សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, February 5, 2013

ព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេចឪ​បញ្ចប់​ទៅ​ទាំង​ក្តី​អាឡោះ​អាល័យ

Monday, 04 February 2013 ភ្នំពេញ ប៉ុស្ដិ៍ From Phnom Penh Post
130204_04-05a ក្បួន​ព្រះ​ទី​នាំង ដាក់​មញ្ជូសា​​ សម្តេច​ឪ នរោត្តម សី​ហនុ កំពុង​ដង្ហែ​ទៅ​កាន់​វាល​ព្រះ​មេរុ កាល​ពី​ថ្ងៃ​សុក្រ។ រូបថត ហុង មិនា
 
ភ្នំពេញៈ ជាមួយ​នឹង​សំឡេង​កាំភ្លើង​ធំ ភ្លេង​សព និង​សំឡេង​យំ​សោក​តិចៗ របស់​ប្រជានុរាស្រ្ត​ព្រះអង្គ ព្រះ​បរមសព​ព្រះ​មហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ត្រូវ​បាន​ដង្ហែ​តាម​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ មុន​ពេល​តម្កល់​នៅ​ទីលាន​ថ្វាយ​ព្រះភ្លើង នៅ​វាល​ព្រះមេរុ។
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​ព្រះ​បរមរាជវាំង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ មាន​សភាព​ស្រងូត​ស្រងាត់។ ជាមួយ​នឹង​ឧត្តម​សេនីយ៍ អ្នក​នយោបាយ និង​ឥស្សរជន​ ដែល​ឈរ​ជា​ជួរ ក្រុម​ស្រ្តី​វ័យ​ចំណាស់ បាន​ឈរ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ដៃ​ប្រណម្យ។
មនុស្ស​ជាច្រើន កាន់​ផ្កា​ឈូក ផ្កា​ម្លិះ​និង​ធូប ខំ​ទប់​ចិត្ត ​ជាមួយ​នឹង​ការ​ស្រក់​ទឹក​ភ្នែក ខណៈ​ពេល​ដែល​ពួក​គេ កំពុង​រង់ចាំ​ព្រះ​មញ្ជូសា​ ព្រះ​បរម​សព​សម្តេច​ឪ ដង្ហែ​ចេញ​ពី​ព្រះ​បរមរាជ​វាំង។ ​លោក សោម ចាន់ណា អាយុ ៣០ ឆ្នាំ ​ថ្លែង​ថា លោក​បាន​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ ជាមួយ​នឹង​ក្រុម​មិត្ត​រួម​ការ​ងារ​។ ​ដោយ​មាន​ភាព​ស្រងូត​ស្រងាត់​ លោក​ចាន់​ណា ​បន្ត​ថា​៖ «​​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​សម្តែង​ទឹក​ចិត្ត​របស់​យើង​ ចំពោះ​ព្រះ​មហា​វីរក្សត្រ​ជាទី​ស្រឡាញ់​​របស់​យើង​។ ​សម្តេច​ឪ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ប្រជានុរាស្រ្ត​ព្រះ​អង្គ​ ដូច​ជា​ដណ្តើម​ឯករាជ្យ​ពី​បារាំង»។
នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ព្រះ​មញ្ជូសា ត្រូវ​បាន​លើក​ដាក់​ព្រះ​ទីនាំង ​យាង​អម​ដំណើរ ដោយ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ព្រះ​មហាក្សត្រិយ៍ មុនិនាថ សីហនុ និង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។ ​ព្រះ​ទីនាំង​បាន​ដឹក​ព្រះ​អង្គ​ម្ចាស់ អារុណ រស្មី និង​សម្ដេច​ព្រះរាម បុប្ផាទេវី ហើយ​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រពង្ស់ នឹង​សម្តេច​ព្រះ​សង្ឃ​រាជ​ និង​តន្រ្តីករ​ព្រះ​បរម​រាជវាំង​ជា​អ្នក​នាំ​ផ្លូវ​។ តាម​ពី​ក្រោយ​ព្រះ​ទីនាំង គឺ​យាន​យន្ត​រូប​ហង្ស ​ដែល​ដឹក​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ព្រម​ទាំង​ឥស្សរជន​ដទៃ​ទៀត​។ ​រដ្ឋ​មន្រ្តី និង​អភិបាល​រាជធានី ខេត្ត តន្រ្តីករ និង​ព្រះ​សង្ឃ តំណាង​រាស្រ្ត និង​រាស្រ្ត​សាមញ្ញ នគរបាល និង​ជន​ជាតិ​ភាគ​តិច ក្រុម​កាយឫទ្ធិ និង​ទាហាន​ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៥០០០ នាក់ ដែល​ពាក់​រូប​សញ្ញា​ព្រះ​រាជា និង​ដើរ​ក្នុង​ក្បួន​ដង្ហែ។

មាន​តែ អ្នក​ទទួល​បាន​លិខិត​អញ្ជើញ​ជា​លាយលក្ខណ៍​អក្សរ​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ថ្វាយ​ព្រះ​ភ្លើង គឺ​យោង​តាម​រដ្ឋាភិបាល មាន​ជាង ៣០០០ នាក់ រាប់​ទាំង​ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី និង​សមាជិក​គ្រួសារ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ថ្វាយ​ព្រះ​ភ្លើង ដោយ​ត្រូវ​ឆ្លង​កាត់​ប្រដាប់​ត្រួត​ពិនិត្យ​ជា​មុន​សិន។
ស្រ្តី​ម្នាក់​ឈរ​មើល​ជិត​ទីលាន​ថ្វាយ​ព្រះ​ភ្លើង​ឈ្មោះ អ៊ុំ យល់ អាយុ​ ៦៣ ឆ្នាំ​ បាន​ថ្លែង​ថា អ្នក​ស្រី បាន​ធ្វើ​ដំណើរ​មួយ​ថ្ងៃ​មុន​ពី​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល ជាមួយ​នឹង​កូន​ស្រី ដើម្បី​មក​សម្តែង​គារវកិច្ច​ដល់​សម្តេច​ឪ។ ​អ្នក​ស្រី​បញ្ជាក់​ថា៖ «​នេះ​ជា​លើក​ចុង​ក្រោយ​របស់​ខ្ញុំ​ដើម្បី​និយាយ​លា​ព្រះ​អង្គ​ ហើយ​ព្រះអង្គ​នឹង​មិន​យាង​ត្រឡប់​មក​វិញ​ឡើយ។ ខ្ញុំ​គោរព​ព្រះ​អង្គ​ជា​រៀង​រហូត​ ទោះ​បី​ពេល​នេះ ព្រះ​អង្គ​សោយ​ទិវង្គត​ក៏​ដោយ»។
អ្នក​ស្រី សេង ស អាយុ ៦៧ ឆ្នាំ អង្គុយ​លើ​ដី​ក្បែរ​ទីលាន​ថ្វាយ​ព្រះ​ភ្លើង ហើយ​បាន​រង់ចាំ​ក្បួន​​ដង្ហែ។ អ្នក​ស្រី ស បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ព្រៃវែង កាល​ពី៥ ថ្ងៃ​មុន ហើយ​បាន​ដើរ​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ចាប់​ពី​ពេល​មក​ដល់​ភ្នំពេញ។ អ្នក​ស្រី ស ដែល​បាន​ជួប​ព្រះ​មហាវីរក្សត្រ​ប៉ុន្មាន​លើក ពេល​ព្រះ​អង្គ​ចុះ​ទៅ​ខេត្ត​នានា ក្នុង​ពេល​អ្នក​ស្រី​នៅ​ក្មេង​នោះ បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​ព្រះ​អង្គ​ចាក​ចេញ​ពី​យើង​ទេ។ ខ្ញុំ​សង្ឃឹម​ថា​ព្រះ​អង្គ​ទៅ​បរលោក ហើយ​ចាប់​ជាតិ​ជា​ជន​កម្ពុជា​ម្តង​ទៀត»។ ​អ្នក​ស្រី​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ព្រួយ​បារម្ភ​ថា រឿង​អាក្រក់​ នឹង​កើត​ឡើង​លើ​ប្រទេស​កម្ពុជា​យើង ដោយ​សារ​ឥឡូវ​នេះ ព្រះអង្គ​បាន​សោយ​ទិវង្គត​ហើយ»។
មនុស្ស​ជា​ច្រើន​ បាន​ចាប់​ផ្តើម​នឿយ​ហត់ ខណៈ​ពេល​ដែល​ពួកគេ​ កំពុង​រង់​ចាំ​ក្បួន​​ដង្ហែ​។ ​មន្រ្តី​បាន​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ នៅ​ជុំ​វិញ​ព្រះ​បរម​រាជ​វាំង​ ចំណែក​ឯ​អ្នក​មក​ពី​ខេត្ត​នានា អង្គុយ​ក្រោម​ម្លប់​ប៉ាណូ មាន​ព្រះឆាយាល័ក្ខណ៍​សម្តេច​ឪ។
អ្នក​ដទៃ​ទៀត​​យក​ព្រះ​ឆាយាល័ក្ខណ៍​ សម្តេច​ឪ មក​បាំង​កម្តៅ​ថ្ងៃ​។ ប៉ុន្តែ ខណៈ​ផ្កា​ឈូក​ ចាប់​ផ្តើម​ស្វិត​ស្រពោន ​មន្រ្តី​សុខាភិបាល​ បាន​និយាយ​ថា​ មក​ដល់​វេលា​ថ្ងៃ​ត្រង់ ពួក​គេ​បាន​ព្យាបាល​មនុស្ស​តិច​តួច​បំផុត។
លោក វេជ្ជ​បណ្ឌិត លី ប៊ុនឈឿន ​ដែល​អង្គុយ​ក្នុង​តង់​គ្រូ​ពេទ្យ​ បោះ​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ បាន​ថ្លែង​ថា គ្មាន​អ្នក​ណា​ម្នាក់​សន្លប់​ទេ​ ត្រឹម​ម៉ោង​១០ និង ៣០ នាទី បើ​ទោះ​បី​ជា​ប្រជាជន​ ទាហាន និង​នគរបាល​ជា​ច្រើន​នាក់ បាន​ឆ្លៀត​ឱកាស​នេះ​ធ្វើ​តេស្ត​ឈាម ទទួល​បាន​ថ្នាំ និង​សេវា​សុខាភិបាល​ដទៃ​ទៀត​ក៏​ដោយ។
លោក ឡេស អ៊ីត្រេស មន្រ្តី​ពី​ក្រសួង​សុខាភិបាល ដែល​ត្រៀម​បម្រុង​ នៅ​ក្នុង​តង់​មុខ​រដ្ឋ​សភា​ចាស់ បាន​ថ្លែង​ថា លោក​បាន​ព្យាបាល​អ្នក​សន្លប់​ តែ​ពីរ​នាក់​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា៖ «ប៉ុន្តែ​មាន​មនុស្ស​ប្រហែល​៦៥០ នាក់ ដែល​យក​ថ្នាំ​វិល​មុខ ថ្នាំ​រាក និង​ថ្នាំ​ឈឺ​ក្បាល​ពី​តង់​នៅ​ព្រឹក​នេះ»។
មិន​មែន​មាន​តែ​ករណី​ទាំង​នេះ​ទេ។ ​គឺ​ភ្លាមៗ បន្ទាប់​ពី​ព្រះ​មញ្ជូសា ហែ​ឆ្លង​ផុត​ឥស្សរជន​ ដែល​កំពុង​រង់ចាំ​នៅ​វេលា​ម៉ោង​ប្រហែល​៨ និង ៣០ នាទី​ព្រឹក លោក​ឧបនាយក​រដ្ឋ​មន្រ្តី សុខ អាន ក៏​​បាន​សន្លប់​ផង​ដែរ។ លោក​ត្រូវ​បាន​បញ្ជូន​ដោយ​អង្គរក្ស និង​មន្រ្តី​នាំ​យ៉ាង​ប្រញាប់​ប្រញាល់ ទៅ​កាន់​រថយន្ត​សាមុយ​ក្បែរ​នោះ ដែល​បើក​ចេញ​ភ្លាមៗ​បន្ទាប់​ពី​មន្រ្តី​អាយុ​៦៣ ឆ្នាំ ​រូប​នេះ បាន​ចូល​ទៅ​ខាង​ក្រោយ​រថយន្ត។ បុគ្គលិក​ពេទ្យ​ នៅ​កន្លែង​កើត​ហេតុ​ បាន​បដិសេធ​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ។
ដូន​ជី​អាយុ ៦៣ ឆ្នាំ អ្នកស្រី ទីន គុណ ពី​ស្រុក​ទ្រាំង ខេត្ត​តាកែវ បាន​ថ្លែង​ថា៖ « យើង​ភ្ញាក់​ផ្អើល ពេល​ឃើញ​ព្រះ​បរមសព​ចេញ​ពី​ព្រះ​បរម​រាជ​វាំង។​ ខ្ញុំ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​សម្តេច​ឪ។ ខ្ញុំ​មាន​អារម្មណ៍​ដូច​បាត់​បង់​ឪពុក​ផង​ដែរ»។ ​អ្នក​ស្រី គុណ មាន​អាយុ ១០ ឆ្នាំ កាលពី​ពេល​ថ្វាយ​ព្រះ​ភ្លើង ​ព្រះ​បរមសព ព្រះ​មហាក្សត្រ នរោត្តម សុរាម្រិត ព្រះ​បិតា​ព្រះ​បាទ​ នរោត្តម សីហនុ។ អ្នកស្រី​បន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ច្រើន​អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ពេល​នោះ​ទេ បើ​ធៀប​នឹង​សម្តេច​ឪ​ពេល​នេះ ប៉ុន្តែ​ខ្ញុំអាច​និយាយ​បាន​ថា ព្រះ​រាជ​ដង្ហែ​ព្រះ​បរម​សព​ថ្ងៃ​នេះ អស្ចារ្យ​ណាស់​។ ស័ក្តិ​សម​ព្រះកិត្តិ​នាម​សម្តេច​ឪ»។
ភ្លេង​ស្គរ​ត្រែ​ បាន​បន្លឺ​តាម​ផ្លូវ​រាជធានី​ភ្នំពេញ ខណៈ​ដែល​ព្រះ​រាជ​ដង្ហែ ធ្វើ​ដំណើរ​យឺតៗ​ពី​ព្រះបរម​រាជ​វាំង​។ ​ឈប់​បន្តិច​នៅ​វត្ត​ភ្នំ មុន​នឹង​ដង្ហែ​បន្ត​មក​តាម​មហា​វិថី​ព្រះ​នរោត្តម​។ ​
ស្លៀក​ពាក់ សម្លៀក​បំពាក់​ពណ៌ស និង​ខ្មៅ អ្នក​ឈរ​អម​តាម​ផ្លូវ ​បាន​លុត​ជង្គង់ ពេល​ព្រះ​មញ្ជូសា​ បាន​មក​ដល់​ ហើយ​អ្នក​ខ្លះ​ស្រក់​ទឹក​ភ្នែក ​ខណៈ​ពេល​សំពះ​កាន់​ធូប​។ ​សន្តិសុខ​នៅ​តាម​សង​ខាង​ផ្លូវ បាន​ណែ​នាំ​អ្នក​ដែល​មិន​លុត​ជង្គង់ ឲ្យ​លុត​ជង្គង់។ នៅ​ត្រឹម​ម៉ោង​១១​ព្រឹក ​ក្បួន​ដង្ហែ​បាន​មក​ដល់​វិមាន​ឯករាជ្យ​។ សមាជិក​គ្រួសារ​រាជវង្ស​ បាន​បាច​អង្ករ​នៅ​តាម​មហា​​វិថី​សីហនុ មុន​ពេល​បត់​ឆ្វេង​ទៅ​ឆ្វេង​ម្តង​ទៀត​ ទៅ​តាម​ផ្លូវ​សុធា​រស់ ជា​កន្លែង​ដែល​ព្រះ​មហា​ក្សត្រ​ ព្រះ​បាទ នរោត្តម សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ មុនិនាថ កំពុង​រង់ចាំ ដោយ​ឆ្ពោះ​ត្រង់​ទៅ កន្លែង​ដែល​ព្រះ​រាជ​ពិធី បាន​ចាប់​ផ្តើម​ពីរ​បី​ម៉ោង​មុន​នោះ​។ នៅ​ជិត​ព្រះ​បរម​រាជ​វាំង ​ព្រះ​តេជ​គុណ ជុំ សុផាត ព្រះ​ជន្ម​ ៨៥​ វស្សា គង់​នៅ​វត្ត​អច្ចាច​ ក្នុង​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​​មាន​ជ័យ បាន​តាម​ដាន​ក្បួន​ដង្ហែ ជា​មួយ​នឹង​ការ​កោត​ស្ងប់​ស្ញែង។ ព្រះ​តេជគុណ មាន​សង្ឃ​ដីកា​ដោយ​រំពឹង​ពី​អតីតកាល​ថា​៖ «កាល​ពេល​ដែល​អាត្មា​ធ្លាប់​ធ្វើ​ជា​ទាហាន​ បម្រើ​ព្រះ​អង្គ ព្រះ​អង្គតែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ទាំង​អស់​គ្នា ហើយ​ព្រះ​អង្គ​យក​ចិត្ត​ទុក​ដាក់​នឹង​ទាហាន​ទាំង​អស់។ អាត្មា​គោរព​ព្រះ​អង្គ​ខ្លាំង​ណាស់​»។ ​ព្រះ​តេជ​គុណ ធ្លាប់​ធ្វើ​ជា​ទាហាន​ បម្រើ​ព្រះ​បាទ​នរោត្តម សីហនុ នៅ​មុន​ពេល​មាន​រដ្ឋ​ប្រហារ​ធ្វើ ដោយ​ក្រុម លន់ នល់។
ស្ត្រី​ចំណាស់វ័យ ៧៤ ឆ្នាំ ឈ្មោះ អូន វេត បាន​ថ្លែង​ថា ​គ្មាន​អ្វី​អាច​រារាំង​អ្នក​ស្រី​ពី​ការ​មក​គោរព​ព្រះ​អង្គ​ជា​ចុង ​ក្រោយ​បាន​នោះ​ទេ។ អ្នក​ស្រី​បន្ត​៖ «អាត្មា​ឈឺ ប៉ុន្តែ​អាត្មា​ត្រូវ​តែ​ព្យាយាម​មក បើ​ទោះ​បី​ជា​ខ្ញុំ​មាន​អាយុ​ចាស់​ខ្លាំង​ក៏​ដោយ ពីព្រោះ​យើង​គោរព​ និង​ស្រឡាញ់​សេ្តច​របស់​យើង​ខ្លាំង​ណាស់​»។ «ពេញ​មួយ​ជីវិត​របស់​ព្រះ​អង្គ ​ព្រះអង្គ​បាន​បម្រើ​ជាតិ​មាតុ​ភូមិ​ និង​ប្រជាជន​ទាំង​អស់​»។
មន្រ្តី​បាន​ព្យាករ​ថា ប្រជាជន​មក​កាន់​ទុក្ខ​ប្រមាណ​មួយ​លាន​នាក់ នឹង​មក​ចូល​រួម​ពិធី​ដង្ហែ​កាល​ពី​ថ្ងៃ​សុក្រ​ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ មាន​ច្រើន​ជាង​នេះ។ អេក្រង់​ទូរទស្សន៍ ត្រូវ​បាន​ដាក់​បញ្ចាំង នៅ​ជុំវិញ​រាជធានី ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​ចំនួន​ប្រជាជន​ណែន​ខ្លាំង​ពេក ប៉ុន្តែ​ប្រជា​ជន​ដែល​ឈប់​ដំណើរ​​​មើល​តាម​អេក្រង់​នោះ​គឺ​មាន​ចំនួន​មិន​ ច្រើន​ទេ​​។ ​​ប្រជា​ជន ​ដែល​ឈប់​ដំណើរ​ ដើម្បី​​ទស្ស​នា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​ ​បាន​នាំ​គ្នា​និយាយ​​អំពី​សមិទ្ធ​ផល​ដែល​សម្តេច​ឪ​សម្រេច​​បាន និង​ស្នា​ព្រះហស្ដ ក្នុង​ការ​ទាម​ទារ​ឯក​រាជ្យ​ និង​ការ​ផ្សះ​ផ្សា​​ជាតិ។ អ្នក​ស្រី ជែវ​ ជី​សុភី អាយុ​​ ៣៨ ​ឆ្នាំ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​​មាន​អារម្មណ៍​សង្វេគ​ខ្លាំង​ណាស់​ ​ពី​ព្រោះ​យើង​​ធ្លាប់​មាន​​សម្តេច​ឪ... ឥឡូវ​នេះ​ សម្តេច​ឪ​ បាន​ចាក​ចេញ​ពី​យើង​ហើយ​​»។
លោក ញឹម ង៉ូ ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប​មាន​អាយុ​​ ៥៨​ ឆ្នាំ ​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ ​ជា​មួយ​កូន​ស្រី​ បាន​និយាយ​ថា នេះ​ជា​ថ្ងៃ​កាន់​ទុក្ខ មិនមែន​ជា​ថ្ងៃ​ធ្វើ​ការ​ទេ​។ លោក​បន្ត​ថា​៖ «ខ្ញុំ​ចង​ចាំ​កាល​ខ្ញុំ​នៅ​ពី​ក្មេង​ក្នុង​ទសវត្សរ៍​៦០​ក្នុង​អំឡុង​ សម័យ​សម្តេច​ឪ វា​ជា​សម័យ​កាល​ដែល​មាន​ភាព​រីករាយ»។ ​លោក​ង៉ូ​ក៏​ដូច​ជា​អ្នក​ផ្សេង​ទៀត​បាន​សម្តែង​ការ​ខក​ចិត្ត​​ ចំពោះ​គុណភាព​មិន​ល្អ នៃ​ការ​ផ្សាយ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​នោះ ពីព្រោះ​វា​មិន​ច្បាស់។
ផ្លូវ​ផ្សេងៗ នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​មាន​សភាព​ដូច​ធម្មតា ប៉ុន្តែ​ផ្លូវ​សំខាន់ៗ គឺ​មាន​សភាព​ស្ងប់​ស្ងាត់​ ខុស​ពី​ធម្មតា​ ខណៈ​ផ្ទះ​មួយ​ចំនួន​ដែល​ជិត​ផ្លូវ​ត្រូវ​បិទ​ចរាចរណ៍។ តាម​បណ្តោយ​មហា​វិថី​នរោត្តម ​ស្ត្រី​ចំណាស់​ឈ្មោះសុធា អាយុ​ ៧៦ ឆ្នាំ បាន​ដើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ ដើម្បី​មើល​​ក្បួន​ដង្ហែ​​ជា​មួយ​នឹង​​កូន​ស្រី និង​ចៅ​ស្រី។ ស្រ្តី​ចំណាស់​រូប​នេះ ​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ទៅ​ព្រះ​បរម​រាជ​វាំង​​ ដើម្បី​ទៅ​ជិត​ព្រះ​មេរុ​​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ដើរ​ឆ្ងាយ​បាន​ទេ​​។ ​ទៅ​ត្រឹម​វិមាន​ឯក​រាជ្យ​គឺ​​បាន​ហើយ​។ ​ខ្ញុំ​មិន​នៅ​ផ្ទះ​មើល​តាម​ទូរទស្សន៍​ទេ​​។ ការ​មើល​ដោយ​ផ្ទាល់​ភ្នែក​គឺ​​វា​ល្អ​ជាង»។
ខណៈ​ដែល​ក្បួន​ដង្ហែ​ កំពុង​រំកិល​តាម​មហា​វិថី​ព្រះ​សីហនុ លោក សោម ថូរ​ អាយុ​៨០ ​ឆ្នាំ​ ​មក​ពី​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​អង្គុយ​នៅ​កែង​ផ្លូវ​សុធារស​ដោយ​កាន់​កាំបិត​កោរ​នៅ​នឹង​ដៃ ហើយ​បាន​ថ្លែង​ថា​៖ «ខ្ញុំ​នឹង​កោរ​សក់​របស់​ខ្ញុំ​ដោយ​ខ្លួន​ឯង​ ​នៅ​ពេល​ក្បួន​ដង្ហែ​មក​ដល់​ទី​នេះ»។ «អ្នក​នៅ​ជិត​ខ្ញុំ នឹង​ជួយ​កោរ​បង្ហើយ និង​កោរ​ឲ្យ​ស្អាត​»។ អ្នក​នៅ​ជិត​លោក​ថូរ គឺ​ស្រ្តី​ពីរ​នាក់ ដែល​មាន​វ័យ​ខ្ទង់ ៦០​ឆ្នាំ​មក​ពី​ស្រុក​ជា​មួយ​លោក​ថូរ។ លោក​បន្ត​ថា​៖ «​ខ្ញុំ​អង្គុយ​នៅ​ទី​នេះ​ ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ ក៏​មិន​អី​ដែរ ពីព្រោះ​ថា សម្តេច​ឪ បូជា​ច្រើន​ណាស់​សម្រាប់​យើង»។
នៅ​តាម​ ផ្សារ​នានា​ អាជីវករ និង​អ្នក​ទិញ​ បាន​សម្តែង​ការ​គោរព និង​កោត​សសើរ​ចំពោះ​សម្តេច​ឪ ពី​មាត់​មួយ​ទៅ​មាត់​មួយ។ អ្នក​ស្រី ហង្ស បុប្ផា អាយុ​ ៥២​ឆ្នាំ​ អាជីវករ​លក់​គ្រឿង​អលង្ការ នៅ​ផ្សារ​ទួល​ទំពូង ថ្លែង​ថា​៖ «ខ្ញុំ​បាន​ធ្វើ​បូកាន់​ទុក្ខ​ចំនួន​មួយ​ពាន់​បូ ដើម្បី​ចែក​ដោយ​មិន​គិត​ថ្លៃ​។ កាល​ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ទិវង្គត​ពេល​ថ្មី​ៗ​ ខ្ញុំ​បាន​នាំ​យក​បូកាន់​ទុក្ខ ​ទឹក​សុទ្ធ ​ទៀន ​ទៅ​ព្រះ​បរម​រាជ​វាំង ដើម្បី​ចែក​ដោយ​មិន​គិត​ប្រាក់​ដល់​ប្រជាជន ដែល​ទៅ​គោរព​ព្រះ​អង្គ»។ អ្នក​ស្រី​បន្ត​ថា​៖ «​ចុង​សប្តាហ៍​នេះ គឺ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដើម្បី​ធ្វើ​ការ​គោរព​ព្រះ​អង្គ​ជា​ចុង​ក្រោយ ខ្ញុំ​ចង់​នាំ​កូន​ស្រី​ទៅ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដឹង​អំពី​ថា តើ​ព្រះ​បាទ​នរោត្តម​ សីហនុ មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​ប្រទេស​របស់​យើង»។
នៅ​តាម​ផ្សារ ​ អ្នក​​ដើរ​ទិញ​ម្ហូប​ទូទៅ​ពាក់​អាវ​ស និង​ពាក់​បូ​ខ្មៅ​កាន់​ទុក្ខ។ អ្នក​នាង​ សុគន្ធា ស៊ីន បាន​ថ្លែង​ទាំង​ស្រក់​ទឹក​ភ្នែក​ថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​ជា​លើក​ចុង​ក្រោយ​ដែល​យើង​អាច​​គោរព​ព្រះ​អង្គ។ ខ្ញុំ​គិត​ថា យើង​បាត់​បង់​ព្រះ​មហាក្សត្រ​ដ៏​ឆ្នើម»។ ​អ្នក​នាង​បន្ត​ថា​៖ «ឥឡូវ​នេះ ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ។ ខ្ញុំ​សង្ឃឹម​ថា មន្រ្តី​នៅ​ក្នុង​រដ្ឋាភិបាល​នឹង​យក​គំរូ​តាម​ព្រះ​អង្គ ហើយ​យើង​សូម​បន់​ស្រន់​ឲ្យ​ព្រះ​អង្គ​នាំ​សេចក្តី​សុខ វិបុលភាព និង​ការ​អភិវឌ្ឍ​មក​ដល់​ប្រទេស​កម្ពុជា​។ ខ្ញុំ​គិត​ថា ​មនុស្ស​ជំនាន់​ក្រោយ​ នឹង​អាច​រៀន​តាម​ព្រះ​អង្គ​ ដើម្បី​ដឹក​នាំ​កម្ពុជា​ទៅ​រក​ភាព​រុងរឿង​»។
បរិយាកាស​ទូទៅ​ ប្រកប​ដោយ​សេចក្តី​ក្រៀមក្រំ ប្រជាជន​ជាច្រើន មាន​អារម្មណ៍​កាន់​តែ​ក្តុក​ក្តួល​ទៅ​ៗ​ ខណៈ​ការ​កាន់​ទុក្ខ​កំពុង​បន្ត។
ដោយ​ដៃ​ម្ខាង​កាន់​ផ្កា​ឈូក​ជ័រ និង​ដៃ​ម្ខាង​ទៀត​ កាន់​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ឪ អ្នក​ស្រី​ សួន ចាន់​ថុន អាយុ ៦៥ ​ឆ្នាំ​មក​ពី​ខេត្ត​តាកែវ បាន​យំ នៅ​ពេល​ដែល​មញ្ជូសា​សម្តេច​ឪ បាន​ហែ​មក​ដល់​អ្នក​ស្រី។ «សម្តេច​ឪ​របស់​ខ្ញុំ​គឺជា​ស្តេច​ល្អ​។​ យើង​មិន​អាច​រក​ស្តេច​ណា​ល្អ​មក​ប្រៀប​ធៀប នឹង​ព្រះ​អង្គ​បាន​ទេ​។ ​ព្រះ​អង្គ​គឺជា​ក្សត្រ​ឆ្នើម​ដែល​ធ្វើ​ឲ្យ​ប្រទេស​ មាន​សន្តិ​ភាព»។
នៅ​ ជិត​វត្ត​ឧណ្ណាលោម ​អ្នក​ស្រី​ ពិន លាភ អាយុ​៥៥ ​ឆ្នាំ ដែល​មក​ពី​ខេត្ត​កំពង់ស្ពឺ ដោយ​ដាក់​មុង​មក​ជាមួយ​ផង បាន​និយាយ​ទាំង​ស្រក់​ទឹក​ភ្នែក​ថា​៖«ខ្ញុំ​មាន​ការ​បារម្ភ​ណាស់ ពីព្រោះ​ខ្ញុំ​មិន​ដឹង​ថា តើ​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​ប្រទេស​របស់​យើង​ទេ បន្ទាប់​ពី​ព្រះ​អង្គ​សោយ​​ទិវង្គត ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ដួង​ព្រះវិញ្ញាណក្ខន្ធ​របស់​ព្រះ​​អង្គនឹង​បន្ត​ជួយ​ប្រទេស​កម្ពុជា​របស់​​ យើង»៕ TK/PS

No comments:

Post a Comment

I like Blogger