សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 17, 2013

តួនាទី​​​គណៈ​កម្មការ​ទន្លេ​មេគង្គ​​​ជា​របៀប​វារៈ​សំខាន់


130117_02
ការ​ដ្ឋាន​សាង​​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូ​រី នៅក្នុង​ប្រទេស​ឡាវ កាល​ពី​ចុង​ឆ្នាំ​មុន។ រូបថត អង្គ​ការ​ទន្លេ​អន្តរ​ជាតិ​

នៅពេល​រដ្ឋមន្រ្តី​ពី​ប្រទេស​សមាជិក​ទាំង ៤ នៃ​គណៈកម្មការ​ទន្លេ​មេគង្គ និង​តំណាង​អង្គការ​ម្ចាស់​ជំនួយ ជួប​ប្រជុំ​គ្នា នៅ​លួង​ប្រាបាង ប្រទេស​ឡាវ ក្នុង​សប្តាហ៍​នេះ តួនាទី​អនាគត​របស់​គណៈ​កម្មការ​នេះ នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា។

សំណួរអំពី​ប្រសិទ្ធ​ភាព​របស់​គណៈ​កម្មការ​នេះ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៥ ក្នុង​គោល​បំណង គ្រប់គ្រង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រួម​គ្នា តាម​បណ្តោយ​ទន្លេ​មេគង្គ ត្រូវ​បាន​ចោទ​សួរ ដោយសារ​សេចក្តី​សម្រេច​របស់​ឡាវ​បន្ត​សាង​សង់​គម្រោង​ទំនប់​វារី អគ្គិសនី​សាយ៉ាប៊ូរី​តម្លៃ ៣,៥ ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ខែ​វិចិ្ឆកា ឆ្នាំ​មុន។


សេចក្តីសម្រេចនេះ បាន​ធ្វើ​ឡើង បើ​ទោះ​បី​ជា​រដ្ឋសមាជិក អង្គការ​បរិស្ថាន និង​ម្ចាស់​ជំនួយ សម្តែង​ចេញ​នូវ​ក្តី​កង្វល់​យ៉ាង​ខ្លាំង អំពី​ផល​ប៉ះពាល់​ខ្សែ​ទឹក​ខាង​ក្រោម ពី​ទំនប់ លើ​ការ​ផ្លាស់​ទី របស់​សត្វ​ត្រី និង​លំហូរ​ដី​ល្បាប់ ដែល​អាច​ប៉ះពាល់​ដល់​ប្រជាជន​ពីរ​លាន​នាក់ ដែល​ពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ ​ដើម្បី​ជីវភាព​ក៏​ដោយ។

ក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តី​ចុងក្រោយ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១១ កម្ពុជា ថៃ និង​វៀតណាម បាន​អំពាវ​នាវ​ឲ្យ​ពន្យារ​ពេល ដើម្បី​អាច​សិក្សា​បន្ថែម​ទៀត ​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ពី​ទំនប់ ដែល​ជា​ទំនប់​ទី ១ ត្រូវ​សាង​សង់​នៅ​ទន្លេ​មេគង្គ​ក្រោម។

ចិនបានសាង​សង់​ទំនប់ ៤ រួច​ហើយ នៅ​ខ្សែ​ទឹក​ខាងលើ ហើយ​ទំនប់​មិន​តិច​ជាង១០​បន្ថែម​ទៀត ត្រូវ​បាន​គ្រោង​សាងសង់​នៅ​ទន្លេ​មេគង្គ​ក្រោម ​ហើយ​ទំនប់​វារី​អគ្គិសនី​ទាំង​នោះ ភាគ​ច្រើន ស្ថិត​ក្នុង​ប្រទេស​ឡាវ។

លោក Viraphonh Viravong អនុរដ្ឋ​មន្រ្តី​ថាមពល និង​រ៉ែ​របស់​ថៃ បាន​ថ្លែង​ថា៖ «យើង​បាន​ព្រម​ព្រៀង​ធ្វើ​ការ​សិក្សា​ពេញ​លេញ​លើ​គម្រោង ដែល​អាច​ត្រូវ​ការ​រយៈ​ពេល ១០ ឆ្នាំ ព្រោះ​វា​ទាក់​ទង​នឹង​ចំណុច​ជា​ច្រើន។ វា​មិន​ត្រឹម​តែ​ទាក់​ទិន​នឹង​ទំនប់​សាយ៉ា​ប៊ូរី​ប៉ុណ្ណោះ​ទេ»។

ក្រុមហ៊ុនរួមទុន​របស់​រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុនថៃ ក៏​បាន​សិក្សា​ប្លង់​ឡើង​វិញ នូវ​ច្រក​ទ្វារ​បង្ហូរ និង​ជណ្តើរ​សម្រាប់​ត្រី​ផ្លាស់​ទី ដោយ​ឡាវ​យល់​ថា ខ្លួន​បាន​បំពេញ​កាតព្វ​កិច្ច ចំពោះ​គណៈកម្មការ​ទន្លេមេគង្គ​រួច​ហើយ។ ឡាវ​តែង​តែ​អះអាង​ថា ទំនប់​កម្ពស់ ៤០ ម៉ែត្រ​នេះ គឺជា​ទំនប់​បង្ហូរ​ទឹក​ទន្លេ ដែល​នឹង​មាន​ផល​ប៉ះពាល់​តិច​តួច លើ​លំហូរ​ទឹក។

កម្ពុជា និង​វៀតណាម ដែល​ជា​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ដោយ​សារ​ទំនប់ បាន​ផ្លាស់​ប្តូរ​ប្រតិកម្ម​របស់​ខ្លួន ចំពោះ​គម្រោង​ទំនប់​នេះ។ ប្រទេស​ទាំង​ពីរ ​មិន​បាន​ស្នើ​សុំ​ឲ្យ​លើក​បញ្ហា​នេះ ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ ដែល​នឹង​ចាប់​ផ្តើម​កាល​ពី​ម្សិល​មិញ និង​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឡើយ។

ក្រុមហ៊ុនថៃ Karnchang Public គឺជា​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ទំនប់ ហើយ​ថៃ ដែល​នឹង​ទិញ​ថាមពល​អគ្គិសនី​ភាគ​ច្រើន​ដែល​ផលិត​ដោយ​ទំនប់ បាន​គាំទ្រ​គម្រោង​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មជន​ថៃ​មិន​សប្បាយ​ចិត្ត។

លោក Kraisak Choonhavan អតីត​ព្រឹទ្ធ​សមាជិក ដែល​បាន​ដឹក​នាំ​សកម្មជន​ថៃ​ធ្វើ​ការ​តវ៉ា​ ​ប្រឆាំង​នឹង​គម្រោង​សាង​សង់​នេះ បាន​ថ្លែង​ថា៖ ​«សម្ព័ន្ធ​ភាព​ក្រោយ សង្គ្រាម​របស់​ថៃ ចំពោះ​កម្ពុជា និង​វៀត​ណាម ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​​ថៃ និង​ចិន»។

អ្នក​ការទូត​លោក​ខាង​លិច​ម្នាក់ បាន​អង្កេត​ឃើញ​ថា៖ «​គោល​ដៅ​ចម្បង​របស់​សហគមន៍​ម្ចាស់​ជំនួយ គឺ​ដើម្បី​បញ្ជាក់​ជា​ថ្មី​ថា គណៈកម្ម​ការ​ទន្លេ​មេគង្គ​ជា​វេទិកា​ពហុភាគី ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​​ទន្លេ​មេគង្គ ​ហើយ​យើង​ចង់​ឃើញ​​គណៈ​កម្ម-​ការ​នេះ​ដើរ​តួនាទីសំខាន់​»។ «យើ​ង​មិន​ចង់​ឃើញ​​គណៈកម្មការ​នេះ​ ក្លាយ​ជា​ស្ថាប័ន​ មិន​សំខាន់​ឡើយ»។

អ្នក​បរិស្ថាន​ និង​អង្គ​ការ​ម្ចាស់​ជំនួយ កំពុង​សង្ឃឹម​ថា ​សេចក្តី​សម្រេច​​នា​ថ្ងៃ​អនា​គត លើ​គម្រោង​​ទំនប់វារី​អគ្គិសនី​ នឹង​ពិចារណា ពី​ក្តី​កង្វល់​ របស់​ភាគី​​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​។

លោក Jian-hua Meng អ្នក​ឯកទេស​ថាមពល​វារី​អគ្គិសនី នៅ​អង្គការ World Wildlife Fund បាន​ថ្លែង​ថា៖ «ប្រសិន​បើ​សេចក្តី​សម្រេច បន្ត​ធ្វើ​ឡើង ​នៅ​ក្រៅ​ក្រប​ខណ្ឌ​គណៈកម្មការ​ទន្លេ​មេគង្គ ស្ថាប័ន​នេះ​នឹង​បាត់​បង់​នីត្យា​នុកូល​ភាព​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ ហើយ​ប្រាក់​ជំនួយ​​របស់​ម្ចាស់​ជំនួយ​អន្តរ​ជាតិ ចំនួន ៣០០ លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ខ្ជះខ្ជាយ»។

កិច្ច​ប្រជុំ​នៅលួង​ប្រាបាង ប្រទេស​ឡាវ​​ធ្វើ​ឡើង​ខណៈ​ពេល​រដ្ឋាភិបាល​ថៃ ប្រឈម​នឹង​ការ​​ស៊ើប​អង្កេត​អន្តរជាតិ ទាក់​ទង​នឹង​ករណី​បាត់​ខ្លួន លោក Sombath Somphone ​សកម្មជន​ប្រឆាំង​ការ​សាង​សង់​ទំនប់​ ដែល​គេ​បាន​ឃើញ​ជាប់​ឃុំ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ប៉ូលិស នា​ពេល​​ចុង​ក្រោយ​​ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ​២០១២៕ TK

ដោយ បាងកក ប៉ុស្តិ៍

No comments:

Post a Comment

I like Blogger