សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 24, 2013

២០១២​ជា​ឆ្នាំ​ដែល​អាក្រក់​បំផុត​រឿង​ជម្លោះ​ដី​ធ្លី

ម៉ៃ ទិត្យ​ថារ៉ា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៤ មករា ២០១៣

130124_04
ស្ត្រី​អ្នក​ភូមិ​បឹង​កក់​១៣នាក់ ដែល​ត្រូវ​សា​លា​ដំបូង​រាជ​ធានី​ផ្តន្ទា​ទោស នៅ​ពេល​នាំ​មក​សា​លា​ឧទ្ធរណ៍ កាល​ពីខែ​មិថុនា​​។ រូបថត ម៉េង គឹម​ឡុង​

ភ្នំពេញៈសម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤​ដែល​ធ្វើ​ការ​លើ​វិស័យ សិទ្ធិមនុស្ស ​និង​ដីធ្លី​នៅ​កម្ពុជា ​បាន​កត់​សម្គាល់​ថា ឆ្នាំ ២០១២​ គឺជា​ឆ្នាំ​ដែល​អាក្រក់​បំផុត​ទាក់​ទិន​ទៅ​នឹង​ការ​ចាប់​យក​ដី​ ភាព​គ្មាន​ដី​ធ្លី​ ដែល​យ៉ាង​ហោច​ណស់​មាន​សកម្មក​ជន​ដីធ្លី​រហូត​ដល់​២០១​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​មក​ដល់​ពេល​នេះ សកម្មជន​ចំនួន​២៩​នាក់ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធាគារ​នៅ​ឡើយ។

លោក ចាន់ សុវ៉េត​ អនុប្រធាន​ផ្នែក​កម្មវិធី​ដី​ធ្លី​ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ កាល​ពី ​ម្សិល​មិញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ដី​ធ្លី​ មាន​ចំនួន​២០១​នាក់​ខណៈ​ដែល​ឆ្នាំ​២០១១​មាន​​តែ​ ៩៨​នាក់​ប៉ុណ្ណោះ​។ ​លោក​គូស​បញ្ជាក់​ថា​៖ «ឆ្នាំ​២០១២ ជា​ឆ្នាំ​ដែល​អាក្រក់​ជាង​គេ នៅ​ពេល​ដែល​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ដើម្បី​ការពារ​ផ្ទះ​សម្បែង​របស់​ពួក​គេ ​ ត្រូវ​បាន​ចាប់​ខ្លួន ​ដោយ​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​»។​ សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​​ព្រហ្មទណ្ឌ​ដូច​ជា បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ទ្រព្យ​សម្បត្តិ​ឯកជន ឆបោក ក្លែង​បន្លំ​ឯក​សារ។ លោក​បន្ត​ថា​៖​ «​ការ​ចាប់​ខ្លួន​គឺ​កើត​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​មន្ត្រី​​រដ្ឋាភិបាល​ គឺជា​អ្នក​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន ដោយ​ប្រឈម​មុខ​ផ្ទាល់​ជា​មួយ​ប្រជាជន ដែល​ហ៊ាន​ចេញ​មុខ​ការ​ពារ​ដី​ធ្លី​របស់​ពួក​គាត់ ឯ​ខាង​ក្រុម​ហ៊ុន​ មិន​បាន​ចេញ​មុខ​នោះ​ទេ»។


អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ ឲ្យ​ដឹង​ទៀត​ថា​ បើ​គិត​ពី​ឆ្នាំ ២០០៧ មក​ដល់​បច្ចុប្បន្ន​ មាន​សកម្មជន​ដី​ធ្លី​ និង​សិទ្ធិ​មនុស្ស​ជាង​១០០០​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ នៅ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ ដោយ​សារ​តែ​រដ្ឋាភិបាល ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​។ លោក​ចាន់ សុវ៉េត ថ្លែង​ទៀត​ថា​៖ «ការ​ផ្តន្ទាទោស​របស់​តុលាការ​ទាក់​ទិន​ទៅ​នឹង​ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក្នុង​រឿង​ជម្លោះ​ដី​ធ្លី ​គឺ​អាក្រក់​បំផុត​ ដោយ​សារ​តែ​តុលាការ ពុំ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ»។

លោក សៀ ភារម្យ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​ថ្លែង​​ថា នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១២​ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ៦១១ គ្រួសារ ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​លំនៅដ្ឋាន គឺ​មាន​ការ​ថយ​ចុះ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​២០១១។​ ប៉ុន្តែ​ការ​ថយ​ចុះ​នេះ​ ពុំ​បាន​មាន​ន័យ​ថា ​ជម្លោះ​ដី​ធ្លី​ថយ​ចុះ​នោះ​ទេ​។ ​លោក​បាន​បន្ត​ថា​ ៖​«​ការ​បណ្តេញ​ចេញ​ថយ​ចុះ​នោះ​ គឺ​ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់។​ ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ម្តងៗ ការ​បណ្តេញ​ចេញ ​តែង​តែ​មាន​ការ​ថយ​ចុះ​»។ លោក​បញ្ជាក់​ថា ការ​បណ្តេញ​ចេញ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ច្រើន កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ រហូត​ដល់​មាន​អ្នក​ខ្លះ​កាត់​សក់​លក់​។

អ្នក​ស្រី ទេព វន្នី តំណាង​ពលរដ្ឋ​សហគមន៍​បឹងកក់ បាន​ថ្លែង​ថា​ ការ​អភិវឌ្ឍ​នៅ​បឹងកក់ គឺ ​មិន​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​ទេ តែ​ផ្ទុយ​ទៅ​វិញ ​វា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ បាត់​បង់​ដី​ធ្លី ផ្ទះ​សម្បែង​និង​មុខ​របរ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រជា​ពលរដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ចាប់​ដាក់​គុក។ អ្នកស្រី​គូស​បញ្ជាក់​ថា​៖ «អាជ្ញាធរ​ពុករលួយ​ ចាត់​ទុក​ពួក​យើង​ ដែល​ជា​ប្រជា​ពលរដ្ឋ​ម្ចាស់​ដី​ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ពួក​គាត់​ ថា​ជា​បន្លា​ក្នុង​កែវ​ភ្នែក​»។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ ចេញ​កាល​ពី​ម្សិល​មិញ របស់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៤ មាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា គណៈ​កម្មការ ប្រព្រឹត្តិកម្ម​សមាគម​អាដហុក និង​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បាន​ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០០០​មក នៅ​ទូទាំង​ប្រទេស យ៉ាង​ហោច​ណាស់​មាន​ប្រជាជន​ចំនួន​៧០​ម៉ឺន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ពី​ការ​ចាប់​យក​ដី និង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​។ ​គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​២០១១ មាន​ប្រជាជន​ចំនួន​៥​ម៉ឺន​១ ពាន់​នាក់ បាន​ទទួល​រង​គ្រោះ​។ ដោយ​ឡែក នៅ​រាជ​ធានី​ភ្នំពេញ យ៉ាង​ហោច ​ណាស់ ​មាន​ប្រជាជន​ចំនួន ១៤,៥ ម៉ឺន​នាក់ ឬ​ប្រហែល ១០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​រាជធានី​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ក្នុង​រយៈ​ពេល​១២ ឆ្នាំ​កន្លង​មក​នេះ​។

សម្ព័ន្ធ​អង្គការ​ទាំង​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ដី​ធ្លី​និង​លំនៅដ្ឋាន​ប្រកប​ ដោយ​និរន្តរភាព​នៅ​ក្នុង​ឆ្នាំ​២០១៣ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ផល​ប៉ះពាល់​នៃ​ភាព​គ្មាន​ដី​ធ្លី​ និង​ស្ថានភាព​នៃ​សកម្មជន​ដីធ្លី​និង​លំនៅដ្ឋាន។ សេចក្តី​ថ្លែង​ការណ៍​​បញ្ជាក់​ថា​៖ ​«ស្ថានភាព​ទាក់​ទិន​នឹង​ការ​ចាប់​យក​ដី​ ភាព​គ្មាន​ដី​ធ្លី​និង​ការ​ចោទ​ប្រកាន់​សកម្ម​ជន​ដី​ធ្លី មាន​លក្ខណៈ​កាន់​តែ​ដុន​ដាប​ក្នុង​ឆ្នាំ​២០១២»។

អង្គការ​ទាំង​នេះ ​បាន​ផ្តល់​អនុសាសន៍​ចំនួន​១៤ ចំណុច​ក្នុង​នោះ​មាន​ដូចជា​ បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​ការ​ធានា​ឲ្យ​មាន​ការ​ផ្តល់​សំណង​សមរម្យ និង​យុត្តិធម៌ ពន្លឿន​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ ធានា​ការ​ដោះស្រាយ​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច ជាមួយ​សហគមន៍​មូលដ្ឋាន បញ្ឈប់​ការ​រារាំង​សកម្មភាព​អហិង្សា ពន្លឿន​ដំណើរ​ការ​ទទួល​ស្គាល់​សហគមន៍​ព្រៃ​ឈើ និង​តំបន់​ការពារ អនុម័ត​ និង​អនុវត្ត​គោល​នយោបាយ​ជាតិ​ ស្តី​ពី​លំនៅដ្ឋាន​ដែល​ត្រូវ​បាន​ព្រាង​តាំង​ពី​ឆ្នាំ​២០០៦ ជា​ដើម​។

យ៉ាង ណា​ក្តី លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ ២០១២ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ជា​ច្រើន​លើ​គ្រប់​វិស័យ​ ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​ ទោះ​បី​ជា​សកម្មភាព​ខ្លះ​ពុំ​ទាន់​ចប់​ក៏​ដោយ​។ ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​ រដ្ឋា​ភិបាល​ក៏​បាន​បង្កើត​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ ចុះ​វាស់​វែង​ដី​ធ្លី នៅ​គ្រប់​ទិសទី ដើម្បី​ប្រគល់ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​។ លោក​បាន​បញ្ជាក់​ថា​៖​ «នេះ​គឺជា​យុទ្ធនាការ​ជា​ប្រវត្តិសាស្រ្ត​»៕

No comments:

Post a Comment

I like Blogger