សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 1, 2013

សាលាឧទ្ធរ​ណ៍ពន្យារ​ប្រកាស​សាល​ដីកា​រឿង​ម៊ឹក ដារ៉ា

Tuesday, 01 January 2013 ប៊ុត​ រស្មីគង្គា Phnom Penh Post





















ជន​ជាប់​ចោទ មឹុក ដារ៉ា អតីត​អគ្គ​លេខា​ធិការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។ រូបថត ហុង មិនា

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ពន្យារ​ការ​ប្រកាស​សាល​ដីកា​ករណី​លោក ម៉ឹក ដារ៉ា អតីត​អគ្គ​លេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​(NACD) និង​ជា​អតីត​នាយក​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ក្រសួង​មហា​ផ្ទៃ លោក ជា ឡេង អតីត​ប្រធាន​ការិយា​ល័យ​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន និង​លោក ម៉ន ឌឿន ​អតីត​ប្រធាន​ក្រុម​ប្រតិបត្តិ​ការ​ពិសេស​របស់​លោក ម៉ឹក ដារ៉ា។

លោក ម៉ឹក ដារ៉ា លោក ជា ឡេង និង​លោក ម៉ន ​ឌឿន ​ត្រូវ​តុលាការ​ចោទ​ពីបទ​ទទួល​យក​សំណូក និង​ជា​អ្នកផ្ដើម​គំនិត ឬក៏​ដឹក​នាំ​ក្រុម​ឧក្រិដ្ឋ​ជន​ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ដើម​ឆ្នាំ​២០១១​នៅ​កម្ពុជា។


លោក ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ចៅ​ក្រម​ប្រឹក្សា​នៃ​សភា​ព្រហ្ម​ទណ្ឌ​សាលា​ឧទ្ធរណ៍​បានថ្លែង​ថា សាល​ដីកា​សម្រាប់​លោក ម៉ឹក ដារ៉ា លោក ជា ឡេង ​និង​លោក ម៉ន ឌឿន ដែល​គ្រោង​ប្រកាស​នៅថ្ងៃ​ទី​៣១ ធ្នូ​នេះ ត្រូវ​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃទី​៣១​ ខែ​មករា ឆ្នាំ​២០១៣ នេះ​វិញ។

លោកប្រធាន​ចៅក្រម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖«​មូល​ហេតុ​ដែល​ពន្យារ ពេល​ការ​ប្រកាស​សាល​ដីកា​ពួកគេ​នេះ ដោយ​សារ​តែ​សវនា​ការ​ពួកគេ​មិន​ទាន់​បាន​វាយ​រួច​រាល់​នៅ​ឡើយ ម្យ៉ាង​ទៀត សាលា​ឧទ្ធរណ៍​ត្រូវ​ការ​ពេល​បន្ថែម​ទៀត ក្នុង​ការពិនិត្យ​ផ្ទៀង​ផ្ទាត់​ចម្លើយ​ពួកគេ»។

លោក ង៉ែត សារាត់ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ឧទ្ធរណ៍​ពី​ម្សិល​មិញ​បាន​ប្រាប់​ថា ករណី​លោក ម៉ឹក ដារ៉ា បាន​ចារ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​សាលា​ឧទ្ធរណ៍​កម្ពុជា។ លោក​បន្ថែម​ថា សាលា​ឧទ្ធរណ៍​បាន​ចំណាយ​ពេល​ជាង​មួយ​ខែ​ ក្នុង​ការ​បើក​សវនាការ​ជាមួយ​នឹង​ការ​អាន​ឯកសារ ទម្ងន់​ជាង​២០គីឡូ​ក្រាម។

លោក​បញ្ជាក់​ថា៖«​មូល​ហេតុ​នៃការ​ពន្យារ​ពេល ​ប្រកាស​សាល​ដីកា​នេះ ព្រោះ​ករណី​របស់​លោក ម៉ឹក ដារ៉ា ​មាន​ឯកសារ​ជា​ច្រើន​ឲ្យ​តុលាការ​ធ្វើ​ការ​សម្រេច​ ហើយ​តុលាការ​មិន​អាច​ធ្វើ​វា​បាន​នៅ​ក្នុងពេល​ដ៏ខ្លី​បាន​នោះ​ទេ»។ តែ​លោក​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​មិន​និយាយ​លម្អិត​ពី​ករណី​នេះទេ។

លោក ​រ៉ាយ ​ប៊ុន​ធឿន ​មេ​ធាវី​ការ​ពារ​ក្ដី​លោក ​ម៉ឹក ដារ៉ា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិល​មិញ​ថា ហេតុ​ដែល​មាន​ការ​សម្រេច​ពន្យារ​ការ​ប្រកាស​សាល​ដីកា​កូន​ក្ដី​លោក​នេះ​ ដោយ​សារ​តែ​តុលាការ​ត្រូវ​ការ​ពិនិត្យ​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៥ ដែល​ដាក់​បន្ទុក​លើ​លោក ម៉ឹក ដារ៉ា ​នៅ​ក្នុងអង្គ​ហេតុ​ទី៥​ និង​ដែល​បានបាត់​​នៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​និងទើប​តែ​បាន​រក​ឃើញ។

លោក​មេ​ធាវី​​បន្ថែម​ថា ឯក​សារ​ដែល​បាត់​នោះ ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​ជូនទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ធ្វើ​ការពិចារណា​ហើយ។

លោក​មេធាវី​បញ្ជាក់​ថា៖«​តាម​ឯក​សារ​៥​នោះ​ ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ ជា​សាក្សី​ម្នាក់​សម្រាប់​លោក ម៉ឹក ដារ៉ា បាន​និយាយ​ថា គាត់​មិន​ដែល​ស្គាល់ ឬក៏​បាន​ជួប​លោក ម៉ឹក​ ដារ៉ា ​នោះ​ទេ។ ​គាត់​បាន​បដិសេធ​ថា គាត់​មិន​ដែល​បាន​យក​គ្រឿង​ញៀន​ពី​លោក ​ម៉ឹក ដារ៉ា ​ដូច​គេ​ចោទ​នោះ​ទេ»។​លោក​បញ្ជាក់​ថា ដើម្បី​ពិភាក្សា​លើ​ឯកសារ​៥​ថ្មី​នេះ​ លោក​ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ អញ្ជើញ​ឲ្យ​ទៅ​ជួប​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣​ ខែមករា​២០១៣​ ខាង​មុខ​នេះ

ពាក់ ​ព័ន្ធ​នឹង​ករណី​របស់​កូន​ក្ដី លោក រ៉ាយ ​ប៊ុន​ធឿន ​បាន​ថ្លែង​ថា៖ «​ចំពោះ​ករណី​នេះ​ ខ្ញុំ​គិត​ថា កូន​ក្ដី​ខ្ញុំ​មាន​កំហុស​ខ្លះ​នៅ​ក្នុង​ការ​ដឹក​នាំ​ និងការ​គ្រប់​គ្រង​របស់​គាត់​ ​ព្រោះ​​គាត់​មិន​បានគ្រប់​គ្រង​កូន​ចៅ​ ឬក៏​បុគ្គលិក​ថ្នាក់​ក្រោមៗ​របស់​គាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជួញ​ដូរ​គ្រឿង​ញៀន​នេះ គាត់​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ។​ គាត់​មិន​បាន​ប្រព្រឹត្ត​វា​ទាល់​តែ​សោះ»។

លោក​មេ​ធាវី​រូប​នេះ​បញ្ជាក់​ ថា៖ «​ខ្ញុំ​មិន​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​រក​ការ​ពិត​ឬយុត្តិ​ធម៌​ឲ្យ​គាត់​ទេ ដោយ​សារ​តែ​មាន​សម្ពា​ធ​​ពី​បរិយា​កាស​ជុំវិញ​...លុះ​ត្រា​តែ​មាន​ភ្លើង​ ខៀវ ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន»។

លោក ហេ ជី​វអេង ​ជា​មេធាវី​ការ​ពារ​ក្ដី​លោក ជា ឡេង ​បាន​ប្រាប់​ថា ការ​ពន្យារ​ពេល​ប្រកាស​សាល​ដីកា​កូន​ក្ដី​លោក​នេះ​នឹង​ធ្វើឲ្យ​ចៅក្រម​មាន ពេល​សម្រេច​ដោយ​យុត្តិធម៌​និង​ត្រឹម​ត្រូវ​ចំពោះ​កូន​ក្ដី​លោក។

លោក​ មេធាវី​បញ្ជាក់​ថា៖«​កូន​ក្ដី​ខ្ញុំ​បាន​ទទួល​ការ​ចោទ​ប្រកាន់​អយុត្តិធម៌ និង​ត្រូវ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់ ពន្ធនាគារ​អស់​មួយ​ជីវិត។ ការ​ពន្យារ​ពេល​ប្រកាស​សាល​ដីកា​នេះ ខ្ញុំ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹងពិចារណា​បាន​ល្អិត​ល្អន់​និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ ខ្លះៗ ហើយ​នឹង​បន្ថយ​ទោស​ផង​ដែរលើ​រូប​គាត់»។

យោង​​ឯក​សារ​របស់​ តុលាការ​ លោក ម៉ឹក ដារ៉ា ​ត្រូវ​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​កាល​ពី​ថ្ងៃ​ ទី​១១​មករា​២០១១​ និង​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​តុលាការ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២២៥​.៤០០​ដុល្លារ​ និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ចំនួន​ ១០ ម៉ឺន​ដុល្លារ រីឯ​លោក ជា ឡេង ​ត្រូវ​បាន​ចាប់​ខ្លួន​​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ២០១១​ និង​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ហើយ​និង​ពិន័យ ​ប្រាក់​ចំនួន​២១​ម៉ឺន​ដុល្លារ​។ ចំណែក​លោក ម៉ន ឌឿន ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ​ និង​ពិន័យ​ប្រាក់​៣៤.០០០​ដុល្លារ។

ជន​ជាប់​ចោទទាំង​បី​បាន​ប្ដឹង​ទាស់​លើ​ការសម្រេច​នេះ​និង​បាន​ប្ដឹង​​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​កាលពី​ខែ​កុម្ភៈឆ្នាំ​មុន​៕​ PN

No comments:

Post a Comment

I like Blogger