សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

អតីត​ពលរដ្ឋ​ត្រូវ​បណ្តេញ​ពី​បុរី​កីឡា​មាន​សង្ឃឹម

Monday, 28 January 2013 ឃុត សុភ​ចរិយា​ និង​ Shane Worrell From Phnom Penh Post
130128_08

អ្នក​​ស្រី ប៊ុត​ ជួន (ស្តាំ) កំពុង​បោះ​បង្គោល​លើ​ព្រំ​ដី​ដែល​អង្គការ RFC ចែក​ឲ្យ​​កាល​ពី​សប្តាហ៍​មុន​​​។ រូបថត លីណា

កណ្តាលៈ ពីរ បី​សប្ដាហ៍ បន្ទាប់​ពី​ផ្ទះ​ ត្រូវ​បាន​គេ​ឈូស​កម្ទេច​ចោល​ នៅ​បុរី​កីឡា កាល​ពី​ខែ​មករា​ឆ្នាំ​មុន​ អ្នក​ស្រី ប៊ុត​ ជួន ​ត្រូវ​បាន​គេ​ប្រាប់​ថា អ្នក​ស្រី ​គ្មាន​សិទិ្ធ​ទទួល​បាន​ចំណែក​ដី ​នៅ​កន្លែង​តាំង​លំនៅថ្មី​ក្នុង​ខេត្ត​កណ្ដាល​នោះ​ទេ​។

ឯក​សារ​របស់​ ស្ត្រី​វ័យ​៧០​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​ដី​មួយ​ឡូត៍ ​នៅ​​​ជិត​ភ្នំ​ឧដុង្គ ជា​សំណង​មួយ​ របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​កីឡា ផាន​អ៊ីម៉ិច​របស់​អ្នក​ស្រី​ ស៊ុយ សុផាន ដែល​បាន​ប្រើ​កម្លាំង​បំផ្លាញ​ផ្ទះ​របស់​ស្ត្រី​រូប​នេះ។ ដោយ​រស់​នៅ​សោក​សង្រេង​ ក្រោម​តង់​តូច​មួយ ក្រោម​កម្ដៅ​ថ្ងៃ​ក្តៅ​ហែង នៅ​កណ្តាល​វាល​ស្រែ​ល្វឹង​ល្វើយ អ្នក​ស្រី ជួន ​បាន​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ជា​លើក​ទីពីរ​។ ​មួយ​ឆ្នាំ​ក្រោយ​មក​ អ្វី​ៗ​បាន​ប្រែប្រួល​។ ​អ្នក​ស្រី ជួន ដែល​មនុស្ស​ភាគ​ច្រើន​ ក្នុង​ភូមិ​តាំង​លំនៅ​ថ្មី​នេះ និយម​ហៅ​គាត់​ថា យាយ ឬ​អ៊ុំ ​នៅ​តែ​រស់​នៅ​ក្នុង​តង់​ដ៏​រយីក​រយាក​តូច​មួយ​ ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​ប្រហែល ៣០ គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច បដិសេធ​មិន​ផ្ដល់​សំណង​នោះ​ បាន​រើ​ទៅ​កាន់​ដី​ថ្មី នៅ​ជិត​នោះ ដែល​អង្គការ Rock Foundation Cambodia (RFC) ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ខាង​គ្រិស្តសាសនា មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​ទិញ​ចែក​ឲ្យ​ពួក​គាត់។ ឥឡូវ​នេះ​ ក្រុម​គ្រួសារ​ទាំង​នេះ រស់​នៅ​លើ​ដី​មិន​ទាន់​បាន​កំណត់​ព្រំ​នៅ​ឡើយ​នោះ​ ខណៈ​សប្បុរស​ជន​មួយ​ចំនួន បាន​សាង​សង់​បង្គន់​មួយ​ចំនួន សម្រាប់​ពួក​គាត់​ប្រើប្រាស់ និង​ទន្ទឹង​រង់ចាំ​រស់​នៅ​ក្នុង​ផ្ទះ ​ដែល​ពួក​គាត់​បាន​និយាយ​ថា អង្គការ RFC នេះ បាន​សន្យា​ធ្វើ​ផ្ទះ​សម្រាប់​ពួក​គាត់ ឲ្យ​បាន​កាន់​តែ​ឆាប់ តាម​ដែល​អាច​ធ្វើ​បាន​។


អ្នក​ស្រី ជួន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​សប្ដាហ៍​មុន​ថា៖«​នៅ​ពេល​នេះ ខ្ញុំ​និង​ក្រុម​គ្រួសារ​ផ្សេង​ទៀត​ ដែល​ត្រូវ​ក្រុមហ៊ុន ផាន អ៊ី ម៉ិច បដិសេធ​មិន​ប្រគល់​ដី​ឲ្យ​នោះ មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់ ខណៈ​ដែល​សប្បុរស​ជន​បាន​ផ្ដល់​ដី​ដល់​ពួក​យើង»។

បង្គោល​របង​បាន​បោះ​ តាម​បណ្ដោយ​ផ្លូវ​ថ្មី​ នៅ​កន្លែង​តាំង​លំនៅដ្ឋាន​ថ្មី និង​តាម​បណ្ដោយ​ដី នៅ​ជាប់​នឹង​អង្គការ RFC នេះ​។ តង់​ជាច្រើន ដែល​នៅ​រប៉ាត់​រប៉ាយ​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ​អស់​ពេល​មួយ​ឆ្នាំ កន្លង​មក​នេះ​ ត្រូវ​បាន​គេ​បង្កើត​ឡើង យ៉ាង​សមរម្យ ជា​ផ្ទះ​ដែល​អាច​រស់​នៅ​បាន នៅ​លើ​ដី​ដែល​ក្រុម​ហ៊ុន បាន​ផ្ដល់​ដល់​ក្រុម​អ្នក​ភូមិ​នេះ។

តំណាង​អ្នក​ភូមិ​ឈ្មោះ ​ទូច ​ខន បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​ផ្ទះ​ថ្មី​របស់​លោក​​ថា៖ «​ផ្ទះ​ទាំង​អស់​ដែល​អ្នក​បាន​ឃើញ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង ក្រោម​ការ​ឧបត្ថម្ភ​ ពី​ក្រុម​គ្រិស្ត​បរិស័ទ និង​ក្រុម​សប្បុរសជន មក​ពី​ប្រទេស​សិង្ហបុរី និង​អូស្ត្រាលី​»។ លោក​បាន បន្ថែម​ថា ប្រជា​ពលរដ្ឋ​១០៨​ គ្រួសារ ក្នុង​ចំណោម​១៤០​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ហិង្សា​ពី​បុរីកីឡា​បាន​ទទួល​ដីឡូត៍​ទំហំ ​៦០​ ម៉ែត្រ​ការ៉េ​ ឈើ​ និង​តង់​ពី​ក្រុម​ហ៊ុន ផានអ៊ីម៉ិច។ ​ពលរដ្ឋ​នៅ​ប៉ុន្មាន​ទៀត ​ត្រូវ​បាន​ក្រុមហ៊ុន​បដិសេធ​មិន​ផ្ដល់​ដី​ឲ្យ​ទេ ព្រោះ​ក្រុម​ហ៊ុន​ មិន​ជឿ​ថា ពួក​គាត់ មក​ពី​បុរីកីឡា​ ឬក៏​បាន​អះអាង​ថា ពួក​គាត់​បាន​ទទួល​ផ្ទះ​ល្វែង​មួយ​ល្វែង​រួច​ហើយ​ នៅ​ក្នុង​កន្លែង​អភិវឌ្ឍន៍ ដែល​មិន​ទាន់​ស្រេច​បាច់​នោះ​។

លោក ប្រេត ​ម៉េត​លីន ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ នៃ​អង្គការ RFC​ បាន​មាន​ប្រសាសន៍​ថា អង្គការ​លោក ​បាន​សង់​ផ្ទះ​ប្រមាណ​៤០​ខ្នង និង​មាន​គម្រោង​សង់​ផ្ទះ​បន្ថែម​៦០​ខ្នង​ទៀត នៅ​លើ​ដី ដែល​អង្គការ របស់​លោក បាន​ទិញ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​១២ ០០០ ​ដុល្លារ​ ពី​អ្នក​ភូមិ​ក្នុង​ទីនោះ​។ «​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​ទាំង​ស្រុង​ ដោយ​រស់​នៅ​ក្នុង​តង់​នេះ​។ ពួក​គាត់​កំពុង​រង់ចាំ​ក្រុមហ៊ុន​មក​បណ្ដេញ​ពួក​គាត់​ជា​លើក​ទីពីរ​ទៀត​។ វា​ជា​ស្ថានភាព​ស្ទើរ​តែ​បែក​ទ្រូង​ស្លាប់​មួយ»។

អង្គការ RFC បាន​សង់​ផ្ទះ​មួយ​តម្លៃ​៦២៥​ ដុល្លារ​ ហើយ​កំពុង​រៃ​អង្គាស​មូលនិធិ​ធ្វើ​ផ្ទះ​បន្ថែម​ទៀត​។ លោក​បាន​ថ្លែង​ថា៖ ​«​យើង​មាន​គម្រោង​ប្រើ​ដី​នៅ​សល់ ធ្វើ​ជា​មជ្ឈមណ្ឌល​សហគមន៍ និង​សាលារៀន»។ អង្គការ RFC ក៏​នឹង​សង់​បង្គន់​ប្រហែល​១០០ ថែម​ទៀត​ដែរ ជា​ផ្នែក​មួយ​នៃ​គម្រោង ជាមួយ​អង្គការ​សហ​ប្រជាជាតិ​។ ​លោក ម៉េដលីន​បាន​ថ្លែង​ថា៖ «​ឥឡូវ​នេះ ​មាន​ភ្លើង​អគ្គិសនី។ ក្ដី​សង្ឃឹម​ដូច​គ្រា​ធម្មតា បាន​មាន​ឡើង​វិញ​ហើយ​»។

អ្នក​ស្រី កែវ វុទ្ធី ជា​អ្នក​ភូមិ​ម្នាក់ បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា​បញ្ហា​ពាក់ព័ន្ធ​នឹង​ចំនួន​ស្បៀង​អាហារ​ ទឹក​ស្អាត និង​ការ​អភិវឌ្ឍ​ នៅ​ក្នុង​ភូមិ​នេះ​នៅ​តែ​មាន​។ អ្នក​ស្រី​ថ្លែង​ថា​៖«​ឥឡូវ​នេះ​ ស្ថានភាព​រស់​នៅ​របស់​គ្រួសារ​ខ្ញុំ​មាន​លក្ខណៈ ល្អ​ប្រសើរ​ជាង​មុន​ បើ​ធៀប​នឹង​រយៈ​ពេល​មួយ​ឆ្នាំ​មុន នៅ​ពេល​ក្រុមហ៊ុន ផានអ៊ីម៉ិច​ បាន​បណ្ដេញ​ពួក​យើង​ ហើយ​បញ្ជូន​ពួក​យើង​ឲ្យ​មក​ទីនេះ​»។ អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​យើង​នៅ​តែ​មាន​បញ្ហា​នឹង​កង្វះ​ស្បៀង​ ព្រោះ​យើង​គ្មាន​វិធី​រក​ប្រាក់​ទេ​នៅ​ទីនេះ​។ ពីរ​ទៅ​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ យើង​ធ្វើ​ដំណើរ​ទៅ​រាជ​ធានី​ភ្នំពេញ​ម្តង ដើម្បី​រើស​អេតចាយ​ ឬក៏​លាង​ចាន​ ឬក៏​ធ្វើ​ការ​នៅ​កន្លែង​សំណង់​ជា​ដើម។ ប៉ុន្តែ​វា​នៅ​តែ​មិន​គ្រប់​»។

លោក កែវ ស្រ៊ាង អាយុ​ ៣៤ ​ឆ្នាំ​ ជា​ឪពុក​មាន​កូន​ ៥ ​នាក់​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ក្ដី​សង្ឃឹម​តាំង​ពី​អង្គការ RFC បាន​ផ្ដល់​ដី​ដល់​លោក​ តែ​លោក ​នៅ​តែ​ព្រួយ​បារម្ភ​ពី​ប្រាក់​ចំណូល ។ ដោយ​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​ នៅ​ភ្នំពេញ លោក ​ស្រ៊ាង ​ឥឡូវ​នេះ​ បាន​ដើរ​រើស​ខ្យង និង​បេះ​ត្រកួន​ នៅ​ជិត​លំនៅដ្ឋាន​ថ្មី​នេះ​ដែល​ជា​ការ​ងារ​មួយ​ធ្វើ​ឲ្យ​លោក​អាច​រក​ ប្រាក់​បាន​ច្រើន​បំផុត​ត្រឹម​តែ​៥០០០ រៀល​ក្នុង​មួយ​ថ្ងៃ។

អ្នក​ស្រី ជួន បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​ ដែល​នៅ​កន្លែង​នោះ​ ខ្លះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ​ដោយ​សារ​តែ​ខ្វះ​ស្បៀង​អាហារ​ និង​គ្មាន​មុខ​របរ​រក​ប្រាក់។ ​អ្នក​ស្រី​បាន​ថ្លែង​បន្ត​ទៀត​ថា​៖«ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អង្គការ​ ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក និង​សប្បុរស​ជន​ផ្សេង​ទៀត មេត្តា​ជួយ​បង្កើត​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អគ្គិសនី​ និង​ជួយ​ពួក​យើង ​ចាប់​ផ្ដើម​ធ្វើ​សិប្បកម្ម​ធុន​តូច ដើម្បី​ឲ្យ​យើង​អាច​លក់​ទៅ​ឲ្យ​អាជីវករ​នៅ​វត្ត​ក្បែរ​ៗ​នេះ»។

អ្នក​ស្រី ជួន កំពុង​ខិត​ខំ​ធ្វើ​ឲ្យ​អ្វីៗ មាន​ភាព​វិជ្ជមាន​ឡើង​វិញ​។ ស្ត្រី​រូប​នេះ​ថ្លែង​ថា៖​«​នៅ​ពេល​​ខ្ញុំ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ខ្ញុំ​ ហើយ ខ្ញុំ​នឹង​អាច​ចំណាយ​ពេល​បន្ថែម​ទៀត ទៅ​ភ្នំពេញ​ជាមួយ​ចៅ​ៗខ្ញុំ​ ដោយ​គ្មាន​ខ្លាច​បាត់​បង់​ដី​ដែល​ខ្ញុំ​បាន​នៅ​ទីនេះ​ទៀត​ទេ​»។

អ្នក​ស្រី​ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ ផានអ៊ីម៉ិច មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍៕ PN


No comments:

Post a Comment

I like Blogger