សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 6, 2013

ថ្វី​បើ​អ្នក​មក​គោរព​ព្រះ​បរម​រតន​កោដ្ឋ​ថយ​ចុះ តែ​ដង​វិថី​ខ្លះ​នៅ​តែ​បិទ ​សន្តិសុខ​នៅ​តែ​បន្តឹង​ដដែល​នៅ​ថ្ងៃ​ទី៥​កុម្ភៈ

Wednesday, 06 February 2013 ម៉ៃ ទិត្យថារ៉ា From The Phnom Penh Post

ក្បួន​ដង្ហែ​ព្រះ​អង្គារ ព្រះ​បរម​រតន​កោដ្ឋ តាម​ព្រះ​ទីន័ង​សាឡង់​ដែល​រចនា​ជារូប​នាគ ទៅ​បំប្លេងក្នុង​ទន្លេ​ចតុ​មុខ​​​។ រូបថត ហេង​ ជី​វ័ន
ភ្នំពេញៈ ដង​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​នៅ​តែ​បន្តបិទ​ មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​ថ្វាយ​បង្គំ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមរតន​កោដ្ឋ​ ព្រះ​មហា​វីរក្សត្រ​ ព្រះបាទ នរោត្តម សីហនុ ដដែល ក្នុង​ថ្ងៃ​ទី៥ ខណៈ​ព្រះ​ញាតិ​វង្សានុវង្ស មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​បន្ត​ជួប​ជុំ​គ្នា​នៅ​ទីលាន ព្រះបរម​មេរុ ដើម្បី​ប្រារព្ធ​ពិធី​រើស​ព្រះ​បរមអដ្ឋិ​ព្រះ​អង្គ និង​នាំ​យក​ព្រះ​អង្គារ​ទៅ​បំប្លេង ក្នុង​ទន្លេ​ចតុមុខ។
តាម​កម្មវិធី​របស់​គណៈ​កម្មាធិការ​បុណ្យ​ព្រះ​បរមសព ព្រះ​បរម​រតនកោដ្ឋ នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ នៅ​ម៉ោង​៦កន្លះ​ព្រឹក​ ព្រះ​រាជវង្សានុវង្ស​ មន្ត្រី​ព្រះ​បរមរាជ​វាំង មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា ព្រឹទ្ធសភា និង​ឥស្សរជន​មួយ​ចំនួន នឹង​ជួប​ជុំ​គ្នា​នៅ​វាល​ព្រះ​មេរុ លុះ​ដល់​ម៉ោង​៧ព្រឹក ព្រះ​មហាក្សត្រ​និង​មហាក្សត្រិយ៍​ទ្រង់​យាង​ដល់ នឹង​ចាប់​ផ្តើម​ពិធី​តាម​បែប​សាសនា​ដើម្បី​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ បរម​រតនកោដ្ឋ ដោយ​មាន​ព្រះ​សង្ឃ​៨​អង្គ​សូត្រ​មន្ត​ថ្វាយ​ព្រះ​ពរ​ស្រោច​ស្រព​ព្រះ សុគន្ធវារី និង​មាន​ព្រះ​សង្ឃ​ អង្គ​សូត្រ​ថ្វាយ​ប្រែ​ព្រះ​បរម​រូប ទើប​បាន​ព្រះ​ករុណា​ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រិយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ស្តេច​យាង​រើស​ព្រះ​បរម​អដ្ឋិ រួច​ដង្ហែ​យាង​ទៅ​តម្កល់​នៅ​លើ​មហា​បញ្ចា ក្នុង​ព្រះ​ពន្លា​នៅ​ទិស​ខាង​ត្បូង។
បន្ទាប់​ពី​បញ្ចប់​ពិធី​នេះ​ ព្រះ​ករុណា  ព្រះ​មហាក្សត្រ និង​ព្រះ​វរ​រាជ​មាតា​ជាតិ និង​ព្រះ​ញាតិ​វង្ស​បន្ត​ដង្ហែ​ព្រះ​អង្គារ​(ផេះ)ព្រះ​បរម​រតន​កោដ្ឋ នាំ​យក​ទៅ​បំប្លេង​នៅ​ក្នុង​ទន្លេ​ចតុ​មុខ​ នៅ​ម៉ោង​១០​និង ២០ នាទី​ព្រឹក​ថ្ងៃ​អង្គារ​។

ព្រះ​រាជ​ពិធី​បំប្លេង​ព្រះ​អង្គារ​នេះ ព្រះ​ករុណា​ព្រះ​មហាក្សត្រ បាន​ព្រះរាជ​ទាន ឲ្យ​សម្តេច​ព្រះ​រាមា នរោត្តម យុវនាថ ជា​ព្រះ​រាជ​តំណាង  អម​ដោយ​ព្រះរាជវង្សានុវង្ស​បំពេញ​ព្រះ​រាជ​កិច្ច​​នេះ​ជំនួស។ ព្រះ​អង្គារ ត្រូវ​បាន​តម្កល់​លើ​ព្រះ​ទីនាំង​បុស្បុក ដែល​មាន​ព្រះ​សង្ឃ​ទាំង​ពីរ​គណៈ​និមន្ត​ពី​មុខ ព្រះរាជវង្សានុវង្ស និង​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ជាច្រើន​រូប​ មាន​ក្រុម​ភ្លេង​ក្លង​ឆ្នៈ ដង្ហែ​ឆ្ពោះ​ទៅ​វេទិកា​បុណ្យ​អុំ​ទូក​ជាប់​ព្រះ​អង្គ​ដង​កើ មុខ​ព្រះ​បរមរាជវាំង ដើម្បី​យាង​ព្រះអង្គារ​ទៅ​បំប្លេង តាម​ព្រះទី​នាំង​សាឡង់ តុប​តែង​ជា​រូប​នាគ​ធំ​ៗ ចំនួន​ពីរ។
តាម ការ​ពណ៌នា​នៃ​អ្នក​អត្ថាធិប្បាយ​ដែល​ស្តាប់​ឮ​ពី​ឧគ្ឃោសន​សព្ទ ដាក់​តាម​បង្គោល​ភ្លើង តាម​សួន​ច្បារ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ការ​បំប្លេង​ព្រះ​អង្គារ​នេះ​ គឺ ដើម្បី​ផ្តល់​សេចក្តី​ត្រជាក់​ត្រជុំ សម្បូរ​សប្បាយ​ ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ហើយ​ក៏​ឲ្យ​រីកចម្រើន​ដល់​របរ​កសិកម្ម ពី​ព្រោះ​ប្រជា​ពលរដ្ឋ​ ៨០ ភាគរយ ប្រកប​របរ​កសិកម្ម ដូច្នេះ​ការ​បំប្លេង​ព្រះ​បរម​អដ្ឋិ នឹង​ធ្វើ​ឲ្យ​ផល​ដំណាំ​ទទួល​បាន​ផ្លែ​ផ្កា​ល្អ។
នា​ឱកាស​នោះ ចរាចរណ៍​តាម​ផ្លូវ​ទឹក​ហើយ​និង​សកម្មភាព​នានា នៅ​លើ​ដង​ទន្លេ​បួន​មុខ​ នៅ​មុខ​ព្រះ​បរមរាជ​វាំង​បាន​ផ្អាក កប៉ាល់​បូម​ខ្សាច់​ កប៉ាល់​ដឹក​ទំនិញ ទូក​ទេសចរណ៍ ទូក​អ្នក​​នេសាទ​... ត្រូវ​កម្លាំង​សន្តិ​សុខ​ផ្លូវ​ទឹក​បញ្ជា​ឲ្យ​ផ្អាក​តាំង​ពី​ព្រលឹម ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ព្រះ​រាជ​ពិធី​យក​ព្រះ​អង្គារ​(ផេះ)ទៅ​ បំប្លេង​ចូល​ក្នុង​ទន្លេ​ចតុមុខ។​
រីឯទិដ្ឋ​ភាព​នៅ​តាម​ដង​ផ្លូវ​ធំៗ​នៅ​ ជុំវិញ​ព្រះ​បរម​រាជ​វាំង​ សមត្ថកិច្ច​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​អុជធូប ឬ​ថ្វាយ​ផ្កា ដើម្បី​គោរព​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដូច​ថ្ងៃ​មុន​នោះ​ទេ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ ហើយ​មាន​ចំនួន​ពលរដ្ឋ​តិច​តួច​ប៉ុណ្ណោះ ដែល​បាន​រង់ចាំ​នៅ​ច្រក​ខាង​ត្បូង​មុខ​តុលាការ​កំពូល។
អង្គុយ​មុខ ខ្លោង​ទ្វារ​តុលាការ​កំពូល​ក្នុង​ទឹក​មុខ​ស្រងូត​ស្រងាត់​ អ្នក​ស្រី អ៊ុយ ថាន អាយុ​៥៩​ឆ្នាំ មក​ពី​ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយមានជ័យ ដែល​ខក​ខាន​ពុំ​បាន​ចូល​ថ្វាយ​បង្គំ​និង​បួងសួង​ដល់​ព្រះ​បរម​រតន​កោដ្ឋ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា អ្នក​ស្រី​ពុំ​ទាន់​ត្រឡប់​ទៅ​វិញ​ទេ គឺ​នៅ​រង់ចាំ​ក្រែង​លោ​អាជ្ញាធរ​បើក​ឲ្យ​ចូល​ទៅ​ថ្វាយ​បង្គំ​នៅ​ខាង​ មុខ​ព្រះ​បរម​រាជ​វាំង។​
អ្នក​ស្រី​និយាយ​ថា​៖ «បើ​សិន​ល្ងាច​នេះ​ខ្ញុំ​បាន​ចូល​ទៅ​ថ្វាយ​បង្គំ​នៅ​ឯ​វាល​ព្រះ​មេរុ​ ទើប​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​អស់​ចិត្ត​បាន»
អ្នក​ស្រី​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ គាត់​ខកខាន​តាំង​ពី​ថ្ងៃ​ដែល​បាន​មក​ដល់​ដំបូង ដោយ​សារ​​អាជ្ញាធរ​ប្រាប់​ថា ដល់​ម៉ោង​បិទ​ទៅ​ហើយ​ ព្រោះ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូលចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៩​ព្រឹក​តែ​ប៉ុណ្ណោះ​ ហើយ​គាត់​ក៏​បាន​រង់​ចាំ​ដល់​ថ្ងៃ​រើស​ព្រះ​បរម​អដ្ឋិ ហើយ​នៅ​តែ​ពុំ​​បាន​ចូល​គោរព​ទៀត។​
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យដឹង​ថា​ លោក​ពុំ​ទាន់​ទទួល​បាន​តួ​លេខ​ពិត​ប្រាកដ ថា​តើ​មាន​ចំនួន​ពលរដ្ឋ​ប៉ុន្មាន​នាក់​បាន​មក​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ ភ្លើង​ព្រះ​បរម​រតនកោដ្ឋ​ នៅ​ទីក្រុង​ភ្នំពេញ​ទេ រីឯ​បញ្ហា​បិទ​ផ្លូវ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​សព ព្រះ​បរម​រតន​កោដ្ឋ​នោះ​ពុំ​ទាក់​ទិន​ជា​មួយ​សាលា​រាជធានី​ភ្នំពេញ​ទេ​។
លោក ជួន សុវណ្ណ​ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​ អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។
ចំណែក លោក​ ហ៊ាង ប្រុស​ មន្ត្រី​ប៉េអឹម​ដែល​យាម​នៅ​ខាង​មុខ​តុលាការ​កំពូល​នោះ​បាន​ឲ្យ​ដឹងថា លោកធ្វើ​តែ​តាម​បញ្ជា​ថា្នក់​លើ​ប៉ុណ្ណោះ លោក​ពុំ​ដឹង​អំពី​មូលហេតុ​ច្បាស់​លាស់​ដែរ​៕



No comments:

Post a Comment

I like Blogger