សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, February 8, 2013

សំណង់​មហា​បញ្ចា​នឹង​ត្រូវ​រក្សា​ទុក​បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព


130208 01សម្ដេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ និង​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​ នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរមអដ្ឋិចូលព្រះ​បរម​រាជវាំង​ កាល​ពីថ្ងៃ​ម្សិលមិញ។ រូបថត ស្រេង​ ម៉េង​ស៊្រុន



Friday, 08 February 2013 ម៉ៃ ទិត្យថារ៉ា From The Phnom Penh Post
ភ្នំពេញៈ សំណង់​មហា​បញ្ចា នៅ​វាល​ព្រះ​មេរុ នឹង​ត្រូវ​រក្សា​ទុក​ បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរមសព​ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​បាទ​នរោត្តម សីហនុ ត្រូវ​បាន​បញ្ចប់ ហើយ​ព្រះបរម​អដ្ឋិ​របស់​ព្រះ​អង្គ ត្រូវ​បាន​ដង្ហែ​ចេញ​ពី​វាល​ព្រះ​មេរុ យក​ទៅ​តម្កល់​ក្នុង​ព្រះ​បរម​រាជវាំង កាល​ពី​ព្រឹក​ម្សិលមិញ។

លោក ញឹក ប៊ុនឆៃ អនុគណៈកម្មាធិការ​បុណ្យ​ព្រះ​បរមសព បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា គណៈកម្មាធិការ​បុណ្យ​ព្រះ​បរមសព បាន​ជជែក​គ្នា​ នា​ពេល​កន្លង​មក​ ហើយ​បាន​យល់​ស្រប​គ្នា​ថា នឹង​ពុំ​រុះ​រើ​ សំណង់​មហា​បញ្ចា នៅ​វាល​ព្រះ​មេរុ​ទេ​ បើ​ទោះ​បី​ជា​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​ ត្រូវ​បាន​បញ្ចប់​ក៏​ដោយ​។ ប៉ុន្តែ លោក​បាន​ថ្លែង​ថា​៖​​«​យើង​ពុំ​ទាន់​ដឹង​ច្បាស់​ថា ​នឹង​ត្រូវ​រក្សា​ទុក​យូរ​ប៉ុន​ណា​នោះ​ទេ​ ចាំ​មើល​ប្រជុំ​គ្នា​ពីរ-បី​ថ្ងៃ​ទៀត​ ពី​ព្រោះ​មាន​សំណង់​ខ្លះ​ មិន​អាច​ទុក​យូរ​បាន​ទេ»។​

យ៉ាង​ណា​ក្តី ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ ព្រះ​មហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​ របស់​ព្រះ​មហាវីរក្សត្រ​បាន​មាន​បន្ទូល​ថា ជា​ធម្មតា​គ្រប់​ព្រះ​មហាក្សត្រ​ទាំង​អស់​ពី​បុរាណ​បាន​ធ្វើ​ពិធីបុណ្យ​ ព្រះសព ​នៅ​វាល​ព្រះមេរុ ហើយ​បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ចប់​ហើយ តាម​ប្រពៃណី​ គឺ​សំណង់​មហា​បញ្ចា​ត្រូវ​រុះ​រើ​ទាំង​អស់។ ព្រះ​អង្គម្ចាស់ មាន​បន្ទូល​ថា៖​«​បើ​ជា​ការ​គោរព​ប្រពៃ​ណី​ ពី​អតី​ត​ និង​គោរព​សម្តេច​ឪ គឺ​ត្រូវ​រុះរើ​​ចេញ​ តែ​រឿង​នេះ វា​ទាក់​ទិន​ទៅ​នឹង​រដ្ឋាភិបាល​ជា​អ្នក​សម្រេច»។​

ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី ៣១ ខែ​តុលា ឆ្នាំ ១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ទ្រង់​សោយ​ទិវង្គត នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែ​តុលា ឆ្នាំ ២០១២ វេលា​ម៉ោង​១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ជរាពាធ។

នៅ ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​មហាក្សត្រ​ព្រះ​បាទ​ នរោត្តម សីហមុនី និង​សម្តេច​ព្រះ​​មហាក្សត្រិយ៍ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ សព្វ​ព្រះ​រាជហឫទ័យ ប្រោស​ព្រះ​រាជ​ទាន ដោះលែង​អ្នក​ទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​៤៩៦ នាក់ ក្នុង​នោះ អ្នក​ទោស​៤១២ នាក់ ត្រូវ​លើក​លែង​ទោស និង​អ្នក​ទោស​៨៤ នាក់ ត្រូវ​បន្ធូរ​បន្ថយ​ទោស​។

ចាប់​ពី ថ្ងៃ​ទី១ ខែ​កុម្ភៈ ក្នុង​ព្រះ​រាជ​ពិធី ដង្ហែ​ព្រះ​បរមសព ចេញ​ពី​ព្រះ​បរមរាជវាំង រហូត​ដល់​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ចេញ​ពី​វាល​ព្រះ​មេរុ​ទៅ​តម្កល់​ក្នុង​ព្រះ​បរម​រាជវាំង​កាល​ពី​ម្សិល​មិញ យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ប្រមាណ​ជិត ២​ម៉ឺន​នាក់​ បាន​រក​ជំនួយ​ផ្នែក​សុខភាព​ពី​សេវា​សុខាភិបាល ដែល​ដាក់​ប៉ុស្តិ៍​ប្រចាំ​ការ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នេះ​។

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ទី ៣១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរមសព មាន​ពលរដ្ឋ​ចំនួន​១៩១១៧ នាក់ ដែល​មាន​អាការ ដូច​ជា វិលមុខ ឈឺក្បាល ឈឺ​ពោះ​ ជាដើម បាន​មក​រក​ជំនួយ​ពី​មន្ត្រី​សុខាភិបាល។ លោក​ថ្លែង​ថា៖ «​ពុំ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ​ គឺ​អាច​សង្គ្រោះ​នៅ​កន្លែង​បាន​»។​ ក្នុង​ព្រះ​រាជ​ពិធី​នោះ​កន្លែង​សង្គ្រោះ​បន្ទាន់​ មាន​ចំនួន​ ២៨ គោលដៅ រីឯ​រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​ចំនួន​៣៧ រថយន្ត​។ លោក​ថ្លែង​ថា​៖«​មាន​តែ​ពលរដ្ឋ​៥ នាក់ ប៉ុណ្ណោះ​ ដែល​បាន​ដួល​សន្លប់​ហើយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ពេល​នេះ​ពួក​គាត់​ បាន​ជា​សះ​ស្បើយ​អស់​ហើយ»។​

កាល​ពី​ព្រឹក​ម្សិលមិញ ផ្លូវ​នៅ​ជុំវិញ​ព្រះបរម​រាជ​វាំង​ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា ​ធម្មតា​វិញ បន្ទាប់​ពី​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរម​អដ្ឋិ ចេញ​ពី​វាល​ព្រះមេរុ ទៅ​តម្កល់​ក្នុង​ព្រះ​បរម​រាជវាំង បាន​ចប់សព្វ​គ្រប់ នៅ​វេលា​ម៉ោង​៩ និង​៤០​នាទី។

ព្រះ​បរម​អដ្ឋិ របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​ដាក់​នៅ​ក្នុង​កោដ្ឋ​ចំនួន​៣ កោដ្ឋ​ចំនួន ២ ធ្វើ​អំពី​មាស និង​កោដ្ឋ​មួយ​ទៀត ​ធ្វើ​ពី​ថ្ម​កែវ ដែល​ព្រះ​មហា​ក្សត្រ យាង​ទៅ​តម្កល់​ ក្នុង​ព្រះ​បរម​រាជ​វាំង ក្នុង​ព្រះ​ទី​នាំង​មហា​មន្ទីរ ក្នុង​​វិហារ​​ព្រះ​កែវ​មរកត​។ នេះ​គឺជា​កិច្ច​បញ្ចប់​ព្រះ​រាជ​កិច្ច​នៃ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព សម្តេច​ឪ រយៈ​ពេល ៧ថ្ងៃ ចាប់ពី​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព ចេញ​ពី​ព្រះ​បរម​រាជវាំង​កាល​ពី​ថ្ងៃ​ទី​១ ​កុម្ភៈ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព កាលពី​ថ្ងៃ​ទី​ ៤ ​កុម្ភៈ។ ជា​មួយ​គ្នា​នេះ រូប​សំណាក​សម្តេច​ឪ ក៏​អាច​នឹង​ត្រូវ​សាង​សង់​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ទី ​៦ ខែ​កុម្ភៈ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ បន្ទាប់​​ពី​បញ្ចប់​ពិធី​សម្ពោធ​​ស្តូប​ សម្រាប់​គោរព​វិញ្ញាណ​ក្ខន្ធ​​ អ្នក​កាសែត​​ដែល​បាន​ស្លាប់​ និងបាត់​​ខ្លួន​ នៅ​​ក្នុង​សម័យ​​សង្គ្រាម​​ពីឆ្នាំ​១៩៧០ ដល់​ឆ្នាំ​​១៩៧៥ លោក​ខៀវ ​កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន ​បាន​ឲ្យ​ដឹង​ថា រូប​សំណាក​​សម្តេច​ឪ នឹង​សាង​សង់​នៅ​ក្បែរ​វិមាន​​ឯក​រាជ្យ ព្រោះ​​ជា​កន្លែង​ដែល​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នានា​អញ្ជើញ​មក​ដល់ ​ងាយ​ស្រួល​បំពាក់​កម្រង​ផ្កា។ ​លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា៖ «​ការ​សាងសង់​រូប​សំណាក ​របស់​ព្រះ​​មហាវីរក្សត្រ​នរោត្តម​ សីហនុ រង់ចាំ​តែ​ការ​សព្វ​ព្រះ​រាជ​ហឫទ័យ ពី​ព្រះ​ករុណា ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហមុនី និង​ព្រះ​វររាជ​មាតា​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​លើ​រូប​របស់​សម្តេច​ឪ​ ប្រភេទ​ណា​ប៉ុណ្ណោះ បន្ទាប់​មក​យើង​នឹង​ចាប់​ផ្តើម​​សាង​សង់​ភ្លាម»៕

No comments:

Post a Comment

I like Blogger