សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

ពលរដ្ឋ​បឹងកក់​ស្វែងរក​ការ​អន្តរាគមន៍​ពី​កូន​លោក​នាយក​រដ្ឋ​មន្ត្រី

Thursday, 10 January 2013 ឃុត សុភចរិយា​ Phnom Penh Post
ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ប្រមាណ​៣០​នាក់​មក​ពី​សហគមន៍​បឹង​កក់ បាន​នាំ​គ្នា​ដាក់​ញតិ្ដ​ស្វែង​រក​ការ​អន្តរាគមន៍​ទៅ​លោក​ហ៊ុន ម៉ានិត អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី ឲ្យ​ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គេ ប្រមាណ ​៦១ គ្រួសារ ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ចំណែក​ដីទំហំ​ ១២,​៤៤​ហិកតា​ ដែល​ផ្ដល់​ដោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ការ លើក​គ្នា​ទៅ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ានិត ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន កាលពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពីក្រុម​អ្នក​ភូមិ​ទាំង​នេះ ត្រឡប់​ពី​ដាក់​ញត្តិ​ជូន ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា​ដើម្បី​ស្នើ​សុំ​​ជួយ​អន្តរាគមន៍ ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​ដី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​។


នៅ​ក្នុង​ញត្តិ​ ដែល​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ​និង​ស្ថិតិ​គ្រួសារ រួម​ទាំង​ទំហំដី​របស់​គ្រួសារ​នីមួយៗ​នោះ​ ពួក​អ្នក​ភូមិ​ទាំង​នោះ​ បាន​ដាក់​ការ​ទាមទារ​បួន​ចំណុច​ រួម​មាន​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤​ហិកតា​ឲ្យ​បាន​ច្បាស់​លាស់ បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា ដែល​ជា​សកម្មជន​ដី​ធ្លី​របស់​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

អ្នក ស្រី ង៉ែត ឃុន អាយុ​៧២​ឆ្នាំ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ឡើយ និង​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ដាក់​គុក មួយ​ខែ​បី​ថ្ងៃ ដោយ​ព្រោះ​តែ​ការ​តវ៉ា​រឿង​ដី​ធ្លី បាន​និយាយ​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហាក់​មាន​ចេតនា​ចង់​រឹប​យក​ដី​ របស់​ពួក​គាត់ ព្រោះ​រហូត​មក​ទល់​ពេល​នេះ ពួក​គាត់​នៅ​តែ​មិន​ត្រូវ​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នៅ​ឡើយ។

អ្នក​ស្រី​ថ្លែងថា៖«អាជ្ញាធរ​ដឹង​ច្បាស់​ណាស់​ថា​យើង​ខ្ញុំ​តវ៉ា​ចង់​បាន​អ្វី ប៉ុន្តែ​គេ​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ ហើយ​ពេល​ដែល យើង​ដាក់​ញតិ្ត​តវ៉ា​សុំ​កិច្ច​អន្តរា​គមន៍​ពី​ស្ថាប័ន​នានា ទាំង​ជាតិ​និង​អន្តរជាតិ បែរ​ជា​អាជ្ញាធរ​ចោទ​ពួក​យើង​ថា​បង្កភាព​អនាធិបតេយ្យ ខូច​សណ្ដាប់​ធ្នាប់​និង​របៀប​រៀប​រយ​សាធារណៈ»។

អ្នក​ស្រី​បាន​បន្តថា ក្រៅ​ពី​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំ​មើល​និង​រារាំង​ដល់​ការ​តវ៉ា​ទាមទារ ​របស់​ពួក​គាត់​ក្នុង​សហគមន៍​បឹងកក់ អាជ្ញាធរ​មិន​បាន​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ជូន​ពួក​គាត់​ទេ។

នៅ​ក្នុង​ការ​ដាក់​ញត្តិ​នេះ គេ​សង្កេត​ឃើញ​ចំនួន​ក្រុម​សមត្ថកិច្ច​នគរបាល និង​ស៊ី​វិល​មាន​ប្រមាណ​ជា​បួន​ដង​ច្រើន​ជាង​ចំនួន​អ្នក​ភូមិ បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​មុខ​វិមាន​សន្តិភាព​របស់​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ នៅ​ម៉ោង​ប្រមាណ​ជាង​១០ ព្រឹក ​លោក ប៉ាល់ ចន្ទតារា មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មក​ទទួល​យក​ញតិ្ត​ពី​អ្នក​ភូមិ​ទាំង​នោះ​។

លោក ប៉ាល់ ចន្ទតារា មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​ហ្វូង​ពលរដ្ឋ​ដែល​ទាម​ទារ​រក​ការ​អន្តរាគមន៍​នោះ​ថា លោក​នឹង​នាំ​យក​ញតិ្ត​នោះ​ដាក់​ទៅ​ឲ្យ​ថ្នាក់​លើ ដើម្បី​ពិនិត្យ​នឹង​សម្រេច ប៉ុន្តែ​លោក​ព្យាយាម​មិន​ប្រាប់​ពី​ឈ្មោះ​របស់​ថ្នាក់​លើ​នោះ​ទេ។

លោក បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​នាំ​យក​ញត្តិ​នេះ​ទៅ​ឲ្យ​ថ្នាក់​លើ​ដើម្បី​ពិនិត្យ យ៉ាង​យូរ​ពីរ​ថ្ងៃ​ទៀត ខ្ញុំ​នឹង​ប្រាប់​ដំណឹង​ទៅ​ឲ្យ​អ្នក​ភូមិ​វិញ បើ​សិន​ជា​មាន​ការ​សម្រេច​ពី​ថ្នាក់​លើ​បែប​ណា​នោះ»។

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​សម្រេច​កាត់​ដី​ចំនួន​ជាង​១២​ហិកតា​ចេញ​ពី​គម្រោង​អភិវឌ្ឃន៍​នៅ​តំបន់​ បឹងកក់​ ដើម្បី​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ជិត​៨០០​គ្រួសារ​ដែល​នៅ​សេសសល់​ពី​ការ ​បណ្តេញ​ចេញ​យ៉ាង​បំពាន​ពី​អាជ្ញាធរ​ក្រុង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឃ​សាងសង់​ លំនៅដ្ឋាន​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទាំង​នោះ​មាន​ចំនួន​៦៤១​គ្រួសារ​ទៀត​នៅ ក្នុង​ភូមិ​១ ភូមិ​៦ ភូមិ​២២​ និង​ភូមិ​២៤​ដែល​បាន​អះអាង​ថា អាជ្ញាធរ​បាន​កាត់​ចេញ​ មិន​បាន​ធ្វើ​ប្លង់​កម្មសិទ្ធ​ដល់​ពួក​គេ​ទេ។ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ មាន​ពលរដ្ឋ​ម្នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕


No comments:

Post a Comment

I like Blogger