សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 29, 2013

សំណុំ​រឿង​អាជ្ញាធរ​ប្តឹង​ពលរដ្ឋ​ដី​ក្រហម​ពី​៤ឆ្នាំ​មុន តុលាការ​លើក​មក​ជម្រះ​ជាថ្មី​ទៀត

Tuesday, 29 January 2013 ឆាយ ច័ន្ទនីដា The Phnom Penh Post
130129_08 លោក​ ចាន់ វិចិត្រ នៅ​មុខ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ម្សិល​មិញ​។ រូបថត ​ម៉ៃ វីរៈ

នំពេញៈ រយៈពេល​៤​ឆ្នាំ ក្រោយពី​តំបន់​ដី​ក្រហម ក្នុង​ខណ្ឌ​ចំការ​មន ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ម្សិលមិញ បាន​លើក​យក​សំណុំ​រឿង​ចៅ​សង្កាត់​ទន្លេ​បាសាក់​ប្តឹង​អតីត​តំណាង ពលរដ្ឋ មក​បើក​សវនាការ​លើ​បទ​ចោទ​ប្រកាន់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

សវនាការ​រយៈពេល​មួយ​ព្រឹក មាន​ចៅក្រម ឌុច គឹមសន តំណាង​អយ្យការ លោក​ព្រះ​រាជ​អាជ្ញា​រង ជេត ខេមរា សួរ​ដេញ​ដោល​ដោយ​មាន​មេធាវី​ពីរ​រូប​តំណាង​សហគមន៍​ដី​ក្រហម ជា​មេធាវី​អង្គការ​លីកាដូ និង​មាន​វត្តមាន​ដើម​ចោទ គឺ​លោក ខាត់ ណារិទ្ធ​ ចៅ​សង្កាត់​ទន្លេ​បាសាក់​ចូល​រួម។

លោក ចាន់ វិចិត្រ អតីត​តំណាង​ប្រជា​ពលរដ្ឋ​តំបន់​ដី​ក្រហម ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ក្រោយ​សវនាការ​ថា សវនាការ​ដែល​មាន​វត្តមាន​ចៅ​សង្កាត់​ទន្លេ​បាសាក់ លោក ខាត់ ណារិទ្ធ បាន​ប្តឹង​លោក​និង​ពលរដ្ឋ​សហគមន៍​ដី​ក្រហម​ចំនួន​១៥​នាក់ តាំង​ពី​ឆ្នាំ​២០០៨ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​សង្កាត់ រួម​មាន​អេស្កាវ៉ាទ័រ អាប៊ុល​ នា​ថ្ងៃ​កើត​ហេតុ កាល​ពី​ថ្ងៃ​២៩ និង​៣០ ខែ​មករា ឆ្នាំ​២០០៨។


លោក​ប្រាប់​ថា សំណុំ​រឿង​ដែល​តុលាការ​បាន​សាកសួរ​លោក​ម្តង​ហើយ​នេះ ក៏​បាន​បើក​សវនាការ​ដែល​លោក​សុំ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នេះ ព្រោះ​លោក​មិន​មាន​វត្ត​មាន​នៅ​ថ្ងៃ​កើត​ហេតុ។

លោក បន្ត​ថា៖ «ខ្ញុំ​បដិសេធ​នូវ​បណ្តឹង​នេះ ព្រោះ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ ថ្ងៃ​កើត​ហេតុ​ដែល​មិន​មាន​វត្ត​មាន​ខ្ញុំ​ទេ។ សូម្បី​តែ​ចៅ​សង្កាត់​ក្នុង​សវនាការ ក៏​បាន​និយាយ​ថា មិន​បាន​ឃើញ​ខ្ញុំ​នៅ​កន្លែង​កើត​ហេតុ តែ​ចោទ​ថា ខ្ញុំ​ជា​អ្នក​កាន់​ក្បាល​មីក្រូ​ស្រែក​បញ្ជា​ឲ្យ​គេ​គប់​អេស្កាវ៉ាទ័រ​។​ខ្ញុំ ​មាន​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ដោយ​ផ្ទាល់​ថា ខ្ញុំ​អត់​មាន​វត្ត​មាន​នៅ​ទី​នោះ​ទេ»។ លោក​ក៏​បាន​ប្រាប់​ចៅក្រម​ថា លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ហេតុ​ការណ៍​បំផ្លិច​បំផ្លាញទេ​ ការ​ពិត​ខ្លួន​គាត់​ពេល​នោះ​នៅ​ធ្វើ​ការ​អត់​ដឹង​រឿង​ទេ។

សវនាការ​ដែល មាន​លោក ចាន់ វិចិត្រ តែ​ម្នាក់ គឺ​លោក​យល់​ថា ដោយ​សារ​ពលរដ្ឋ​ដទៃ​ដែល​រង​ការ​បណ្តេញ​ចេញ​បាន​រស់នៅ​កន្លែង​ផ្សេង​គ្នា ទើប​ធ្វើ​ឲ្យ​ដីកា​មិន​បាន​ទៅ​ដល់​​ដៃ សម្រាប់​ចូល​រួម​សវនាការ​។

លោក ចាន់ វិចិត្រ រិះគន់ថា សំណុំ​រឿង​ច្រើន ពលរដ្ឋ​ធ្លាប់​ប្តឹង​អាជ្ញាធរ ពី​បទ​បង្ក​របួស​ស្នាម តែ​មិន​បាន​លើក​យក​មក​ដោះស្រាយ​ទេ គ្រាន់​តែ​សាកសួរ​ក៏​ចប់ តែ​ករណី​អាជ្ញាធរ​ប្តឹង​ពលរដ្ឋ ត្រូវ​គេ​ចាត់​ការ។

លោក បាន​និយាយ​ថា៖​ «ការ​ចាត់​ការ​លើ​បណ្តឹង​អាជ្ញាធរ​ប្តឹង​ពលរដ្ឋ ជា​ការ​បំភិត​បំភ័យ​មួយ​ដែល​ពាក្យ​បណ្តឹង​ បាន​កប់​ចោល​យូរ​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ដែល​ជា​អ្នក​រង​គ្រោះ​ក្នុង​សហគមន៍​ដី​ក្រហម ហាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​នៅ​មិន​បាន​សុខ​ស្រួល​ បណ្តេញ​ចេញ​គ្មាន​ផ្ទះ​សម្បែង​នៅ​ មាន​បញ្ហា​ជីវភាព​សព្វ​គ្រប់​បែប​យ៉ាង​ និង​មាន​បញ្ហា​ត្រូវ​ឡើង​តុលាការ​រឿង​ក្តីក្តាំ​ដែល​មាន​យូរ​ហើយ។ រឿង​នេះ​វាធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត ព្រោះ​រស់នៅ​មិន​បាន​សុខ​ទាល់​តែ​សោះ»។

ពលរដ្ឋ ​ប្រមាណ​ពី​៨០០​ទៅ​១៤០០​គ្រួសារ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​រស់នៅ​ក្នុង​តំបន់​ដី​ក្រហម ក្បែរ​អគារ​ស ប៊ុល​ឌិញ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ដែល​សព្វ​ថ្ងៃ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន 7NG។ ក្រោយ​មាន​ការ​ចាក​ចេញ​ដោយ​បង្ខំ​ជា​ហូរហែ​មក ពលរដ្ឋ​ប្រមាណ​៩០​គ្រួសារ បាន​តស៊ូ​រស់នៅ​និង​ធ្វើ​ការ​តស៊ូ​មតិ​រហូត​ដល់​មាន​ការ​បណ្តេញ​ចុង​ក្រោយ កាល​ពី​ខែ​មករា ឆ្នាំ​២០០៩។

ក្រុម​អ្នក​បណ្តេញ​ចេញ និយាយ​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​សម្បទាន​ដី​លើ​ទំហំ​៣,៧​ហិកតា​ ទៅ​ឲ្យ​ក្រុមហ៊ុន​7NG ហើយ​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ឲ្យ​ផ្លាស់​លំនៅដ្ឋាន​ទៅ​កាន់​ទី​តាំង​ថ្មី ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រយឹង ខណ្ឌ​ដង្កោ ដែល​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ ពី​រាជធានី។

លោក ជេត ខេមរា ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី បាន​ធ្វើ​ការ​សន្និដ្ឋាន​ចុង​ក្រោយ ​ក្នុង​សវនាការ​ថា ហេតុការណ៍​នៃ​ការ​គប់​អេស្កាវ៉ាទ័រ ពិត​ជា​បាន​កើត​ឡើង​មែន កាលពី​ថ្ងៃ​២៩-៣០ ខែ​មករា ឆ្នាំ​២០០៨ ប៉ុន្តែ​ លោក​ស្នើ​ឲ្យ​រក​ភស្តុតាង​បន្ថែម មុន​នឹង​ឈាន​ដល់​ការ​សម្រេច​សាល​ក្រម។ លោក​ថ្លែង​ថា៖​ «ពិត​ជា​មាន​ករណី​កើត​ហេតុ​មែន តែ​ដោយ​ខ្វះ​ភស្តុតាង សូម​ស្នើ​ឲ្យ​តុលាការ​រក​ភស្តុតាង​បន្ថែម​»។

លោក ខាត់ ណារិទ្ធ ចៅ​សង្កាត់​ទន្លេ​បាសាក់ បាន​បដិសេធ​ផ្តល់​ព័ត៌មាន​បន្ថែម​ក្រោយ​សវនាការ​រួច កាលពី​ម្សិលមិញ។​

លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា បណ្តឹង​ដែល​ប្តឹង​ដោយ​អ្នក​មាន​អំណាច ឬ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ខ្ពស់ មាន​វិវាទ​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ គឺ​ច្រើន​តែ​យក​មក​ចាត់​ការ​តាម​នីតិវិធី​រហូត​ដល់​មាន​សវនាការ​យ៉ាង​ ដូច្នេះ តែ​បើ​ពលរដ្ឋ​ប្តឹង​វិញ គឺ​សំណុំ​រឿង​ត្រូវ​កប់​ទុក​ចោល។

លោក​ថ្លែង ថា ៖ «នេះ​ជា​ការ​គ្មាន​សមធម៌ តម្លាភាព​ ឬ​តុល្យភាព​រវាង​ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​នៅ​ចំពោះ​មុខ​ច្បាប់​។ នេះ​ហើយ ដែល​គេ​តែង​រិះគន់​ថា តុលាការ​គ្មាន​យុត្តិធម៌ គ្មាន​ឯករាជ្យ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​»។

ទោះ​យ៉ាង​ណា លោក​ថា តុលាការ​បាន​ធ្វើ​ត្រឹម​ត្រូវ​តាម​នីតិវិធី​របស់​តុលាការ រហូត​ដល់​សវនាការ តែ​លោក​មិន​ចង់​ឃើញ​ជម្លោះ​ដី​ក្រហម​ដែល​បាន​បញ្ចប់​ទៅ​ហើយ ត្រូវ​មាន​អ្នក​ទទួល​ទោស​ទៀត​ទេ។

លោក​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា តុលាការ​គួរ​ពិចារណា​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​ ទាំង​អស់​នោះ​ទៀត​ទៅ ព្រោះ​រឿង​នេះ​ចប់​រលត់​ទៅ​ហើយ ព្រោះ​ថា​បើ​មាន​ការ​ផ្តន្ទាទោស​ ឬ ការ​ដាក់​ទោស​បន្ត​ទៀត មិន​មែន​ជា​ភាព​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ដែរ ព្រោះ​ផ្ទះ​ពលរដ្ឋ​ត្រូវ​បាន​បណ្តេញ​ចេញ និង​ចាក​ចេញ​ពី​តំបន់​ដែល​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​នៅ​ទៅ​ហើយ។

ក្រោយ​ការ សន្និដ្ឋាន​របស់​ភាគី​ទាំង​ពីរ លោក​ចៅក្រម ឌុច គឹមសន បាន​សម្រេច​ថា រឿង​ក្តី​មួយ​នេះ នឹង​ត្រូវ​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ៕

(រាយការណ៍​បន្ថែមៈ លៀង សារិទ្ធ)

No comments:

Post a Comment

I like Blogger