សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

មេដឹកនាំ​ពី​១៣​ប្រទេស​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព

Monday, 28 January 2013 វង្ស សុខេង From Phnom Penh Post
130128_06
ព្រះ​សង្ឃ​​ និង​ពុទ្ធ​បរិស័ទ​​រាប់​ម៉ឺន​​អង្គ​-នាក់ សូត្រ​ធម៌ ​​និង​គោរព​ព្រះ​បរម​សព​សម្តេច​ឪ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​កាល​ពី​យប់​ថ្ងៃ​​សៅរ៍។ រូបថត ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញៈ មេ​ដឹក​នាំ​មក​ពី​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន ១៣ ប្រទេស គ្រោង​នឹង​ចូល​រួម​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ​នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ នៅ​វាល​ព្រះ​មេរុ នៅ​ខាង​មុខ​សារ​មន្ទីរ​ជាតិ ខាង​ជើង​ព្រះ​បរម​រាជ​វាំង។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី ២៥ ខែ មករា បាន​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​ទាំង​នោះ​ មក​ពី​ប្រទេស​ចិន បារាំង វៀតណាម សិង្ហបុរី ឡាវ ហ្វីលីពីន ជប៉ុន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ​មីយ៉ាន់ម៉ា សាធារណរដ្ឋ​កូរ៉េ និង​អូស្រ្តាលី។

លោក Jia Qinglin ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ ប្រជាជន​ចិន លោក Jean-Marc Ayrault នាយក​រដ្ឋ​មន្រ្តី​បារាំង និង​ព្រះ​អង្គ Akishino នឹង​ចូល​ក្រាប​បង្គំ​គាល់ សម្តែង​ការ​គួរ​សម ជាមួយ​នឹង​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​ព្រះ​មហាក្សត្រិយ៍ នរោត្តម មុនីនាថ នៅ​ព្រះ​បរម​រាជវាំង។


ព្រះមហា​វីរក្សត្រ​សីហនុ បាន​សោយ​ទិវង្គត ក្នុង​ព្រះ​ជន្ម ៩០ ​ព្រះ​វស្សា នៅ​ទីក្រុង​ប៉េកាំង ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​មុន។ បច្ចុប្បន្ន ​ព្រះ​បរមសព​របស់​ព្រះ​អង្គ ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង សម្រាប់​សាធារណជន​ចូល​ក្រាប​បង្គំ​ សម្តែង​គារវកិច្ច​ចំពោះ​ព្រះ​អង្គ​។ ព្រះ​បរម​សព​ នឹង​ត្រូវ​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ទៅ​ទី​លាន​ថ្វាយ​ព្រះ​ភ្លើង ​​ហើយ​បាន​តម្កល់​សម្រាប់​រយៈ​ពេល ៣ ថ្ងៃ មុន​ពេល​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ។

លោក ខៀវ កាញារីទ្ធ ​រដ្ឋ​មន្រ្តី​ព័ត៌មាន​បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១,៥ លាន​នាក់ នឹង​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ​។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ខេត្ត​ផ្សេងៗ​ថា ​ពិធី​ថ្វាយ​ព្រះ​ភ្លើង គឺជា​ការ​សម្តែង​គារវកិច្ច​ធំ​បំផុត​ និង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេចឪ។

នាយក​រដ្ឋ​មន្រ្តី ថៃ ឡាវ វៀតណាម បារាំង ​អនុ​ប្រធានាធិបតី​ហ្វីលីពីន និង​ព្រះ​អង្គ Akishino នឹង​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ហើយ​មេ​ដឹក​នាំ​ដទៃ​ទៀត​ក៏​នឹង​ជួប​ប្រជុំ​ដោយ​ឡែក​ជាមួយ​នឹង​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​ផង​ដែរ៕ TK

No comments:

Post a Comment

I like Blogger