​ត្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់។ ឆ្នាំ​ក្រោយ កសិ​ករ​ នឹង​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​បង្កើន​ទិន្នផល​ឲ្យ​បាន​យ៉ាង​ហោច ណាស់​២,៥ តោន​ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា គឺ​ប្រហែល ១០០០ រៀល​ក្នុង​មួយ​គីឡូ។ ​​កសិករ​ត្រូវ​រក​វិធី ដើម្បី​ជួយ​ដំណាំ​ស្រូវ។ ពួក​គេ​ត្រូវ​ជ្រើស​រើស​ពូជ​ស្រូវ​ល្អ ដើម្បី​សាប​ព្រោះ ហើយ​មិន​ត្រូវ​ដាំ​ដំណាំ​ផ្សេង​គ្នា នៅ​ជិត​គ្នា​ឡើយ ដើម្បី​កុំ​ឲ្យ​ដំណាំ​ដណ្តើម​ជីវ​ជាតិ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ផ្នត់​គំនិត​ចាស់​ គឺ​អ្នក​ដាំ​ដំណាំ​កាន់​តែ​ច្រើន អ្នក​ទទួល​បាន​ទិន្នផល​កាន់​តែ​ច្រើន ប៉ុន្តែការ​ជ្រើសរើស​ពូជ​ល្អ និង​ទុក​ចន្លោះ​គុម្ព​ស្រូវ​ នឹង​ធ្វើ​ឲ្យ​បាន​ផល​ច្រើន​ ហើយ​យើង​អាច​សន្សំ​កម្លាំង​ពលកម្ម​បាន​ផង​ដែរ​។​ ជាមួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ឥឡូវ​នេះ វា​សំខាន់ ថា​តើ​យើង​សម្រប​តាម​ប្រតិទិន​ដោយ​របៀប​ណា​ក្នុង​ការ​ធ្វើ​ស្រែ? ​អ្នក​ត្រូវ​ដឹង​ពី​របប​​ទឹក​ភ្លៀង​ ហើយ​ជា​ធម្មតា របប​ទឹក​ភ្លៀង​នោះ នៅ​តែ​មិន​ជា​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ក្នុង​តំបន់​ខ្លះ ពុំ​មាន​ភ្លៀង​គ្រប់គ្រាន់​ឡើយ ឬ​ភ្លៀង​ធ្លាក់​យឺតយ៉ាវ​។ ដូច្នេះ ចំណុច​មួយ​ ត្រូវ​ធ្វើ​គឺ​ដាំ​ដុះ​ដំណាំ​ដទៃ​ទៀត ដូច​ជា ​ល្ពៅ និង​ឪឡឹក។ ប៉ុន្តែ​អ្នក​ត្រូវ​ចាប់​ផ្តើម​នៅ​ដើម​ខែ​វិច្ឆិកា ចំពោះ​ដំណាំ​បន្ទាប់​បន្សំ​នេះ​។ ការ​ដឹង​អំពី​ប្រតិ​ទិន គឺ​មាន​សារៈ​សំខាន់។


លោក ឆាំង យុ នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
លោក ឆាំង យុ នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

ខ្ញុំ​ព្យាករ​ថា ក្នុង​ឆ្នាំ​២០១៣ ​នឹង​មាន​សិស្ស​បន្ថែម​ទៀត​នៅ​កម្រិត​ឧត្តម​សិក្សា ដែល​សរសេរ​​ស្នាដៃ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រវតិ្ត​សាស្រ្ត​ខ្មែរ​ក្រហម។ ខ្ញុំ​អាច​មើល​ឃើញ​ថា នឹង​មាន​ការ​សិក្សា​ថែម​ទៀត ព្រោះ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​។ ខ្ញុំ​គិត​ថា ​ដោយ​សារ​ការ​ពិភាក្សា​ជា​សាធារណៈ​ វា​ក្លាយ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា វា​មិន​មែន​ជា​បញ្ហា​នយោបាយ​ទៀត​ឡើយ។ ​ទាក់ទង​នឹង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ខ្ញុំ​គិត​ថា ​នីតិវិធី​តុលាការ​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​​រកាំ​ ចិត្ត​ ដូច្នេះ ​នីតិវិធី បាន​ធ្វើ​ឲ្យ​សាធារណជន មិន​ចាប់​អារម្មណ៍។ ខ្ញុំ​គិត​ថា​ វា​នឹង​ត្រូវ​ការ​ព្រឹត្តិការណ៍​សំខាន់​នៅ អ.វ.ត.ក. ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍ និង​គាំទ្រ​ឡើង​វិញ​។ ទាក់ទង​នឹង​ប្រវតិ្ត​ខ្មែរ​ក្រហម ដែល​និពន្ធ​ដោយ​ជន​កម្ពុជា​ ខ្ញុំ​គិត​ថា ចំណុច​នេះ ​អាច​ព្យាករ​បាន ព្រោះ​វា​ជា​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន។ វា​ជា​របស់​ខ្មែរ​។ ខ្ញុំ​គិត​ថា ពេល​ក្មេងៗ​ធំ​ឡើង ​ពួក​គេ​ចាប់​ផ្តើម​ចោទ​សួរ​ ដើម្បី​រក​ចម្លើយ។ យើង​បាន​មើល​ឃើញ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចាប់​អារម្មណ៍​ពី​ក្រៅ​ប្រទេស​ផង និង​ពី​ក្នុង​ស្រុក​ផង។


លោក សៅ វណ្ណសី ​អ្នក​សម្រប​សម្រួល​ជាតិ អង្គការ​គាំទ្រ​សហគមន៍​ជន​ជាតិ​ដើម​

យើង មាន​ផែន​ការ​យុទ្ធសាស្រ្ត​ថ្មី សម្រាប់​ឆ្នាំ​២០១៣ ដល់​២០១៥។ បេសកកម្ម​របស់​ ICSO ​នៅ​តែ​មាន​ន័យ​ថា គាំទ្រ​សហគមន៍ និង​ផ្តល់​អំណាច​ដល់​ប្រជា​ជន​ ដូច្នេះ ពួក​គេ អាច​យល់​ដឹង​​អំពី​សិទិ្ធ​។ យើង​នឹង​បន្ត​ដំណើរ​ការ​ចុះ​បញ្ជី​ដី និង​សិទិ្ធ​លើ​ដី និង​ធនធាន​ធម្ម​ជាតិ។ ការ​ចុះ​បញ្ជី​ជា​បញ្ហា​ប្រឈម​ធំ ក្នុង​ការ​រក្សា​អត្តសញ្ញាណ​ប្រពៃណី​ និង​វប្បធម៌។ ជា​ពិសេស សហគមន៍​ជន​ជាតិ​ដើម ​ចង់​ចុះ​ប័ណ្ណ​កម្មសិទិ្ធ​រួម ប៉ុន្តែ​កិច្ច​ដំណើរ​ការ​នេះ​ដំណើរ​ទៅ​មុខ​យ៉ាង​យឺត ហើយ​ការ​អនុវត្ត​ក៏​យឺត​យ៉ាវ​ផង​ដែរ។ ឥឡូវ​នេះ យើង​អាច​មើល​ឃើញ​ការ​ប្តេជ្ញា​របស់​ជន​ជាតិ​ដើម ដែល​ពួក​គេ​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា និង​បង្កើត​បណ្តាញ​ដើម្បី​បញ្ចេញ​សំឡេង​ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​ការ​រើស​អើង ដូច្នេះ​ នេះ​ជា​វិធី​ដែល​សហគមន៍​ជន​ជាតិ​ដើម​ផ្ទាល់ ត្រូវ​ការពារ​ប្រពៃណី វប្បធម៌​និង​ដី​ធម្មជាតិ។ ​សហគមន៍​ជាង​១០០ ​ត្រូវ​បាន​ទទួល​ស្គាល់​ ដោយ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជា​សហគមន៍​ជន​ជាតិ​ដើម​។​ ដូច្នេះ នៅ​ឆ្នាំ​២០១៣ សហគមន៍​៤០ ​ទៀត ដែល​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ នឹង​បន្ត​ដាក់​ឯកសារ​ចុះ​បញ្ជី​កម្មសិទិ្ធ​ដី​សមូហភាព។ ខ្ញុំ​សង្ឃឹម​ថា ​សហគមន៍​ជន​ជាតិ​ដើម​ នឹង​ទាមទារ​បាន​ជោគជ័យ ឲ្យ​រដ្ឋាភិបាល​អនុវត្តការ​ចុះ​បញ្ជី​។ វា​ពឹង​ផ្អែក​លើ​ការ​តស៊ូ​មតិ ជំរុញ​ដោយ​តំណាង​រាស្រ្ត​ និង​រដ្ឋាភិបាល ជា​ពិសេស​ការ​អនុវត្ត។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ

អ្នក​នយោបាយ​កំពុង​ប្រជែង​ដើម្បី​សំឡេង​ឆ្នោត​ នៅ​ឆមាស​ទី១​ឆ្នាំ​នេះ ​ដូច្នេះ ចំពោះ​កម្មករ​កាត់​ដេរ នឹង​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ឆ្នាំ​២០១៣ ជាង​ឆ្នាំ​ ២០១២។ ដោយ​សារ​ការ​បោះឆ្នោត​ខាង​មុខ​នេះ កម្ពុជា​នឹង​បំពេញ​បាន​តាម​ការ​ទាម​ទារ​របស់​ខ្លួន។ ខ្ញុំ​គិត​ថា​ វា​នឹង​ជា​ឆ្នាំ​ល្អ​បំផុត​ សម្រាប់​កម្មករ​។ ខ្ញុំ​ក៏​ព្យាករ​ផង​ដែរ​ថា នឹង​មាន​ករណី​ដួល​សន្លប់​តិច​ជាង​មុន ក្នុង​រោង​ចក្រ ក្នុង​ឆ្នាំ ២០១៣ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​ ដោយ​ក្រសួង​ការ​ងារ ​រោង​ចក្រ និង​កម្មករ ចំពោះ​ការ​ដួល​សន្លប់ ក្នុង​ឆ្នាំ​កន្លង​ទៅ។​ លក្ខខណ្ឌ​ការងារ ​នឹង​ល្អ​ប្រសើរ​ឡើង ហើយ​នេះ​នឹង​មាន​ផល​ល្អ​ នៅ​ក្នុង​ឆ្នាំ ២០១៣ ទាំង​មូល។ ខ្ញុំ​ក៏​គិត​ថា នឹង​មាន​កូដ​កម្ម​តិច​ជាង​មុន​ផង​ដែរ។​

ចំពោះ ​គ្រូ​បង្រៀន​វិញ អ្នក​នយោបាយ នឹង​ដណ្តើម​សន្លឹក​ឆ្នោត​របស់​ពួក​គេ ផង​ដែរ ហើយ​ខ្ញុំ​រំពឹង​ថា ពួក​គេ​នឹង​ទុក​គ្រូ​បង្រៀន​ ដូច​កម្មករ​កាត់​ដេរ​ផង​ដែរ​ ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត។ ​ដើម្បី​បំពេញ​តាម​ការ​ទាមទារ​របស់​ខ្លួន​ គ្រូ​បង្រៀន​ ត្រូវ​ពិចារណា​ឲ្យ​ហ្មត់​ចត់​ថា តើ​អ្នក​ណា​ដែល​គេ​ត្រូវ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ៕​TK

No comments:

Post a Comment

I like Blogger