សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, February 5, 2013

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​បញ្ចប់​ទៅ​ទាំង​ក្តី​អាឡោះ​អាល័យ

Tuesday, 05 February 2013 ម៉ៃ ទិត្យថារ៉ា និងឃុត សុភចរិយា From The Phnom Penh Post
130205_01 ព្រះ​រាជពិធីថ្វាយ​ព្រះ​ភ្លើង​ ព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចឪ កាលពីថ្ងៃ​ម្សិលមិញ។ ព្រះ​រាជពិធីនេះ មាន​ការចូលរួម​ពីព្រះសង្ឃ ប្រជាពលរដ្ឋ...តំណាង​ប្រទេស​ផ្សេងៗទៀតជាច្រើនរូប។ រូបថត ហេង ជីវ័ន
 
ភ្នំពេញៈ ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​បាន​ផុស​ឡើង​នៅ​ ជុំវិញ​ព្រះ​បរម​មេរុ ហោះហើរ​ទៅ​លើ​វេហាស៍ នៅ​ពេល​ដែល​ស្នូរ​កាំជ្រួច​និង​កាំភ្លើង​ធំ លាន់​កង​រំពង​នៅ​វេលា​ម៉ោង​៦:៣៥​នាទី រីឯ​សំឡេង​ទ្រហោយំ​ក៏​លាន់ឮ​យ៉ាង​ទ្រហឹង​អឺងកង​បង្ហាញ នូវ​ភាព​សោកស្តាយ និង​អាឡោះ​អាល័យ​ដល់​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ខណៈ​ដែល​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បាន​ប្រារព្ធ​ថ្វាយ​ដោយ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ហើយ​បន្ទាប់​មក​ទណ្ឌិត​ចំនួន​៤១២​នាក់ ក៏​បាន​រំកិល ខ្លួន​ចូល​មក​ដើម្បី​ស្តាប់​ព្រះរាជ​បន្ទូល​របស់​ព្រះអង្គ មុន​ត្រូវ​បាន​ព្រះរាជ​ប្រទាន​ការ​លើកលែង​ទោស និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ទៅ​ជួបជុំ​គ្រួសារ​វិញ។
មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ទណ្ឌិត​ដែល​ពាក់​អាវ​យឺត​ពណ៌​ស មាន​ព្រះឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ដែល​ជា​ព្រះបិតា​ជាទី​គោរព​សក្ការៈ ក្សត្រ​ទ្រង់មាន​ព្រះ​កន្សែង​ផង​នោះ​ថា៖ «ចាប់ពី​ពេល​នេះ​ទៅ លោក លោក​ស្រី បង​ប្អូន មាន​សេរីភាព​ពេញ​លេញ​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ ញាតិ​មិត្ត​ឯ​ស្រុក​កំណើត​បង​ប្អូន​វិញ។ សូម​លោក លោក​ស្រី ទាំងអស់ បង​ប្អូន​គ្រប់​រូប ខិតខំ​អប់រំ កាយ វាចា ចិត្ត ស្ថិត​ក្នុង​សេចក្តី​ស្ងប់ និង​សេចក្តី​ថ្លៃថ្នូរ សេចក្តី​ចម្រើន​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ដ៏​ល្អ»។
ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ទាំង​ទឹក​ព្រះ​នេត្រ​រលីង​រលោង​ ទៀត​ថា «សូម​លោក លោក​ស្រី ទាំងអស់ បង​ប្អូន​គ្រប់​រូប ខិតខំ​បំពេញ​ការងារ រក​ទទួលទាន​ដូច​ពលរដ្ឋ​ធម្មតា ដើម្បី​រួម​ចំណែក​កសាង​សង្គម​គ្រួសារ និង​សង្គមជាតិ​ឲ្យ​បាន​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត។
អង្គ​ព្រះមហាក្សត្រ​បាន​បន្ត​ព្រះរាជ​បន្ទូល​ថា៖«ខ្ញុំ​សូម​ថ្លែង​ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដែល​បាន​ជួយ​បង​ប្អូន​គ្រប់​រូប ទទួល​បាន​សេរីភាព​ឡើង​វិញ​នា​ពេល​នេះ។ ខ្ញុំ​សូម​ជូនពរ បង​ប្អូន​គ្រប់ៗ​រូប ប្រកប​ដោយ​សេចក្តី​សុខ​គ្រប់​ប្រការ អាយុ​យឺនយូរ សុខភាព​បរិបូរណ៍។ សូម​បង​ប្អូន​បាន​ទទួល​ជោគជ័យ​ដរាប គ្រប់​ការងារ​ទាំង​ឡាយ​ដែល​ត្រូវ​បំពេញ នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ សូម​បង ប្អូន​គ្រប់​គ្នា ទាំង​ខ្ញុំ ព្រះ​មាតា រាជរដ្ឋាភិបាល ប្រជារាស្ត្រ ទូទាំង​ប្រទេស យើង​លើក​ដៃ​ទូលថ្វាយ​លើក​ដៃ​ប្រណម្យ​ថ្វាយ​ព្រះរាជ​កុសល​ដ៏​ច្រើន​បំផុត​ ថ្វាយ​ព្រះ​រាជបិតា ជា​ទីគោរព​សក្ការៈ សូម​ព្រះអង្គ​បាន​យាង​ទៅ​គ្រង​រាជ្យ​ទិព្វ សម្បត្តិ​ឋានសួគ៌ និង​សម្បត្តិ​និព្វាន គង់​ប្រថាប់​នៅ​ឋាន​និព្វាន ជាមួយ​ព្រះពុទ្ធ​ជា​អម្ចាស់​ជា​រៀង​រហូត»។

ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា៖ «សូម​ព្រះវររាជបិតា​ជាទី​គោរព​សក្ការៈ ព្រះ​អង្គ តាម​ថែទាំ ថែ​រក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាជន​កម្ពុជា ជា​ដរាប​តទៅ»។
លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា អ្នក​ទោស​ដែល​ត្រូវ​លើកលែង​ទោស​៤១២ នាក់ ក្នុង​នោះ មាន​ស្ត្រី ៦៤ នាក់​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេច​ព្រះមហា​ វីរក្សត្រ​នរោត្តម​សីហនុ។
ទណ្ឌិត​ទាំង​អស់​មកពី​ពន្ធនាគារ​ទូទាំង​ប្រទេស ត្រូវ​បាន​យក​មក​ដាក់​នៅ​ពន្ធនាគារ​ព្រៃ​ស មុន​នឹង​ដឹក​យក​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព នៅ​ឯ​វាល​ព្រះមេរុ។
លោក​ឲ្យ​ដឹង​ទៀត​ថា ទណ្ឌិត​ដែល​ត្រូវ​លើកលែង​ទោស ទទួល​បាន​សម្លៀក​បំពាក់​មួយ​កំប្លេរ មាន​ខោ និង​អាវ​យឺត​ស មាន​ព្រះឆាយាល័ក្ខណ៍​សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ខាង​មុខ និង​ខាង​ក្រោយ​មាន​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហាវីរក្សត្រ អម​ដំណើរ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពេល​យាង​និវត្តន៍​ចូល​មាតុ​ប្រទេស​នៅ​ឆ្នាំ​១៩៩១។ អ្នក​ទោស​ម្នាក់ៗ​ក៏​ទទួល​បាន​ប្រាក់​៥ម៉ឺន​រៀល​ផង​ដែរ។
លោក បាន​ថ្លែង​ថា៖ «លក្ខខណ្ឌ​ដែល​ត្រូវ​លើកលែង​ទោស​ដល់​ទណ្ឌិត​គឺ​សម្រាប់​អ្នក​ជាប់​ទោស​រួច​ ហើយ ២ ភាគ ៣ នៃ​ទោស​សរុប អ្នក​មាន​ជំងឺ ទណ្ឌិត​ស្ត្រី​ណា​ដែល​មាន​ក្មេង​ទៅ​តាម​ម្តាយ និង​អ្នក​ទោស​ចាស់​ជរា ក្នុង​នោះ ក៏​មាន​ទណ្ឌិត​ជា​ជន​បរទេស​៣០​នាក់​ផង​ដែរ»។
ស្ថិត​ក្នុង​ទឹក​មុខ​រីករាយ លោក សួរ ហ៊ន អាយុ​៥៣​ឆ្នាំ ទណ្ឌិត​មកពី​ខេត្ត​កំពត ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ ពី​បទ​ទទួល​ផល​ចោរកម្ម ហើយ​បាន​អនុវត្ត​ទោស​៩ឆ្នាំ​រួច​ហើយ នៅ​ក្នុង​ពន្ធនាគារ​បាន​ថ្លែង​ថា លោក​មាន​ការ​សប្បាយ​រីករាយ ហើយ​រំភើប​រក​ពាក្យ​និយាយ​មិន​ត្រូវ​ទេ ពីព្រោះ​លោក​មាន​ភ័ព្វព្រេង​បាន​មក​បុណ្យ​សម្តេច​តា។ លោក​បាន​និយាយ​ថា៖ «បើ​ទោះ​ជា​ឲ្យ​ខ្ញុំ​គិត ក៏​ពុំ​ហ៊ាន​គិត​ដែរ​ថា​បាន​មាន​វាសនា​មក​ចូលរួម​បុណ្យ​ព្រះ​បរមសព​សម្តេច​ឪ ពីព្រោះ​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​ឯ​ខេត្ត ហើយ​ជាប់ទោស​ដល់​ទៅ​១០​ឆ្នាំ​នោះ។ ខ្ញុំ​ពិត​ជា​មាន​ភ័ព្វ​វាសនា​ខ្ពស់​បំផុត»។
ស្ថិត​ក្នុង​ទឹក​មុខ​ភ័យ​ផង​អរ​ផង​នោះ​លោក ឯក ជួង អាយុ​៦២​ឆ្នាំ មក​ពី​ពន្ធនាគារ ខេត្ត​ស្វាយរៀង ដែល​មក​ស្នាក់​ក្នុង​ពន្ធនាគារ​ព្រៃស​មួយ​ថ្ងៃ​មុន ដើម្បី​រង់ចាំ​ព្រះ​រាជទាន​លើក​លែង​ទោស ពី​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី នោះ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ប៉ុន្តែ លោក​បាន​អនុវត្ត​ទោស​៨​ឆ្នាំ​៤​ខែ ១០ ថ្ងៃ នៅ​ក្នុង​ពន្ធនាគារ​រួច​ហើយ។ នេះ គឺ​យុត្តិធម៌​ណាស់​សម្រាប់​រូប​លោក។ លោក​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ៖ «ខ្ញុំ​មិន​នឹកស្មាន​ថា​ខ្ញុំ​មាន​វាសនា​ដល់​ថ្នាក់​នេះ​ទេ ដែល​បាន​គេ​ដឹក​ជញ្ជូន​យក​មក​ចូលរួម​បុណ្យ​សម្តេច​តា។ ខ្ញុំ​សប្បាយ​ចិត្ត​ជា​ជាង​ដែល​ខ្ញុំ​មាន​សេរីភាព​ពី​ជាប់​ទោស​បាន​ទៅ​ជួប​ ជុំ​គ្រួសារ​ខ្ញុំ​ទៅ​ទៀត»។
ផ្សែង​បាន​ចាប់​ផ្តើម​ហុយ​ចេញ​ពី​ព្រះ​បរម​បញ្ចា​តម្កល់​ព្រះ​បរមសព នៅ​វេលា​ម៉ោង ៦:៣៥ នាទី រីឯ​សំឡេង​ទ្រហោ​យំ​ក៏​បាន​បន្លឺ​ខ្លាំង​ឡើងៗ​ផង​ដែរ នៅ​ឯ​ផ្នែក​ខាង​ជើង​នៃ​ទីវាល​ព្រះ​បរម​មេរុ​ដែល​ពលរដ្ឋ​មួយ​ចំនួន​អាច​មើល​ ចេញពី​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ។ ស្រែក​ទ្រហោ​យំ​ខ្លាំងៗ ព្រម​ទាំង​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​ហាម​ពេញ​ផែន​ថ្ពាល់​នោះ អ្នក​ស្រី សួន លីណា អាយុ ៧២ ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​សៀមរាប បាន​ថ្លែង​ថា គាត់​សោកស្តាយ​រក​ពាក្យ​អ្វី​មក​ផ្តឹម​ពុំ​បាន​ទេ ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ព្រះមហាក្សត្រ​នឹង​យាង​ចាកចោល​អ្នក​ស្រី និង​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​ហើយ។ អ្នក​ស្រី​ថ្លែង​ថា៖ «ព្រះអង្គ​បាន​លាចាក​ពី​ភពផែនដី​និង​ពួក​យើង​ចាប់ពី​ពេល​នេះ​តទៅ​ហើយ។ យើង​លែង​បាន​ឃើញ​លោក​ទៀត​ហើយ។ ខ្ញុំ​ស្តាយ​ព្រះអង្គ​ណាស់ ខ្ញុំ​លែង​បាន​ឃើញ​ស្នាម​ញញឹម​របស់​ព្រះអង្គ​ទៀត​ហើយ»។
ខុសពី​ពលរដ្ឋ​ដែល​នៅ​ភាគ​ខាង​ជើង​វាល​ព្រះមេរុ ពលរដ្ឋ​រាប់ពាន់​នាក់​ត្រូវ​បាន​ឈរ​ជា​ពីរ​ជួរ​នៅ​ខាង​មុខ​តុលាការ​កំពូល ដោយ​អាជ្ញាធរ​បាន​បិទ​ជិត​មិន​ឲ្យ​ឆ្លង​កាត់​ផ្លូវ​នឹង​ធ្វើ​ដំណើរ​ចូល​មក​ ខាង​មុខ​ព្រះបរមរាជវាំង​ទេនោះ អ្នក​ស្រី អ៊ុយ ថាន អាយុ ៥៩ ឆ្នាំ មក​ពី​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​ចង់​ទៅ​មើល​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​និង​គោរព​ព្រះ​បរម​រតន ​កោដ្ឋ នៅ​ឯ​វាល​ព្រះមេរុ តែ​គាត់​ត្រូវ​បាន​ហាម​ឃាត់។
អ្នក​ស្រី និយាយ​ទៀត​ថា៖ «ពេល​ព្រឹក​គេ​ថា មិន​ឲ្យ​ចូល​ទេ ពីព្រោះ​រវល់​ភ្ញៀវ​កិត្តិយស​គេ​មក តែ​ដល់​ពេល​ល្ងាច​ក៏​នៅ​តែ​មិន​ឲ្យ​ចូល ទីបំផុត​ខ្ញុំ​ពុំ​បាន​អុជ​ធូប​ជូន​ដំណើរ​ព្រះអង្គ​ដដែល»។
លោក ហាង ប្រុស មន្ត្រី​ប៉េអឹម​ដែល​នៅ​ឈរ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ចូល​ធ្វើ​ការ​បួងសួង​នោះ​បាន​ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ​គឺ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​អុជ​ធូប​គោរព​ព្រះអង្គ​គឺ​ចាប់​ពី​ ម៉ោង​៧​ដល់​ម៉ោង ៩ ព្រឹក ពីព្រោះ​ភ្ញៀវ​កិត្តិយស​មកពី​ក្រៅ​ប្រទេស​ច្រើន​មក​ចូលរួម​ព្រះរាជ​ពិធី។ លោក បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​ធ្វើ​តែ​តាម​បទបញ្ជា​តែ​ប៉ុណ្ណោះ»។
ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ដល់​ព្រះ​បរមសព​បាន​បញ្ចប់ ជាមួយ​នឹង​ការ​ចែក​អំណោយ​ដល់​ទណ្ឌិត​ដែល​ត្រូវ​ដោះ​លែង បន្ទាប់ពី​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព ព្រះអង្គ​ទាំង​ទ្វេ​ក៏​បាន​ព្រះរាជ​ប្រទាន​ជា​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ ​កិត្តិយស​បរទេស ដែល​បាន​ជម្រាប​លា​ផង​ដែរ ហើយ​ពិធី​ទាំង​មូល​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជា​៨​យប់។ រីឯ​សម្តេច​ក្រុម​ព្រះ​បាន​បួស​មុខ​ភ្លើង​គ្រង​ស្បង់​ចីពរ ដោយ​សម្តេច​សង្ឃ ទេព វង្ស តាម​ការ​គ្រោង​ទុក ទ្រង់​នឹង​សាង​ព្រះ​ផ្នួស​រយៈពេល​១សប្តាហ៍។
យោង​តាម​កម្មវិធី​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ព្រះ​បរមសព​ព្រះ​បរម​ រតន​កោដ្ឋ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ព្រះ​មហាក្សត្រ និង​សម្តេច​ម៉ែ ព្រម​ទាំង​សមាជិក​ព្រះរាជវង្សានុវង្ស​នឹង​យាង​មក​រើស​ព្រះ​បរម​អដ្ឋិ​ដើម្បី ​រក្សាទុក​នៅ​ក្នុង​ព្រះ​បរមកោដ្ឋ។ ចំណែក​ព្រះ​អង្គារ​(ផេះ)​នឹង​ត្រូវ​នាំយក​ទៅ​បាច​នៅ​ក្នុង​ទន្លេ​ចតុមុខ។
ព្រះ​បរម​អដ្ឋិ​នឹង​ត្រូវ​រក្សាទុក​នៅ​ក្នុង​ព្រះ​បរមកោដ្ឋ នៅ​វាល​ព្រះ​បរម​មេរុ រហូត​ដល់​ថ្ងៃទី​៧ ខែ​កុម្ភៈ ទើប​បាន​ចាត់​ដង្ហែ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង៕
រាយការណ៍​បន្ថែមៈ ឆាយ ច័ន្ទនីដា

No comments:

Post a Comment

I like Blogger