សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

អ្នក​បឹងកក់​កាន់​តែ​បារម្ភ​នៅ​ពេល​ក្រុម​ហ៊ុន​ធ្វើ​របង​ព័ទ្ធ​ដី​អតីត​ផ្ទះ​ពួក​គាត់

ឃុត សុភចរិយា ភ្នំពេញប៉ូស្តិ៍ ថ្ងៃទី២៥ មករា ២០១៣
 
130125_06
អ្នក​ភូមិ​បឹង​កក់​ នៅ​ក្នុង​ការ​តវ៉ា​មួយ​ ដែល​នគរ​បាល​​ធ្វើ​ការ​ទប់​ស្កាត់​កាល​ពី​ពេល​កន្លង​មក​​​។ រូបថត ផា លីណា
 
ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ប្រមាណ​ជាង​៦០​ គ្រួសារ ក្នុង​ចំណោម ៧៩៤ គ្រួសារ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី បាន​សម្ដែង​ក្ដី​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​ ខណៈ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន ធ្វើ​ការ​សាងសង់​របង​ថ្ម ហ៊ុមព័ទ្ធ​អតីត​ទីតាំង​ដី​របស់​ពួក​គាត់ មួយ​ចំនួន ខណៈ​ដែល​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។
លោក ដួង ឈើត អាយុ ៥១ ឆ្នាំ ដែល​ដី​និង​លំនៅដ្ឋាន​របស់​គាត់ ​ត្រូវ​បាន​ក្រុមហ៊ុន បូម​ខ្សាច់​កប់​ពន្លិច​កាលពី​ពាក់​កណា្ដល​ឆ្នាំ​ ២០១១ ដោយ​គ្មាន​សំណង​ សូម្បី​តែ​មួយ​រៀល​នោះ បាន​និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា ឥឡូវ​នេះ ភាគី​ក្រុមហ៊ុន បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​របង​ហ៊ុមព័ទ្ធ​ដី​របស់​ពួក​គាត់​ជិត​អស់ ទៅ​ហើយ ប៉ុន្តែ​ដំណោះ​ស្រាយ​នៅ​មិន​ទាន់​មាន​ជា​សញ្ញា​ណា​មួយ នៅ​ឡើយ​ទេ។ លោក​ថ្លែង​ថា​៖​«យើង​ពិត​ជា​មាន​ក្ដី​បារម្ភ​ខ្លាំង​ណាស់​នៅ​ពេល​នេះ ពី​ព្រោះ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ណា​មួយ ស្ដី​ពី​ដំណោះស្រាយ ពី​អាជ្ញាធរ​នោះ​ទេ ខណៈ​ក្រុម​ហ៊ុន បាន​សាង​សង់​របង​ហ៊ុម​ព័ទ្ធ​ដី​របស់​យើង​អស់​ទៅ​ហើយ​នោះ»។
លោក​បន្ត​ថា បន្ទាប់​ពី​ដី នឹង​ផ្ទះ​របស់​លោក ​ត្រូវ​បាន​ក្រុម​ហ៊ុន ស៊ូកាគូអ៊ីន បូម​ពន្លិច និង​វាយ​កម្ទេច​ចោល​អស់ កូនៗ​របស់​លោក ​បាន​បង្ខំ​ចិត្ត​ឈប់​ទៅ​រៀន ហើយ​ទៅ​រក​ការងារ​ធ្វើ​ជំនួស​វិញ ដើម្បី​ជួយ​រក​លុយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ និង​បង់​ថ្លៃ​ផ្ទះ​ជួល ខណៈ​ប្រពន្ធ​របស់​លោក ​ខិត​ខំ​ស្វះស្វែង​ចេញ​តវ៉ា​ ទាមទារ​ឲ្យ​អាជ្ញាធរ​ ដោះស្រាយ ដោយ​បែង​ចែក​ចំណែក​ដី ១២,៤៤​ ហិកតា ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​កាត់​ចេញ​ពី​ក្រុម​ហ៊ុន ទុក​ចែក​ឲ្យ​ប្រជា​ពលរដ្ឋ​ដើម្បី​សង់​លំនៅដ្ឋាន​រស់​នៅ។
កាល​ពី​ថ្ងៃ ពុធ ក្រុម​អ្នក​ភូមិ​ទាំង​នេះ បាន​នាំ​គ្នា​ទៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ដើម្បី​សាកសួរ​អំពី​ព័ត៌មាន ទាក់ទង​ទៅ​នឹង​ការ​ដាក់​ញតិ្ត​រួម​គ្នា​របស់​ពួក​គេ កាល​ពី​ដើម​ខែ​មករា ដោយ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ានិត អនុ​ប្រធាន​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដី​ធ្លី និង​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។
ប៉ុន្តែ​ពួក​គាត់ ត្រូវ​បាន​មន្ត្រី​ម្នាក់ ដែល​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​នោះ​ប្រាប់​ថា ញតិ្ត​របស់​ពួក​គាត់ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​របស់​ថ្នាក់​ដឹក​នាំ​រួច​ហើយ និង​បាន​សុំ​ឲ្យ​អ្នក​ភូមិ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​សន្យា​ថា នឹង​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់ យ៉ាង​យូរ នៅ​ចុង​សប្ដាហ៍​នេះ៕

No comments:

Post a Comment

I like Blogger