សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, February 8, 2013

ជូង ជូងី៖ រាស្ត្រ​ធ្វើ​ខុស​តុលាការ​ដាក់​ទោស បើ​មន្ត្រី​តុលាការ​ធ្វើ​ខុស​វិញ​ម៉េច​បាន​គ្មាន​យន្ត​ការ​ដាក់​ទោស


130208 08

លោកមេ​ធាវី ជូង ជូងី ពេលផ្ដល់បទសម្ភាស​ដល់កាសែតភ្នំពេញ​ ប៉ុស្ដិ៍។ រូប សារុំ​

Friday, 08 February 2013 គឹម​ សា​រុំ​ From The Phnom Penh Post
លោក មេធាវី ជូង ជូងី កើត​នៅ​ឆ្នាំ​១៩៦៩​ ជា​កូន​អ្នក​ចម្ការ រស់​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​។ លោក​ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​៩​នាក់​។ ​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​រូបវិទ្យា​ឆ្នាំ​១៩៩១-១៩៩៥ ​និង​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​ឆ្នាំ​១៩៩៩ ហើយ​លោក​បាន​ក្លាយ​ជា​មេធាវី​នៅ​ឆ្នាំ​២០០៣ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សិក្សា​សាលា​មេធាវី​រយៈ​ពេល​១​ឆ្នាំ។ បច្ចុប្បន្ន​លោក​ជា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​កម្ពុជា​។​

ក្នុង អាជីព​ជា​មេធាវី​ លោក ជូង ជូងី ភាគ​ច្រើន​ការ​ពារ​រឿង​ក្តី ឲ្យ​អ្នក​ក្រីក្រ ដែល​តំណាង​ឲ្យ​កូន​ក្តី​ចាប់​ពី​ជាង​៩០​គ្រួសារ រហូត​ ដល់​ជាង​៤​ពាន់​គ្រួសារ​។ ដូច​ជា​ទំនាស់​ដី​ធ្លី​នៅ​បឹងកក់ ការពារ​ក្តី​ឲ្យ​អ្នក​តំណាង​រាស្រ្ត និង​សកម្មជន​នយោបាយ​មក​ពី​គណ​បក្ស​សមរង្ស៊ី​ ពិសេស​ការ​ពារ​ក្តី​ឲ្យ​លោក​សមរង្ស៊ី​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​រឿង​ដក ​បង្គោល​ព្រំដែន​នៅ​ស្វាយ​រៀង​ បទចោទ​ក្លែង​បន្លំ​ឯកសារ ​និង​ផ្តល់​ព័ត៌មាន​មិន​ពិត​ ពាក់​ព័ន្ធ​នឹង​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ ហោ ណាំហុង។

ខាង ក្រោម​នេះ​ជា​បទ​សម្ភាស ផ្ទាល់​ជាមួយ​លោក ជូង ជូងី ជុំ​វិញ​បទពិសោធ​ក្នុង​អាជីព​ជា​មេធាវី ដែល​លោក​បាន​ឆ្លង​កាត់​ជាច្រើន​ឆ្នាំ​កន្លង​មក ៖

រាល់​រឿង​ក្តី​ដែល​លោក​បាន​ការពារ​សុទ្ធ​តែ​ជា​បញ្ហា​ប្រឈម​នឹង​សុវត្ថិភាព តើ​នេះ​ជា​ចំណូល​ចិត្ត​របស់​លោកឬ?

រឿង ​នេះ​បើ​និយាយ​ពី​ចំណូល​ចិត្ត​គឺ​គ្មាន​ទេ ​តែ​វា​ជា​មន​សិការ​ ជា​ឆន្ទៈ​របស់​ខ្ញុំ​ ព្រោះ​រឿង​ក្តី​ដែល​ខ្ញុំ​កាន់​ សុទ្ធ​តែ​ប្រឈម​នឹង​អ្នក​កាន់​អំណាច ​តែ​ខ្ញុំ​យល់​ថា ​គួរ​តែ​ជួយ​ការ​ពារ​ឲ្យ​កូន​ក្តី​។​ខ្ញុំ​យល់​ថា តួនាទី​ជា​មេធាវី​សំខាន់​ គឺ​ជួយ​ការពារ​ខាង​ផ្លូវ​ច្បាប់​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌​ និង​មាន​លំនឹង​នៅ​ក្នុង​សង្គម​របស់​យើង​។


ស្តាប់​ទៅ​លោក​ការ​ពារ​រឿង​ក្តី​ខ្លះ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ តើ​លោក​ធ្លាប់​រង​ការ​គំរាម​កំហែង ឬ​ជួប​បញ្ហា​អ្វីខ្លះ​ដែរ​ទេ?

រឿង ក្តី​ដែល​ប្រឈម​ទាំង​ឡាយ ​ដែល​ខ្ញុំ​ការ​ពារ​កន្លង​មក ​ដូច​ជា​មិន​ទាន់​មាន​ការ​គំរាម​អី​ធំ​ដុំ​ទេ ​តែ​ខ្ញុំ​ក៏បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែរ ​ដូច​ជា រឿង​អ្នក​បឹងកក់ ជា​រឿងក្តី​ដីធ្លី​ដ៏​ធំ ប្រជាពល​រដ្ឋ​ច្រើន​ ហើយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​ ម្ចាស់​ជាអ្នក​មាន​អំណាច​ធំ​ តែ​ខ្ញុំ​ក៏ ប្រយ័ត្ន​ប្រយែង​ខ្លួន​ឯង​ផង ​និង​សម្រាប់​កូន​ក្តី​ផង ​ខ្ញុំ​ក៏​រងការ​គំរាម​និង​ត្រូវ​គេ​ប្តឹង​បក​វិញ​ដែរ។ តែ​ទោះយ៉ាង​ណា​ខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​ ព្រោះ​ខ្ញុំ​បាន​ការ​ពារ​ជន​ក្រីក្រ​ដែល​ប៉ះ​ពាល់​ផល​ប្រយោជន៍​ពួក​គាត់​ ច្រើន​ ហើយ​បើ​ខ្ញុំ​មិន​ហ៊ាន​ប្រឈម​ទេ​ ក៏​មិន​ដឹង​ធ្វើ​ជា​មេធាវី​ធ្វើ​អី​ដែរ​។ ​ម្យ៉ាង​វិញ​ទៀត បើ​និយាយ​ពី​យុត្តិធ៌ម​នៅ​ស្រុក​ខ្មែរ​វិញ ​តុលាការ​គ្មាន​យន្ត​ការ​ក្នុង​ការ​សម្រេច​ទេ ហើយ​អត់​បាន​ធានា​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដែរ នៅ​ពេល​ដែល​ចៅក្រម​ចាត់​ការ​លើ​រឿង​ក្តី ឬ​សម្រេច​ក្តី​ណា​មួយ​នោះ។

ចៅ ក្រម​ឬ​ព្រះរាជ​អាជ្ញា​ម្នាក់ៗ ​គាត់​មាន​ឆន្ទានុសិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​ក្តី​ តែ​ជា​ញឹកញយ​បើ​ទោះជា​គាត់​សម្រេច​ក្តី​ខុស​ ក៏​គាត់​អត់​មាន​បញ្ហា​អី​ដែរ។ ​មាន​ន័យ​ថា ​ទោះ​ជា​គាត់​សម្រេច​បំពាន​ ពី​ខ្មៅ​ទៅ​ជា​ស ​ក៏​គាត់​នៅ​តែ​អត់​អី​ដែរ​។​ អ៊ី​ចឹង​រឿង​ក្តី​ដែល​ខ្ញុំ​កាន់​ភាគ​ច្រើន​គឺ​អយុត្តិធ៌ម និង​មាន​តិចតួច​​ណាស់​ដែល​កូន​ក្តី​ខ្ញុំ​ទទួល​បាន​យុត្តិធម៌។

តើ​លោក​មាន​ការ​រង្គៀស​ចិត្ត​ខ្លះ​ទេ​ នៅ​ពេល​រឿង​ក្តី​មួយ​ ដែល​លោក​រំពឹង​ថា​ឈ្នះ​ប៉ុន្តែ​បែរ​ជា​​ត្រូវ​ចាញ់​ទៅ​វិញ​នោះ?​

ខ្ញុំ មាន​ការ​រង្គៀស​ចិត្ត​ដែរ តែ​បើ​ខ្ញុំ​រាថយ​វា​ធ្វើ​ឲ្យ​បាត់​គុណភាព​ជា​មេ​ធាវី​ ហើយ​ខ្ញុំ​នៅ​តែ​រីក​រាយ ​ពី​ព្រោះ​ថា អយុត្តិធម៌​កើត​ឡើង​ក្នុង​រឿង​ក្តី​ដែល​ខ្ញុំ​កាន់​នោះ ​គឺជា​អយុត្តិធម៌​ដែល​កើត​ឡើង​ដោយ​សារ​មន្រ្តី​តុលាការ​អត់​ចាត់​ការ​រឿង​ ក្តី​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ រាល់​ការ​ការ​ពារ​រឿង​ក្តី​មួយ​ៗ កូន​ក្តី​ខ្ញុំ​ចាញ់​មែន​តែ​ការ​ចាញ់​នេះ​មិន​មែន​ខ្ញុំ​ធ្វេស​ប្រហែស​ទេ​ គឺ​ខ្ញុំ​បាន​ប្រឹង​អស់​កម្លាំង​បញ្ញា ដើម្បី​ការ​ពារ​ប្រយោជន៍​ជូន​កូន​ក្តី​ខ្ញុំ។​

តើ​លោក​គិត​យ៉ាង​ណាដែរ​ទៅ ពេល​ដែល​លោក​គិត​ថា វា​អយុត្តិធម៌​សម្រាប់​លោក ​និង​កូន​ក្តី​បែប​នេះ​នោះ ?

ជួន កាល​ខ្ញុំ​នឹក​តូច​ចិត្ត​ដែរ ​ដោយ​សារ​តែ​យើង​ខំ​ប្រឹង​អស់​ពី​លទ្ធភាព ​តែ​វា​ទទួល​បាន​ផល​ផ្ទុយ​ទៅ​វិញ ទាំង​ខ្ញុំ​និង​កូន​ក្តី​ខ្ញុំ​យល់​ថា​ឈ្នះ​លើ​ផ្លូវ​ច្បាប់​ តែ​បែរ​ជា​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ចាញ់​វិញ​ ពេល​នោះ​យើង​តូច​ចិត្ត​ហើយ​ត្រូវ​តែ​បង្ខំ​ចិត្ត​ទទួល​យក​ ព្រោះ​វា​ទៅ​ជា​បែប​នេះ​ហើយ​ វាមិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ​ មាន​តែ​ខំ​ព្យាយាម​តតាំង​ទៀត​។ ​តែ​ខ្ញុំ​ក៏​ត្រេក​អរ ដល់​រដ្ឋាភិបាល​ដែរ ​ដែល​បាន​ចាត់​ការ​លោក តុប ច័ន្ទសិរីវុធ អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់ និង​ចៅក្រម​ឈ្មោះ ហ៊ួត ហ៊ាង ​នៅ​ខេត្ត​កណ្តាល ​និង​នៅ​មាន​ចៅក្រម​ ព្រះរាជ​អាជ្ញា​ ជា​ច្រើន​​ទៀត​ដែល​ធ្វើ​ផ្តេសផ្តាស ហើយ​មិន​ទាន់​ត្រូវ​បាន​ចាត់​ការ។

អ្វី ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​ ត្រង់​ថា ​ប្រជារាស្រ្ត​នៅ​ពេល​ដែល​គាត់​ធ្វើ​ខុស គឺ​មាន​ចៅ​ក្រម​មាន​ព្រះរាជអាជ្ញា ជា​អ្នក​ផ្តន្ទាទោស​ តែ​ពេល​មន្រ្តី​តុលាការ​ធ្វើ​ខុស​វិញ ​មិន​ទាន់​ឃើញ​មាន​យន្តការ​ណា​មួយ​ធានា​ពី​ការ​ដាក់​ទោសទណ្ឌ អ្នក​ទាំង​នេះ​វិញ​ទេ​។ យើង​មាន​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ មាន​ក្រសួង​យុត្តិធម៌​មែន ​ហើយ​ខ្ញុំ​ធ្លាប់​ប្តឹង​មេធាវី​ជា​ច្រើន​ណាស់ តែ​មក​ដល់​ពេល​នេះ​មិន​ឃើញ​មាន​ចំណាត់​ការ​ទេ​។

តើ​លោក​យល់​ថា​ ចៅ​ក្រម​ឬ​ព្រះ​រាជអាជ្ញា​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​កាត់​ក្តី​ទេ?

ខ្ញុំ​មើល​ឃើញ​ថា​ចៅ​ក្រម​ឬ​ព្រះរាជ​អាជ្ញា​នៅ​កម្ពុជា​មួយ​ចំនួន អត់​ទាន់​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​បំពេញ​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ វិជ្ជាជីវៈ​គ្រប់គ្រាន់ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ទេ​ គឺ​គាត់​ភ័យ​ខ្លាច​នឹង​រង​ឥទ្ធិពល​របស់​អ្នក​កាន់​អំណាច​និង​ពី​អ្នក​មាន​ ទឹក​លុយ ព្រោះ​គាត់​នៅ​ខ្លាច​បាត់​បង់​តួនាទី។

សម្រាប់​មន្ត្រី​ តុលាការ​ឬ​មេធាវី ដែល​កាន់​ក្តី​ពី​ខ្មៅ​ទៅ​ជាស ពី​ត្រូវ​ទៅ​ជា​ខុស ជា​ទស្សនៈ​ផ្ទាល់​របស់ លោក តើ​គួរ​ធ្វើ​យ៉ាង​ណា​?

តាម​ខ្ញុំ​ពួក​គាត់​ អត់​ហ៊ាន​ប្រឈម​ទេ ជា​ច្បាប់​ធម្មជាតិ​អ្នក​តូច​តែង​តែ​ខ្លាច​អ្នក​ធំ​មាន​អំណាច​ឬ​អ្នក​មាន លុយ​កាក់​ទ្រព្យ​ធន តែ​យើង​ម្នាក់​ៗ​ ក៏​គួរ​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​។ បញ្ហាទី១ ចៅក្រម​ឬ​ព្រះ​រាជ​អាជ្ញា​ត្រូវ​ប្រកាន់​នូវ​សីលធម៌​របស់​ខ្លួន ទី២​ ត្រូវ​ឈប់​យក​តួនាទី​វិជ្ជាជីវៈ​ទៅ​ធ្វើ​អាជីវកម្ម និង ទី៣ ទាំង​អស់​គ្នា​ត្រូវ​មាន​មន​សិការ និង​មាន​ឆន្ទៈ​ខ្ពស់​​ស្រ​ឡាញ់​​យុត្តិ​ធម៌៕

No comments:

Post a Comment

I like Blogger