សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 6, 2013

ចំណុច​ពិសេស​ដោយ​ឡែក​របស់​សម្តេច​សីហនុ

Wednesday, 06 February 2013 ឆាយ សុផល From The Phnom Penh Post
130206 02
ព្រះ​ឆាយាល័ក្ខ​ណ៍​សម្តេច​ឪ ដែល​ដាក់​តាំង​នៅ​​តាម​ដង​ផ្លូវ​ក្បែរ​ព្រះ​បរម​រាជ​វាំង ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​។ រូបថត លីណា​

កាល​បើ​រៀបរាប់​ពី​សមិទ្ធផល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ ក្រោម​ព្រះរាជ្យកិច្ច​ដឹក​នាំ​របស់​អតីត​ព្រះ មហាក្សត្រ នរោត្តម សីហនុ នៅ​មុន​ថ្ងៃ​រដ្ឋ​ប្រហារ​១៨ មីនា ឆ្នាំ ១៩៧០ ពិត​ជា​មាន​​មនុស្ស​ជាច្រើន​បាន​ដឹង​ពី​រឿង​នេះ​។ សូម្បី​តែ​ឯកសារ​ ទាំង​សំណេរ​ ទាំង​រូប​ថត និង​ភាពយន្ត​ឯកសារ​នានា​ក៏​បាន​បញ្ជាក់​ពី​ចំណុច​ទាំង​នេះ​ដែរ​។

បើ ទោះ​បី​មនុស្ស​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ថា ជា​អ្នក​សាធារណ​រដ្ឋ​និយម មិន​ចូល​ចិត្ត​ស្តេច ឬ​ក៏​រាជា​និយម​ក៏​ដោយ ក៏​ប្រជារាស្រ្ត​ខ្មែរ​ភាគ​ច្រើន ទាំង​អតីត​កាល និង​បច្ចុប្បន្ន​ ពិត​ជា​គោរព​​ស្រឡាញ់​សម្តេច នរោត្តម សីហនុ ហើយ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ មន្រ្តី ហ៊ុន សែន បាន​ថ្វាយ​ព្រះ​គោរមងារ ដល់​ព្រះ​អង្គ​ថា៖ «ព្រះ​មហា​វីរក្សត្រ ព្រះវរ​រាជ​បិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ​»។ ជា​ការ​ពិត បុគ្គល​ម្នាក់ៗ​ ទាំង​រាស្រ្ត ទាំង​មន្រ្តី និង​ក្សត្រ តែង​តែ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​រៀប​រាប់​ នៅ​ក្នុង​អត្ថបទ​នេះ គឺ​ចំណុច​ពិសេស​ដោយ​ឡែក​មួយ​ចំនួន​ដែល​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ អស្ចារ្យ បើ​ប្រៀប​ធៀប​ទៅ​នឹង​មេ​ដឹក​នាំ​កំពូលៗ​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុង​ជំនាន់​របស់​ព្រះ​អង្គ​។


លោក ស៊ូហារតូ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​(១៩៦៨-១៩៩៨) ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ទាំង​គ្រួសារ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ជា​ជន​ផ្តាច់​ការ​នៅ​ក្នុង​មុខ​តំណែង​របស់​ខ្លួន។ នៅ​ក្នុង​មុខ​តំណែង​រយៈ​ពេល ៣០ ឆ្នាំ គ្រួសារ​របស់​លោក ស៊ូហារតូ បាន​ក្លាយ​ជា​សេដ្ឋី។​ លោក​បាន​ស្លាប់​ក្នុង​វ័យ ៨៦ ឆ្នាំ។ លោក ហ្វែឌីណង់ ម៉ាកូស ប្រធានាធិបតី​ហ្វីលីពីន​(១៩៦៥-១៩៨៦) ត្រូវ បាន​ជន​ជាតិ​ហ្វីលីពីន ចោទ​ប្រកាន់​ថា របប​របស់​លោក បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញ​បន្ទុក មាន​ការ​គាប​សង្កត់​ផ្នែក​នយោបាយ និង​ហិង្សា​រំលោភ​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មុខ​តំណែង​របស់​លោក​ រយៈ​ពេល ២១ ឆ្នាំ។ លោក គីម អ៊ីលស៊ុង ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាង​ជើង​(១៩៤៨-១៩៩៤) ត្រូវ​បាន​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​ទាំង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង  ដោយ​រួម​ទាំង​ប្រជាជន​នៅ​ជុំ​វិញ​ពិភពលោក​ផង​ចោទ​ប្រកាន់​ថា ជា​ជន​ផ្តាច់​ការ ដោយ​កាន់​អំណាច​តាម​បែប​កុម្មុយនីស្ត​ និង​គ្រួសារ​និយម ហើយ​ទុក​ឲ្យ​ប្រជា​ជន​ភាគ​ច្រើន​អត់​ឃ្លាន និង​រស់​នៅ​ក្នុង​សង្គម​ បិទ​ជិត​ដូច​កង្កែប​នៅ​ក្នុង​អណ្តូង។ បន្ទាប់​ពី​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៥០ ឆ្នាំ លោក​បាន​ស្លាប់​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៩៤ ក្នុង​អាយុ ៨២ ឆ្នាំ ហើយ​តំណែង​ប្រធានាធិបតី​បាន​ផ្ទេរ​ឲ្យ​កូន​ប្រុស​របស់​លោក គឺ​លោក គីម ជុងអ៊ីល។ ក្រោយ​ពី​កាន់​តំណែង​អស់​រយៈ​ពេល​១៧​ ឆ្នាំ គីម ជុងអ៊ីល ក៏ទទួល​មរណភាព​ក្នុង​វ័យ​៧០​ឆ្នាំ នា​ខែ​ធ្នូ ឆ្នាំ ២០១១ ហើយ​តំណែង​ជា​ប្រធានាធិបតី​បាន​ផ្ទេរ​ទៅ​កូន​របស់​លោក គឺ​លោក គីម ជុងអ៊ុន ដែល​មាន​អាយុ​ទើប​២៩ ឆ្នាំ។ លោក មួរម៉ា ហ្គាដាហ្វី ប្រធានាធិបតី​ប្រទេស​លីប៊ី (១៩៦៩-២០១១) ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ កាប់​សម្លាប់ ផ្តាច់​ការ និង​គ្រួសារ​បក្ខ​ពួក​និយម​ក្នុង​មុខ​តំណែង​៤២ ឆ្នាំ​ ហើយទី​បំផុត​ ត្រូវ​បាន​គេ​បាញ់ និង​​វាយ​ទាត់​ធាក់​អូស​ដូច​សត្វ​ធាតុ​រហូត​ដល់​ស្លាប់ ខណៈ​ដែល​កូន​ប្រុស​របស់​គាត់​ក៏​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ។ លោក មូបារ៉ាក់ ប្រធានាធិបតី​នៃ​ប្រទេស​អេហ្ស៊ីប​(១៩៨១-២០១១) ត្រូវ​បាន​គេ​ចាប់​មក​កាត់​ទោស​ជាមួយ​នឹង​កូន​​ប្រុស ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​មុខ​តំណែង​រយៈ​ ពេល​៣០ ឆ្នាំ ។

លោក សាដាម ហ៊ូសេន ប្រធានាធិបតី​ប្រទេស អ៊ីរ៉ាក់ (១៩៧៩-២០០៣) ​ត្រូវ​បាន​គេ​ចាប់​យក​មក​កាត់​ទោស និង​ព្យួរក ដោយ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​ពុករលួយ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​កាន់​អំណាច​រយៈពេល​២៤ ឆ្នាំ ហើយ​កូន​ប្រុស​ត្រូវ​បាន​គេ​សម្លាប់​ខណៈ​ដែល​សាច់​ញាតិ​មួយ​ចំនួន​ទៀត​ក៏​ ត្រូវ​បាន​ជាប់​ឃុំ​ដែរ។

លោក ស្លូបូដាន មីឡូសូវីក ប្រធានាធិបតី​ប្រទេស​យូហ្គោស្លាវី  ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​ដាក់​ពន្ធនាគារ ពី​បទ​ប្រល័យ​ជាតិ​សាសន៍ ផ្តាច់​ការ និង​ពុករលួយ។​ លោក​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឆ្នាំ​២០០៦​ក្នុង​វ័យ ៦៥ ឆ្នាំ។

មេ ដឹក​នាំ​ទាំង​នោះ​បាន​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​ នៅ​ក្នុង​ជំនាន់​ប្រហាក់​ប្រហែល​នឹង​សម្តេច​ព្រះនរោត្តម សីហនុ ដែរ ប៉ុន្តែ​វាសនា​និង​កិត្តិនាម​របស់​ពួក​គេ​ មិន​ដូច​អតីត​អង្គក្សត្រ​ខ្មែរ​មួយ​អង្គ​នេះ​ឡើយ។ សម្តេច នរោត្តម សីហនុ ពិត​ជា​មេ​ដឹក​នាំ​មួយ​ដ៏​កម្រ​នៅ​ក្នុង​ពិភពលោក ព្រោះ​ថា ​ព្រះ​អង្គ​ត្រូវ​បាន​ពួក​សាធារណរដ្ឋ បណ្តេញ​ចេញ​ពី​តំណែង​ ព្រះ​ប្រមុខ​រដ្ឋ​នៃ​របប​សង្គម​រាស្រ្ត​និយម នាថ្ងៃ​ទី ១៨ មីនា ឆ្នាំ ១៩៧០ ទៅ​ហើយ បែរ​ជា​អាច​វិល​ត្រឡប់​មក​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ជា​លើក​ទីពីរ​របស់​កម្ពុជា​ ប្រជា​ធិប​តេយ្យ​ខ្មែរ​ក្រហម​នា​ចុង​ខែ​ធ្នូ ឆ្នាំ១៩៧៥។ ក្រោយ​ពី​លា​ឈប់​ពី​ប្រមុខ​រដ្ឋ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ខែ​ មេសា​ឆ្នាំ​១៩៧៦ ហើយ​ត្រូវ​បាន​ ប៉ុល ពត ចាប់​ឃុំ​ព្រះកាយ​ នៅ​ក្នុង​វាំង ជា​មួយ​មហេសី​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​មាន​ឱកាស​ជា​ថ្មី​ បាន​មក​គ្រង​រាជ្យ​បល្ល័ង្ក​ជា​លើក​ទីពីរ​នា​ឆ្នាំ​១៩៩៣ នៅ​ក្នុង​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​រហូត​ដល់​ឆ្នាំ ២០០៤។ នេះ​ជា​ចំណុច​អស្ចារ្យ ដែល​គ្មាន​មេ​ដឹក​នាំ​ក្នុង​ពិភព​លោក​ណា​ម្នាក់ បាន​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ពីរ​បី​លើក​បែប​នេះ​ឡើយ​។

នៅ​ក្នុង​រាជ​កិច្ច ដឹក​នាំ​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ព្រះ​មហាក្សត្រ​នា​សម័យ​សង្គម​រាស្រ្ត​និយម សម្តេច នរោត្តម សីហនុ ត្រូវ​បាន​គេ​សង្កេត​ឃើញ​នូវ​ចំណុច​ពិសេស​មួយ​ចំនួន ​ក្រៅ​ពី​ការ​អភិវឌ្ឍ​ជាតិ​ឲ្យ​បាន​សម្បូរ​រុង​រឿង​នោះ។ ចំណុច​ពិសេស​ទីមួយ គឺ​ព្រះ​អង្គ​ គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ ដោយ​មិន​ឱន​សិរសា នៅ​ចំពោះ​មុខ​ជន​បរទេស ទាំង​បារំាង អាមេរិក និង​ប្រទេស​ជិត​ខាង​។ ចំណុច​ទីពីរ នៅ​ក្នុង​សម័យ​កាល​ដូច​គ្នា ​ព្រះអង្គ​ ក្នុង​នាម​ជា​ព្រះ​ប្រមុខ​រដ្ឋ​ អាណា​ចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ជាតិ​លេច​ធ្លោ​លើ​គ្រប់​វិស័យ​នៅ​ក្នុង​តំបន់​អាស៊ី និង​នៅ​ក្នុង​ពិភពលោក។ ​ចំណុច​ទីបី ព្រះ​អង្គ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​សង្គម​របស់​ព្រះ​អង្គ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សង្គម​ស្អាត​ស្អំ ព្រោះ​ថា មន្រ្តី រាជ​ការ គ្រូ​បង្រៀន នគរបាល នាយ​ទាហាន ពល​ទាហាន និង​កម្មករ​ បាន​ទទួល​ប្រាក់​ខែ​សមរម្យ​ល្មម​រស់ ខណៈ​ដែល​កសិករ​មាន​លទ្ធភាព​ក្នុង​ការ​បង្ក​បង្កើន​ផល​បាន​គ្រប់គ្រាន់ និង​​រស់​នៅ​ដោយ​សុខ​ដុមរមនា។ រហូត​ដល់​សោយ​ទិវង្គត ព្រះ​អង្គ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្មាន​ទ្រព្រ​សម្បត្តិ​ផ្ទាល់​ព្រះ​កាយ​រាប់​លាន​ដុល្លារ​ឡើយ​។ ចំណុច​ទីបួន ដើម្បី​ស្វែង​យល់​និង​បាន​ដឹង​ពី​សុខ​ទុក្ខ​ពិត​ប្រាកដ​របស់​រាស្រ្ត សម្តេច សីហនុ តែង​តែ​រៀបចំ​សវនាការ និង​អង្គ​សមាជ​ជាតិ​ជា​ប្រចាំ​ជាមួយ​ប្រជានុរាស្រ្ត​គ្រប់​ស្រទាប់​ វណ្ណៈ។ នៅ​ក្នុង​ឱកាស​សវនាការ និង​សមាជជាតិ​ទាំង​នោះ ពលរដ្ឋ​អាច​បញ្ចេញ​ទស្សនៈ និង​សាក​សួរ ពី​ការ​ដឹក​នាំ​ជាតិ​របស់​រាជ​រដ្ឋាភិបាល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​អង្គ​បាន​ដឹង​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ របស់​រាជ​រដ្ឋាភិបាល។ ទំាង​អស់​នេះ​គឺ​ពិត​ជា​ចំណុច​ខ្លាំង​ ដែល​អត់​សរសើរ​មិន​បាន។ ព្រះ​អង្គ​ត្រូវ​បាន​ជាតិ​ទាំង​មូល​ចាត់​ទុក​ជា«ព្រះ​មហា​វីរក្សត្រ ព្រះវរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ដឹក​ដី និង​ឯក​ភាព​ជាតិ​ខ្មែរ​» ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​របស់​ជាតិ ខណៈ​ដែល​សមាជិក​រាជ​វង្សានុវង្ស​កំពុង​រស់​នៅ​ដោយ​សុខសាន្ត​នៅ​ក្នុង​ ប្រទេស។ ឥឡូវ​ព្រះអង្គ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង​ទាំងអស់​គ្នា​ហើយ គឺ​ឃ្លាត​ឆ្ងាយ​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​បាន​ជួប​ព្រះ​ភក្រ្ត ជា​ថ្មី​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏ព្រះ​រាជ​កិត្តិនាម និង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​នៅ​តែ​គង់​វង្ស​ជា​អមតៈ។ ក្នុង​នាម​ប្រជា​រាស្រ្ត​ខ្មែរ កូន​ចៅ និង​ចៅ​ទួត សូម​លើក​ហត្ថា​ទាំង​ទ្វេ​ប្រណម្យ​បួងសួង ដល់​ព្រះ​រតន​ត្រ័យ​​ ជួយ​យាង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ​ទៅ​សោយ​សុខ​ក្នុង​ព្រះ​បរម​សុគតិ​ភព ហើយ​សូម​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​អង្គ​ងាក​ក្រោយ​ប្រទានពរ​ដល់​អតីត​នគរ និង​ប្រជារាស្រ្ត​របស់​ព្រះអង្គ​បាន​ទទួល​សេចក្តី​សុខ​ក្សេមក្សាន្ត​ដូច ​សម័យ​សង្គម​រាស្រ្ត​និយម ក្រោម​ការ​ធ្វើ​​បច្ចុប្បន្ន​ភាព​បន្ត​របស់​រាជ​រដ្ឋាភិបាល បច្ចុប្បន្ន​ ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន៕

ដោយ ឆាយ សុផល ជាមន្រ្តី​បណ្តុះ​បណ្តាល​របស់​ក្លិប​អ្នក​កាសែត​កម្ពុជា

No comments:

Post a Comment

I like Blogger