សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

បាញ់​អ្នក​បើក​ឡាន​ព្រោះ​លុយ​២​ពាន់​រៀល​ត្រូវ​ដក​ពី​នគរបាល

Wednesday, 30 January 2013 គឹម យុទ្ធណា From The Phnom Penh Post
130130_03b
លោក​ឌី វិចិត្រ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតពី​ម្សិល​មិញ​។ រូបថត ជី​វ័ន

ភ្នំពេញៈ មន្ត្រី​នគរបាល​ពីរ​រូប​ត្រូវ​បាន​ដក​ចេញ​ពី​ក្របខ័ណ្ឌ និង​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ កាលពី​ថ្ងៃ​ម្សិលមិញ ក្រោយ​ពី​បាន​បង្ក​ការ​បាញ់​ប្រហារ ទៅ​លើ​បុរស​វ័យ​២៩ ឆ្នាំ​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ ដោយ​សារ​តែ​ជន​រងគ្រោះ មិន​ព្រម​បង់​ប្រាក់ ចំនួន ២០០០ រៀល ទៅ​តាម​ការ​ទាមទារ​របស់​ពួក​គេ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ក្នុង​ខណ្ឌ​ឫស្សីកែវ កាលពី​យប់​ថ្ងៃ​អាទិត្យ។

លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​កណ្តាល យុត្តិធម៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ម្សិលមិញ​ថា មន្ត្រី​នគរបាល​ពីរ​នាក់ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​រង​ការ​ចោទ​ប្រកាន់ ពី​ការ​បាញ់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ ចាប់​ខ្លួន ប្រគល់​មក​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​សួរ​ចម្លើយ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​នីតិវិធី​ច្បាប់។ លោក​បញ្ជាក់​ថា៖«យើង​បាន​ដក​តំណែង​ពួក​គេ ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពួក​គេ​តាម​ច្បាប់។ យើង​ទុក​ឲ្យ​តុលាការ​ចាត់​ការ​ពួក​គេ​ចុះ»។


លោក ឌី វិចិត្រ អាយុ ២៩ ឆ្នាំ ជា​ជន​រងគ្រោះ ដោយ​អំពើ​បាញ់​ប្រហារ រងរបួស​ត្រូវ​គ្រាប់​ចំ​ដើម​ទ្រូង​ខាង​ឆ្វេង លើ​បេះដូង​បន្តិច បាន​ថ្លែង​ដោយ​អាការ​អស់​កម្លាំង ខណៈ​កំពុង​សម្រាក​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង​ត្រង់​មុខ​របួស ក្រោយ​ពី​គ្រូ​ពេទ្យ​បាន​វះ​យក​ក្បាល​គ្រាប់​ចេញ ដែល​បាន​បាញ់​ធ្លុះ​ពី​មុខ​ទៅ​ក្រោយ​បៀម​ជាប់​នៅ​ក្នុង​ខ្លួន។

លោក​បាន​ថ្លែង​ទាំង​ទឹក​មុខ​ស្លេកស្លាំង​ថា៖«ខ្ញុំ​មាន​ការ​ហួស​ចិត្ត​ខ្លាំង​មែន​ទែន ចំពោះ​ទង្វើ​របស់​ពួក​គាត់ (ប៉ូលិស)​ទាំង​ពីរ​នាក់។ វា​មិន​សម​ឲ្យ​កើត​មាន​រឿង​យ៉ាង​ដូច្នេះ​ទាល់​តែ​សោះ ក៏​ព្រោះ​តែ​លុយ ២០០០ រៀល​សោះ»។ ជនរងគ្រោះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​តែង​តែ​ឈប់​បង់​លុយ​ឲ្យ​នគរបាល​ទាំង​នេះ នៅ​ពេល​ខ្លួន​បើក​ឡាន​ឆ្លង​កាត់​ចំណុច​គាត់​ឈរ​ជើង​(នៅ​ក្បែរ​រង្វង់​មូល​ខេមកូស៊ីធី) ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ ឡាន​របស់​លោក ដឹក​អីវ៉ាន់​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​លោក បាន​បើក​ហួស​ដោយ​មិន​បាន​ឈប់​បង់​លុយ​ឲ្យ​នគរបាល​ទាំង​នោះ។

លោក ឌី វិចិត្រ បាន​បញ្ជាក់​ទៀត​ថា​៖«ដឹង​អី​ពួក​គាត់​បាន​ជិះ​ម៉ូតូ​តាម​ឡាន​របស់​ខ្ញុំ រហូត​ជិត​មក​ដល់​ស្ពាន​លីយ៉ុងផាត់ ព្រែក​ព្នៅ រួច​ក៏​យក​ដុំ​ថ្ម​គប់​កញ្ចក់​ឡាន​របស់​ខ្ញុំ ក្រោយ​មក​បាន​បាញ់ តម្រង់​មក​លើ​ខ្ញុំ ខណៈ​ខ្ញុំ​ឈប់​ឡាន​មើល​កញ្ចក់​ដែល​បែក»។

លោក ឌី សុភ័ក្រ អាយុ ៣២ ឆ្នាំ ត្រូវ​ជា​បង​បង្កើត ដែល​កំពុង​មើល​ថែទាំ​ជន​រងគ្រោះ នៅ​មន្ទីរពេទ្យ​បាន​ថ្លែង​ថា ក្រោយ​កើត​ហេតុ លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​ខណ្ឌ​ឫស្សីកែវ ដោយ​ប្តឹង​មន្ត្រី​នគរបាល​ទាំង​ពីរ​នាក់​ពី​បទ«ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា»។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ប្តឹង​មន្ត្រី​នគរបាល​ទាំង​ពីរ​នាក់ ទារ​សង​ជំងឺ​ចិត្ត ៨០០០ ដុល្លារ និង​ស្នើ​សុំ​ឲ្យ​តុលាការ ផ្តន្ទាទោស​ពួក​គាត់​តាម​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​ប្អូន​ប្រុស​របស់​ខ្ញុំ»។

លោក ទៀង ច័ន្ទសា អធិការ​នគរបាល ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​របស់​លោក ក្រោម​បទ​បញ្ជា​របស់​លោក​ស្នងការ និង​ស្នងការ​រង​រាជធានី បាន​ធ្វើ​ការ​ស្រាវជ្រាវ យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ដែល​ជា​មន្ត្រី​នគរបាល ក្រោយ​ពី​បាន​បាញ់​ម្ចាស់​រថយន្ត​ទួរីស ដឹក​ម្ទេស បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​តាម​ទារ​លុយ​មិន​បាន។ ជន​សង្ស័យ ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ មាន​ទី ១. ឈ្មោះ យូ សុខគា ជា​ជន​ដៃ​ដល់​ប្រើ​កាំភ្លើង K59 ជា​ប៉ូលិស​គ្រឿង​ញៀន​ក្រុង និង​ម្នាក់​ទៀត​ឈ្មោះ គង់ តារា ជា​ប៉ូលិស​ប៉ុស្ដិ៍​ច្រាំង​ចំរេះ ២ ខណ្ឌ​ឫស្សីកែវ។

លោក អំ សំអាត មន្ត្រី​អង្កេត​ជាន់​ខ្ពស់ របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​មាន​ការ​ណែនាំ និង​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ការ​បាញ់​បោះ​សេរី និង​អនាធិបតេយ្យ​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​សង្កេត​ឃើញ​អំពើ​បាញ់​បោះ​នេះ នៅ​តែ​បន្ត​កើត​មាន​ដដែល។ លោក​បាន​បន្ត​ថា ដូច​ករណី​មន្ត្រី​នគរបាល មន្ត្រី​មាន​អំណាច ព្រម​ទាំង​កូន​អ្នក​មាន​អំណាច​ផង​ដែរ បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​អ្នក​ដទៃ ដែល​ទង្វើ​បែប​នេះ​វា​ជា​គំរូ​មួយ​អាក្រក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កង​កម្លាំង​គ្រប់​ប្រភេទ​ដែល​មាន​ឆន្ទៈ និង​កិច្ច​ការពារ រក្សា​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ និង​ការពារ​សេចក្តី​ថ្លៃថ្នូរ​ពិត​ប្រាកដ​របស់​ជាតិ។

លោក អំ សំអាត បាន​បញ្ជាក់​ថា​៖ «បើ​មាន​មនុស្ស​ធុន​បែប​នេះ​ច្រើន នៅ​ក្នុង​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់​ធ្នាប់​សង្គម ដូច្នេះ សូម​ឲ្យ​ច្បាប់​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ដោយ​មិន​ត្រូវ​មាន​ការ​យោគយល់​ឡើយ»៕

No comments:

Post a Comment

I like Blogger